ប្រជាពលរដ្ឋមានទំនាស់ដីធ្លី និងអាជីវករលក់ដូរតាមឆ្នេរសមុទ្រស្នើឲ្យអភិបាល ខេត្តព្រះសីហនុ ជួយចុះវាស់ដីផ្ដល់ប្លង់កម្មសិទ្ធិជូនពួកគាត់ឲ្យបានឆាប់ ព្រោះបច្ចុប្បន្ន ត្រូវក្រុមហ៊ុន និងមន្ត្រីមានអំណាចមួយចំនួនបន្តរំលោភកាន់កាប់ជាបន្តបន្ទាប់។
មន្ត្រីសង្គមស៊ីវិលឃ្លាំមើលការអភិវឌ្ឍសង្គម បានរិះគន់ចំពោះចំណាត់ការរបស់ថ្នាក់ដឹកនាំខេត្តនេះ ថាគ្មានឆន្ទៈ និងអំណាចជួយដោះស្រាយជម្លោះដីធ្លីនាមូលដ្ឋាននេះទេ ហើយគិតពីប្រយោជន៍បក្សពួកច្រើនជាងស្វែងរកយុត្តិធម៌ជូនពលរដ្ឋ។
តំណាងអាជីវករលក់ដូរតាមឆ្នេរអូរឈើទាល ឬអតីតឆ្នេរមុខក្រុមហ៊ុនអារីស្តុន និងតំណាងប្រជាពលរដ្ឋមានទំនាស់ដីធ្លីមកពីសហគមន៍នានា ជិត ១០សហគមន៍ និងមានគ្នាជិត ១០០នាក់ បានប្រមូលផ្ដុំគ្នានៅពីមុខបរិវេណសាលាខេត្តព្រះសីហនុ កាលព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ដើម្បីស្នើចូលជួបលោក យន្ត មីន ជាអភិបាលខេត្ត ឲ្យជួយពន្លឿនការងារចុះកាត់ឆ្វៀលដីផ្ដល់ប្លង់កម្មសិទ្ធិ និងជួយរកដំណោះស្រាយលើករណីអាជ្ញាធរឈូសបំផ្លាញតូបលក់ដូររបស់ពួកគេ។
ស្ត្រីវ័យចាស់ឈ្មោះ ស៊ុន កាណា អាយុ ៦៥ឆ្នាំ ស្ថិតក្នុងចំណោមក្រុមអាជីវករមានតូបលក់ដូរនៅតាមឆ្នេរអូរឈើទាល ឬអតីតឆ្នេរមុខក្រុមហ៊ុនអារីស្តុន ដែលត្រូវអាជ្ញាធរប្រើគ្រឿងចក្រឈូសកម្ទេចស្តង់ ឬតូបលក់ដូរបំផ្លាញចោលរាបដល់ដីទាំងគ្មានសំណង កាលពីថ្ងៃទី៩ ខែមេសា បានលើកដៃសំពះស្នើដល់អភិបាលខេត្តនេះ ពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយរកយុត្តិធម៌ចំពោះទង្វើរបស់អាជ្ញាធរខេត្តនេះឈូសកម្ទេចតូបពួកគាត់៖ «ខ្ញុំជឿជាក់ ឬមានជំនឿថា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនចង់ឲ្យកូនចៅសម្ដេចរងទុក្ខវេទនា និងរស់នៅក្រោមដើមឈើហាលសន្សើម កម្ដៅថ្ងៃទេ។ សូមសម្ដេចជួយដល់កូនចៅឲ្យបានលក់ដូរតាមស្តង់ដារជារបស់រដ្ឋ»។
ចំណែកប្រធានសហគមន៍ព្រែកត្របែក អណ្ដូងទឹក និងថ្មធំ លោក សេន ចន្ថា ហៅតា ឆក ក៏ស្នើដល់ប្រមុខដឹកនាំជួយជំរុញសកម្មភាពរបស់អាជ្ញាធរខេត្តព្រះសីហនុ ឲ្យពន្លឿនចុះកាត់ឆ្វៀលដីផ្តល់ប្លង់កម្មសិទ្ធិជូនពលរដ្ឋក្នុងសហគមន៍នេះមានចំនួន ១០៦គ្រួសារ នៅឃុំរាម ស្រុកព្រៃនប់ ដែលកំពុងមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន យិះជៀ។ លោកចោទក្រុមហ៊ុនចិន ឈ្មោះ យិះជៀ ថា បានគំរាមបណ្ដេញពួកគាត់ចេញពីលំនៅឋាន និងដីកសិកម្មធ្លាប់បង្កបង្កើនផលតាំងពីឆ្នាំ១៩៩២ ដោយប្រើកម្លាំងប្រដាប់អាវុធយាមដីឲ្យក្រុមហ៊ុននេះ ដើម្បីគំរាមពួកគាត់មិនឲ្យធ្វើរបរកសិកម្ម និងសង់ផ្ទះលើដីរស់នៅជាក់ស្ដែងជាដើម។
តំណាងរូបនេះអំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយជំរុញកាត់ឆ្វៀលដីលំនៅឋាន និងដីកសិកម្ម ផ្ដល់ប្លង់កម្មសិទ្ធិជូនពួកគាត់ ចេញពីគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនចិន យិះជៀ ឲ្យបានឆាប់ ហើយស្នើឲ្យពលរដ្ឋអភិវឌ្ឍមូលដ្ឋានខ្លួននៅនឹងកន្លែង៖ «ពួកខ្ញុំបានរងទុក្ខ ៧ឆ្នាំមកហើយ។សូមសម្ដេចនាយករដ្ឋមន្ត្រីជួយបញ្ជាអោយថ្នាក់ខេត្តកាត់ដីអោយពួកខ្ញុំដាច់ចេញពីក្រុមហ៊ុន យិះជៀ»។
ងាកមកប្រធានសហគមន៍អណ្ដូងថ្ម លោកស្រី ហែន សម្បត្តិ ជាស្ត្រីមេម៉ាយ និងមានរបរដើរលក់ថ្នាំបុរាណសម្រាប់ចិញ្ចឹមជីវិត រស់នៅភូមិត្រពាំងស្អុយ ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់។ ស្ត្រីវ័យចាស់ដែលអះអាងថា ជាអតីតកងទ័ពចូលនិវត្តន៍រូបនេះ ក៏សំណូមពរឲ្យប្រមុខដឹកនាំជួយអន្តរាគមន៍មកអាជ្ញាធរខេត្តព្រះសីហនុ ឲ្យជួយចុះវាស់កសិកម្ម ផ្ដល់ប្លង់កម្មសិទ្ធិស្របច្បាប់ជូនពលរដ្ឋក្នុងសហគមន៍នេះជិត ៥០គ្រួសារដោយអនុគ្រោះ ព្រោះកន្លងមក អាជ្ញាធរចាប់ពីថ្នាក់មូលដ្ឋានដល់ថ្នាក់ខេត្ត មិនខ្វល់អំពីកង្វល់ពលរដ្ឋទេ ៖ «សូមសម្ដេច (ហ៊ុន សែន) ជួយដល់ប្រជាពលរដ្ឋយើងខ្ញុំដែលមានដីពាក់ព័ន្ធជាមួយអាជ្ញាធរនោះ សូមជួយដោះស្រាយដើម្បីយកប្លង់កម្មសិទ្ធិឲ្យបានពលរដ្ឋយើងខ្ញុំទាំងអស់គ្នាមកវិញ។ សហគមន៍ខ្ញុំមាន ២៥គ្រួសារ»។
ស្រដៀងគ្នាដែរ លោកស្រី អឿន ង៉ែត តំណាងសហគមន៍អន្លង់បាតខ្ទះ ស្ថិតក្នុងភូមិអូរត្រជាក់ចិត្ត ឃុំសំរ៉ុង ស្រុកព្រៃនប់ ជាតំណាងឲ្យពលរដ្ឋជាង ៤០គ្រួសារ ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនឋានសួគ៌។ ស្ត្រីរូបនេះបានលើកដៃសំពះសំណូមពរប្រមុខដឹកនាំឲ្យជួយរកយុត្តិធម៌ជូនពលរដ្ឋក្នុងសហគមន៍នេះ ដែលកន្លងមកត្រូវក្រុមហ៊ុនឋានសួគ៌ប្រើកម្លាំងប្រដាប់អាវុធដុតកម្ទេចផ្ទះ និងប្រើប្រព័ន្ធតុលាការចាប់ពលរដ្ឋដាក់គុក ដើម្បីបង្ខំឲ្យចាក់ចេញពីទីតាំងធ្លាប់រស់នៅ និងដីចំការបង្កបង្កើនផល។
លោកស្រី អឿន ង៉ែត ក៏សំណូមពរដល់ប្រមុខដឹកនាំជួយអន្តរាគមន៍ឲ្យពលរដ្ឋពួកគាត់បានចូលទៅសង់ផ្ទះ និងប្រកបរបរកសិកម្មចិញ្ចឹមជីវិតនៅលើទីតាំងធ្លាប់រស់នៅដូចដើមវិញ ព្រោះរាល់ថ្ងៃនេះ ពួកគាត់មិនមានដីសង់ផ្ទះ ឬប្រកបរបរកសិកម្មទេ៖ «ឥឡូវនេះ ក្រុមគ្រួសារនាងខ្ញុំរងគ្រោះដោយខ្វះចំណីអាហារ រងគ្រោះដោយសារដីធ្លី ហើយជំពាក់បំណុលគេ គេមកទារផង។ នាងខ្ញុំមិនដឹងបានអីដោះស្រាយទេ សូមសម្ដេច និងអភិបាលខេត្តកាត់ឆ្វៀលដីអោយនាងខ្ញុំ និងពលរដ្ឋទាំង ៤៣គ្រួសារអោយចូលទៅរស់នៅវិញផង»។
ចំណែកប្រធានសហគមន៍អូរត្រជាក់ចិត្ត លោក សំ សុផាត តំណាងប្រជាពលរដ្ឋចំនួន ៦៨គ្រួសាររស់នៅឃុំសំរ៉ុង ដែលដើមឡើយមានទំនាស់ជាមួយក្រុមហ៊ុនឋានសួគ៌ និងបច្ចុប្បន្នមានទំនាស់ជាមួយស្ថាប័នរដ្ឋបាលព្រៃឈើ និងប្រធានសហគមន៍ស្វាយចន្ទី ឈ្មោះ កែវ ពិសិដ្ឋ តំណាងឲ្យប្រជាពលរដ្ឋចំនួន ៧០គ្រួសារ មានទំនាស់ជាមួយក្រុមហ៊ុនយិះជៀ ស្ថិតនៅស្រុកព្រៃនប់។ តំណាងសហគមន៍ទាំងពីរនេះ ក៏សំណូមពរដល់លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ពិសេសប្រមុខដឹកនាំឲ្យជួយអន្តរាគមន៍បញ្ជូនមន្ត្រីចុះវាស់ដីផ្ដល់ប្លង់កម្មសិទ្ធិស្របច្បាប់ជូនពលរដ្ឋក្នុងសហគមន៍នីមួយៗ ឲ្យបានឆាប់ ព្រោះត្រូវរងការគំរាមបណ្ដេញពីដីបង្កបង្កើនផល និងដីលំនៅឋានពីសំណាក់ក្រុមហ៊ុនជាប្រចាំ។
ទោះយ៉ាងណា បំណងចូលជួបលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ របស់ប្រជាសហគមន៍មានទំនាស់ដីធ្លី និងក្រុមអាជីវករឆ្នេរអារីស្តុន ឬឆ្នេរអូរឈើទាល នៅព្រឹកថ្ងៃទី២៨ ខែមេសា ត្រូវខកខាន ព្រោះមន្ត្រីរដ្ឋបាលខេត្តនេះដែលចេញមកជួបតំណាងសហគមន៍ ប្រមូលផ្តុំគ្នានៅពីមុខបរិវេណសាលាខេត្តព្រះសីហនុ និយាយថា លោកអភិបាលខេត្ត យន្ត មីន មិនមានវត្តមាននៅក្នុងការិយាល័យរបស់លោកទេ គឺបានចុះទៅដោះស្រាយកង្វល់ខ្វះទឹកជូនប្រជាពលរដ្ឋនៅតាមតំបន់ឆ្ងាយពីទីប្រជុំជន។ ប៉ុន្តែបានឲ្យតំណាងសហគមន៍ទាំងនោះវិលមកជួបលោកអភិបាលនៅថ្ងៃច័ន្ទ សប្ដាហ៍ខាងមុខ។
ទាក់ទិនបញ្ហានេះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ផ្ដល់សម្ភាសន៍ដល់វិទ្យុអាស៊ីសេរីថា នឹងផ្ដល់ពេលវេលាជូនតំណាងសហគមន៍មានទំនាស់ដីធ្លី និងក្រុមអាជីវករមានរបរលក់ដូរនៅតាមឆ្នេរសមុទ្រ បានជួបពិភាក្សា និងលើកពីកង្វល់របស់ពួកគេទៅតាមពេលវេលាសមស្របណាមួយ។ លោកបន្តថា ចំពោះការងារចុះកាត់ឆ្វៀលដីជូនពលរដ្ឋនៅតាមសហគមន៍នានា អាជ្ញាធរខេត្តនេះមានផែនការរួចហើយ ហើយនឹងចុះពិនិត្យជាក់ស្ដែង ឈានដល់វាស់បែងចែកផ្ដល់ប្លង់កម្មសិទ្ធិជូនពលរដ្ឋឲ្យស្របតាមច្បាប់ជាធរមាន។
យ៉ាងនេះក្ដី លោក យន្ត មីន ស្នើសុំពេលវេលា និងការយោគយល់ពីប្រជាពលរដ្ឋនៅតាមសហគមន៍នានា ចំពោះភាពយឺតយ៉ាវនេះ ព្រោះមន្ត្រីជំនាញខេត្តព្រះសីហនុ មានចំនួនតិច ហើយមានការងារច្រើនត្រូវដោះស្រាយជាប្រចាំថ្ងៃ។
អ្នកស្រី ជៀប សុធារី មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុ ដែលចុះឃ្លាំមើលការប្រមូលផ្ដុំរបស់ប្រជាពលរដ្ឋមកពីតាមសហគមន៍នានា ដល់មុខសាលាខេត្តព្រះសីហនុ។ អ្នកស្រីមានប្រសាសន៍ថា អាជ្ញាធរខេត្ត ពិសេសរដ្ឋាភិបាល ត្រូវមានយន្តការដោះស្រាយវិវាទដីធ្លីរ៉ាំរ៉ៃ ឬជួយពន្លឿនការងារចុះកាត់ឆ្វៀលដីផ្ដល់ប្លង់កម្មសិទ្ធិជូនពលរដ្ឋនៅតាមសហគមន៍នីមួយៗ ជាមួយក្រុមហ៊ុន និងការរំលោភបំពានផ្សេងៗចប់ឲ្យបានឆាប់។ ជាងនេះទៀត ចំពោះកង្វល់នៃការប្រើគ្រឿងចក្រ និងកម្លាំងប្រដាប់អាវុធទាំងកម្រោល ឈូសបំផ្លាញតូបលក់ដូររបស់ក្រុមអាជីវករលក់ដូរនៅតាមឆ្នេរអូរឈើទាល កាលពីថ្ងៃទី៩ ខែមេសា ក៏ត្រូវតែរកដំណោះស្រាយ និងផ្ដល់យុត្តិធម៌ជូនអាជីវករទាំងនោះឲ្យបានសមរម្យ ប្រសើរជាងប្រើកម្លាំងគំរាមកំហែងពួកគេ៖ «អាចធ្វើចំណាកស្រុកដែរ ប្រសិនបើអត់មានការងារធ្វើ របររកស៊ីតទៅទៀត អ៊ីចឹងឪពុកម្ដាយ កូនចៅមុខជាបែកគ្នាទៅរកការងារធ្វើដើម្បីចិញ្ចឹមជីវិត»។
របាយការណ៍អង្គការលីកាដូ (LICADHO) ខេត្តព្រះសីហនុ ឆ្នាំ២០១៦ បានបង្ហាញថា ខេត្តនេះមានប្រជាពលរដ្ឋជាង ២០សហគមន៍បានបន្តកើតមានទំនាស់ដីធ្លី ហើយអាជ្ញាធរមិនទាន់ដំណោះស្រាយជូនពលរដ្ឋនៅឡើយទេ។ ទំនាស់ខ្លះបានអូសបន្លាយពេលចន្លោះពី ៥ឆ្នាំ ទៅដល់ ១៥ឆ្នាំ ឬច្រើនជាងនេះ នៅមិនទាន់មានដំណោះស្រាយជូនពលរដ្ឋឲ្យទទួលបានយុត្តិធម៌ពិតប្រាកដនោះទេ ហើយមានពលរដ្ឋខ្លះដែលទន្ទឹងរង់ចាំយុត្តិធម៌នេះ ក៏មានវ័យជរា និងស្លាប់បាត់បង់ជីវិតជាបណ្ដើរៗហើយដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។