ពលរដ្ឋបីភូមិនៃឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង រិះគន់ចំណាត់ការយឺតយ៉ាវ និងប្ដូរបទចោទលើជនសង្ស័យរបស់ចៅក្រមសាលាដំបូងខេត្តនេះ។ ការរិះគន់នេះ បន្ទាប់ពីតំណាងសហគមន៍ឃុំត្រពាំងចាន់ ប្ដឹងបុគ្គលម្នាក់ទៅតុលាការកាលពីឆ្នាំ២០១៤ ពីបទកាប់រុករានដីព្រៃសហគមន៍ទៅធ្វើកម្មសិទ្ធិ ប៉ុន្តែមិនទាន់ឃើញពន្លឺដោះស្រាយអ្វីពីស្ថាប័នតុលាការទេ។
ប្រធាន និងសមាជិកសហគមន៍ ១៨៥កា ធីតាចំបក់ធំ នៃឃុំត្រពាំងចាន់ ៧នាក់ នឹងដាក់ញត្តិភ្ជាប់ស្នាមមេដៃពលរដ្ឋភូមិសន្លង់ ភូមិក្បាលដំរី និងភូមិកណ្ដាល ជាង ៥០០នាក់ ជូនគណៈអភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៦ ខែកក្កដា ដើម្បីជួយអន្តរាគមន៍ទៅចៅក្រមឲ្យពន្លឿននីតិវិធីប្រឆាំងនឹងអ្នកបំផ្លាញព្រៃឈើ។
ប្រធានគណៈកម្មការសហគមន៍ លោក អ៊ុយ រ៉ាឆឹង ឲ្យដឹងថា ចៅក្រមម្នាក់ដែលលោកមិនចាំឈ្មោះ ធ្លាប់កោះហៅតំណាងសហគមន៍ និងអាជ្ញាធរមូលដ្ឋានទៅសាកសួរជុំវិញបណ្ដឹងប្រឆាំងនឹងពលរដ្ឋម្នាក់ឈ្មោះ សឿន ផាន់ណា ដែលរំលោភកាន់កាប់ដីសហគមន៍ទំហំ ៧៧អា នៅចំណុចខាងត្បូងចម្ការខ្នុរ កាលពីឆ្នាំ២០០៨ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ន មិនឃើញមានចំណាត់ការអ្វីបន្តនៅឡើយទេ។
លោកបន្ថែមថា សព្វថ្ងៃ ជនសង្ស័យបានសង់ខ្ទម និងដាំដំណាំនៅលើដីនោះ ដោយមិនស្ដាប់ការហាមឃាត់របស់តំណាងសហគមន៍ ឬអាជ្ញាធរឃុំឡើយ ដែលអំពើល្មើសនេះអាចធ្វើឲ្យពលរដ្ឋដទៃមើលបំណាំ។ ដោយបារម្ភបាត់បង់ព្រៃឈើ និងការរំលោភកាន់កាប់ដីសហគមន៍ពីជនខិលខូចផ្សេងទៀត ទើបពលរដ្ឋទាំងបីភូមិដែលកំពុងអាស្រ័យផលព្រៃឈើក្នុងសហគមន៍សុំអន្តរាគមន៍នេះ៖ « យើងទៅស្អែក ព្រោះស៊ីញេរួចអស់ហើយ។ មានស៊ីញេពីមេភូមិ មេឃុំ និងអភិបាលស្រុក។ ខាងរដ្ឋបាលព្រៃឈើអត់ តែគ្រាន់ថាគេនឹងធ្វើលិខិតអមមួយច្បាប់ទៅជាមួយដែរ។ គោលបំណងរបស់ ១៨៥កា ដាក់ញត្តិ និងឯកសារ ដើម្បីឲ្យអភិបាលខេត្តជួយអន្តរាគមន៍ដល់តុលាការ ដើម្បីដោះស្រាយរឿងហ្នឹងឲ្យបានឆាប់ ព្រោះអីសហគមន៍ត្រូវយកដីហ្នឹងដាំកូនឈើឡើងវិញ »។
វិទ្យុអាស៊ីសេរី មិនអាចរកប្រភពទាក់ទងលោក សឿន ផាន់ណា ដើម្បីឆ្លើយតបនឹងការចោទប្រកាន់របស់តំណាងសហគមន៍នេះបានទេ នៅថ្ងៃទី៥ ខែកក្កដា។ ចំណែកអ្នកនាំពាក្យ និងជានាយកក្រឡាបញ្ជីចៅក្រមនៃសាលាដំបូងខេត្តកំពង់ឆ្នាំង លោក ឈួន ស៊ីវិន ទូរស័ព្ទចូលតែមិនទទួល។
យ៉ាងណា លោក ផាន់ណា ធ្លាប់បញ្ជាក់ប្រាប់សហគមន៍ថា គ្រួសារគេពុំមានដីកន្លែងផ្សេងរស់នៅនោះទេ។
ប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ស្រុក និងជាអភិបាលស្រុកបរិបូរណ៍ លោក ឃួន សៅរុំ ថ្លែងថា អាជ្ញាធរ និងតំណាងសហគមន៍អាចសម្របសម្រួល ឬផ្ដល់ដីត្រឹមមួយកន្លែងសម្រាប់គ្រួសារនោះរស់នៅបាន ប៉ុន្តែកន្លងទៅ អាជ្ញាធរហាមមិនស្ដាប់ ហើយបំផ្លាញព្រៃឈើអស់ជាច្រើនកន្លែងទៀតផង។ លោកថា ក្រោយមកជំនាញរដ្ឋបាលព្រៃឈើ និងសហគមន៍អស់ការអត់ធ្មត់ ទើបប្ដឹងទៅតុលាការ៖ « គាត់ហ្នឹង ( សឿន ផាន់ណា ) មិនមែនជាអ្នកស្រុកនេះទេ។ កាលពីរ ឬបីឆ្នាំមុន គាត់មកទៅត្រង់ហ្នឹង ហើយទន្ទ្រានដីរបស់រដ្ឋ។ បើនៅមួយកូនខ្ទមយើងអាចសម្របសម្រួលអីបាន ប៉ុន្តែនេះកាត់កាប់គាស់រានអស់ច្រើនមែនទែន។ យើងហាមឃាត់អត់ស្ដាប់ »។
ព្រៃសហគមន៍ ១៨៥កា ធីតាចំបក់ធំ មានទំហំ ៦៣១ហិកតារ បានបង្កើតដោយពលរដ្ឋបីភូមិ នៃឃុំត្រពាំងចាន់ និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលក្នុងឆ្នាំ២០០៦ ហើយបានចុះបញ្ជីទទួលស្គាល់ជាព្រៃសហគមន៍ផ្លូវការនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឆ្នាំ២០១១៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
