សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តព្រះវិហារ បានអំពាវនាវឱ្យអាជ្ញាធរខេត្តនេះហ៊ានទទួលខុសត្រូវ និងដោះស្រាយទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋជាមួយនឹងក្រុមហ៊ុនចិន ដែលមានដីសម្បទានសេដ្ឋកិច្ចសម្រាប់ដាំអំពៅ នៅក្នុងស្រុកឆែប និងស្រុកត្បែងមានជ័យ។ ការអំពាវនាវនេះ ធ្វើឡើងនៅស្របពេលដែលប្រជាពលរដ្ឋក្នុងឃុំម្លូព្រៃ២ នៃស្រុកឆែប បានលើកគ្នាប្រឆាំងនឹងក្រុមហ៊ុនចិន ដែលឈូសឆាយបំពានលើដីកម្មសិទ្ធិរបស់ពួកគេមក។
ប្រជាពលរដ្ឋប្រមាណ ១០០នាក់ នៅភូមិបុះ ឃុំម្លូព្រៃ២ បានប្រមូលផ្ដុំគ្នាព័ទ្ធចាប់គ្រឿងចក្ររបស់ក្រុមហ៊ុនចិន រួយ ហ្វេង (Ruoy Feng) ចំនួន ២គ្រឿង កាលពីព្រឹកថ្ងៃពុធ ទី៨ ខែមិថុនា។
ក្រុមអ្នកភូមិចោទប្រកាន់ថា ក្រុមហ៊ុនចិន រួយ ហ្វេង បានយកគ្រឿងចក្រទាំងពីរគ្រឿងនោះទៅឈូសរំលោភចូលដីព្រៃសហគមន៍ដែលគេរក្សាទុក និងដីស្រែចម្ការដែលមានប្លង់រឹងខ្លះទៀត។
ស្ត្រីអ្នកភូមិបុះ ម្នាក់ក្នុងចំណោមជាច្រើនទៀត គឺអ្នកស្រី ហេង ណាវី។ អ្នកស្រីអះអាងនៅរសៀលថ្ងៃពុធ ទី៨ ខែមិថុនា ថា រូបគាត់និងអ្នកភូមិជាច្រើនទៀត មិនសប្បាយចិត្តជាមួយនឹងក្រុមហ៊ុនចិន រួយ ហ្វេង ដែលយកគ្រឿងចក្រទៅឈូសរំលោភយកដីព្រៃសហគមន៍ និងដីស្រែចម្ការទេ។
ស្ត្រីដដែលបញ្ជាក់ថា កាលពីព្រឹកថ្ងៃពុធ ពួកគាត់បានរួមគ្នាព័ទ្ធចាប់គ្រឿងចក្ររបស់ក្រុមហ៊ុនចិន ២គ្រឿងមករក្សាទុក ហើយលុះណាតែអាជ្ញាធរ និងក្រុមហ៊ុនចិន ធ្វើកិច្ចសន្យាជាមួយប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវទើបដោះលែងទៅវិញ៖ «ទាមទារសុំតែដីនៅខាងជើងផ្លូវឱ្យបានវិញទាំងអស់គ្រាន់បានគោ ឬក៏មនុស្សធ្វើស្រែចម្ការ។ សត្វពាហនៈ រាល់ថ្ងៃអត់មានកន្លែងវាលស្មៅទេអស់ហើយ»។
អ្នកភូមិបុះ អះអាងថា ជាច្រើនខែមកហើយក្រុមហ៊ុនចិន រួយ ហ្វេង តែងជញ្ជូនគ្រឿងចក្រមកឈូសឆាយរំលោភចូលដីព្រៃសហគមន៍ និងស្រែចម្ការ ប៉ុន្តែនៅពេលអ្នកភូមិតវ៉ាក៏ដកថយមួយរយៈ ហើយនៅពេលអ្នកភូមិភ្លេចខ្លួនក៏ចូលមកឈូសទៀត។
ទោះជាយ៉ាងណាក៏ដោយ អភិបាលស្រុកឆែប ដែលចុះទៅសម្របសម្រួលទំនាស់លោក សុខ សានដារ៉ា អះអាងថា បញ្ហាដែលអ្នកភូមិបុះ ព័ទ្ធចាប់គ្រឿងចក្ររបស់ក្រុមហ៊ុនចិននោះ គឺជារឿងយល់ច្រឡំ។ លោកថា តាមពិតក្រុមហ៊ុនមិនមានបំណងរំលោភយកដីព្រៃសហគមន៍ និងដីស្រែចម្ការទេ គឺអ្នកម៉ៅការឈូសឆាយដីពីក្រុមហ៊ុនចិន ប៉ុណ្ណោះ ដែលមិនដឹងផែនទីច្បាស់លាស់។
លោក សុខ សានដារ៉ា បញ្ជាក់ថា រូបលោកបានសម្របសម្រួលរួចហើយ ដោយសន្យាថា នឹងបង្កើតក្រុមការងារចម្រុះមួយដើម្បីស្រាវជ្រាវនិយាមផែនទីចុះវាស់បោះបង្គោលព្រំដីរបស់ប្រជាពលរដ្ឋដែលមានប្លង់ត្រឹមត្រូវ ហើយក្រុមហ៊ុនឈូសនោះ ប្រគល់ទៅឱ្យអ្នកភូមិវិញ៖ «បញ្ហានេះគឺយើងសម្របសម្រួល ហើយនឹងបង្កើតក្រុមការងារមួយឱ្យចុះមកថ្ងៃសុក្រខាងមុខ»។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តព្រះវិហារ លោក ឡោ ចាន់ រិះគន់ថា ជាញឹកញាប់នៅពេលដែលក្រុមហ៊ុនចិន លួចឈូសឆាយរំលោភយកដីស្រែចម្ការរបស់អ្នកភូមិ ហើយគេតាមទាន់ គឺតែងតែមានអាជ្ញាធរចេញមុខទៅដោះស្រាយ ដោយឆ្លើយថា ក្រុមហ៊ុនមិនមានបំណង និងទម្លាក់កំហុសទៅលើអ្នកម៉ៅការឈូសឆាយទៅវិញ។
លោក ឡោ ចាន់ ចាត់ទុកថា នេះគឺជាការមិនទទួលខុសត្រូវរបស់អាជ្ញាធរក្នុងរឿងការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋ។
មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក ឱ្យដឹងថា បច្ចុប្បន្ននៅខេត្តព្រះវិហារ មានក្រុមហ៊ុនចិន ចំនួន ២ ដែលកំពុងឈូសឆាយដីដាំអំពៅ ហើយបង្កឱ្យប៉ះពាល់ដីស្រែចម្ការរបស់ប្រជាពលរដ្ឋ ដូចជាក្រុមហ៊ុន ឡាន ហ្វេង (Lan Feng) នៅស្រុកត្បែងមានជ័យ និងក្រុមហ៊ុន រួយ ហ្វេង នៅស្រុកឆែប។
អាដហុក អំពាវនាវឱ្យអាជ្ញាធររដ្ឋាភិបាល គួរតែទទួលដោះស្រាយបញ្ហាដែលប៉ះពាល់លើប្រជាពលរដ្ឋទាំងនេះឱ្យបានត្រឹមត្រូវ និងមានឆន្ទៈពិតប្រាកដ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។