សហគមន៍ជនជាតិដើមភាគតិចព្នង ភូមិពូរ៉ាដែត ឃុំស្រែអំពូម ក្នុងស្រុកពេជ្រាដា បដិសេធការសម្របសម្រួលរបស់អាជ្ញាធរស្រុក ពាក់ព័ន្ធការកាត់ដីដែលបានពីការកាប់រានព្រៃឈើសហគមន៍ប្រមាណ ៥០ហិកតារ ប្រគល់ឲ្យឈ្មួញដែលទិញដីក្នុងតំបន់ព្រៃការពារសហគមន៍។ អ្នកភូមិទាមទារឲ្យអាជ្ញាធរខេត្តស៊ើបអង្កេតភាពមិនប្រក្រតីក្នុងការចេញប័ណ្ណកម្មសិទ្ធិ និងការខូចខាតទាក់ទិនកាប់រានព្រៃឈើនៅតំបន់ការពារនេះ។
សហគមន៍ជនជាតិដើមភាគតិចព្នងភូមិពូរ៉ាដែត ចាត់ទុកការស្វែងរកដំណោះស្រាយទំនាស់ដីធ្លីរបស់អាជ្ញាធរស្រុកថា ជាទង្វើផ្ទុយច្បាប់ ដែលសហគមន៍មិនអាចទទួលយកបានឡើយ។
ការដោះស្រាយនេះធ្វើឡើងនៅសាលាឃុំស្រែអំពូម នៅព្រឹកថ្ងៃទី៨ ខែកក្កដា ដោយមានតំណាងសហគមន៍ភាគីឈ្មួញអ្នកទិញដី មន្ត្រីអាជ្ញាធរមូលដ្ឋានឃុំ ស្រុក និងអ្នកឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក (ADHOC) ខេត្តមណ្ឌលគិរី។
តំណាងសហគមន៍ អ្នកស្រី ហេង ណុក បញ្ជាក់ថា មន្ត្រីស្រុកបានព្យាយាមសម្របសម្រួលកាត់ដីមួយផ្នែកដែលឈ្មួញទិញដីបានឈូសឆាយលើសចំនួនដីដែលមានក្នុងប័ណ្ណកម្មសិទ្ធិប្រគល់ឲ្យសហគមន៍។ ចំណែកដីឋិតក្នុងប័ណ្ណត្រូវប្រគល់ទៅឲ្យឈ្មួញ ក៏ប៉ុន្តែសហគមន៍បដិសេធការសម្របសម្រួលនេះ។
អ្នកស្រីបញ្ជាក់ថា ដីទាំងអស់ឋិតក្នុងតំបន់ព្រៃឈើចុះបញ្ជីទទួលស្គាល់ផ្លូវការ ដោយមន្ត្រីស្ថាប័នពាក់ព័ន្ធថ្នាក់ខេត្ត និងថ្នាក់ជាតិ ហេតុនេះការចេញប័ណ្ណកម្មសិទ្ធិ និងការកាប់រានព្រៃឈើក្នុងតំបន់ដីចុះបញ្ជីការពារមិនអាចធ្វើបានឡើយ៖ «ខ្ញុំម៉េចព្រមជាមួយគាត់ថា ឲ្យដី ១០ហិកតារទៅឲ្យគាត់វិញ អត់ព្រមទេជនជាតិយើងមិនព្រម។ សុទ្ធតែដើមឈើម៉េចក៏ខាងសុរិយោដីចេញប្លង់ឲ្យដីសុទ្ធតែដើមឈើធំៗ»។
ប្រជាពលរដ្ឋភូមិពូរ៉ាដែត ជិត ១០០នាក់ រួមជាមួយមន្ត្រីឃុំ មន្ត្រីព្រៃឈើ និងអ្នកឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក កាលពីថ្ងៃទី៦ ខែកក្កដា បានរកឃើញឈើរាប់ពាន់ដើមក្នុងតំបន់ព្រៃស្រោងប្រមាណ ៥០ហិកតារ ដែលអភិរក្សដោយសហគមន៍ត្រូវឈ្មួញដែលអះអាងថា ជាម្ចាស់ដីបានយកគ្រឿងចក្រឈូសឆាយរំលំចោលបំណងដុតរានយកដីដោយសំអាងថា ដីនោះគាត់បានទិញពីប្រជាពលរដ្ឋបីគ្រួសារមានប័ណ្ណកម្មសិទ្ធិស្របច្បាប់។
ប្រជាពលរដ្ឋភូមិពូរ៉ាដែត មួយរូបទៀត គឺលោក សុខ ថេត ថ្លែងដែរថា ព្រៃការពារសហគមន៍មិនអាចជាកម្មវត្ថុនៃការបែងចែកទៅឲ្យបុគ្គលណាយកជាកម្មសិទ្ធិបានទេ ហេតុនេះអាជ្ញាធរត្រូវស៊ើបអង្កេតពីអត្តសញ្ញាណនៃប័ណ្ណកម្មសិទ្ធិដែលចេញក្នុងតំបន់ព្រៃការពារ។ លើសពីនេះទៀត អាជ្ញាធរក៏ត្រូវចុះពិនិត្យវាយតម្លៃជាក់លាក់ពីទំហំការខូចខាតព្រៃឈើសហគមន៍បណ្ដាលមកពីឈ្មួញឈូសឆាយព្រៃដើម្បីយកដី៖ «អត់ត្រូវទេ ការសម្របសម្រួលហ្នឹងគឺខុសសហគមន៍យើងខ្ញុំមិនឯកភាព ដោយសារមិនអនុញ្ញាតឲ្យជនដែលឈូសឆាយមានប្លង់រឹងនៅក្នុងដីសហគមន៍ដែលមានព្រៃឈើឈរនៅឡើយ»។
ព្រៃការពារសហគមន៍ភូមិពូរ៉ាដែត មានទំហំ ១.៣៣២ហិកតារ ត្រូវបានចុះបញ្ជីទទួលស្គាល់ដោយមន្ត្រីអាជ្ញាធរមូលដ្ឋាន និងជំនាញរដ្ឋបាលព្រៃឈើ ជាពិសេសមានការទទួលស្គាល់ពីក្រសួងកសិកម្ម ក្រសួងអភិវឌ្ឍន៍ជនបទទុកជាព្រៃការពាររបស់សហគមន៍តាំងពីឆ្នាំ២០០៩។
ឆ្លើយតបចំពោះការអះអាងរបស់សហគមន៍អភិបាលរងស្រុកពេជ្រាដា លោក ខាំ ដារ៉ា បញ្ជាក់ថា គោលបំណងរបស់អាជ្ញាធរស្រុកគឺសម្របសម្រួលពលរដ្ឋតាមគោលនយោបាយដោះស្រាយវិវាទដោយសន្តិវិធី និងដោយផ្នែកលើដីទំនាស់មានមានប័ណ្ណកម្មសិទ្ធិស្របច្បាប់៖ «បំណងយើងចង់សម្របសម្រួលដោះស្រាយដោយសន្តិវិធី។ យើងអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល»។
ចំណែកអភិបាលស្រុកពេជ្រាដា លោក នួន សារ៉ន បញ្ជាក់ដែរថា ការប្រជុំដោះស្រាយវិវាទនេះក្រៅពីការសម្របសម្រួល អាជ្ញាធរក៏បានចាត់មន្ត្រីជំនាញចុះពិនិត្យវាស់វែងទីតាំងកើតហេតុជាក់ស្ដែងដើម្បីដោះស្រាយបញ្ហា ក៏ប៉ុន្តែសហគមន៍បានបញ្ចប់ការប្រជុំមុនពេលមន្ត្រីជំនាញវាស់វែងជាក់ស្ដែងទីតាំងកើតហេតុ។
លោកថា មន្ត្រីមន្ទីរដែនដី គឺជាអ្នកចេញប័ណ្ណកម្មសិទ្ធិហេតុនេះអាជ្ញាធរស្រុកមិនអាចបំពានទៅលើដីមានប័ណ្ណកម្មសិទ្ធិបានឡើយ៖ «ជាគោលការណ៍យើងដោះស្រាយ យើងមិនអនុញ្ញាតឲ្យបុគ្គលណារួចខ្លួនពីសំណាញ់ច្បាប់ដែលរំលោភបំពានច្បាប់នោះទេ។ មិនទាន់បានទៅធ្វើអាហ្នឹងផង ស្រាប់តែបែកគ្នាអស់ហើយ ឲ្យមន្ត្រីភូមិបាលយកប្លង់ទៅៗ មើលលើដីហ្នឹងមានប៉ុន្មាន ហើយចុចដីហ្នឹងឲ្យអស់យកទៅចូលផែនទីរួម ហើយយកមកវិញមកយើងដឹងថា លើសប៉ុន្មាន ខុសច្បាប់ប៉ុន្មាន យើងដឹងហើយ»។
របាយការណ៍អង្កេតរបស់មន្ត្រីសមាគមអាដហុក ខេត្តមណ្ឌលគិរី ប័ណ្ណកម្មសិទ្ធិដែលឈ្មួញប្រើប្រាស់សម្រាប់ឈូសឆាយព្រៃឈើនោះមានចំនួនបីប័ណ្ណ និងមានទំហំដីសរុបជាង ១០ហិកតារ។ ប័ណ្ណកម្មសិទ្ធិទាំងបីប្លង់ចេញនៅឆ្នាំ២០១២ មានម្ចាស់កម្មសិទ្ធិឈ្មោះ យន់ លី មាស វ៉ៃ និងឈ្មោះ ហួត។
ទាក់ទិនការចេញប័ណ្ណកម្មសិទ្ធិឋិតក្នុងតំបន់ព្រៃការពារសហគមន៍នេះ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម ខេត្តមណ្ឌលគិរី លោក ឈឹម កាន មានប្រសាសន៍ថា មន្ត្រីលោកមិនទាន់បានត្រួតពិនិត្យករណីនេះនៅឡើយ ហេតុនេះលោកមិនទាន់វាយតម្លៃយ៉ាងណាទាក់ទិនរឿងនេះទេ៖ «ខ្ញុំមិនទាន់ដឹងរឿងនេះច្បាស់ដែរ ចាំខ្ញុំឲ្យមន្ត្រីចុះស្រាវជ្រាវ»។
ផ្ទុយពីការលើកឡើងនេះ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា ចាត់ទុកការឈូសឆាយទៅលើព្រៃឈើការពារសហគមន៍ថា ជាឧក្រិដ្ឋកម្មព្រៃឈើ រីឯប័ណ្ណកម្មសិទ្ធិក៏មិនអាចទៅលើដីតំបន់ព្រៃឈើចុះបញ្ជីសហគមន៍បានឡើយ បើគ្មានការឯកភាពពីសហគមន៍ និងស្ថាប័នពាក់ព័ន្ធ។
លោកថា ការអង្កេតជាក់ស្ដែង ឈ្មួញទិញដីបានឈូសឆាយព្រៃឈើលើសចំនួនដីដែលមានក្នុងប័ណ្ណ ដូច្នេះអាជ្ញាធរពាក់ព័ន្ធត្រូវបើកការស៊ើបអង្កេតទៅលើការចេញប័ណ្ណ និងទំហំព្រៃឈើដែលរងការឈូសឆាយដើម្បីវាយតម្លៃផលប៉ះពាល់ជាក់លាក់៖ «នេះគឺជាសកម្មភាពនៃឧក្រិដ្ឋថ្នាក់ទី១ ដែលបានកំណត់ក្នុងច្បាប់ស្ដីពីព្រៃឈើឆ្នាំ២០០២ មាត្រាទី៩៧ ចំណុចទី៦ ស្តីពីការកាប់រានព្រៃឈើ ឈូសឆាយដីព្រៃ និងការហ៊ុមព័ទ្ធដីព្រៃ»។
ទោះបីជាយ៉ាងក៏ដោយ សហគមន៍ភូមិពូរ៉ាដែត អះអាងថា សហគមន៍នឹងរៀបចំឯកសារប្ដឹងឈ្មួញអ្នកឈូសឆាយព្រៃទៅស្ថាប័នអយ្យការ និងស្ថាប័នពាក់ព័ន្ធស៊ើបអង្កេតរឿងនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។