ពលរដ្ឋជាង ១០០គ្រួសាររស់នៅភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ចោទឆ្មាំក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច សុភាពាណិជ្ជ ថាជួញដូរ ឬធ្វើអាជីវកម្មដីនៅតំបន់អូរលៀងក្រួស ក្រោមរូបភាពផ្តល់ដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាល។ ការចោទប្រកាន់នេះ បន្ទាប់ពីអ្នកភូមិប្រទះឃើញឆ្មាំក្រុមហ៊ុន សុភាពាណិជ្ជ លក់ដីក្នុងបរិវេណដីក្រុមហ៊ុនឲ្យឈ្មួញធ្វើកសិកម្មជាបន្តបន្ទាប់ តាំងពីឆ្នាំ២០១៤ ទើបអ្នកភូមិនាំគ្នាសម្រុកកាប់ទន្ទ្រានដីធ្វើកសិកម្មនៅទីតាំងមិនទាន់ធ្វើការដាំដុះ ឬព្រៃរិចរិល។
ពលរដ្ឋរស់នៅភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន នៅថ្ងៃទី២១ កញ្ញា អំពាវនាវឲ្យអាជ្ញាធរខេត្ត និងតំណាងក្រុមហ៊ុន សុភាពាណិជ្ជ បំភ្លឺរឿងឆ្មាំក្រុមហ៊ុនជួញដូរ ឬធ្វើអាជីវកម្មដីនៅតំបន់អូរលៀងក្រួស ក្នុងឃុំក្បាលរមាស។ អ្នកភូមិសុំឲ្យអាជ្ញាធរបង្ហាញផែនទីព្រំប្រទល់ដីរបស់ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចឲ្យច្បាស់លាស់ ដើម្បីបញ្ចប់មន្ទិលរបស់ពលរដ្ឋ។
ពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋជាច្រើនទៀតរស់នៅឃុំក្បាលរមាស គឺលោក លេប ផាន់ កត់សម្គាល់ថា ដីដែលពលរដ្ឋកាប់ទន្ទ្រាននៅចំណុចអូរលៀងក្រួស ក្នុងឃុំក្បាលរមាស ពុំមែនជាដីរបស់ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចនោះទេ គឺជាដីដែលឆ្មាំក្រុមហ៊ុនកាងទុកសម្រាប់ធ្វើអាជីវកម្មឯកជន ហេតុនេះអ្នកភូមិនាំគ្នាកាប់ទន្ទ្រានដើម្បីធ្វើកសិកម្ម។ លោកថា ក្រុមពលរដ្ឋហាក់មិនអស់ចិត្ត ប្រសិនបើអាជ្ញាធរមិនផ្តល់ព័ត៌មានជាក់លាក់ពីបញ្ហានេះទេ៖ « ប្រជាពលរដ្ឋថាដីនោះមិនមែនជាដីរបស់ក្រុមហ៊ុនទេ គឺជាដីដែលគេកាងទុកសម្រាប់លក់ដោះដូរ។ គេលក់អស់មួយចំនួន ហើយដីនោះគេលក់ដាំដុះអស់ហើយ។ គេលក់នៅខាងក្នុង ហើយនៅមួយប្លុកហ្នឹងដែលគេមិនទាន់ដល់ចេញ »។
ឆ្លើយតបរឿងនេះ តំណាងក្រុមហ៊ុន សុភាពាណិជ្ជ លោក ឈុន កុសល មិនអធិប្បាយករណីនេះទេនៅថ្ងៃទី២១ កញ្ញា ដោយលោកប្រាប់ថាកំពុងជាប់រវល់។ ទោះជាយ៉ាងណា លោកធ្លាប់ប្រាប់កាសែតក្នុងស្រុកថា ក្រុមហ៊ុននឹងបង្ហាញផែនទីព្រំប្រទល់ដីដែលរដ្ឋាភិបាលផ្តល់អាជ្ញាប័ណ្ណ ជូនអ្នកភូមិជ្រាប។ លើសពីនេះ ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច សុភាពាណិជ្ជ ទទួលសិទ្ធិវិនិយោគពីក្រសួងកសិកម្ម លើផ្ទៃដីជិត ១ម៉ឺនហិកតារកាលពីឆ្នាំ២០០៥ ឋិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង។
អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គុង ចាត់ទុកសកម្មភាពកាប់ទន្ទ្រានដីព្រៃរបស់ពលរដ្ឋ គឺជាទង្វើខុសច្បាប់ ខណៈពលរដ្ឋនៅមិនទាន់ជ្រាបពីព្រំប្រទល់ដីរបស់ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច។ លោកថា ជំហានដំបូង អាជ្ញាធរខេត្តបានបញ្ជាឲ្យអភិបាលស្រុកសេសាន ទប់ស្កាត់សកម្មភាពកាប់រានដីនោះជាមុនសិន រួចនឹងបង្ហាញផែនទីផ្ទៃដីវិនិយោគរបស់ក្រុមហ៊ុនជូនពលរដ្ឋជ្រាប។ លោកបន្ថែមថា បើពលរដ្ឋក្នុងមូលដ្ឋានពិតជាខ្វះខាតដីសម្រាប់បង្កបង្កើនផលចិញ្ចឹមជីវិត សុំឲ្យពួកគាត់អនុវត្តនីតិវិធីស្នើសុំដីសម្បទានសង្គមកិច្ច៖ « ខេត្តបានណែនាំទៅរដ្ឋបាលស្រុកឲ្យចុះទៅទប់ស្កាត់សិន កុំឲ្យពលរដ្ឋកាប់ទន្ទ្រានដោយខុសច្បាប់ ហើយធ្វើការអប់រំណែនាំពលរដ្ឋទាំងអស់ឲ្យគាត់ជ្រាបចូលក្នុងនីតិវិធីវិញ »។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តស្ទឹងត្រែង លោក ហូ សំអុល ផ្តល់មតិថា អាជ្ញាធរខេត្តត្រូវប្រកាន់ជំហរច្បាស់លាស់ក្នុងការវែកញែកពីភាពមិនប្រក្រតីនៃការគ្រប់គ្រងដីនៅតំបន់នោះ ថាជារបស់ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ឬជាដីសាធារណៈរបស់រដ្ឋ ដើម្បីឲ្យពួកគាត់ស្ងប់ចិត្ត។ យ៉ាងណា លោកក៏មិនគាំទ្រសកម្មភាពរបស់ពលរដ្ឋកាប់ទន្ទ្រានដីព្រៃសាធារណៈរបស់រដ្ឋខុសច្បាប់ដែរ។ លោកអំពាវនាវឲ្យពលរដ្ឋ អនុវត្តគោលការណ៍ស្នើសុំដីសម្បទានសង្គមកិច្ច ប្រសិនបើពិតជាខ្វះខាតដីអាស្រ័យផល៖ « ក្រុមហ៊ុនហ្នឹងមានផ្ទៃដីសម្បទានសេដ្ឋកិច្ចជិត ១ម៉ឺនហិកតារ។ ចឹងយើងត្រូវកំណត់ព្រំ ឬមួយមានផែនទីច្បាស់លាស់ ដើម្បីឲ្យពលរដ្ឋបាត់មន្ទិលសង្ស័យដែរ។ ពលរដ្ឋវិញខ្ញុំគិតថា បើគាត់កាប់ដីព្រៃក៏ខុសច្បាប់ហើយ បើដីក្រុមហ៊ុនវិញក៏គាត់ខុសដែរ »។
ក្នុងបញ្ហាទំនាស់ដីធ្លីនេះដែរ កាលពីថ្ងៃទី១៩ កញ្ញា ពលរដ្ឋរស់នៅឃុំក្បាលរមាស ជាង ២០០នាក់ បានលើកគ្នាតវ៉ាដោយយកបន្ទះក្ដារបិទផ្លូវជាតិលេខ៧ ទាមទារឲ្យអាជ្ញាធរដោះលែងបុរសម្នាក់ដែលសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅស្នងការខេត្តស្ទឹងត្រែង ហើយនៅល្ងាចថ្ងៃដដែល អាជ្ញាធរបានដោះលែងបុរសនោះវិញបន្ទាប់ពីអប់រំរួច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
