សហគមន៍​ព្នង​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ទប់ស្កាត់​ការ​ទន្ទ្រាន​យក​ដី​រមណីយដ្ឋាន

0:00 / 0:00

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី ទប់ស្កាត់​ការ​ទន្ទ្រាន​យក​ដី​តំបន់​ទឹកជ្រោះ​ជ្រៃ​ធំ ឋិត​ក្នុង​ភូមិ​ពូលេះ ឃុំ​ដាក់ដាំ ស្រុក​អូររាំង យក​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន។ សហគមន៍​អះអាង​ថា ការ​ទន្ទ្រាន​ចូល​កាន់​កាប់​ដី​តំបន់​រមណីយដ្ឋាន​នេះ ផ្ដើម​ចេញ​ពី​ប្រជាពលរដ្ឋ​ក្រៅ​សហគមន៍​បី​គ្រួសារ ដែល​សំអាង​លើ​លិខិត​អនុញ្ញាត​កាន់​កាប់​ដី​របស់​អាជ្ញាធរ​មូលដ្ឋាន។

តំណាង​សហគមន៍​ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ព្រមាន​ថា​នឹង​ដាក់​ពាក្យ​បណ្ដឹង​តាម​ផ្លូវ​តុលាការ ដើម្បី​សុំ​ឲ្យ​មន្ត្រី​ស្ថាប័ន​នេះ​ជួយ​បញ្ឈប់​ការ​ទន្ទ្រាន​យក​ដី​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​ទឹកជ្រោះ​ជ្រៃ​ធំ ដែល​សហគមន៍​អភិរក្ស​ច្រើន​ឆ្នាំ​មក​ហើយ។

តំបន់​ទឹក​ធ្លាក់​ជ្រៃ​ធំ​មាន​ផ្ទៃដី​ប្រមាណ ៤​ហិកតារ ឋិត​នៅ​ក្នុង​ភូមិ​ពូលេះ ជា​តំបន់​ទឹកជ្រោះ​ធម្មជាតិ​ដែល​មន្ទីរ​បរិស្ថាន និង​មន្ទីរ​ទេសចរណ៍ ប្រគល់​ឲ្យ​សហគមន៍​ឃុំ​ដាក់ដាំ អភិរក្ស​សម្រាប់​បម្រើ​វិស័យ​ទេសចរណ៍​ខ្នាត​តូច។

តំណាង​សហគមន៍​ឃុំ​ដាក់ដាំ លោក ចាស់ ក្លើត បញ្ជាក់​ថា ជនជាតិ​ខ្មែរ​បី​គ្រួសារ​បាន​កាប់​ឆ្ការ​ព្រៃ​នៅ​តំបន់​នោះ​ប្រមាណ​មួយ​ខែ​កន្លង​ទៅ ដើម្បី​យក​ដី​តំបន់​នោះ​ជា​កម្មសិទ្ធិ ដោយ​សំអាង​ថា​មាន​លិខិត​ពី​អាជ្ញាធរ ប្រគល់​ដី​នោះ​ទៅ​ឲ្យ​ពួក​គេ​តាំង​ពី​អាណត្តិ​មេ​ឃុំ​មុន​មក។ លោក​ថា បច្ចុប្បន្ន ប្រជាពលរដ្ឋ​បី​គ្រួសារ​បាន​ធ្វើ​របង​ហ៊ុមព័ទ្ធ និង​យក​គ្រឿងចក្រ​បម្រុង​ឈូស​ឆាយ​ដី​បើ​ទោះ​បី​សហគមន៍​ជំទាស់​ទៅ​នឹង​ការ​ចេញ​លិខិត​ប្រគល់​ដី​តំបន់​នោះ ទៅ​ឲ្យ​ឯកជន​យ៉ាង​ណា​ក្តី៖ « សំខាន់​សហគមន៍​ឃុំ​នេះ​ចង់​ឲ្យ​អាជ្ញាធរ​គាត់​ហៅ​អ្នក​ឈូស​ឆាយ ចង់​បន្ត​ទៀត​ការងារ​នេះ ព្រោះ​គាត់​ចាប់​តែ​ឯង។ ដី​ហ្នឹង​តាំង​ពី​ឆ្នាំ​១៩៨០ ពួក​ខ្ញុំ​មិន​ចាប់​ទេ ព្រោះ​ដឹង​ថា​ដី​នេះ​ជា​តំបន់​រមណីយដ្ឋាន។ អ៊ីចឹង​គាត់​ចាប់ ហើយ​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ហត្ថលេខា​លើ​ដី​ហ្នឹង។ ដល់​ឥឡូវ​គាត់​ហ៊ុមព័ទ្ធ »

កាល​ពី​ថ្ងៃ​ទី​៤ ខែ​មេសា សហគមន៍​ឃុំ​ដាក់ដាំ បាន​ជួប​ប្រជុំ​គ្នា​ជា​ថ្មី ដើម្បី​តវ៉ា​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​កោះ​ប្រជុំ​ភាគី​ពាក់ព័ន្ធ ដោះស្រាយ​បញ្ឈប់​ការ​កាន់​កាប់​ដី​នោះ ក៏ប៉ុន្តែ​អាជ្ញាធរ​ឃុំ​មិន​ទាន់​ឆ្លើយតប​ការ​ទាមទារ​នោះ​នៅ​ឡើយ។

អាស៊ីសេរី មិន​អាច​ទាក់ទង​មេ​ឃុំ​ដាក់ដាំ លោក សម វ៉ាន្នី សុំ​បញ្ជាក់​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៥ ខែ​មេសា។

ចំណែក​អភិបាល​ស្រុក​អូររាំង លោក ឆេង ទន់ណារី ទទួល​ស្គាល់​ថា ដី​តំបន់​ទឹកជ្រោះ​ជ្រៃ​ធំ ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​សហគមន៍ ក៏ប៉ុន្តែ​អាជ្ញាធរ​ភូមិ-ឃុំ​អាណត្តិ​មុន បាន​ចេញ​លិខិត​កាត់​ដី​មួយ​ផ្នែក​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ក្រៅ​សហគមន៍។ ហេតុ​នេះ ប្រជាពលរដ្ឋ​បី​គ្រួសារ​សំអាង​លិខិត​នោះ ទើប​ចូល​ទៅ​ធ្វើ​របង​ហ៊ុមព័ទ្ធ​យក​ដី។ លោក​ថា អាជ្ញាធរ​ស្រុក​បាន​ទទួល​របាយការណ៍​ពី​សហគមន៍ និង​កំពុង​រក​វិធី​ជួយ​សម្របសម្រួល​ដោះស្រាយ​បញ្ហា​នេះ​ជាមួយ​ភាគី​ពាក់ព័ន្ធ ក៏ប៉ុន្តែ​លោក​មិន​បង្ហាញ​ជាក់លាក់​ថា តើ​ការ​សម្របសម្រួល​នោះ​ធ្វើ​ឡើង​តាម​វិធី​ណា​នៅ​ឡើយ៖ « កន្លង​ទៅ​មាន​ការ​ឃាត់​ហាម​ការ​ធ្វើ​អ៊ីចឹង។ យើង​នៅ​មាន​ការ​សម្របសម្រួល​ជាមួយ​សហគមន៍។ យើង​កំពុង​ជួប​សម្របសម្រួល​គ្នា ព្រោះ​សុទ្ធតែ​អ្នក​ភូមិ​ជាមួយ​គ្នា អ្នក​កាន់​កាប់​ក៏​សំអាង​លើ​លិខិត​បញ្ជាក់​របស់​ឃុំ​ដែរ ធ្វើ​ម៉េច »

ទាក់ទង​ករណី​នេះ​ដែរ អតីត​អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​មណ្ឌលគិរី លោក អឹម ចាន់ណា បញ្ជាក់​ថា មន្ទីរ​ទេសចរណ៍​បាន​រៀបចំ​តំបន់​ទឹកជ្រោះ​ជ្រៃ​ធំ​ជា​តំបន់​រមណីយដ្ឋាន​ទឹក​ធ្លាក់ និង​ប្រគល់​ទៅ​ឲ្យ​សហគមន៍​ថែរក្សា និង​ស្វែងរក​ប្រាក់​ចំណូល​ពី​ភ្ញៀវ​ទេសចរ​ដែល​ទៅ​កម្សាន្ត​នៅ​តំបន់​នោះ​ច្រើន​ឆ្នាំ​មក​ហើយ។ លោក​ថា កន្លង​ទៅ មន្ទីរ​ទេសចរណ៍​បាន​សហការ​រៀបចំ​តំបន់​នោះ​បាន​ល្អ​ប្រសើរ ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​បាន​ដាក់​បញ្ចូល​តំបន់​ទឹក​ធ្លាក់​ជ្រៃ​ធំ​ជា​តំបន់​ទេសចរណ៍​មួយ​ក្នុង​ចំណោម​តំបន់​ទឹកជ្រោះ​ផ្សេង​ទៀត​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី៖ « កន្លង​មក​ធ្លាប់​មាន​អ៊ីចឹង ប៉ុន្តែ​មិន​ដឹង​ឥឡូវ​គេ​រៀបចំ​យ៉ាង​សើរើ​ឡើង​វិញ ឬ​អត់​ទេ ព្រោះ​គេ​រៀបចំ ហើយ​គេ​ប្រគល់​ទៅ​ឲ្យ​សហគមន៍​ជា​អ្នក​គ្រប់គ្រង »

របាយការណ៍​អង្កេត​របស់​មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី ឲ្យ​ដឹង​ថា ដី​តំបន់​រមណីយដ្ឋាន​ជ្រៃ​ធំ គឺ​ជា​តំបន់​ព្រៃ​ដើម​ស្រល់ ដែល​អ្នក​ភូមិ​អភិរក្ស​សម្រាប់​យក​ប្រភព​ទឹក​ពី​ជ្រោះ​ធម្មជាតិ ប្រើប្រាស់​ក្នុង​សហគមន៍​ចំនួន​បី​ភូមិ​នៅ​តំបន់​ក្បែរ​នោះ។ លើស​ពី​នោះ​ទៀត ដី​តំបន់​នោះ សហគមន៍​អភិរក្ស​ទុក​ជា​តំបន់​ទេសចរណ៍​សមូហភាព​សហគមន៍ ដើម្បី​ទាក់ទាញ​វិស័យ​ទេសចរណ៍​ធម្មជាតិ។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា ចាត់​ទុក​លិខិត​ដែល​អាជ្ញាធរ​ភូមិ-ឃុំ​ប្រគល់​ដី​តំបន់​នោះ​ទៅ​ឲ្យ​ជនជាតិ​ខ្មែរ​ក្រៅ​សហគមន៍ គឺ​ជា​ទង្វើ​ខុស​ច្បាប់។ លោក​កត់​សម្គាល់​ថា សហគមន៍​បាន​តវ៉ា​អភិរក្ស​តំបន់​ទឹកជ្រោះ​នេះ​ទៅ​អាជ្ញាធរ​ភូមិ-ឃុំ​ច្រើន​លើក​មក​ហើយ ក៏ប៉ុន្តែ​មិន​ឃើញ​មាន​ចំណាត់ការ​ផ្លូវ​ច្បាប់​បញ្ឈប់​ការ​ទន្ទ្រាន​កាន់​កាប់​យក​ដី​នោះ​នៅ​ឡើយ។ លោក​បារម្ភ​ខ្លាច​កើត​មាន​អំពើ​ហិង្សា ប្រសិន​អាជ្ញាធរ​អូស​បន្លាយ​ពេល ខណៈ​ការ​ទន្ទ្រាន​កាន់​កាប់​ដី​កាន់​តែ​រីក​ធំ​ឡើង៖ « ព័ត៌មាន​នេះ​យើង​បាន​ជម្រាប​ផ្ទាល់​មាត់​ទៅ​អភិបាល​ខេត្ត​ម្តង​រួច​ហើយ ដើម្បី​ឲ្យ​មាន​វិធានការ​ចុះ​ទប់ស្កាត់​ហ្នឹង ប៉ុន្តែ​ខេត្ត​បាន​ឲ្យ​ស្រុក​ចុះ​ទៅ​ពិនិត្យ​រឿង​ហ្នឹង​ហើយ រាយការណ៍​មក​ខេត្ត​ម្តង​ហើយ ប៉ុន្តែ​មិន​ដឹង​លទ្ធផល​ដោះ​ហ្នឹង​យ៉ាង​ម៉េច គ្រាន់​តែ​ថា​ឥឡូវ​នៅ​តែ​ដាក់​របង​ដដែល​ហ្នឹង »

ទោះ​បី​ជា​យ៉ាង​ណា​ក្តី មន្ត្រី​អាដហុក​ដដែល​អះអាង​ថា នឹង​ធ្វើ​លិខិត​អន្តរាគមន៍​បន្ថែម​ទៅ​អាជ្ញាធរ​ខេត្ត ទាក់ទិន​ការ​តវ៉ា​របស់​សហគមន៍ ដើម្បី​ជួយ​ទប់ស្កាត់​ការ​ចូល​ទៅ​កាន់​កាប់​ដី​តំបន់​រមណីយដ្ឋាន​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។