អ្នក​ភូមិ​សង្កាត់​គោកចក​លើក​គ្នា​បិទ​ផ្លូវ​ប្រឆាំង​នឹង​អាជ្ញាធរ​អប្សរា​ដែល​ចុះ​រុះរើ​សំណង់​ថ្មី

ពលរដ្ឋ​ជាង ១០០​នាក់ នៅ​ភូមិ​វាល និង​ភូមិ​ត្រពាំងសេះ សង្កាត់​គោកចក ក្រុង​សៀមរាប បាន​ប្រមូលផ្ដុំ​គ្នា​បិទ​កំណាត់​ផ្លូវ​ប៉ែក​ខាង​លិច​មិន​ឱ្យ​អ្នក​ដំណើរ និង​ភ្ញៀវ​ទេសចរណ៍​ខ្លះ​ចូល​ទៅ​កាន់​ប្រាសាទ​អង្គរវត្ត បាន​ទេ។

ការ​បិទ​កំណាត់​ផ្លូវ​នេះ ធ្វើ​ឡើង​ចំនួន ២​លើក គឺ​ចាប់​ពី​ម៉ោង​ជាង ១២​ថ្ងៃ​ត្រង់ ថ្ងៃ​សុក្រ ទី​២៣ ខែ​មិថុនា បាន​បិទ​ម្ដង និង​ចាប់​ពី​ម៉ោង ២​រសៀល​ម្ដង​ទៀត បន្ទាប់​ពី​មន្ត្រី​អាជ្ញាធរ​អប្សរា បាន​សន្យា​ថា នឹង​មក​ជួប​ជជែក ព្រម​ទាំង​រក​ដំណោះស្រាយ​ជុំវិញ​បញ្ហា​រុះរើ​សំណង់​ថ្មី​នៅ​ក្នុង​តំបន់​ហាមឃាត់ ប៉ុន្តែ​មិន​ឃើញ​មន្ត្រី​អប្សរា​បង្ហាញ​ខ្លួន​តាម​ពេលវេលា​ណាត់​ជួប​មក។

ស្ត្រី​អ្នក​ភូមិ​វាល ម្នាក់ ក្នុង​ចំណោម​ពលរដ្ឋ​ដែល​បិទ​ផ្លូវ​ជា​ច្រើន​ទៀត គឺ​អ្នកស្រី សែម សាវឿន។ អ្នកស្រី​បាន​អះអាង​នៅ​វេលា​ម៉ោង​ជិត ៥​ល្ងាច​នេះ​ថា បញ្ហា​ដែល​អ្នកស្រី និង​អ្នក​ភូមិ​ជា​ច្រើន​ទៀត​លើក​គ្នា​មក​បិទ​ផ្លូវ គឺ​បន្ទាប់ពី​អាជ្ញាធរ​អប្សរា​បាន​បញ្ជូន​កម្លាំង​ទៅ​រុះរើ​សំណង់​ថ្មី​របស់​ប្រជាពលរដ្ឋ​នៅ​ជិត​ប្រាសាទ​អង្គរវត្ត អស់​ចំនួន ៣​ខ្នង​៖ «អប្សរា​ហ្នឹង​ជា​អ្នក​បើក​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​សំណង់​ថ្មី​នៅ​ក្នុង​តំបន់​អង្គរ ក្នុង​រយៈពេល ២០​ថ្ងៃ​នៃ​ការ​បោះ​ឆ្នោត។ បើសិនជា​គាត់​មិន​ឱ្យ​ធ្វើ ពេល​ដែល​ដឹក​ឈើ និង​ឥដ្ឋ​មក ហេតុ​អ្វី​ក៏​មិន​ហាមឃាត់?»

ក្រុម​អ្នក​ភូមិ​ទាមទារ​ឱ្យ​អាជ្ញាធរ​អប្សរា បញ្ឈប់​ការ​រុះរើ​សំណង់​ថ្មី​របស់​ពួកគេ​នៅ​ក្នុង​តំបន់​ឧទ្យាន​អង្គរ បើ​ពុំ​នោះ​ទេ​ពួកគេ​នៅ​តែ​លើកគ្នា​តវ៉ា និង​បិទ​ផ្លូវ​ទៀត។

អ្នក​ស៊ើប​អង្កេត​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) ខេត្ត​សៀមរាប លោក ម៉ែន គឹមសួរ ដែល​ទៅ​ឃ្លាំមើល​សកម្មភាព​បិទ​ផ្លូវ​នោះ​មាន​ប្រសាសន៍​ថា លោក​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ប្រឆាំង​គ្នា​រវាង​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​អង្គរ ជាមួយ​នឹង​អាជ្ញាធរ​អប្សរា ជុំវិញ​ការ​ចុះ​រុះរើ​សំណង់​ដែល​ទើបតែ​សង់​ថ្មីៗ នៅ​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា និង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​អាណត្តិ​ទី​៤ កាល​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា រហូត​ដល់​ថ្ងៃ​ទី​៤ ខែ​មិថុនា នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។