សាលារាជធានីភ្នំពេញ បានបដិសេធមិនឲ្យសហគមន៍មានវិវាទដីធ្លីប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោក លើកទី៣១ ដែលគ្រោងធ្វើនៅថ្ងៃទី១០ ខែតុលា ក្នុងតំបន់ដីក្រហម រាជធានីភ្នំពេញ ដែលជាតំបន់មានវិវាទដីធ្លី។ ជុំវិញការបដិសេធនេះ សហគមន៍ចំនួន៧៧ កំពុងមានភាពមិនច្បាស់លាស់ក្នុងការរៀបចំទិវានេះនៅឡើយ។
ពលរដ្ឋមានជម្លោះដីធ្លី និងពលរដ្ឋរងការបណ្ដេញចេញមកពី ៧ខេត្ត និងរាជធានីភ្នំពេញ គ្រោងជួបប្រជុំគ្នាពិភាក្សាអំពីជំហររបស់ខ្លួនក្នុងការប្រារព្ធទិវាសិទ្ធិនៅលំនៅឋានពិភពលោកលើកទី៣១ ដែលគ្រោងធ្វើនៅថ្ងៃច័ន្ទ ទី១០ ខែតុលា។
ប្រធានកម្មវិធីបច្ចេកទេសរបស់អង្គការសមាគមធាងត្នោត លោក សៅ កុសល មានប្រសាសន៍នៅថ្ងៃទី៨ ខែតុលា ថា ពលរដ្ឋមានជម្លោះដីធ្លី និងពលរដ្ឋរងការបណ្ដេញចេញចំនួន ៧៧សហគមន៍ជជែកគ្នា នៅថ្ងៃទី៩ ខែតុលា ថា តើនឹងបន្តធ្វើនៅតំបន់ដីក្រហម ក្បែរស្ថានទូតរុស្សី ក្នុងខណ្ឌចំការមន ឬធ្វើទៅតាមការតម្រូវរបស់សាលារាជធានី នៅទីលានប្រជាធិបតេយ្យ។
លោកថា មូលហេតុដែលសហគមន៍ទាំងអស់ចង់ធ្វើនៅតំបន់ដីក្រហម ដោយសារតែតំបន់នោះជាទីដែលអាជ្ញាធរបណ្ដេញពលរដ្ឋមានវិវាទដីធ្លីជាច្រើនរយគ្រួសារចេញ ដោយគ្មានសំណងសមរម្យ និងរំលោភសិទ្ធិមនុស្ស៖ «មូលហេតុគាត់ថា មាន ៣ចំណុច ទី១ ជិតស្ថានទូតរុស៊្សី ប៉ះពាល់សន្តិសុខរបស់ស្ថានទូត ទី២ ស្ទះបញ្ហាចរាចរណ៍ ទី៣ ធ្វើនៅក្រៅទីលានប្រជាធិបតេយ្យអាចមានបញ្ហាអសន្តិសុខជ្រៀតចូលផ្សេងៗ។ ហេតុផល២ ៣ នេះ ជាលេស»។
ក្នុងពេលប្រារព្ធទិវានោះ សហគមន៍ដីធ្លីគ្រោងហែញត្តិទៅក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានគោលបំណងសំខាន់គឺកុំឲ្យប្រើប្រព័ន្ធតុលាការចាប់អ្នករងគ្រោះដីធ្លី ស្នើឲ្យអាជ្ញាធរពង្រឹងការអនុវត្តច្បាប់ដីធ្លី និងរាល់ការអភិវឌ្ឍផ្ដល់សងសំណងសមរម្យ ឬអភិវឌ្ឍន៍នៅនឹងកន្លែង។
សិទ្ធិលំនៅឋានពិភពលោក លើកទី៣១ ឆ្នាំនេះ មានប្រធានបទ "សិទ្ធិទទួលបានលំនៅឋាន"។
ជាច្រើនលើកមកហើយ សហគមន៍តែងជ្រើសរើសយកកន្លែងប្រារព្ធសិទ្ធិលំនៅឋានពិភពលោក នៅតំបន់ដីក្រហម។ ប៉ុន្តែនៅពេលសហគមន៍ហែញត្តិដាក់តាមស្ថាប័ននានា កងកម្លាំងចម្រុះប្រដាប់ដោយអាវុធ បានដាក់បារ៉ាស់រារាំងពួកគាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។