ប្រជាពលរដ្ឋមានទំនាស់ដីធ្លីប្រមាណ ២០០នាក់នៅខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៣ កញ្ញា ប្រមូលផ្ដុំគ្នាតវ៉ានៅតំបន់ដីជម្លោះនាក្រុងប៉ោយប៉ែត ដើម្បីឲ្យអាជ្ញាធរពាក់ព័ន្ធជួយដោះស្រាយពួកគាត់។ ការតវ៉ានេះ កើតមានបន្ទាប់ពីអ្នកភូមិទទួលដំណឹងថា ភាគីជម្លោះម្ខាងទៀតនឹងចុះអនុវត្តដីការបស់សាលាដំបូងខេត្តនៅលើដីទំនាស់ នៅថ្ងៃទី១៣ កញ្ញា។
តំណាងក្រុមអ្នកតវ៉ារស់នៅភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត លោក អន ប្រុស ថ្លែងនៅថ្ងៃទី១៣ កញ្ញា ថា មូលហេតុដែលពួកគាត់តវ៉ានេះ ដោយសារអស់ជំនឿនឹងអាជ្ញាធរពាក់ព័ន្ធទៅលើការដោះស្រាយទំនាស់របស់ពួកគាត់។ អ្នកភូមិបញ្ជាក់ថា ពួកគាត់ទទួលដំណឹងពីមេភូមិព្រៃព្រិច ថាអាជ្ញាធរពាក់ព័ន្ធនឹងចុះវាស់វែងនៅលើដីជម្លោះ ហើយធ្វើឲ្យបាត់បង់ដីធ្លីរបស់ពួកគាត់ដែលមិនទាន់ដោះស្រាយរួចរាល់នៅឡើយ៖ « នៅពេលប្រជាពលរដ្ឋដាក់ពាក្យសំណើម្ដងៗតែងស្ងាត់ជានិច្ច។ ពួកខ្ញុំមិនដឹងពឹងទៅអ្នកណាជួយដោះស្រាយបានទេ ទើបបានជាពួកខ្ញុំនាំគ្នាតវ៉ានេះ»។
អាស៊ីសេរី ពុំអាចទាក់ទងអភិបាលក្រុងប៉ោយប៉ែត លោក ង៉ោ ម៉េងជ្រួន ដើម្បីសុំអត្ថាធិប្បាយជុំវិញពីការតវ៉ារបស់ប្រជាពលរដ្ឋបានទេ នៅថ្ងៃទី១៣ កញ្ញា។
អ្នកមើលដីឲ្យភាគីទំនាស់ លោក សួស រី មានប្រសាសន៍ថា ដីទំនាស់ដែលពលរដ្ឋតវ៉ានោះជាកម្មសិទ្ធិស្របច្បាប់របស់លោក សរ សម្បត្តិ និងលោក វុទ្ធ ដារា ជាមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ។ លោកអះអាងថា ពលរដ្ឋដែលមានទំនាស់ដីពិតប្រាកដមានត្រឹមតែ ២៦គ្រួសារទេ។ លោកបញ្ជាក់ថា ភាគីទំនាស់ដែលជាមន្ត្រីនៃអង្គភាពអំពើពុករលួយនោះ នឹងប្រគល់ដីទំនាស់ឲ្យពលរដ្ឋ ២៦គ្រួសារទៅតាមការរស់នៅជាក់ស្ដែង៖ « ទាំងនេះមកពីមេភូមិញុះញង់ប្រជាពលរដ្ឋខុសរឿងខុសរ៉ាវ ព្រោះអីគេប្ដឹងប្រជាពលរដ្ឋតែ ២៦គ្រួសារទេ។ តាមពិតគេមកដើម្បីរៀបចំឲ្យប្រជាពលរដ្ឋធ្វើពាក្យកាន់កាប់ឲ្យស្របច្បាប់ អ៊ីចឹងហើយបានជាគេប្ដឹងចូលតុលាការ ហើយតុលាការឲ្យមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះមករកការពិត » ។
ទោះបីជាយ៉ាងណា ក្រុមអ្នកតវ៉ាអះអាងថា ដីទំនាស់ជាង ១០០ហិកតារនៅភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពួកគាត់មួយចំនួនបានកាន់កាប់តាំងពីឆ្នាំ១៩៩៥ មក។ ក្រោយមក ភាគីទំនាស់បានប្ដឹងពួកគាត់ចំនួន ២៦គ្រួសារទៅតុលាការ ហើយពលរដ្ឋក៏បានតវ៉ាឲ្យអាជ្ញាធរដោះស្រាយជាបន្តបន្ទាប់។ ក្រុមអ្នកតវ៉ាបន្ថែមទៀតថា ប្រជាពលរដ្ឋចំនួនជាង ២០០នាក់នៅភូមិព្រៃព្រិច ចេញមកតវ៉ានៅថ្ងៃទី១៣ កញ្ញា ដើម្បីជួយពលរដ្ឋ ២៦គ្រួសារ ដោយសារព្រួយបារម្ភខ្លាចយកដីតំបន់ជម្លោះប៉ះពាល់ដល់ដីរបស់ពួកគាត់។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា ប្រជាពលរដ្ឋតវ៉ាដោយសារពួកគាត់ព្រួយបារម្ភខ្លាចបាត់បង់ដីធ្លី ហើយអាជ្ញាធរពាក់ព័ន្ធត្រូវពិនិត្យទៅលើការកាន់កាប់ដីទំនាស់នោះឲ្យបានច្បាស់លាស់៖ « អាជ្ញាធរជាអ្នកទទួលខុសត្រូវទាំងស្រុងទៅការគ្រប់គ្រង និងការដោះស្រាយបញ្ហាផ្សេងជូនប្រជាពលរដ្ឋ មិនមែនទុកបញ្ហាចោល ហើយថាការតវ៉ារបស់ពលរដ្ឋជាអានាធិបតេយ្យនោះទេ»។
ក្រោយពីការតវ៉ារបស់ពលរដ្ឋ អាជ្ញាធរក្រុងបានកោះហៅមេភូមិព្រៃព្រិច ទៅដោះស្រាយពីការតវ៉ានេះនៅសាលាក្រុងប៉ោយប៉ែត នៅថ្ងៃដដែល។ ពលរដ្ឋបានរំសាយការតវ៉ាវិញបន្ទាប់ពីអាជ្ញាធរពាក់ព័ន្ធ បានផ្អាកគម្រោងចុះវាស់វែងនៅតំបន់ដីជម្លោះនោះ។ អ្នកភូមិអះអាងថា ភាគីទំនាស់ចង់សម្រួលដោះស្រាយជាមួយពួកគាត់ ប៉ុន្តែពុំទាន់កំណត់ថ្ងៃច្បាស់លាស់នៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។