ពលរដ្ឋ​នៅ​កំពង់ធំ​បារម្ភ​ខ្លាច​ក្រុមហ៊ុន​ឈូស​ឆាយ​ប៉ះពាល់​ដី​ចម្ការ

0:00 / 0:00

ប្រជាពលរដ្ឋ​នៅ​ស្រុក​ប្រាសាទបល្ល័ង្គ ខេត្ត​កំពង់ធំ ជាច្រើន​ឃុំ កំពុង​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ក្រុមហ៊ុន​មេគង្គ យក​គ្រឿងចក្រ​ជាច្រើន​គ្រឿង​ឈូស​ឆាយ​ដី​នៅ​ក្បែរ​ដី​ចម្ការ​របស់​ពួក​គាត់។ ប្រជាពលរដ្ឋ​បាន​អះអាង​ថា ដី​ចម្ការ​នោះ​ពួក​គាត់​បាន​កាន់​កាប់​ជាច្រើន​ឆ្នាំ​មក​ហើយ។

ប៉ុន្តែ អាជ្ញាធរ​បញ្ជាក់​ថា ក្រុមហ៊ុន​ឈូស​ឆាយ​លើ​ដី​ក្រុមហ៊ុន​ប៉ុណ្ណោះ ហើយ​ចំពោះ​ការ​ឈូស​ឆាយ​ណា​ប៉ះពាល់​លើ​ដី​ប្រជាពលរដ្ឋ​ខ្លះ​នោះ ក៏​មាន​ការ​ព្រមព្រៀង​ជា​សំណង់ ឬ​មាន​ការ​ដោះដូរ​គ្នា​ខ្លះ​ដែរ។

ក្រុមហ៊ុន​មេគង្គ បាន​យក​គ្រឿងចក្រ​ប្រមាណ​ជា ១០​គ្រឿង​ទៅ​ឈូស​ឆាយ​ដី​ដែល​ក្រុមហ៊ុន​គ្រប់គ្រង និង​ក្បែរ​ដី​ចម្ការ​របស់​ពលរដ្ឋ​ទៀត​ផង។

ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ក្នុង​ភូមិ​សុជុល ឃុំ​ផាន់ញើម ស្រុក​ប្រាសាទបល្ល័ង្គ អ្នកស្រី ឈាន ឡុង ឱ្យ​ដឹង​ថា គាត់​មាន​ដី​ជាង ៥​ហិកតារ ដែល​កាន់​កាប់​តាំង​ពី​ឆ្នាំ​២០០៨ មក ហើយ​ឥឡូវ​នេះ ក្រុមហ៊ុន​គ្រោង​នឹង​ឈូស​ឆាយ​ដី​របស់​គាត់។ អ្នកស្រី​មាន​ក្តី​បារម្ភ​ជា​ខ្លាំង​ចំពោះ​បញ្ហា​នេះ ដោយសារ​គាត់​មិន​មាន​ដី​កន្លែង​ផ្សេង និង​ដី​ស្រែ​នោះ​ទេ ប្រសិន​បើ​បាត់​បង់​ដី​នោះ នឹង​ធ្វើ​ឱ្យ​ជីវភាព​គាត់​កាន់​តែ​លំបាក​មិន​ខាន។

ប្រជាពលរដ្ឋ​ម្នាក់​ទៀត​រស់នៅ​ក្នុង​ឃុំ​ផាន់ញើម សុំ​មិន​បញ្ចេញ​ឈ្មោះ ឱ្យ​ដឹង​ថា សកម្មភាព​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ​ដី​នោះ​មាន​ជាច្រើន​ថ្ងៃ​មក​ហើយ។ លោក​បន្ត​ថា មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជិត ៣០០​គ្រួសារ ក្នុង​ឃុំ​ចំនួន​បី រួម​មាន ឃុំ​តួត្រឿ ឃុំ​ផាន់ញើម និង​ឃុំ​ក្រយារ ដែល​កំពុង​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ឈូស​ឆាយ​ដី​ពី​សំណាក់​ក្រុមហ៊ុន​នេះ៖ «ឃាត់​គ្រឿងចក្រ​ដែល​គាត់​ឈូស​ឆាយ​នៅ​ដី​ចម្ការ​របស់​ប្រជាជន គេ​ឃាត់​ទៅ ដល់​ពេល​ឃាត់​ទៅ​គាត់​ស្តាប់​ដែរ គាត់​ថា​គាត់​អត់​ហ៊ាន​ឈូស​ឆាយ​ដែរ។ ប៉ុន្តែ​ដោយ​មាន​ខាង​មេការ​គេ​ចេះ​តែ​មក​គំរាម​ប្រជាជន​ឃើញ​ដាំ​ដំឡូង​ទៅ ចេះ​តែ​មក​គំរាម​ថា​មិន​បាច់​ដាំ​មិន​បាច់​អី​ទេ។ មិន​ថា​បស់​ចាស់​បស់​ថ្មី​ទេ គេ​ឈូស​ទាំងអស់​ហ្នឹង ហើយ​ប្រជាជន​ចេះ​តែ​ព្រួយ​បារម្ភ​មិន​ដឹង​ជា​ទៅ​រក​អ្នក​ណា​ជួយ»

ប្រភព​ដដែល​បន្ថែម​ថា ប្រជាពលរដ្ឋ​ដែល​កំពុង​ព្រួយ​បារម្ភ និង​រង​ផល​ប៉ះពាល់​នោះ គឺ​មាន​ដើម​កំណើត​នៅ​ទីនោះ​តែ​ម្តង ហើយ​ប្រសិន​បើ​ក្រុមហ៊ុន​ឈូស​ឆាយ​លើ​ដី​របស់​ពួក​គាត់ នោះ​ការ​ចំណាយ​ដើម​ទុន​ដាំ​ដំណាំ​ទាំង​ប៉ុន្មាន​នា​ពេល​កន្លង​មក នឹង​ត្រូវ​បាត់​បង់។ ហើយ​ម្យ៉ាង​ទៀត​នោះ ប្រសិន​ណា​ក្រុមហ៊ុន​ឈូស​ឆាយ​លើ​ដី​ចម្ការ​ចាស់​របស់​ពួក​គាត់ នឹង​ធ្វើ​ឱ្យ​កូន​ចៅ​របស់​ពួក​គាត់​មិន​បាន​ស្គាល់​ដី​កេរ​ដំណែល​របស់​ខ្លួន​ឡើយ។

មេ​ឃុំ​ផាន់ញើម លោក យឹង ទឹប មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​បាន​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​នោះ គឺ​នៅ​លើ​ដី​របស់​ក្រុមហ៊ុន​ដែល​ប្រជាពលរដ្ឋ​បាន​កាន់​កាប់​កន្លង​មក ប៉ុន្តែ​ក៏​មាន​ការ​ឈូស​ឆាយ​ខ្លះ​ប៉ះពាល់​លើ​ដី​ចម្ការ​ចាស់​របស់​ប្រជាពលរដ្ឋ​ខ្លះ​ដែរ។ លោក​បន្ត​ថា ការ​ឈូស​ប៉ះពាល់​លើ​ដី​ប្រជាពលរដ្ឋ ទាំង​អ្នក​កាន់​កាប់​ចាស់ និង​ថ្មី​នោះ គឺ​ខាង​ក្រុមហ៊ុន​បាន​ចេញ​ជា​គោលការណ៍​ដោះស្រាយ ដោយ​ត្រូវ​ចេញ​ថ្លៃ​ពលកម្ម​សម្រាប់​អ្នក​កាន់​កាប់​ថ្មី និង​ការ​ទិញ ឬ​ដោះដូរ​សម្រាប់​ពលរដ្ឋ​ដែល​មាន​ចម្ការ​ចាស់ ជាដើម។

លោក យឹង ទឹប៖ «ដូច​ខ្ញុំ​ថា អ្នក​ដែល​ធ្វើ​នៅ​ប្លុក​ក្រុមហ៊ុន​ដែល​ត្រូវ​តាម​ផែនទី ដែល​គេ​យក​ណា៎! អ្នក​ដែល​ធ្វើ​បស់​ចាស់​ផ្លូវ​ការ​ហើយ មាន​ចុង​សន្លឹក​ហើយ មាន​បង្កាន់​ដៃ​កាន់​កាប់​ហើយ នៅ​ក្នុង​នោះ​ដែរ​ក៏​គេ​ចរចា​ជាមួយ​យើង​ដែរ បើ​យើង​លក់​ក៏​គេ​ទិញ​តាម​តម្លៃ បើ​យើង​ដូរ​ក៏​គេ​ដូរ​មក​ឱ្យ​នៅ​ម៉ា​ដុប​ណា​សុទ្ធ ប្រជាពលរដ្ឋ​ណា​គេ​មាន​ដី​ដូរ​ឱ្យ​យើង។ បើ​យើង​មិន​លក់​ទេ យើង​រក្សា​ទុក​ក៏​រក្សា​ទុក ជម្រើស​បី​ហ្នឹង​ឯង។ អា​ណោះ​អ្នក​មាន​ប្លង់​កាន់​កាប់​ហើយ»

លោក​បន្ថែម​ថា បញ្ហា​ដែល​កំពុង​តែ​កើត​ឡើង​នោះ ភាគ​ច្រើន​កើត​ឡើង​ចំពោះ​តែ​ប្រជាពលរដ្ឋ​ដែល​ចូល​ទៅ​កាន់​កាប់​ក្រោយ​ឆ្នាំ​២០១២ ប៉ុណ្ណោះ។

តំណាង​ខាង​ក្រុមហ៊ុន​មេគង្គ លោក គង់ វាត់ មាន​ប្រសាសន៍​ថា ការ​ឈូស​ឆាយ​នោះ គឺ​ឈូស​ឆាយ​លើ​ដី​របស់​ប្រជាពលរដ្ឋ ដែល​ក្រុមហ៊ុន​បាន​ទទួល​សិទ្ធិ​វិនិយោគ​ពី​រាជ​រដ្ឋាភិបាល​ជា​យូរ​មក​ហើយ ប៉ុន្តែ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ចូល​កាន់​កាប់​ដោយ​ខុស​ច្បាប់៖ «កាប់​នៅ​លើ​ផ្ទៃដី​ក្រុមហ៊ុន ព្រោះ​យើង​ដឹង​ថា ដី​ហ្នឹង​ជា​ដី​ក្រុមហ៊ុន ព្រោះ​គេ​បាញ់​ថ្នាំ​ក្រហម​ក្នុង​ឆ្នាំ​២០១០ ហ្នឹង ក្រុមហ៊ុន​បាន​បាញ់​ថ្នាំ​ក្រហម​ជុំវិញ​អស់​ហើយ​នៅ​លើ​ផ្ទៃដី​វិនិយោគ។ ប៉ុន្តែ​បងប្អូន​យើង​ខ្លះ​ហ្នឹង​ថា​មក​កាប់​ហ្នឹង​សុំ​យក​ផល​ស្រូវ​ទេ ដល់​ក្រោយ​មក​គាត់​ដាំ​ជា​ដំឡូង​ដាំ​ជា​អី គាត់​មិន​ចង់​ចេញ​ពី​កន្លែង​ហ្នឹង​ទេ ព្រោះ​កន្លង​មក​ពួក​បរិស្ថាន​គេ​បាន​ទៅ​ហាម​ឃាត់»

លោក​បន្ត​ថា ផ្ទៃដី​របស់​ក្រុមហ៊ុន​ដែល​ទទួល​សិទ្ធិ​វិនិយោគ​ពី​រដ្ឋ​ក្នុង​ការ​អភិវឌ្ឍ​មាន​ចំនួន ៨​ពាន់​ហិកតារ ហើយ​ខាង​ក្រុមហ៊ុន​បាន​ប្រើប្រាស់​ផ្ទៃដី​អស់​ចំនួន​ប្រមាណ ៦​ពាន់​ហិកតារ​ហើយ។ លោក​បន្ថែម​ថា ផ្ទៃដី​ដែល​មាន​ជម្លោះ​ជាមួយ​ប្រជាពលរដ្ឋ គឺ​មាន​ជិត ២​ពាន់​ហិកតារ ហើយ​កន្លង​មក​ខាង​ក្រុមហ៊ុន​ក៏​បាន​ធ្វើ​ការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ចំនួន​ជាង ៤០០​ហិកតារ​ហើយ​ដែរ។ លោក​បញ្ជាក់​ថា សកម្មភាព​ឈូស​ឆាយ​នោះ​អាច​បន្ត​ចំពោះ​ចំណុច​ណា​ដែល​បាន​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​រួច ប៉ុន្តែ​ប្រសិន​បើ​មិន​ទាន់​ដោះស្រាយ​ទេ សកម្មភាព​ឈូស​ឆាយ​មិន​បន្ត​ឡើយ។

យ៉ាង​ណា​ក៏ដោយ លោក យឹប យ៉ូត សមាជិក​គណៈកម្មាធិការ​សម្រប​សម្រួល​រឿង​ដីធ្លី​រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​មេគង្គ​នោះ​មើល​ឃើញ​ថា សកម្មភាព​ឈូស​ឆាយ​ហាក់​នៅ​តែ​បន្ត ប៉ុន្តែ​គឺ​ឆ្វៀល​ព័ទ្ធ​ដី​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ។ លោក​យល់​ថា អាជ្ញាធរ​ថ្នាក់​លើ និង​ខាង​ក្រុមហ៊ុន គប្បី​ធ្វើ​ការ​កាត់​ផ្ទៃដី​ដែល​ប៉ះពាល់​ជូន​ប្រជាពលរដ្ឋ​ទាំង​នោះ ដើម្បី​រស់​បាន​ទាំងអស់​គ្នា ពីព្រោះ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​មិន​ចង់​លក់​ដូរ​អ្វី​ឡើយ ក្រៅ​ពី​ចង់​បន្ត​ធ្វើ​ចម្ការ​លើ​ដី​របស់​ខ្លួន​ដដែល៖ «ក្រុមហ៊ុន​គួរ​តែ​បញ្ឈប់​ទន្ទ្រាន​មក​ទៀត ពីព្រោះ​តាម​ខ្ញុំ​មើល​ទៅ​ដី​ដែល​ប្រជាជន​ប៉ះពាល់​ជាមួយ​ក្រុមហ៊ុន បើ​ប្រៀបធៀប​ជាមួយ​ក្រុមហ៊ុន ដី​ក្រុមហ៊ុន​ធំ​ណាស់។ គួរ​តែ​រដ្ឋាភិបាល ឬ​ក៏​អាជ្ញាធរ​ថ្នាក់​ខ្ពស់ៗ គួរ​ពិចារណា បើ​ដី​ប្រជាជន​នៅ​ត្រឹម​ណា​ក៏​ឱ្យ​នៅ​ត្រឹម​នោះ​ទៅ ហើយ​ដី​ក្រុមហ៊ុន​ដែល​រដ្ឋ​សម្បទាន​ឱ្យ​ក្រុមហ៊ុន ឱ្យ​យក​ត្រឹម​នោះ​ទៅ។ ហើយ​ក៏​បញ្ឈប់​នេះ​ជា​ទស្សនៈ​ខ្ញុំ គួរ​តែ​ធ្វើ​បែប​នេះ​ជា​ម្ចាស់​មូលដ្ឋាន​ដែល​មើល​ឃើញ​ផ្ទាល់​បង»

លោក​បន្ថែម​ទៀត​ថា ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​នោះ មួយ​ភាគ​ធំ គឺ​ពួក​គាត់​បាន​កាន់​កាប់​ដី​តំបន់​នោះ​មុន​ក្រុមហ៊ុន​វិនិយោគ​ពី​រាជ​រដ្ឋាភិបាល ហើយ​ប្រសិន​បើ​ខាង​ក្រុមហ៊ុន​នៅ​តែ​បន្ត​ឈូស​ឆាយ​ទៀត​នោះ វា​នឹង​អាច​ធ្វើ​ឱ្យ​មាន​បញ្ហា​កាន់​តែ​ធំ​ឡើង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។