ជនជាតិដើមភាគតិចរស់នៅភូមិសោមត្រកចាស់ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ជាង ១០០នាក់ លើកគ្នាតវ៉ាប្រឆាំងការអនុវត្តដីការក្សាការពាររបស់តុលាការខេត្តរតនគិរី ខណៈដែលអ្នកភូមិរាប់សិបនាក់ នាំគ្នាចូលដាំដុះលើដីមានកម្មសិទ្ធិមួយកន្លែងរបស់ពលរដ្ឋខ្មែរ ដោយសំអាងថា ដីដូនតាជនជាតិដើមភាគតិច។
ប្រជាពលរដ្ឋភូមិសោមត្រកចាស់ ជាង ១០០នាក់ ប្រឈមមុខដាក់គ្នាជាមួយកងកម្លាំងនគរបាល និងកងរាជអាវុធហត្ថជាង ១៥នាក់ ដែលព្យាយាមអនុវត្តដីកាចាត់ចែងបណ្ដោះអាសន្នលើដី ២០ហិកតារនៅភូមិសោមត្រកចាស់ នៅព្រឹកថ្ងៃទី៩ ខែមិថុនា។
មិនមានផ្ទុះចេញអំពើហិង្សាដែលបង្កឲ្យមានរបួសគ្រោះថ្នាក់ជនណាម្នាក់ឡើយ ខណៈប្រជាពលរដ្ឋព្យាយាមរារាំងត្រាក់ទ័រ និងកងកម្លាំងដែលយាមការពារឲ្យកម្មកររុះរើរោងប្រក់សំពត់កៅស៊ូ ដែលអ្នកភូមិបានចូលសង់នៅលើដីទំនាស់តាមដីកាសម្រេចរបស់ចៅក្រមតុលាការខេត្ត។
ស្ត្រីអ្នកតវ៉ាម្នាក់បញ្ជាក់ដោយកំហឹងថា ដីដែលអ្នកភូមិចូលកាន់កាប់នេះ ជាដីដូនតាសហគមន៍ដែលប្រគល់ទៅឲ្យរដ្ឋវិនិយោគជាដីសម្បទានសេដ្ឋកិច្ច តាំងពីឆ្នាំ១៩៩៧ ក៏ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកភូមិឃើញដីទុកចោល ទើបពួកគាត់ចូលទៅវាស់វែងបែងចែកគ្នា។ ស្ត្រីដដែលចោទប្រកាន់ទៅលើពលរដ្ឋខ្មែរឈ្មោះ នូ លី ថាបានលួចធ្វើប័ណ្ណកម្មសិទ្ធិលើដីដែលក្រុមហ៊ុនបោះបង់ចោល។ ហេតុនេះ ទើបអ្នកភូមិទាមទារយកដីនោះមកគ្រប់គ្រងវិញ៖ « គេថាផ្អាកកុំរុះរើណា ! សហគមន៍ថាអត់ផ្អាកទេ ពីព្រោះដីសហគមន៍ពួកខ្ញុំ ដីនេះជិតដល់ខែភ្លៀងហើយ ខ្ញុំខ្លាចដាំអត់ទេ ហើយកូនចៅខ្ញុំអត់ទាន់មានចម្ការ »។
ការប្រឈមមុខដាក់គ្នានេះ ចំណាយពេលអស់ប្រមាណ ៤ម៉ោង។ ស្របពេលនោះដែរ អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ និងស្រុក បានព្យាយាមពន្យល់អ្នកភូមិពីនីតិវិធីរបស់តុលាការ ពាក់ព័ន្ធការអនុវត្តដីការក្សាការពារ។
ជំទប់ទី២ ឃុំសោមធំ លោក រម៉ាល់ លួត បញ្ជាក់ថា អាជ្ញាធរឃុំបានប្រជុំផ្សព្វផ្សាយជូនប្រជាពលរដ្ឋទាក់ទិនដីដែលមានប័ណ្ណកម្មសិទ្ធិ គ្រាដែលប្រជាពលរដ្ឋចូលទៅដណ្ដើមកាន់កាប់ជាលក្ខណៈសហគមន៍។ លោកបន្តថា អ្នកភូមិមិនយល់ស្របតាមការណែនាំរបស់អាជ្ញាធរ។ ហេតុនេះ ទើបតុលាការចេញដីកាបង្គាប់ឲ្យអ្នកភូមិរុះរើរោង និងបញ្ឈប់ចូលទៅដាំដុះលើដីនោះតទៅទៀត៖ « ខ្ញុំចង់បានគាត់ធ្វើតាមច្បាប់ មិនអាចធ្វើតាមប្រពៃណី មិនចេះស្តាប់អ៊ីចឹងទេ។ ខ្ញុំមិនចង់អ៊ីចឹងទេ »។
ដូចគ្នានេះដែរ នាយនគរបាលប៉ុស្តិ៍ឃុំសោមធំ លោក រម៉ាម ញ៉ច ពន្យល់អ្នកភូមិឲ្យបញ្ឈប់ការតវ៉ា ដោយហេតុថា នេះជាដីកាសម្រេចចាត់ចែងបណ្ដោះអាសន្នឲ្យផ្អាកសកម្មភាពដាំដុះលើដីមានទំនាស់។ លោកថា អ្នកភូមិត្រូវដាក់ពាក្យប្ដឹងទាមទារដីតាមផ្លូវច្បាប់ ទើបដឹងថាភាគីណាមានសិទ្ធិស្របច្បាប់ចូលកាន់កាប់ដីនេះបាន៖ « កន្លែងដែលមានបញ្ហា យើងមិនអាចដាំដុះបានទេ។ វិធីដែលដោះស្រាយសិន បើសិនឈ្នះបងលី បងលីគាត់ប្រើប្រាស់ដីហ្នឹង។ បើឈ្នះប្រជាពលរដ្ឋ ប្រជាពលរដ្ឋប្រើប្រាស់ដីហ្នឹងទៅ »។
ចៅក្រមតុលាការខេត្តរតនគិរី អ្នកស្រី ជ័យ មាលា កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ បានចេញដីការក្សាការពារតាមបណ្ដឹងរបស់ដើមចោទឈ្មោះ នូ លី តំណាងឲ្យឈ្មោះ សាន ចាន់នី ជាម្ចាស់ដីមានប័ណ្ណកម្មសិទ្ធិគ្រប់គ្រងដី ២០ហិកតារ ដែលអ្នកភូមិតវ៉ាទាមទារ។
ទាក់ទិនរឿងនេះដែរ ចៅក្រមតុលាការខេត្តរតនគិរី ដែលដឹកនាំអនុវត្តដីការក្សាការពារ លោក គង់ តាំងម៉េង បញ្ជាក់ថា អ្នកភូមិអាចដាក់ពាក្យប្ដឹងជំទាស់នឹងដីការក្សាការពារនេះបាន។ លោកសំណូមពរឲ្យអ្នកភូមិ គោរពច្បាប់ និងព្យាយាមធ្វើការដោះស្រាយជម្លោះដោយអហិង្សា៖ « បងប្អូននៅទីនេះ អាចដាក់ពាក្យប្ដឹងទៅតុលាការ ដើម្បីតុលាការចេញដីកាស្ថាពរ »។
រហូតដល់ម៉ោងជាង ១២ថ្ងៃត្រង់ ក្រុមអ្នកតវ៉ាបានយល់ព្រមវិលទៅលំនៅឋាន បន្ទាប់ពីភាគីលោក នូ លី និងអ្នកភូមិ បានចុះកិច្ចព្រមព្រៀងជាមួយគ្នានៅចំពោះមុខមន្ត្រីមូលដ្ឋាន អ្នកឃ្លាំមើលអង្គការសិទ្ធិមនុស្សអាដហុក អង្គការលីកាដូ មិនឲ្យភាគីណាចូលទៅកាន់កាប់ដី រហូតតុលាការសម្រេចក្តីថា ភាគីណាមួយជាម្ចាស់មានសិទ្ធិកាន់កាប់នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។