ប្រជាពលរដ្ឋរស់នៅភូមិគោកតែក ឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង ស្នើឲ្យរដ្ឋាភិបាលកម្ពុជា ជួយសម្រួលឲ្យពួកគាត់បានធ្វើស្រែនៅតាមព្រំដែនដោយងាយស្រួល។ ការស្នើសុំនេះ បន្ទាប់ពីអាជ្ញាធរវៀតណាម បង្ខំឲ្យពលរដ្ឋខ្មែរកាយដីដែលលើកធ្វើភ្លឺស្រែនៅជិតព្រំដែនចេញវិញកាលពីថ្ងៃទី២៥ ខែមេសា កន្លងទៅ។ រីឯអាជ្ញាធរខ្មែរសន្យាថា នឹងព្យាយាមចរចាដោះស្រាយលើបញ្ហានេះ។
ការធ្វើដំណាំកសិកម្មនៅលើដីជាប់តំបន់ព្រំដែនកម្ពុជា-វៀតណាម នៅតែជាបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋខ្មែរ ដែលពលរដ្ឋទាមទារឲ្យរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ជួយដោះស្រាយ។
អ្នកភូមិជាប់ព្រំដែនអះអាងថា បញ្ហាប្រឈមរបស់ពួកគាត់ ក្រៅតែកង្វះប្រព័ន្ធទឹក គ្មានផ្លូវគមនាគមន៍ គ្មានទីផ្សារ និងគ្មានដើមទុនហើយនោះ ជាញឹកញយ អាជ្ញាធរវៀតណាម ក៏បានហាមឃាត់ ឬរារាំងមិនឲ្យពលរដ្ឋខ្មែរធ្វើសកម្មភាពជីកកាប់កាយដី ឬធ្វើសកម្មភាពប្លែកនានានៅតាមតំបន់ជាប់ខ្សែបន្ទាត់ព្រំដែនឡើយ ក្រោមហេតុផលថា ជាតំបន់ហាមឃាត់ ឬតំបន់ស។
ជាក់ស្តែងកាលពីថ្ងៃទី២៥ ខែមេសា កន្លងទៅ អាជ្ញាធរវៀតណាម ក៏បានហាមឃាត់មិនឲ្យពលរដ្ឋខ្មែររស់នៅភូមិគោកតែក ឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង លើកភ្លឺស្រែ ហើយថែមទាំងបញ្ជាឲ្យកាយអាចម៍ដីចេញពីភ្លឺស្រែដែលលើករួចហើយវិញ នៅចំពោះមុខរបស់ពួកគេក្នុងពេលភ្លាមៗនោះ។
លោកស្រី ហាស់ សាភឿន ដែលជាម្ចាស់ដីនោះរៀបរាប់ថា ដីស្រែរបស់គាត់មានទំហំជាង ៥ហិកតារ ហើយបានកាន់កាប់ និងអាស្រ័យផលតាំងពីឆ្នាំ១៩៩០ មក។ ដូច្នេះ មិនសមណាអាជ្ញាធរវៀតណាម ចូលមករារាំងមិនឲ្យពួកគាត់លើកភ្លឺស្រែឡើយ៖ « ពេលជីកហើយ វៀតណាម គឺមកឃាត់ឲ្យលុបវិញ ហើយខ្ញុំថាខ្ញុំមិនព្រមលុបទេ។ ខ្ញុំជួលគេជីកហើយ ហើយហៅគេមកលុបវិញ គេយកលុយទៀត។ ដូច្នេះអស់លុយច្រើន តែគេមិនព្រមទេ គេមកចាប់អាអិចនោះ មកលុបទាល់តែបាន ហើយខ្ញុំក៏មិនដឹងថា ម៉េច ! ព្រោះខ្ញុំជាប្រជាជន ខ្ញុំមិនហ៊ានដែរ។ យើងប្រកែកដែរ តែមិនឈ្នះគេ។ ទាហានវៀតណាម ដែលចូលមកហាមឃាត់នោះមានចំនួន ៥នាក់ »។
ចំណុចដីដែលអាជ្ញាធរវៀតណាម មិនអនុញ្ញាតឲ្យលើកភ្លឺស្រែនោះ គឺនៅចន្លោះបង្គោលព្រំដែនលេខ១៩៨ និងបង្គោលខណ្ឌសីមាតូច១៩៨ លើ១ ហើយមានចម្ងាយប្រមាណជា ១៥ម៉ែត្រពីផ្លូវខ្សែក្រវាត់ព្រំដែនវៀតណាម ដែលទើបសាងសង់ហើយរួចរាល់ពេលថ្មីៗនេះ ទោះបីជាភាគីកម្ពុជា ផ្ញើកំណត់ទូតតវ៉ាក្តី។
លោកស្រី ហាស់ សាភឿន បន្តរៀបរាប់ថា ទង្វើរបស់អាជ្ញាធរវៀតណាម ជាការមើលងាយ និងគាបសង្កត់លើពួកគាត់ ព្រោះថាខាងវៀតណាម បានលើកភ្លឺស្រែ និងធ្វើអ្វីបានស្រេចតែចិត្ត សូម្បីតែផ្លូវក្រវាត់ព្រំដែន។ លោកស្រីស្នើឲ្យរដ្ឋាភិបាលជួយអន្តរាគមន៍ដោះស្រាយ ព្រោះថាប្រសិនបើបណ្តោយឲ្យបញ្ហាបែបនេះនៅតែបន្តកើតមានទៀតនោះ មិនដឹងថាថ្ងៃខាងមុខ អាជ្ញាធរវៀតណាម នឹងឃាត់ឃាំងយ៉ាងណាឡើយ៖ « សូមជួយដោះស្រាយផង ព្រោះគ្រាន់តែលើកភ្លឺស្រែប៉ុណ្ណឹង គេឃាត់ឃាំងប៉ុណ្ណឹងហើយ ចុះទម្រាំយើងធ្វើស្រែធ្វើអីទៀត ក្រែងគេឃាត់គេអីអ៊ីចឹងណា »។

ដីស្រែពលរដ្ឋដែលមានបញ្ហានៅជាប់ព្រំដែននេះ គឺមានចម្ងាយប្រមាណ ៣ ទៅ ៤គីឡូម៉ែត្រពីភូមិគោកតែក ហើយគ្មានផ្លូវធ្វើដំណើរស្រួលបួលទេ គឺត្រូវជិះម៉ូតូលើភ្លឺស្រែ ឬក៏ត្រូវជិះទូកពេលរដូវវស្សា ដែលខុសឆ្ងាយពីខាងប្រទេសវៀតណាម ដែលមានភូមិ មានផ្សារ និងផ្លូវធំស្អាតៗនៅជាប់ព្រំដែនតែម្តង។
ឆ្លើយតបនឹងការលើកឡើងរបស់ពលរដ្ឋ នាយនគរបាលការពារព្រំដែនគោកតែក លោក ឆេង សុខា មានប្រសាសន៍ថា ករណីពលរដ្ឋលើកភ្លឺស្រែនេះ ក៏បានសុំការអនុញ្ញាតពីលោកដែរ ហើយលោកបានយល់ព្រមឲ្យគាត់ជីក។ ប៉ុន្តែនៅថ្ងៃទី២៥ ខែមេសា កន្លងទៅ អាជ្ញាធរវៀតណាម បានសំណូមពរឲ្យកាយដីចេញវិញ ដូច្នេះហើយទើបគាត់ត្រូវកាយដីចេញវិញ ដោយអនុវត្តទៅតាមកិច្ចព្រមព្រៀងឆ្នាំ១៩៩៥ ដែលភាគីទាំងពីរត្រូវរក្សាស្ថានភាពដើម មិនត្រូវសាងសង់អ្វីថ្មីឡើយ។
ទោះជាយ៉ាងណា លោកថា អាជ្ញាធរនឹងខំប្រឹងប្រែងដោះស្រាយបញ្ហានេះជូនប្រជាជន៖ « គេមិនឲ្យលុបចេញទេ គ្រាន់តែកាយអាចម៍ដីពង្រាបៗ ហើយខ្ញុំនឹងខិតខំដោះស្រាយសំណូមពរទៅគេថ្ងៃក្រោយ ដល់ពេលមានកិច្ចប្រជុំនៅភាគីវៀតណាម យើងខ្ញុំនឹងសំណូមពរទៅខាងភាគីវៀតណាម។ វៀតណាម គេបានលើកពីកិច្ចព្រមព្រៀងថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៩៥ ចឹងឲ្យរក្សានូវធាតុដើម បើយើងទម្លាប់ធ្វើកន្លែង ត្រូវធ្វើកន្លែងនោះ ហើយក្នុងនោះ កម្លាំងយើងខ្ញុំនឹងប្រឹងប្រែងដោះស្រាយជូនប្រជាជន »។
ចំពោះបញ្ហាតំបន់ហាមឃាត់ ឬតំបន់សដែលខាងកម្ពុជា មិនអាចធ្វើអ្វីបានសូម្បីតែលើកភ្លឺស្រែ ប៉ុន្តែខាងវៀតណាម អាចធ្វើអ្វីក៏បាន រហូតដល់សាងសង់ផ្លូវក្រវាត់ព្រំដែនទៀតនោះ នគរបាលការពារព្រំដែនរូបនេះឆ្លើយថា លោកមិនអាចនិយាយបានទេ ដោយសារលោកមានឋានៈតូចតាចនៅមូលដ្ឋាន ប៉ុន្តែលោកថា កម្ពុជា ក៏នឹងមានគម្រោងសាងសង់ផ្លូវក្រវាត់ព្រំដែនដែរ៖ « យើងមានដែរខ្សែបន្ទាត់ព្រំដែន ប៉ុន្តែយើងត្រូវធ្វើថ្នល់ខាងភាគីកម្ពុជា ប៉ុន្តែយើងមិនទាន់ធ្វើ »។
រីឯប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការព្រំដែន លោក វ៉ា គឹមហុង មានប្រសាសន៍ថា ករណីនេះ លោកមិនទាន់ទទួលបានរបាយការណ៍ពីថ្នាក់ក្រោមឡើយ ហើយលោកនឹងសួររករបាយការណ៍នេះពីអាជ្ញាធរថ្នាក់ក្រោមដើម្បីពិនិត្យដោះស្រាយ។ ទន្ទឹមគ្នានេះ លោក វ៉ា គឹមហុង ក៏បានបញ្ជាក់ដែរថា លោកហាក់មិនទាន់ជឿនៅឡើយទេថា អាជ្ញាធរវៀតណាម ឲ្យពលរដ្ឋខ្មែរកាយដីដែលលើកភ្លឺស្រែចេញវិញ។ លោក វ៉ា គឹមហុង បន្តថា ប្រសិនបើពលរដ្ឋខ្មែរកាន់កាប់ដីស្រែនោះជាយូរមកហើយ ដូច្នេះគ្រាន់តែលើកភ្លឺស្រែតិចតួច មិនគួរណាអាជ្ញាធរវៀតណាម ចូលមកហាមឃាត់ឡើយ៖ « វាមិនត្រូវវៀតណាម ហាមឃាត់ទេ ព្រោះបើស្រែគាត់ស្រែយូរហើយ គាត់ធ្វើយូរហើយ ភ្លឺគាត់ពុំមាន ព្រោះមួយឆ្នាំៗធ្វើស្រែវារិចរិល ដូច្នេះគាត់មានសិទ្ធិលើកភ្លឺស្រែគាត់ឲ្យខ្ពស់ឡើងវិញ ដើម្បីទប់ទឹក។ ខ្ញុំគិតថាវៀតណាម គេមិនឃាត់ បើគ្រាន់តែធ្វើអ៊ីចឹងៗ កុំឲ្យតែធ្វើអីថ្មី »។
ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការព្រំដែនរូបនេះ ក៏បានប្រតិកម្មខ្លះដែរនៅពេលដែលពលរដ្ឋរាយការណ៍ប្រាប់អាស៊ីសេរីអំពីរឿងនេះ ដោយចោទថាមិនបានរាយការណ៍ប្រាប់ទៅអាជ្ញាធរតាមលំដាប់ថ្នាក់ ប៉ុន្តែករណីនេះ ពលរដ្ឋថាបានរាយការណ៍រួចរាល់ហើយ ប៉ុន្តែអាជ្ញាធរមិនអាចជួយអ្វីពួកគាត់បានច្រើនទេ គឺមានតែសម្របទៅតាមវៀតណាម ម្ល៉ោះហើយទើបពួកគាត់រាយការណ៍ប្រាប់អ្នកព័ត៌មានដើម្បីបានដំណឹងទៅដល់ថ្នាក់ជាតិ។
ជុំវិញករណីនេះដែរ មន្ត្រីសម្របសម្រួលនៃអង្គការលីកាដូ (LICADHO) ប្រចាំខេត្តស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន មានប្រសាសន៍ថា តាមផ្លូវច្បាប់ គឺអាជ្ញាធរវៀតណាម មិនគួរចូលមកហាមពលរដ្ឋខ្មែរដែលលើកភ្លឺស្រែនៅក្នុងទឹកដីរបស់ខ្មែរនោះទេ។ លោកបន្តថា អាជ្ញាធរវៀតណាម គួរតែមកទំនាក់ទំនងជាមួយអាជ្ញាធរកម្ពុជា ប្រសិនបើពលរដ្ឋកម្ពុជា ធ្វើអ្វីមួយមានបញ្ហា៖ « ប្រទេសជាប់ខាងគ្នា គឺយើងមានអាជ្ញាធរព្រំដែន គឺយើងមានការសហការគ្នាដោះស្រាយទៅវិញទៅមក។ ចឹងបញ្ហានេះ វៀតណាម បើឃើញពលរដ្ឋធ្វើអ្វីដែលថាមិនត្រឹមត្រូវ ចឹងអាជ្ញាធរវៀតណាម ត្រូវទាក់ទងមកអាជ្ញាធរខ្មែរ ដើម្បីឲ្យអាជ្ញាធរខ្មែរមកជួបពលរដ្ឋ មកពិនិត្យមើលលើសកម្មភាពពលរដ្ឋ ដូច្នេះមិនអាចអាជ្ញាធរវៀតណាម មកហាមឃាត់ពលរដ្ឋខ្មែរដោយខ្លួនឯងបានទេតាមផ្លូវច្បាប់ »។
លោក នុត បូពិណ្ណារ័ត្ន ឲ្យដឹងដែរថា ចំពោះបញ្ហាតំបន់សនោះ គឺមើលទៅមិនដឹងថាខ្មែរមានតំបន់កម្រិតណានោះទេនៅតំបន់ព្រំដែន ព្រោះថាពលរដ្ឋកម្ពុជា មិនអាចធ្វើអ្វីៗបានដូចខាងវៀតណាម។ លោកថា ខាងវៀតណាម គេអាចធ្វើអ្វីៗបានស្រេចតែចិត្ត ដូចជាដាំដំណាំកសិកម្មនៅជាប់បង្គោលព្រំដែន ជាដើម។

កន្លងទៅ ភាគីវៀតណាម បានសាងសង់ប៉ុស្តិ៍ និងជីកស្រះលើតំបន់ហាមឃាត់ ឬហៅថាតំបន់ស និងកសាងផ្លូវតាមខ្សែក្រវាត់ព្រំដែនជាដើម ដោយមិនអើពើទៅនឹងកំណត់ទូតរបស់កម្ពុជា ម្ដងហើយម្ដងទៀតនោះទេ។ មកដល់ពេលនេះ ផែនការរបស់វៀតណាម ត្រូវបានធ្វើដោយជោគជ័យ។ ភាគីកម្ពុជា និងវៀតណាម បានចុះកិច្ចព្រមព្រៀងកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៩៥ ដោយបានឯកភាពថា ភាគីទាំងពីរត្រូវរក្សាស្ថានភាពដដែលនៅតាមព្រំដែន ដោយមិនត្រូវធ្វើ ឬសាងសង់អ្វីដែលថ្មីឡើយ។
ទោះជាយ៉ាងណា ទាំងមន្ត្រីបក្សប្រឆាំង និងអ្នកវិភាគ រួមទាំងពលរដ្ឋផង យល់ថា កម្ពុជា ចាញ់ប្រៀបវៀតណាម ដែលវៀតណាម អាចធ្វើស្រែ និងធ្វើអ្វីផ្សេងៗជាប់បង្គោលព្រំដែនបានទាំងក្នុងពេលបច្ចុប្បន្ន។ ចំណែកពលរដ្ឋខ្មែរមិនអាចធ្វើស្រែ និងធ្វើអ្វីដែលថ្មីនៅជាប់បង្គោលព្រំដែន ឬតំបន់សដូចវៀតណាម បាននោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។