ប្រជាពលរដ្ឋប្រមាណជាង ១០០នាក់ តំណាងឲ្យ ២៥៣គ្រួសារ នៅខេត្តព្រះវិហារ ដែលមានជម្លោះដីធ្លីដ៏រ៉ាំរ៉ៃជាមួយអាជ្ញាធរខេត្តនេះ នៅថ្ងៃទី១៤ ខែមករា នេះ បានលើកគ្នាទៅដាក់ញត្តិសុំអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីឲ្យជួយដោះស្រាយឲ្យពួកគាត់បានទៅរស់នៅលើដីដែលមានទំនាស់នោះវិញ។
ប្រជាពលរដ្ឋប្រមាណជាង ១០០នាក់ តំណាងឲ្យ ២៥៣គ្រួសារ មកពីភូមិស្វាយជ្រំ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលកំពុងស្នាក់នៅបណ្ដោះអាសន្នក្នុងវត្តសាមគ្គីរង្សី អះអាងថា ធ្លាប់បានដាក់ញត្តិសុំអន្តរាគមន៍ទៅស្ថាប័នជាច្រើនអស់រយៈពេលជាង ៣ឆ្នាំមកហើយ នៅតែគ្មានដំណោះស្រាយ។
តំណាងប្រជាពលរដ្ឋដែលជាអតីតអ្នករស់នៅតំបន់ស្វាយជ្រំ គឺលោក ផាន់ ធឿន បានឲ្យដឹងថា បញ្ហាទំនាស់ដីធ្លីកើតឡើងចាប់ពីឆ្នាំ២០១២ មក ដោយសារអាជ្ញាធរព្រះវិហារ រួមនឹងសាលាខេត្តនេះ បានបណ្ដេញប្រជាពលរដ្ឋនៅតំបន់ស្វាយជ្រំ ព្រមទាំងបានយកគ្រឿងចក្រទៅឈូសឆាយរុះរើលំនៅឋាន ហើយបង្ខំឲ្យប្រជាពលរដ្ឋ និងព្រះសង្ឃឲ្យចាកចេញពីភូមិនេះ ដោយមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់ ថាតើយកដីនោះទៅធ្វើអ្វីឲ្យប្រាកដនោះឡើយ។
តំណាងប្រជាពលរដ្ឋរូបនេះបានឲ្យដឹងទៀតថា កន្លងមកទោះជាប្រជាពលរដ្ឋធ្លាប់ស្នើសុំអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធ តែហាក់ដូចជាគ្មានន័យ និងគ្មានប្រសិទ្ធភាព។ ម្យ៉ាងទៀត ថ្មីៗនេះ លោកទទួលដំណឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រគល់ភារកិច្ចនេះឲ្យលោក ស ខេង ដោះស្រាយទើបប្រជាពលរដ្ឋឆ្ពោះមកដាក់ញត្តិនៅក្រសួងមហាផ្ទៃ ដើម្បីពន្លឿនដោះស្រាយឲ្យពួកគាត់ឆាប់បានត្រឡប់ទៅវិញ៖ «គាត់មិនអាចដោះដូរទីតាំងក្រៅពីភូមិចាស់របស់គាត់បានទេ ដូច្នេះគាត់ជឿជាក់ថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងមិនធ្វើឲ្យពួកគាត់អស់សង្ឃឹមទៀតទេ»។
តំណាងអ្នកភូមិ និងជាអតីតមេភូមិនៅតំបន់ស្វាយជ្រំ ម្នាក់ទៀត លោក កាន់ ញឹម បញ្ជាក់ទៀតថា បញ្ហាដីធ្លីនេះ ដំបូងឡើយ តំណាងរាស្ត្រខេត្តព្រះវិហារ លោក សួស យ៉ារ៉ា បានមកសុំដីប្រជាពលរដ្ឋតាមបណ្ដោយផ្លូវជាតិប្រវែង ៥០០ម៉ែត្រ ជម្រៅចូលទៅក្នុង ៥០០ម៉ែត្រ ដែលប្រជាពលរដ្ឋកំពុងរស់នៅ ដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន តែដោយសារពលរដ្ឋមិនព្រមទើបឈានដល់ការរុះរើ និងបណ្ដេញពលរដ្ឋចេញដោយបង្ខំ។
លោកបន្តថា ចាប់ពីអាជ្ញាធរបានបណ្ដេញពលរដ្ឋចេញ ពួកគាត់មិនមានដីធ្វើស្រែចម្ការចិញ្ចឹមជីវិតទេ៖ «ប្រជាពលរដ្ឋដែលត្រូវបានបណ្ដេញចេញ រស់នៅលំបាកខ្លាំង ខ្លះទៅចំណាកស្រុកនៅថៃ ខ្លះធ្វើការឲ្យគេ ខ្លះឈឺធ្ងន់ ខ្លះស្លាប់ អ៊ីចឹងលំបាកណាស់ ដូច្នេះរដ្ឋាភិបាលគួរតែឆាប់ដោះស្រាយ»។
វិទ្យុអាស៊ីសេរី មិនអាចសុំការឆ្លើយតបបន្ថែមពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ជុំវិញការដាក់ញត្តិទាមទាររបស់ប្រជាពលរដ្ឋបាននៅឡើយ នៅថ្ងៃទី១៤ ខែមករា។ ប៉ុន្តែបើតាមតំណាងប្រជាពលរដ្ឋ លោក ផាន់ ធឿន ដែលបានយកញត្តិទៅដាក់ អះអាងថា តំណាងមន្ត្រីនៃខុទ្ទកាល័យរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានចេញមកទទួលញត្តិ ដោយអះអាងថា នឹងធ្វើសំណុំរឿងដីធ្លីនេះបញ្ចប់ រួចផ្ដល់ចម្លើយមកប្រជាពលរដ្ឋវិញនៅសន្តាបក្រោយ។ ចំណែកឯ តំណាងរាស្ត្រខេត្តព្រះវិហារ លោក សួស យ៉ារ៉ា វិទ្យុអាស៊ីសេរី មិនអាចសុំការបំភ្លឺជុំវិញការចោទប្រកាន់របស់ប្រជាពលរដ្ឋដែលតវ៉ាបាននៅឡើយដែរ។
មន្ត្រីស៊ើបអង្កេតអង្គការលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា វិបត្តិដីធ្លីកាន់តែមានភាពតានតឹងរយៈពេលចុងក្រោយនេះ ដោយសារការបង្ខំពលរដ្ឋឲ្យចាកចេញពីផ្ទះ និងផ្ដល់សំណងមិនតាមតម្លៃទីផ្សារ ទើបការតវ៉ាចេះតែបន្តមានជាបន្តបន្ទាប់។ លោកស្នើឲ្យអាជ្ញាធរចុះត្រួតពិនិត្យតំបន់នោះ ដើម្បីឲ្យដឹងច្បាស់ថា តើស្ថានភាពនោះយ៉ាងណាខ្លះ៖ «គួរតែចុះទៅពិនិត្យមើលឡើងវិញទីតាំងទំនាស់ ហើយប្រសិនបើពិនិត្យឃើញថា ដូចការតវ៉ាមែន គួរតែដោះស្រាយជូនពលរដ្ឋ»។
ពលរដ្ឋដែលមានវិវាទរស់នៅភូមិស្វាយជ្រំ ឃុំកន្ទួត មានជាង ២៥០គ្រួសារ ពាក់ព័ន្ធដីលំនៅឋានដីស្រែ និងដីចម្ការសរុបជិត ៦០០ហិកតារ។ ប្រជាពលរដ្ឋអះអាងថា ពួកគាត់រស់នៅតំបន់នោះតាំងពីឆ្នាំ១៩៩៩ ក្នុងភូមិចាស់ឈ្មោះភូមិឫស្សី ដែលបានបង្កើតឡើងតាំងពីឈ្នះក្ដីប្រាសាទព្រះវិហារ ឆ្នាំ១៩៦២។ នៅឆ្នាំ២០១០ អាជ្ញាធរខេត្តបានបណ្ដេញអ្នកភូមិដោយចោទថា រស់នៅក្នុងសំណង់អនាធិបតេយ្យ ហើយកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១២ អាជ្ញាធរខេត្តបានប្រើកម្លាំងទាហាន និងកម្លាំងអាជ្ញាធរ ឈូសឆាយ និងដុតផ្ទះប្រជាពលរដ្ឋរុះរើវត្តគិរីស្វារៈឫស្សីវ័ន្ត ហៅវត្តស្វាយជ្រំ ចាប់ព្រះសង្ឃនៅវត្តផ្សឹក ព្រមទាំងរុះរើសាលារៀនទៀតផង។
ពលរដ្ឋមួយចំនួនបានទទួលយកគោលនយោបាយពីអាជ្ញាធរខេត្ត ដែលឲ្យដីទំហំ ៣០ម៉ែត្រ គុណនឹង ១០០ម៉ែត្រ ក្នុងមួយគ្រួសារ ពីទីតាំងចាស់ជិត ១០គីឡូម៉ែត្រ។ ប៉ុន្តែអ្នកភូមិភាគច្រើនថា ទីកន្លែងនោះជាតំបន់ព្រៃ និងចម្ការមីន ហើយគ្មានហេដ្ឋារចនាសម្ពន្ធ។
តំណាងពលរដ្ឋទាំងអស់អះអាងថា នឹងមិនត្រឡប់ទៅវិញឡើយ លុះណាមានដំណោះស្រាយជាក់លាក់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ បើពុំដូច្នោះទេ ពលរដ្ឋនឹងនាំគ្នាហែញត្តិទៅកាន់ផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។