ប្រជាពលរដ្ឋនៅស្រុករុក្ខគិរី ខេត្តបាត់ដំបង ជាង ១០០គ្រួសារ បានដាក់ពាក្យប្ដឹងទៅសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ឲ្យជួយអន្តរាគមន៍បញ្ឈប់មេឃុំមិនឲ្យលក់ដីបឹងសាធារណៈ ដើម្បីរក្សាបឹងទុកប្រើប្រាស់ជាសម្បត្តិរួម។ អ្នកភូមិបានប្ដឹងករណីនេះទៅអាជ្ញាធរស្រុក ឲ្យជួយដោះស្រាយជាច្រើនខែមកហើយ តែពុំទទួលបានលទ្ធផល។
ប្រជាពលរដ្ឋនៅស្រុករុក្ខគិរី សម្ដែងការមិនពេញចិត្តនឹងអាជ្ញាធរស្រុកនេះ ថាមិនចាត់វិធានការតាមពាក្យបណ្ដឹងរបស់ពួកគាត់ ទប់ស្កាត់មេឃុំស្ដុកប្រវឹក ដែលឃុបឃិតជាមួយបក្ខពួកលក់បឹងសាធារណៈឡើយ។
តំណាងពលរដ្ឋរស់នៅភូមិជំនាប់ស្បូវភ្លាំង ឃុំស្ដុកប្រវឹក ស្រុករុក្ខគិរី លោក ចិក ធឿន ឲ្យដឹងនៅថ្ងៃទី៣០ មិថុនា ថា មេឃុំស្ដុកប្រវឹក ឃុបឃិតគ្នាជាមួយបក្ខពួកយកដីបឹងសាធារណៈទំហំជាង ១ហិកតារនៅភូមិជំនាប់ស្បូវភ្លាំង លក់ទៅឲ្យពលរដ្ឋអ្នកមានទ្រព្យក្នុងឃុំ ហើយយកប្រាក់ធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន។ លោកអះអាងថា ការបាត់បង់បឹងសាធារណៈនោះ បានប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋជាង ១០០គ្រួសារ ធ្វើឲ្យគ្មានទឹកប្រើប្រាស់ និងស្រោចស្រពផលដំណាំនោះទេ៖ « កាលណាគ្មានទឹកបឹងនេះ ធ្វើឲ្យពួកខ្ញុំទៅសុំទឹកក្នុងដីចម្ការគេ ហើយគេស្ដីឲ្យរាល់ថ្ងៃ។ ពួកខ្ញុំវេទនាណាស់ » ។
កាលពីខែមីនា ឆ្នាំ២០១៦ ប្រជាពលរដ្ឋបាននាំគ្នាផ្ដិតមេដៃបានជាង ១០០នាក់ ដាក់ទៅឲ្យអភិបាលស្រុករុក្ខគិរី ដោះស្រាយ ប៉ុន្តែរហូតមកដល់ពេលនេះ ពុំទទួលបានលទ្ធផលនោះទេ។
ឆ្លើយតបនឹងបញ្ហានេះ អភិបាលស្រុករុក្ខគិរី លោក ពេជ្រ ម៉ាឡៃ មានប្រសាសន៍ថា មេឃុំស្ដុកប្រវឹក មិនបានលក់ដីបឹងសាធារណៈដូចការចោទប្រកាន់នោះទេ។ លោកអះអាងថា ករណីនេះគឺជាការប្ដូរដីបឹង ដើម្បីងាយស្រួលក្នុងការធ្វើផ្លូវជូនប្រជាពលរដ្ឋធ្វើដំណើរក្នុងមូលដ្ឋាន៖ « ដីបឹងនោះវារីងរាក់អស់ហើយ តែយើងក៏នៅតែថែរក្សាបឹងជូនប្រជាពលរដ្ឋដដែល។ គ្រាន់តែថាយើងប្ដូរទីតាំងទៅកន្លែងផ្សេងប៉ុណ្ណោះ » ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបាត់ដំបង លោក យិន ម៉េងលី មានប្រសាសន៍ថា ដីបឹងសាធារណៈជាសម្បត្តិរួមមិនអាចជនណាម្នាក់យកទៅលក់ ដើម្បីយកប្រាក់ធ្វើជាប្រយោជន៍ផ្ទាល់ខ្លួនបានឡើយ។ លោកស្នើឲ្យអាជ្ញាធរខេត្តបាត់ដំបង និងមន្ត្រីពាក់ព័ន្ធ ត្រូវតែចាត់ក្រុមការងារចុះពិនិត្យ និងដកហូតដីបឹងជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស៖ « ហើយអាជ្ញាធរស្រុកមិនគួរទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋ ហើយយកទៅទុកចោលដោយមិនចាត់វិធានការនោះទេ។ អាជ្ញាធរធ្វើបែបនេះ ជាហេតុមួយធ្វើឲ្យប្រជាពលរដ្ឋចេះតែនាំគ្នាតវ៉ាទៅវិញ » ។
អ្នកភូមិអះអាងថា ដីបឹងនោះត្រូវបានអ្នកទិញឈូសឆាយរាបស្មើ ដើម្បីយកដីធ្វើស្រែអស់ទៅហើយ។ ទន្ទឹមគ្នានេះ ប្រជាពលរដ្ឋពុំមានទឹកប្រើប្រាស់ជាង ៣ខែមកហើយដែរ ដោយសារតែគ្មានទឹកបឹងដូចពេលកន្លងទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។