ប្រជាពលរដ្ឋរស់នៅឃុំសាមគ្គី ស្រុកព្រៃនប់ ចោទថា អាជ្ញាធរចាប់ពីថ្នាក់ក្រោមរហូតដល់ថ្នាក់ខេត្តព្រះសីហនុ ថាមិនបានជួយទប់ស្កាត់ការរានយកដីធ្វើកម្មសិទ្ធិឯកជន ដោយការឈូសឆាយ និងដឹកដីចាក់លុបបឹងត្រាវ និងព្រៃលិចទឹកជម្រកត្រីបន្តពូជ។ អាជ្ញាធរខេត្តព្រះសីហនុ បានចុះពិនិត្យជាក់ស្ដែងភ្លាមៗ នៅព្រឹកថ្ងៃទី១៨ ខែមីនា និងចាត់វិធានការតាមផ្លូវច្បាប់ដើម្បីរក្សាផ្ទៃបឹងត្រាវ ឲ្យនៅសភាពដើមវិញ។
ក្រុមប្រជាពលរដ្ឋមួយចំនួនបានចោទមេឃុំសាមគ្គី និងអាជ្ញាធរស្រុកព្រៃនប់ ខេត្តព្រះសីហនុ ថា មិនជួយការពារធនធានធម្មជាតិ មានព្រៃលិចទឹក ពិសេសផ្ទៃបឹងត្រាវ ដែលជាបឹងធម្មជាតិស្តុកទឹកសាបសម្រាប់ពួកគាត់ប្រើប្រាស់រាល់ឆ្នាំ ត្រូវគេចាក់ដីរំលោភយកធ្វើសិទ្ធិស្ទើរទាំងស្រុងដោយគ្មានអាជ្ញាធរទប់ស្កាត់ទេ។
ពលរដ្ឋមូលដ្ឋានឃុំសាមគ្គី សំណូមពរដល់អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន អភិបាលស្រុកព្រៃនប់ និងលោក នេន ចំរើន នាយខណ្ឌជលផល ខេត្តព្រះសីហនុ ជួយចុះពិនិត្យ និងទប់ស្កាត់គ្រឿងចក្ររបស់ម្ចាស់ក្រុមហ៊ុន ដែលកំពុងចាក់ដីលុបផ្ទៃបឹងត្រាវ ឲ្យបានឆាប់។ ជាងនេះដីនៅជុំវិញបឹងមាត់បឹងនេះ ត្រូវគេរុករាន ឬមានម្ចាស់ស្ទើរទាំងស្រុងទៅហើយ ហើយត្រូវបុគ្គលខ្លះក៏បានពុះច្រៀកលក់ដូរជាបន្តបន្ទាប់។
មិនខុសពីកង្វល់ពលរដ្ឋទេ មន្ត្រីសង្គមស៊ីវិលចំនួន ២ស្ថាប័ន នាខេត្តព្រះសីហនុ ដែលបានចុះពិនិត្យផ្ទាល់ដល់ទីតាំងបឹងធម្មជាតិ បឹងត្រាវ ស្ថិតក្នុងឃុំសាមគ្គី បានរិះគន់អាជ្ញាធរមូលដ្ឋាននេះ និងមន្ត្រីជំនាញខេត្តព្រះសីហនុ ចំពោះសកម្មភាពចាក់ដីលុបបឹងត្រាវ រំលោភយកដីធ្វើកម្មសិទ្ធិនេះដែរ។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី ផ្ដល់សម្ភាសន៍ដល់អ្នកយកព័ត៌មានវិទ្យុ និងទូរទស្សន៍អាស៊ីសេរី នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែមីនា នាមាត់បឹងត្រាវ ដោយបង្ហាញការសោកស្ដាយ ដែលផ្ទៃបឹងធម្មជាតិមួយនេះ ត្រូវគេរំលោភយកស្ទើរអស់មួយចំហៀងទៅហើយ ហើយអាជ្ញាធរមិនទប់ស្កាត់។
អ្នកស្រី ជៀប សុធារី បានស្នើដល់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិបាលខេត្តព្រះសីហនុ ជួយអន្តរាគមន៍ទប់ស្កាត់សកម្មភាពចាក់ដីលុបបឹងត្រាវ រំលោភយកដីធ្វើកម្មសិទ្ធិកំពុងកើតមានរាល់ថ្ងៃនេះឲ្យបានជាស្ថាពរ៖ «អាកាសធាតុរាល់ថ្ងៃនេះ គឺមានការប្រែប្រួល ដោយយើងមិនអាចទទួលបានទឹកភ្លៀងមកប្រើប្រាស់បានគ្រប់គ្រាន់ទេ។ ដូច្នេះគួរណាស់អាជ្ញាធរខំប្រឹងថែរក្សាផ្ទៃបឹងត្រាវ ឬស្តារបឹងនេះឲ្យបានជ្រៅ ឬធំទូលាយឡើងវិញ គឺមិនមែនឲ្យគេរំលោភយកធ្វើកម្មសិទ្ធិដោយគ្មានការទប់ស្កាត់ទេ។ បឹងធម្មជាតិមួយនេះ គួរតែអាជ្ញាធរអភិរក្សទុកស្តុកទឹកប្រើប្រាស់ សម្រាប់ពលរដ្ឋទូទាំងឃុំសាមគ្គី មិនគួរឲ្យមានការឃុបឃិត រំលោភយកផ្ទៃបឹងនេះទេ»។
ស្រដៀងគ្នាដែរមន្ត្រីសម្របសម្រួលអង្គការលីកាដូ (LICADHO) ខេត្តព្រះសីហនុ លោក ប៊ួន ណារិទ្ធិ រិះគន់រដ្ឋាភិបាលថា ធនធានធម្មជាតិមានព្រៃលិចទឹក បឹង អូរ ឆ្នេរ ព្រៃភ្នំ និងកោះជាដើម មិនគួរឲ្យមានបុគ្គល និងឈ្មួញរំលោភយកដោយគ្មានអាជ្ញាធរទប់ស្កាត់ទេ ព្រោះទ្រព្យសម្បត្តិរដ្ឋទាំងនេះការពារដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
លោក ប៊ួន ណារិទ្ធិ បង្ហាញការហួសចិត្ត កាលបើសង្កេតឃើញថា មានថ្នាក់ដឹកនាំនៅតាមមន្ទីរជំនាញ និងថ្នាក់ដឹកនាំខេត្តព្រះសីហនុ អាណត្តិមុនៗ អាចចេញប័ណ្ណកម្មសិទ្ធិទៅលើទ្រព្យសម្បត្តិរដ្ឋដែលការពារដោយរដ្ឋធម្មនុញ្ញ មានដូចជា បឹងត្រាវ បឹងព្រែកទប់ បឹងកង្កែប ដីភ្នំ៩៦ ដីឆ្នេរសមុទ្ររាម ឬដីឆ្នេរព្រៃកោងកាង ជម្រកត្រីបន្តពូជ នៅម្ដុំចម្ការដូងចេងហេង ជាដើម បានដោយរលូន។ ជាងនេះ អ្នកឃុបឃិតមិនត្រឹមមិនមានទោសទណ្ឌទេ ប៉ុន្តែបន្តឡើងឋានៈបុណ្យស័ក្ដិ និងតួនាទីទៀត។
ត្រង់ចំណុចនេះ លោក ប៊ួន ណារិទ្ធិ កត់សម្គាល់ថា កន្លងមកនេះ តាមការសង្កេតចំពោះអ្នកជាប់ពាក់ព័ន្ធការឃុបឃិត ចេញប្លង់កម្មសិទ្ធិ ឬលក់ទ្រព្យសម្បត្តិរដ្ឋឲ្យទៅបុគ្គលមានទ្រព្យ ឬមន្ត្រីមានអំណាចធ្វើកម្មសិទ្ធិ នាខេត្តជាប់សមុទ្រមួយនេះ បានបន្តឡើងឋានៈ បុណ្យស័ក្ដិ និងតួនាទី ជាបន្តបន្ទាប់ មានដូចជា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុ ជាដើម។
លោក ប៊ួន ណារិទ្ធិ៖ «យើងពិនិត្យឃើញជាក់ស្ដែងផ្ទៃបឹងនេះ គឺមានព្រៃដុះជុំជិតទាំងអស់ ហើយផ្ទៃបឹងនេះត្រូវគេពុះច្រៀកជាពីរ មួយចំហៀងចាក់ដីលុបផ្ទៃបឹង និងមួយចំហៀងទៀតមិនទាន់ចាក់ដីចូលផ្ទៃបឹងទេ។ ផ្ទៃបឹងត្រាវនេះ ត្រូវគេចាក់ដីរំលោភយកអស់មួយចំហៀងទៅហើយ មិនដឹងថា ហេតុអ្វីបានជាអាជ្ញាធរឃុំសាមគ្គី អភិបាលស្រុកព្រៃនប់ និងអភិបាលខេត្តព្រះសីហនុ និងមន្ត្រីជំនាញជលផលជាដើម ហេតុអ្វីបានជាមិនខិតខំការពារបឹងនេះ បែរជាបណ្ដែតបណ្ដោយឲ្យគេរំលោភបំពានធ្វើកម្មសិទ្ធិអនាធិបតេយ្យបែបនេះ»។
ទាក់ទិននេះ មេឃុំសាមគ្គី លោក ប្រាក់ សារឹម បដិសេធមិនបំភ្លឺលើករណីគ្រឿងចក្រដឹកដីចាក់លុបផ្ទៃបឹងធម្មជាតិ បឹងត្រាវ នាមូលដ្ឋានលោកទេ។ ផ្ទុយពីការគេចវេះនេះ នាយកទីចាត់ការអន្តរវិស័យសាលាខេត្តព្រះសីហនុ លោក នួន ប៊ុនថុល ទទួលស្គាល់ថា ពិតជាមានគ្រឿងចក្រដឹកដីចាក់ និងរំលោភយកយកផ្ទៃ និងចំណីបឹងត្រាវ ដូចពលរដ្ឋមូលដ្ឋាននេះអះអាងពិតមែន។ លោកថា នឹងរាយការណ៍ជូនលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ជួយមានវិធានការ និងពិនិត្យសម្រេច ព្រោះមេការនៅការដ្ឋានចាក់ដីចូលផ្ទៃបឹងត្រាវ ថ្លែងថា ថៅកែ ឬម្ចាស់ខ្លួន មានប័ណ្ណកម្មសិទ្ធិស្របច្បាប់កាន់កាប់នៅលើចំណែកខ្លះនៃផ្ទៃបឹងនេះ។
លោក ប៊ុន ថុល អះអាងថា បញ្ហានេះ ទំនងជានឹងអាចត្រូវកោះអញ្ជើញមន្ត្រីជំនាញពាក់ព័ន្ធខ្លះ មានមេឃុំសាមគ្គី អភិបាលស្រុកព្រៃនប់ និងមន្ត្រីមន្ទីររៀបចំដែនដីជាដើម មកប្រជុំសួរនាំរឿងប័ណ្ណកម្មសិទ្ធិ និងការចាក់ដីលុបបឹងត្រាវ ដើម្បីឈានដល់រក្សាផ្ទៃបឹងត្រាវ ឲ្យមកសភាពដើមវិញ៖ «តាមការចុះពិនិត្យជាក់ស្ដែង មិនត្រូវមានគ្រឿងចាក់ដឹកដីលុបបឹងត្រាវ ធម្មជាតិនេះទេ។ ខ្ញុំនឹងដាក់របាយការណ៍ជូនឯកឧត្ដមអភិបាលខេត្តព្រះសីហនុ យន្ត មីន ឈានដល់មានវិធានការជាក់ស្ដែង។ រឿងនេះទុកឲ្យជំនាញជលផលខេត្តជាអ្នកចាត់ការមួយជំហានសិន និងរាយការណ៍ជូនខេត្តដោះស្រាយ បើមានបញ្ហាស្មុគស្មាញ ឬរាំងស្ទះអ្វីមួយ»។
មន្ត្រីសង្គមស៊ីវិលអះអាងថា ទ្រព្យសម្បត្តិរដ្ឋដែលការពារដោយរដ្ឋធម្មនុញ្ញនៅខេត្តព្រះសីហនុ ភាគច្រើនត្រូវមន្ត្រីស្ថាប័នពាក់ព័ន្ធ និងថ្នាក់ដឹកនាំខេត្តព្រះសីហនុ មួយចំនួនក្នុងអាណត្តិមុនៗ បានឃុបឃិតចេញប្លង់កម្មសិទ្ធិឲ្យឯកជនយ៉ាងអនាធិបតេយ្យ គឺមានដីភ្នំ៩៦ មានទីតាំងនៅជាប់ខាងក្រោយក្រុងព្រះសីហនុ ចេញប្លង់ជូនបុគ្គល និងមន្ត្រីខ្លះនៅលើដីចំណីមាត់បឹងព្រែកទប់ និងដីព្រៃកោងកាង ឬព្រៃលិចទឹកជម្រកត្រីសមុទ្របន្តពូជនៅឆ្នេរសមុទ្ររាម និងចេញប័ណ្ណកម្មសិទ្ធិនៅលើដីចំណីមាត់បឹងកង្កែប មានទីតាំងនៅឃុំបិតត្រាំង និងឃុំរាម ស្រុកព្រៃនប់ ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
