តំណាងប្រជាពលរដ្ឋជាង ២០០គ្រួសាររស់នៅឃុំរាម ស្រុកព្រៃនប់ បានប្រមូលផ្តុំគ្នានៅបរិវេណឃុំរាម ដើម្បីស្នើសុំឲ្យមេឃុំរាម និងស្ថាប័នពាក់ព័ន្ធ ពន្លឿនការចេញប័ណ្ណ ឬលិខិតសម្គាល់ម្ចាស់កាន់កាប់ក្បាលដីធ្លីជូនប្រជាពលរដ្ឋឲ្យបានឆាប់។ អ្នកភូមិយល់ថា ក្រុមការងាររដ្ឋបាលខេត្តព្រះសីហនុ បានចុះវាស់បែងចែកចំណែកក្បាលដីជូនពលរដ្ឋរួចហើយកាលពីពេលកន្លងទៅ។
ប្រជាពលរដ្ឋចំនួន ៤សហគមន៍ ដូចជាសហគមន៍អណ្ដូងទឹក ថ្មធំ ព្រែកត្របែក និងសហគមន៍វាលចន្ទី រស់នៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានស្នើឲ្យមេឃុំរាម គឺលោក គឹម ចាន់ ជួយចេញប័ណ្ណកម្មសិទ្ធិដីធ្លី ឬលិខិតបញ្ជាក់ការកាន់កាប់ដីធ្លីជូនពលរដ្ឋដែលមានសិទ្ធិកាន់កាប់ដីលំនៅឋាន និងដីកសិកម្ម ជូនពួកគាត់ឲ្យបានឆាប់។
តំណាងប្រជាពលរដ្ឋទាំង ៤សហគមន៍ លោក សេន ចន្ថា បានអំពាវនាវដល់អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យចេញមុខអន្តរាគមន៍ទៅអាជ្ញាធរស្ថាប័នពាក់ព័ន្ធ ឲ្យជួយជំរុញទៅអាជ្ញាធរមូលដ្ឋានឃុំ ស្រុក និងរដ្ឋបាលខេត្តព្រះសីហនុ ឲ្យជួយពន្លឿនការចេញប័ណ្ណ ឬលិខិតសម្គាល់ម្ចាស់កាន់កាប់ដីធ្លី ជូនប្រជាពលរដ្ឋពួកគាត់ឲ្យបានឆាប់។
លោក សេន ចន្ថា ផ្តល់សម្ភាសថា រាល់ថ្ងៃនេះ ក្រុមហ៊ុនចិន ឈ្មោះ យិះ ជៀ និងក្រុមហ៊ុនផ្សេងទៀត បានប្រើកម្លាំងសន្តិសុខ និងសមត្ថកិច្ចយាមដីឲ្យក្រុមហ៊ុនដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍នៅឃុំរាម បានមកគំរាម និងហាមពួកគាត់មិនឲ្យភ្ជួររាស់ដីស្រែចម្ការដើម្បីបង្កបង្កើនផលរដូវវស្សាឆ្នាំនេះទេ៖ « វាកាន់តែអូសបន្លាយពេលនៃការចេញ ឬផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីឲ្យពួកខ្ញុំ។ ហើយ ម្យ៉ាងទៀត ពួកខ្ញុំ ឥឡូវនេះ ជា រដូវវស្សា សម្រាប់ ឲ្យពលរដ្ឋ ដាំដុះ ដកស្ទូ ងស្រូវ រដូវវស្សា ប៉ុន្តែ ឥឡូវនេះ ក្រុមហ៊ុនមិនឲ្យពលរដ្ឋពួកខ្ញុំភ្ជួររាស់ដីកសិកម្មធ្វើស្រែចម្ការទេនៅសហគមន៍វាលចន្ទី ។ អ៊ីចឹង ពេលនេះ ពួកខ្ញុំបានមកប្រមូលផ្តុំគ្នានៅក្នុងបរិវេណសាលាឃុំរាម នេះ គឺដើម្បីស្នើជួបលោក មេឃុំ ផ្ទាល់ ដើម្បីឲ្យជួយអន្តរាគមន៍ឲ្យពួកខ្ញុំបានភ្ជួររាស់ដីស្រែធ្វើស្រូវវស្សាឆ្នាំនេះ ឲ្យបាន ទាន់ពេលវេលា »។
ក្រុមប្រជាពលរដ្ឋទាំង ៤សហគមន៍ដែលបានប្រមូលផ្តុំគ្នានៅក្នុងបរិវេណសាលាឃុំរាម ស្រុកព្រៃនប់ ដើម្បីសុំជួបលោកមេឃុំរាម ឈ្មោះ គឹម ចាន់ ត្រូវខកបំណង ព្រោះមន្ត្រីរដ្ឋបាលឃុំរាម ប្រាប់ថា លោកមេឃុំរាម មិនមានវត្តមាននៅក្នុងសាលាឃុំទេ ដោយលោកទៅប្រជុំជាមួយថ្នាក់ដឹកនាំខេត្តព្រះសីហនុ។
អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សអង្គការលីកាដូ (LICADHO) ប្រចាំខេត្តព្រះសីហនុ លោក ស្រេង វ៉ាន់លី ដែលចុះអង្កេតផ្ទាល់ទៅលើការប្រមូលផ្តុំរបស់ប្រជាពលរដ្ឋ បានទទូចទៅរដ្ឋបាលខេត្តព្រះសីហនុ អន្តរាគមន៍ជូនពលរដ្ឋឲ្យបានឆាប់ ដើម្បីអាចយកទៅប្រើប្រាស់ពង្រីកមុខរបរផ្សេងៗសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។
លោក វ៉ាន់លី បន្តថា ការផ្តល់ ឬចេញប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋបានឆាប់ នឹងអាចឈានដល់ទប់ស្កាត់ទៅលើសកម្មភាពប៉ុនប៉ងណាមួយពីសំណាក់ក្រុមហ៊ុន និងមន្ត្រីមានអំណាចមួយចំនួន រំលោភយកដីលំនៅឋាន និងដីចម្ការរបស់ប្រជាពលរដ្ឋនៅថ្ងៃអនាគត៖ « អាជ្ញាធរបានកាត់ឆ្វៀលដីជូនពលរដ្ឋនៅតាមសហគមន៍នីមួយៗរួចហើយនាពេលកន្លងទៅនេះ ។ អ៊ីចឹងអាជ្ញាធរគួរតែចេញប័ណ្ណសម្គាល់កម្មសិទ្ធិនៃក្បាលដីនីមួយៗ ជូន ពួកគាត់ ឲ្យបានឆាប់។ ហើយ ត្រូវតែ ឲ្យ ពួកគាត់ ហ្នឹងធ្វើស្រែ បង្កបង្កើនផល ទៅលើ ដីស្រែ របស់ ពួកគាត់ ដើម្បី ឈានដល់ កាត់បន្ថយ ភាពក្រីក្រ របស់ ពួកគាត់។ មូលហេតុដែលពលរដ្ឋ ៤សហគមន៍មក ប្រមូលផ្តុំ គ្នាដល់បរិវេណ សាលាឃុំ រាម ពេលនេះ គឺដោយសារតែមានពលរដ្ឋខ្លះ គាត់ មិនអាច ភ្ជួរដីធ្វើស្រូវរដូវ វស្សាឆ្នាំនេះ បាន ដោយសារមានការរារាំងពីតំណាងភាគីទំនាស់ ឬភាគីក្រុមហ៊ុន បានមកហាមឃាត់ពួកគាត់ »។
ទាក់ទិនបញ្ហានេះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ធ្លាប់បានបញ្ជាក់ថា ក្រោយការចុះវាស់វែងបែងចែកក្បាលដីជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ និងមានការសិក្សាផ្លូវច្បាប់ត្រឹមត្រូវពីស្ថាប័នជំនាញ អាជ្ញាធរនឹងចេញប្លង់កម្មសិទ្ធិជូនពលរដ្ឋនៅតាមសហគមន៍នីមួយៗជាបន្តបន្ទាប់។
អភិបាលខេត្តរូបនេះ ក៏បានស្នើទៅប្រជាពលរដ្ឋវិញ ត្រូវទុកពេលវេលាឲ្យក្រុមការងាររដ្ឋបាលខេត្តព្រះសីហនុ ចុះធ្វើការងារបែងចែក និងឈានដល់ចេញប័ណ្ណកម្មសិទ្ធិនេះទៅតាមដំណាក់កាល ព្រោះមន្ត្រីជំនាញមានមនុស្សតិច ហើយការងារត្រូវបំពេញមានច្រើន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។