អាជ្ញាធរអប្សរាទទួលបន្ទុកការពារ និងថែរក្សាប្រាសាទបុរាណនៅខេត្តសៀមរាប បានចេញសេចក្តីប្រកាសនៅថ្ងៃទី៩ មិថុនា ឲ្យប្រជាពលរដ្ឋជាច្រើនរយគ្រួសាររុះរើសំណង់ដែលទើបតែសង់ថ្មីៗនៅជិតតំបន់អង្គរ ចេញជាកំហិតក្នុងរយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃផ្សាយដំណឹងតទៅ។
ការដាក់កំហិតឲ្យរុះរើសំណង់ថ្មីវិញនេះ ធ្វើឡើងបន្ទាប់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ រួចរាល់រយៈពេល ៦ថ្ងៃមក។
ពលរដ្ឋជាច្រើនគ្រួសារនៅភូមិរហាល សង្កាត់នគរធំ ក្រុងសៀមរាប មិនសប្បាយចិត្តចំពោះអាជ្ញាធរអប្សរា ដែលចេញប្រកាសតម្រូវឲ្យពួកគេរុះរើសំណង់ថ្មីទើបតែធ្វើនៅអំឡុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ ចេញវិញទាំងអស់នោះ។
ក្រុមអ្នកភូមិនិយាយថា ការបង្ខំឲ្យរុះរើសំណង់ថ្មីចេញវិញ គឺធ្វើឲ្យពួកគេគ្មានទីជម្រកសមរម្យ ព្រមទាំងជំពាក់បំណុលមីក្រូហិរញ្ញវត្ថុ និងឯកជនកាន់តែធ្ងន់ធ្ងរឡើង។
អ្នកភូមិរហាល ម្នាក់ក្នុងចំណោមអ្នកសង់សំណង់ថ្មីជាច្រើនទៀត គឺលោកស្រី ម៉ាន វណ្ណា។ លោកស្រីមានប្រសាសន៍ថា កាលពីអំឡុងពេលដែលគណបក្សនយោបាយធ្វើយុទ្ធនាការឃោសនាស្វែងរកសំឡេងឆ្នោតចាប់ពីថ្ងៃទី២០ ខែឧសភា មក គឺលោកស្រីបានសុំអាជ្ញាធរភូមិ និងសង្កាត់ ជួសជុលផ្ទះចាស់។ ក្នុងពេលនោះ អាជ្ញាធរភូមិ សង្កាត់ រួមទាំងអាជ្ញាធរអប្សរាផង មិនឃើញមកជំទាស់ទេ ស្រាប់តែក្រោយពេលបោះឆ្នោតរួច ក៏ចេញប្រកាសឲ្យរុះរើវិញ។
លោកស្រី ម៉ាន វណ្ណា បញ្ជាក់ថា អាជ្ញាធរអប្សរាបានចេញប្រកាសដោយដាក់កំហិតឲ្យរូបគាត់ និងអ្នកភូមិជាច្រើនទៀត រើរុះសំណង់ថ្មីឲ្យអស់ក្នុងរយៈពេល ៧ថ្ងៃ ប៉ុន្តែគាត់មិនសម្រេចចិត្តធ្វើតាមប្រកាសនោះទេ ពីព្រោះតែគាត់ខ្ចីលុយគេជាច្រើនពាន់ដុល្លារមកធ្វើសំណង់នោះ៖ « ពេលដែលបោះឆ្នោត ខ្ញុំសុំច្បាប់ទៅភូមិ ឃុំ គេអនុញ្ញាតឲ្យខ្ញុំជួសជុល ពីព្រោះខ្ញុំមានផ្ទះចាស់ ហើយពួកខ្ញុំចងការលុយគេយកមកធ្វើ។ ដល់ពេលពួកខ្ញុំធ្វើរួច មកឲ្យបំផ្លាញវិញ តើអាជ្ញាធរគិតយ៉ាងម៉េច ?»។

អ្នកភូមិរហាល ម្នាក់ទៀត លោកស្រី សេក គឹមសាន មានប្រសាសន៍ថា រូបគាត់ក៏ដូចជាអ្នកភូមិជាច្រើនទៀត គឺគ្មានដីស្រែចម្ការដើម្បីប្រកបរបរកសិកម្មចិញ្ចឹមជីវិតទេ គឺទីពឹងលើការលក់ដូរបន្តិចបន្តួច។ ការសាងសង់សំណង់ថ្មីនេះ សង្ឃឹមថានឹងបានកន្លែងលក់ដូរ ប៉ុន្តែបែរជាអាជ្ញាធរអប្សរាបង្ខំឲ្យរុះរើវិញ តើបានកន្លែងឯណាប្រកបរបរចិញ្ចឹមជីវិត?៖ « សូមសំណូមពរដល់អស់លោកដែលនៅខាងលើ បើដឹងឮអំពីផលវិបាករបស់ប្រជាពលរដ្ឋហើយ គឺសុំជួយដោះស្រាយប្រជាពលរដ្ឋនៅភូមិរហាល សង្កាត់នគរធំ នេះផង »។
អ្នកភូមិរហាល ម្នាក់ទៀត លោកស្រី ធឿន លីដា បានយកក្រដាសពណ៌ស្លាទុំមួយសន្លឹកមកបង្ហាញថា នៅមុនពេលបោះឆ្នោត គាត់បានសុំច្បាប់អាជ្ញាធរភូមិ សង្កាត់ ដើម្បីសាងសង់សំណង់ថ្មី ប៉ុន្តែក្រោយពីបោះឆ្នោតហើយ បែរជាអាជ្ញាធរអប្សរាមកប្រកាសឲ្យរុះរើទៅវិញ តើឲ្យគាត់ធ្វើយ៉ាងណាបើគាត់ទៅខ្ចីលុយគេជិត ១ម៉ឺនដុល្លារអាមេរិកមកធ្វើសំណង់នេះ?៖ « តំបន់នេះឲ្យពេលបោះឆ្នោត អត់មានឃាត់ការសាងសង់ទេ ឲ្យធ្វើគ្រប់តែគ្នា។ ដល់ក្រោយពេលបោះឆ្នោត ឲ្យរើវិញ មានអារម្មណ៍ថាស្ដាយផង ភ័យផង ពីព្រោះខ្ចីលុយគេមកធ្វើ »។
ប្រភពពីអ្នកភូមិរហាល ឲ្យដឹងថា ក្នុងរដូវឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ នេះ គឺប្រជាពលរដ្ឋប្រមាណ ៣០០គ្រួសារនៅភូមិនេះ បាននាំគ្នាសង់សំណង់ថ្មី ដោយអ្នកខ្លះទៅចងការប្រាក់ពីមីក្រូហិរញ្ញវត្ថុ និងខ្លះទៀតទៅខ្ចីលុយឯកជន ហើយម្ចាស់លុយបានដំឡើងការប្រាក់ថ្លៃពី ១៥ ទៅ ២០ដុល្លារក្នុង ១ខែ ក្នុងទឹកប្រាក់កម្ចី ១០០ដុល្លារ។
ទោះជាយ៉ាងណា អាស៊ីសេរី មិនអាចទាក់ទងមេភូមិរហាល លោក ភៀង ពៅ និងចៅសង្កាត់នគរធំ ដើម្បីសុំការពន្យល់ជុំវិញប្រតិកម្មរបស់អ្នកភូមិបានថាយ៉ាងណានៅឡើយនៅថ្ងៃទី១១ ខែមិថុនា។
កាលពីថ្ងៃទី៩ ខែមិថុនា អាជ្ញាធរអប្សរាបានចេញប្រកាសមួយចែកជូនទៅពលរដ្ឋជាម្ចាស់សំណង់ ដោយឲ្យរុះរើសំណង់ថ្មីៗទាំងនោះចេញពីតំបន់ហាមឃាត់វិញក្នុងរយៈពេល ៧ថ្ងៃជាកំហិត។ អាជ្ញាធរអប្សរា បានចាត់ទុកសំណង់របស់ប្រជាពលរដ្ឋដែលសាងសង់នៅក្នុងអំឡុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ នេះ គឺជាសំណង់ខុសច្បាប់។
មន្ត្រីនាយកដ្ឋានផ្សព្វផ្សាយរបស់អាជ្ញាធរអប្សរា លោក ឡុង កុសល មានប្រសាសន៍ថា ការសង់សំណង់ទាំងឡាយនៅក្នុងតំបន់ការពាររបស់អាជ្ញាធរអប្សរា គឺចាំបាច់ត្រូវសុំច្បាប់មកអាជ្ញាធរអប្សរាជាមុន ដើម្បីឲ្យអ្នកជំនាញទៅពិនិត្យមើលថា តើសង់បាន ឬក៏មិនបាន? លោក ឡុង កុសល បញ្ជាក់ថា នៅក្នុងអំឡុងពេល ២សប្ដាហ៍នៃយុទ្ធនាការឃោសនា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ នេះ ប្រជាពលរដ្ឋជាច្រើនបានសម្រុកសាងសង់សំណង់ថ្មី និងចាក់ដីនៅក្នុងតំបន់ការពារបេតិកភណ្ឌយ៉ាងខ្លាំងដូចជាបុណ្យកឋិន។ សកម្មភាពសាងសង់សំណង់នៅក្នុងតំបន់ឧទ្យានអង្គរនេះ មិនត្រឹមតែប្រជាពលរដ្ឋដែលរស់នៅក្នុងនោះទេ សូម្បីតែអ្នកខ្លះដែលរស់នៅទីក្រុងភ្នំពេញ ហើយមានដីនៅក្នុងតំបន់អប្សរា ក៏មកសាងសង់ដែរ៖ « ខាងជើងប្រាសាទបន្ទាយក្ដី មានការសង់សំណង់ថ្មីៗចម្ងាយប្រហែលតែ ៥០ម៉ែត្រពីកំពែងប្រាសាទបុរាណទេ ដូច្នេះសំណង់នេះជាការព្រួយបារម្ភខ្លាំងចំពោះការប៉ះពាល់ដល់ប្រាសាទបុរាណ »។
មន្ត្រីអាជ្ញាធរអប្សរា អះអាងថា ក្នុងអំឡុងពេលយុទ្ធនាការឃោសនា និងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ នេះ ដោយសារតែអាជ្ញាធរអប្សរាមានកម្លាំងមិនគ្រប់គ្រាន់ចុះទប់ស្កាត់សំណង់ថ្មីៗ ទើបបណ្ដាលឲ្យប្រជាពលរដ្ឋនៅក្នុងតំបន់ឧទ្យានអង្គរនាំគ្នាសាងសង់បាន ប៉ុន្តែអាជ្ញាធរអប្សរានៅតែប្រកាន់ជំហរម៉ឺងម៉ាត់ឲ្យម្ចាស់សំណង់ទាំងឡាយរុះរើចេញវិញ បើមិនដូច្នេះទេ អាជ្ញាធរនឹងចុះទៅរុះរើដោយគ្មានគោលនយោបាយចេញសងការខូចខាតអ្វីឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។