ប្រជាពលរដ្ឋរស់នៅឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ចង់ឃើញអាជ្ញាធរខេត្តកំពត និងស្ថាប័នពាក់ព័ន្ធចុះមកជួយដោះស្រាយបញ្ហា និងអភិវឌ្ឍន៍ភូមិ-ឃុំរបស់ពួកគាត់ឱ្យបានរីកចម្រើន។ សំណូមពរបែបនេះធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុងមូលដ្ឋាននោះ ជួបប្រទះការរំលោភយកដីធ្លី និងខ្វះខាតហេដ្ឋារចនាសម្ព័ន្ធមានផ្លូវថ្នល់ សាលារៀន និងមន្ទីរពេទ្យជាដើម។
ឃុំតេជោអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំ២០១១។ ឃុំនេះត្រូវបានបែងចែកជា ៦ គឺភូមិតេជោអភិវឌ្ឍន៍ ភូមិតេជោក្បាលដំរី ភូមិតេជោអង្កាញ់ ភូមិតេជោពង្រក ភូមិតេជោជ្រៃបាក់ និងភូមិតេជោអន្លង់ក្មេងលេង។
ឃុំតេជោអភិវឌ្ឍន៍នេះ មានពលរដ្ឋលាយចម្រុះគ្នារស់នៅ ដោយអ្នកខ្លះជាយោធិនពិការ ខ្លះជាអតីតយុទ្ធជន ខ្លះទៀតជាពលរដ្ឋដែលមកកាប់ឆ្ការព្រៃកាលពីប៉ុន្មានឆ្នាំមុន និងខ្លះទៀតជាអ្នកចំណាកស្រុកមកពីតំបន់ដទៃ។
ការអភិវឌ្ឍនៅក្នុងឃុំតេជោអភិវឌ្ឍន៍ មានរបាយមិនស្មើគ្នានោះទេ ដោយតំបន់ខ្លះមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងខ្លះទៀតនៅដាច់ស្រយាលផុតពីគេឯង។
តំបន់ដែលមានការអភិវឌ្ឍខ្លាំងជាងគេ គឺនៅភូមិតេជោអភិវឌ្ឍន៍ ជាភូមិដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្កើតដោយផ្ទាល់កាលពីជិត ១០ឆ្នាំមុន សម្រាប់ក្រុមយោធិនពិការ និងអតីតយុទ្ធជន។
ភូមិតេជោអភិវឌ្ឍន៍ មានការរៀបចំជាភូមិករ និងហេដ្ឋារចនាសម្ព័ន្ធ យ៉ាងខ្វែងខ្វាត់ មានទឹក ភ្លើងប្រើប្រាស់គ្រប់គ្រាន់។ មានថ្នល់កៅស៊ូអំណោយផលដល់ការធ្វើដំណើរ មានសាលារៀនតាំងពីថ្នាក់បឋមរហូតដល់វិទ្យាល័យ អំណោយផលដល់ការសិក្សារបស់សិស្ស មានមន្ទីរពេទ្យដ៏ធំដែលផ្ដល់សេវាថែទាំសុខភាពយ៉ាងប្រសើរសម្រាប់ពលរដ្ឋ និងមានផ្សារដែលបង្កើតជាសកម្មភាពជំនួញយ៉ាងផុសផុលប្រជាពលរដ្ឋស្គាល់នូវភាពមានបាន។
ក្រៅពីនេះ អ្នកដែលរស់នៅទីនោះ ទទួលបាននូវការយកចិត្តទុកដាក់ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់។ អាជ្ញាធរខេត្ត និងនាយករដ្ឋមន្ត្រីតែងចុះមកសាកសួរសុខទុក្ខពួកគេជាប្រចាំ។
ស្ថិតក្នុងវ័យជាង ៦០ឆ្នាំ លោកស្រី ម៉ាន យ៉ាន គឺជាពលរដ្ឋមកពីភ្នំពេញ ដែលផ្លាស់ទីលំនៅថ្មីមករស់នៅភូមិតេជោអភិវឌ្ឍន៍ កាលពីជាង ២ឆ្នាំមុន។ ថ្លែងក្នុងទឹកមុខញញឹមញញែម លោកស្រី ម៉ាន យ៉ាន បញ្ជាក់ថា លោកស្រីពេញចិត្តនឹងការរស់នៅតំបន់តេជោអភិវឌ្ឍន៍ ពីព្រោះមានបរិយាកាសល្អ មានទឹកភ្លើងគ្រប់គ្រាន់ មានផ្លូវថ្នល់ មន្ទីរពេទ្យ និងជាពិសេសមានទីផ្សារដែលអាចឱ្យលោកស្រីប្រកបរបរចិញ្ចឹមជីវិតបាន៖ «ចិត្តចង់មកនៅទីនេះ ដូចថា កន្លែងតេជោហ្នឹងមានទីផ្សារ មានមន្ទីរពេទ្យ អាចខ្លួនឯងឈឺ មិនភ័យព្រួយអ្វីទាំងអស់។ វាមានឡានពេទ្យ មានអ្វីគ្រប់យ៉ាង។ សម្ដេចគាត់ធ្វើបានល្អ អ៊ីចឹងចិត្តចង់មកនៅតែម្ដង»។
សព្វថ្ងៃនេះលោកស្រីប្រកបរបរជាអ្នកលក់ខោអាវជជុះនៅក្នុងផ្សារតេជោអភិវឌ្ឍន៍ ហើយរបរនេះកាក់កបខ្លាំង ព្រោះត្រឹមតែ ២ឆ្នាំ លោកស្រីសល់ប្រាក់ទិញដី ទិញតូបក្នុងផ្សារ និងទិញម៉ូតូជាដើម។ ផ្ទុយពីភាពសុខដុមរមនារបស់អ្នករស់នៅភូមិតេជោអភិវឌ្ឍន៍ ពលរដ្ឋច្រើនគ្រួសារនៅភូមិដទៃនៅក្នុងឃុំ មិនបានស្គាល់រសជាតិជីវិតបែបនេះនៅឡើយ។

ពលរដ្ឋក្នុងភូមិផ្សេងទៀត ដូចជានៅភូមិតេជោពង្រក តេជោក្បាលដំរី និងតេជោអន្លង់ក្មេងលេង ជាដើម សុទ្ធសឹងតែកំពុងប្រឈមនឹងបញ្ហាវិវាទដីធ្លី ដោយត្រូវអ្នកមានលុយ មានអំណាច និងក្រុមហ៊ុនឯកជនមួយចំនួនរំលោភយក។ ក្រៅពីនេះ ភូមិខ្លះមិនមានផ្លូវថ្នល់ ទឹក ភ្លើងគ្រប់គ្រាន់សម្រាប់ពលរដ្ឋនោះទេ ហើយសាលារៀន និងមន្ទីរពេទ្យវិញ ក៏មិនមានដូចគ្នា។
តំណាងពលរដ្ឋភូមិតេជោពង្រក លោកស្រី កាក់ សេង និយាយថា ប្រជាពលរដ្ឋក្នុងភូមិរបស់លោកស្រីជួបប្រទះការលំបាកជាខ្លាំងក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ ដោយសារតែភូមិនេះនៅឆ្ងាយពីគេ ដូច្នេះមិនមានមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ផ្លូវចូលទៅភូមិក៏មិនស្រួល ត្រូវជិះកាត់ព្រៃ ឆ្លងភ្នំ ឆ្លងអូរ គ្មានអគ្គិសនី និងទឹកស្អាត និងមិនមានការរៀបចំជាទីផ្សារសម្រាប់ប្រជាពលរដ្ឋឡើយ៖ «គ្មានមណ្ឌលសុខភាព បងប្អូននៅទីនេះជួបប្រទះជំងឺគ្រុនចាញ់ ព្រោះតំបន់នេះតំបន់គ្រុនចាញ់។ សព្វថ្ងៃនេះ បងប្អូនមានការខ្វះខាតខ្លាំងណាស់។ និយាយរួមទៅ បើយើងឈឺថ្កាត់ យើងមិនអាចរកចំណូលបាន។ អ៊ីចឹងជួបបញ្ហាក្រីក្រនេះ សឹងថា ១០០ភាគរយ បងប្អូននៅតំបន់នេះ។ បញ្ហាផ្សេងទៀតអត់មានទឹកហូបទេ។ យើងហូបទឹកស្ទឹងរាល់ថ្ងៃ ដោយសារនៅតំបន់នេះ មិនអាចជីក (អណ្ដូង) រាក់ៗចេញ។ បើជីកជ្រៅ គ្មានលទ្ធភាព»។
លោកស្រីនិយាយដោយទឹកមុខស្រពោនថា បញ្ហាចោទខ្លាំងជាងគេរបស់អ្នកភូមិជិត ២០០គ្រួសារ គឺទំនាស់ដីធ្លីជាមួយក្រុមហ៊ុនឯកជនមួយចំនួនដែលធ្វើឱ្យពួកគាត់ធ្លាក់ចុះជីវភាព។ លោកស្រីអះអាងថា ក្រុមហ៊ុនបានសហការជាមួយអាជ្ញាធរក្នុងការវាស់វែង និងឈូសឆាយដីដែលអ្នកភូមិធ្លាប់កាប់ឆ្ការ និងកាន់កាប់ជាច្រើនឆ្នាំមកហើយ៖ «បញ្ហាសំខាន់គឺដីធ្លី។ ពួកខ្ញុំរស់នៅតាំងពីឆ្នាំ២០១២ មក មានការរំលោភយកដីធ្លីពីសំណាក់ក្រុមហ៊ុន។ ក្រុមបរិស្ថាន និងអាជ្ញាធរមិនទទួលស្គាល់ពួកខ្ញុំជាប្រជាពលរដ្ឋរស់នៅទីនេះ។ គេទទួលស្គាល់តែបក្សពួករបស់គេ ចំណែកពួកខ្ញុំមិនមែនបក្សពួកគេ មិនសូវទាក់ទងជាមួយគេ គេមិនចូលចិត្តពួកខ្ញុំ គេចាត់ទុកពួកខ្ញុំអ្នកក្រៅភូមិ»។
តំណាងពលរដ្ឋម្នាក់ទៀតមកពីភូមិតេជោអន្លង់ក្មេងលេង លោកស្រី ឈឹម ធីម លើកឡើងស្រដៀងគ្នាថា ពលរដ្ឋជិត ៣០គ្រួសារក្នុងភូមិ បានបាត់បង់ដីលំនៅឋាន និងដីកសិកម្ម ដែលពួកគាត់ធ្លាប់បង្កបង្កើនផល។ មកទល់នឹងពេលនេះ ក្រុមគ្រួសារពលរដ្ឋទាំងនោះបានដើរស៊ីឈ្នួលធ្វើការឱ្យអ្នកដទៃដើម្បីបានកម្រៃខ្លះចិញ្ចឹមជីវិត៖ «រងទុក្ខត្រូវគេដុតផ្ទះចោល គេវាយប្រជាពលរដ្ឋបាក់ឆ្អឹងជំនីរ បែកក្បាល ហើយយកកាំភ្លើងមកវាយ និងរកបាញ់ពួកខ្ញុំទៀត។ ពួកគេរួមមានខាងមន្ត្រីបរិស្ថាន មេព្រៃ ប៉ូលិស ប៉េអឹម និងទាហាននៃកងពលតូចលេខ៣១។ វាហាក់ដូចជាលម្អៀង ពីព្រោះតេជោគាត់រៀបចំខាងនោះ (តេជោអភិវឌ្ឍន៍) ហើយ ចុះខ្ញុំតេជោអន្លង់ក្មេងលេង ហេតុអ្វីបានជាគាត់ធ្វើអ៊ីចឹង? អត់រៀបចំឱ្យប្រជាពលរដ្ឋ។ ដាក់ឈ្មោះតេជោ មិនមែនធម្មតាទេណា! ដល់អ៊ីចឹងទៅ ខ្ញុំឆ្ងល់ខ្លួនឯង ខ្ញុំចង់វង្វេងខួរអស់ហើយ ដាក់ឈ្មោះតេជោដែរ ហេតុអ្វីអត់គិតគូររាស្ត្រអ៊ីចឹង។ ខ្ញុំឆ្ងល់តែប៉ុណ្ណឹងទេ»។
ជុំវិញរឿងនេះ អភិបាលរងខេត្តកំពត លោក ជឹង ផល្លា បញ្ជាក់ថា អាជ្ញាធរខេត្តកំពត បានចុះដោះស្រាយបញ្ហាទំនាស់ដីធ្លីនៅក្នុងឃុំតេជោអភិវឌ្ឍន៍ ជាបន្តបន្ទាប់។ លោកថា បើសិនជាពលរដ្ឋពិតជាកាន់កាប់ដីទាំងនោះដោយស្របច្បាប់មែន នោះអាជ្ញាធរខេត្តនឹងវាស់វែងជូនពួកគាត់៖ «លក្ខណៈម្យ៉ាងគត់ ដែលខ្ញុំអត់អាចវាស់វែងឱ្យគាត់បាន ដោយសារតែគាត់រំលោភដីព្រៃ។ អាហ្នឹងដែលខ្ញុំអត់អាចវាស់ឱ្យគាត់បាន។ ខ្ញុំក៏គ្មានសិទ្ធិដែរ។ បើគាត់កាន់កាប់ដោយស្របច្បាប់ កាន់កាប់ដោយមានការដាំដុះជាក់ស្ដែង អាជ្ញាធរពិតជាវាស់ឱ្យគាត់ហើយ មិនទុកធ្វើអ្វីទេ»។
ទាក់ទងនឹងការអភិវឌ្ឍវិញ លោក ជឹង ផល្លា ថ្លែងថា អាជ្ញាធរពិនិត្យទៅលើភាពជាក់ស្ដែងនៃការរស់នៅរបស់ប្រជាជន។ បើចំនួនប្រជាជនច្រើន ការអភិវឌ្ឍនឹងមានកាន់តែច្រើន ប៉ុន្តែបើចំនួនពលរដ្ឋតិច ការអភិវឌ្ឍក៏ទៅតាមនោះដែរ៖ «កន្លែងខ្លះមានធ្វើផ្សារ មានសង់សាលារៀន។ សង់សាលារៀនលុះត្រាតែមានមនុស្ស ចុះបើសង់សាលារៀនតែអត់មានមនុស្សទៅរៀន យើងសង់ដើម្បីអ្វី? កន្លែងណាដែលមានមនុស្សរស់នៅ អាហ្នឹងគេត្រូវធ្វើផ្លូវ ធ្វើសាលារៀន មណ្ឌលសុខភាព ប៉ុន្តែបើអត់មនុស្សរស់នៅ ពេលវេលាមិនទាន់មកដល់ដែរ»។
ទោះបីជាយ៉ាងណា អង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សប្រចាំខេត្តកំពត លើកឡើងដូចគ្នាថា អាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធមានភាពឆកល្វែងខ្លះក្នុងការងារអភិវឌ្ឍន៍ឃុំតេជោអភិវឌ្ឍន៍ ពិសេសគឺការធានាឱ្យបាននូវប្រជាពលរដ្ឋក្នុងមូលដ្ឋានមានសិទ្ធិកាន់កាប់ ឬទទួលបានដីធ្លីសម្រាប់បង្កបង្កើនផល។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ (LICADHO) ប្រចាំខេត្តកំពត លោក សេត វណ្ណៈ កត់សម្គាល់ថា ប្រជាពលរដ្ឋនៅស្ទើរតែគ្រប់ភូមិក្នុងឃុំមានបញ្ហាវិវាទដីធ្លី តែអាជ្ញាធរមិនបានឆ្លើយតបឱ្យទាន់ពេលវេលា និងសមស្របជូនពលរដ្ឋនោះទេ។ ម្យ៉ាងវិញទៀត អាជ្ញាធរផ្ដោតការយកចិត្តទុកដាក់តែទៅលើភូមិតេជោអភិវឌ្ឍន៍មួយ ធ្វើឱ្យភូមិផ្សេងទៀតនៅក្នុងឃុំ មិនសូវមានភាពរីកចម្រើន៖ «សំណូមពរឱ្យអាជ្ញាធរដែនដី លោកមើលបន្ថែមទៀតផង ចុះត្រួតពិនិត្យបន្ថែមទៀតផង ថាតើប្រជាពលរដ្ឋណាដែលមានដីតូច ហើយត្រូវវាស់បន្ថែមឱ្យគាត់ ដែលអាចឱ្យគាត់ធ្វើកសិកម្មបាន ហើយផ្លូវធ្វើដំណើរត្រូវគិតគូរ ចាត់ចែងឡើងវិញ។ សាលារៀនក៏ត្រូវយកចិត្តទុកដាក់ធ្វើការសាងសង់ ព្រោះយើងឃើញថា កុមារនៅទីនោះក៏មានច្រើនរយនាក់ដែរ ដែលចាប់ពីអាយុ ៥ឆ្នាំ ដល់ ១២ឆ្នាំ ពួកគាត់អត់បានទៅរៀនសូត្រទេ»។
ស្រដៀងគ្នានេះ មន្ត្រីស៊ើបអង្កេតសមាគមអាដហុក ប្រចាំខេត្តកំពត លោក ហេង ភារៈ យល់ឃើញថា អាជ្ញាធរអនុវត្តស្តង់ដារពីរចំពោះពលរដ្ឋដែលរស់នៅក្នុងឃុំតែមួយ ពោលគឺអាជ្ញាធរហាក់មិនអើពើចំពោះពលរដ្ឋភូមិផ្សេង ក្រៅពីភូមិតេជោអភិវឌ្ឍន៍ ដែលលោក ហ៊ុន សែន បានបង្កើតឡើងសម្រាប់យោធិនពិការ និងអតីតយុទ្ធជន៖ «ការអភិវឌ្ឍនេះ វាខុសគ្នាស្រឡះ ដូចមេឃហើយនិងដី ឬអាចនិយាយបានថា ជាស្តង់ដារពីរ។ យើងឃើញថា ការអភិវឌ្ឍនៅក្នុងភូមិតេជោអភិវឌ្ឍន៍ មានហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាងទាំងអស់ មានតាំងពីផ្លូវ សាលារៀន និងមន្ទីរពេទ្យជាដើម។ ប៉ុន្តែខ្ញុំលើកជាឧទាហរណ៍ភូមិតេជោពង្រក ខ្វះហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាងទាំងអស់ ផ្លូវ សាលារៀន មន្ទីរពេទ្យ វត្តអារាម ប៉ុស្តិ៍ប៉ូលិស ពុំមានសម្រាប់បម្រើសេវាដល់ប្រជាពលរដ្ឋក្នុងភូមិនោះទេ»។
មន្ត្រីអង្គការសង្គមស៊ីវិលទាំងពីររូប ចង់ឃើញអាជ្ញាធរខេត្តកំពត អនុវត្តស្តង់ដារតែមួយក្នុងការផ្ដល់ភាពរីកចម្រើន ដល់ពលរដ្ឋដែលរស់នៅក្នុងឃុំតេជោអភិវឌ្ឍន៍ ឱ្យមានភាពស្មើគ្នាដោយយោងទៅតាមអ្វីដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានអនុវត្តនៅភូមិតេជោអភិវឌ្ឍន៍។
បន្ថែមពីលើនេះ ទាំងមន្ត្រីអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋមានវិវាទដីធ្លី នៅឃុំតេជោអភិវឌ្ឍន៍ សុទ្ធតែអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឆ្លើយតបនឹងការតម្រូវការពលរដ្ឋឱ្យបានទាន់ពេលវេលា ត្បិតកន្លងមក ប្រជាពលរដ្ឋនាំគ្នាទៅតវ៉ានៅថ្នាក់ស្រុកខេត្ត និងរហូតដល់ស្ថាប័នជាតិសំខាន់ៗ រួមមានរដ្ឋសភា និងក្រសួងមហាផ្ទៃ ជាដើម ប៉ុន្តែមិនឃើញមានការឆ្លើយតបជាវិជ្ជមានណាមួយពីស្ថាប័នទាំងនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។