សកម្មជន​បក្ស​ប្រឆាំង​៦​នាក់​នៅ​ឃុំ​ព្រៃខ្លា​ស្នើ​តុលាការ​ខេត្ត​តាកែវ​ទម្លាក់​បទ​ចោទ

0:00 / 0:00

ក្រុមប្រឹក្សា​ឃុំ ជំទប់​ទី​២ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឃុំ​ព្រៃខ្លា ស្រុក​កោះអណ្ដែត ខេត្ត​តាកែវ ទាមទារ​ឲ្យ​អយ្យការ​អម​សាលាដំបូង​ខេត្ត​តាកែវ ទម្លាក់​បទ​ចោទ​ដែល​ប្តឹង​ប្រឆាំង​ពួកគេ​ទាំង ៦​នាក់។ តំណាង​គណបក្ស​ប្រជាជន​កម្ពុជា ប្រចាំ​ឃុំ​ព្រៃខ្លា បាន​ប្ដឹង​អ្នក​ទាំង​៦ ក្នុង​សំណុំរឿង​ជម្លោះ​នៅ​អំឡុង​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត។

​ក្រោយ​ចូល​កាន់​តំណែង​ជា​ជំទប់ និង​ក្រុមប្រឹក្សា​ឃុំ​ព្រៃខ្លា រួច និង​សកម្មជន​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ស្នើ​ជា​ថ្មី​ឲ្យ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​តាកែវ ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​ពួកគេ។

​ជំទប់​ទី​២ ឃុំ​ព្រៃខ្លា លោក កែវ អ៊ាត ប្រាប់​ថា ការ​កោះហៅ​សាកសួរ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​កក្កដា តំណាង​អយ្យការ​បាន​សួរ​ពួកគេ​ច្រើន​អំពី​ដើមហេតុ​ដែល​នាំ​ឲ្យ​មាន​ជម្លោះ​កាល​ពី​អំឡុង​ពេល​ហែ​ក្បួន​ឃោសនា​រក​សំឡេង​ឆ្នោត។ លោក កែវ អ៊ាត បន្ដ​ថា ក្រោយ​ការ​សាកសួរ​ម្នាក់​ម្ដងៗ ចប់​សព្វ​គ្រប់ មន្ត្រី​តុលាការ​បាន​អនុញ្ញាត​ឲ្យ​ពួកគាត់​ទាំង ៦​នាក់ ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​ពួកគេ​បាន​ប្រញាប់​ត្រឡប់​ទៅ​វិញ ដោយ​មិន​ហ៊ាន​សួរ​នាំ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​តាកែវ ទេ ព្រោះ​ខ្លាច​មាន​ការ​ឃាត់​ខ្លួន។

លោក​ប្រាប់​ថា អ្នក​ទាំង​៦ មាន​៥​នាក់ ជា​បុរសៗ មិន​សូវ​មាន​ការ​តក់ស្លុត ឬ​ភ័យ​ខ្លាច​នោះ​ទេ ប៉ុន្តែ​សម្រាប់​អ្នកស្រី សុខ រឿន ដែល​មាន​កូន​តូច​ក្នុង​បន្ទុក និង​មិន​ដែល​ធ្លាប់​បាន​ចូលរួម​ក្នុង​ការ​ហែ​ក្បួន​ឃោសនា​បក្ស​ផង​នោះ​មាន​ការ​តក់ស្លុត​ជា​ខ្លាំង៖ «ចំពោះ​ខាង​ពួក​ខ្ញុំ​ប្រុសៗ វា​អត់​មាន​បញ្ហា​ចោទ​អី​ទៅ​លើ ភ័យ​ខ្លាច។ រឿង​វា​មិន​ធំ វា​មិន​អាច​ភ័យ​ខ្លាច​ទេ មិន​មែន​ទៅ​វាយ​គេ ទាត់​គេ ធាក់​គេ ខិត​ផ្លូវ​គេ បាំង​ផ្លូវ​គេ មិន​ឲ្យ​គេ​ចូល​ខ្លាច​ដែរ​ណា។ ប៉ុន្តែ​យើង​វា​អត់​មាន​ខុស​អី​សោះ យើង​មិន​ភ័យ​ខ្លាច​ទេ តែ​គ្នា​ស្រី គ្នា​មិន​ដែល ហើយ​អា​ថ្ងៃ​ហែ ក៏​គ្នា​គ្មាន​មុខ​ទៅ​ជាមួយ​ដែរ ដល់​ពេល​ឥឡូវ តុលាការ​កោះ​ហៅ​ចំ​ឈ្មោះ​គ្នា​ដែរ ទៅ​ខ្លាច​មិន​បាន​មក​វិញ មាន​កូន​តូចៗ​ទៀត»

​អយ្យការ​អម​សាលាដំបូង​ខេត្ត​តាកែវ បាន​តម្រូវ​ឲ្យ​អ្នក​ទាំង ៦​នាក់ នៃ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឃុំ​ព្រៃខ្លា ចូល​បំភ្លឺ​កាល​ពី​ថ្ងៃ​ទី​៣ កក្កដា ពី​បទ​ចោទ​បរិហារកេរ្តិ៍​ជេរ​ប្រមាថ​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ កាល​ពី​អំឡុង​ពេល​ហែ​ក្បួន​ឃោសនា​គណបក្ស​នយោបាយ កាល​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា។

​អ្នក​ប្រឹក្សា​ផ្នែក​ច្បាប់​ឲ្យ​អ្នក​ទាំង ៦​នាក់ នៅ​ពេល​ចូល​ជួប​តំណាង​អយ្យការ គឺ​លោក​មេធាវី ហុង ផេង។ លោក​មេធាវី ហុង ផេង បាន​ចូល​ស្ដាប់​តំណាង​អយ្យការ​សាកសួរ​ជាមួយ​អ្នក​ទាំង​៦ ប្រាប់​ថា ត្បិត​មាន​ការ​សួរនាំ​សកម្មជន​ទាំង ៦​នាក់ ប៉ុន្តែ​ព្រះរាជអាជ្ញា​មិន​ទាន់​សម្រេច​បទ​ចោទ ឬ​ទម្លាក់​បទ​ចោទ​ប្រកាន់​នៅ​ឡើយ​នោះ​ទេ៖ «គេ​មិន​ទាន់​ចេញ​សេចក្ដី​សម្រេច​អី​មួយ​ផង គ្រាន់​តែ​គេ​សាកសួរ​ចប់ គេ​ឲ្យ​ទៅ​ផ្ទះ​វិញ»

​លោក កែវ អ៊ាត ជំទប់​ទី​២ ឃុំ​ព្រៃខ្លា បញ្ជាក់​ថា មក​ដល់​ពេល​នេះ លោក​មិន​បាន​ដឹង​ថា នរណា​ជា​ដើម​បណ្ដឹង​ប្ដឹង​ពួក​លោក​ទៅ​តុលាការ​ឲ្យ​ពិត​ប្រាកដ​នោះ​ទេ ព្រោះ​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ឃុំ​ព្រៃខា្ល ដែល​ឈ្លោះ​ប្រកែក​គ្នា​ជាមួយ​លោក​ប្រាប់​ថា មិន​បាន​ប្ដឹង​ទៅ​តុលាការ​ទេ គឺ​ប្ដឹង​ទៅ​តែ​គណៈកម្មការ​ឃុំ និង​ខេត្ត រៀបចំ​ការ​បោះឆ្នោត​តែប៉ុណ្ណោះ។ ទោះ​ជា​ធ្លាប់​ការ​ភាព​រកាំរកូស​ដាក់​គ្នា​កន្លង​មក​ក៏ដោយ លោក កែវ អ៊ាត ប្រាប់​ថា នៅ​ថ្ងៃ​ប្រកាស​ចូល​កាន់​តំណែង​មេ​ឃុំ ជំទប់​ឃុំ និង​ក្រុមប្រឹក្សា​ឃុំ តំណាង​ទាំង​ពីរ​គណបក្ស គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​បក្ស​សង្គ្រោះ​ជាតិ នៅ​តែ​មាន​ភាព​រួសរាយ ញញឹម​ដាក់​គ្នា និង​ប្ដេជ្ញា​ធ្វើ​ការ​ជាមួយ​ដោយ​ការ​រាប់អាន។

​ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​តាកែវ លោក ម៉ៅ សុផល នៅ​តែ​មើល​មិន​ឃើញ​ការ​ឈ្លោះ​ប្រកែក​គ្នា​នៅ​ក្នុង​ថ្ងៃ​ហែ​ក្បួន ជា​បទល្មើស​ព្រហ្មទណ្ឌ។ លោក​ប្រាប់​ថា គ្មាន​ការ​វាយ ឬ​ការ​បង្ក​ជា​របួស​ស្នាម​អ្វី​នោះ​ទេ។ លោក ម៉ៅ សុផល ទាមទារ​ឲ្យ​តុលាការ​ទម្លាក់​បទ​ចោទ​លើ​សកម្មជន​បក្ស​ប្រឆាំង​ទាំង ៦​នាក់៖ «សំណូមពរ​ទៅ​តុលាការ ឲ្យ​ទម្លាក់​ការ​ចោទ​ប្រកាន់​ហ្នឹង​ទៅ ពីព្រោះ​វា​អត់​មាន​ចូល​នៅ​ក្នុង​បទល្មើស​ព្រហ្មទណ្ឌ​ណា​មួយ វា​មាន​ការ​វ៉ៃ​គ្នា មាន​របួស​ស្នាម​អី​វា​អត់ ហើយ​អា​ការ​ញុះញង់​ធ្វើ​ឲ្យ​មាន​បញ្ហា​នៅ​ក្នុង​ឃុំ​វា​អត់ ក្នុង​ស្រុក ក្នុង​ខេត្ត​អី​ក៏​វា​អត់ ទូទាំង​ប្រទេស​អត់​ដែរ។ អ៊ីចឹង​ការ​ចោទ​ប្រកាន់​អំពី​បញ្ហា​ការ​ញុះញង់ និង​បទឧក្រិដ្ឋ យើង​មើល​ទៅ​ទម្ងន់​ទោស​វា​អត់​មាន»

​ចំណែក​អ្នកនាំពាក្យ​សមាគម​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក សំ ច័ន្ទគា យល់​ថា ការ​ចោទ​ប្រកាន់​កន្លង​មក​ទៅ​លើ​សកម្មជន​ទាំង ៦​នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឃុំ​ព្រៃខ្លា ជា​រឿង​នយោបាយ គួរ​តែ​សម្របសម្រួល​គ្នា​ដើម្បី​បញ្ចប់​បញ្ហា៖ «គួរ​តែ​ទម្លាក់​បទ​ចោទ​ទៅ ពីព្រោះ​រឿង​ហ្នឹង​វា​មិន​ធ្ងន់ធ្ងរ​អី​ទេ។ គួរ​តែ​សម្របសម្រួល​គ្នា​បញ្ចប់​ទៅ វា​ជា​រឿង​ល្អ​ដែរ ហើយ​ម្យ៉ាង​ទៀត យើង​ឃើញ​ថា គណបក្ស​កាន់​អំណាច​នៅ​ទី​នោះ (ឃុំ​ព្រៃខ្លា) ក៏​លោក​បាន​ឈ្នះ​ដាច់​ដែរ ដូច្នេះ​អ្វី​ដែល​ជា​កំហុស​ឆ្គង​ទាំង​អស់​គ្នា​ហ្នឹង គួរ​តែ​អធ្យាស្រ័យ​គ្នា​ទៅ​វិញ​ទៅ​មក»

​សង្គម​ស៊ីវិល​យល់ថា តំណាង​គណបក្ស​នយោបាយ​ទាំង​ពីរ​ដែល​កំពុង​ប្ដឹង​គ្នា​ទៅ​តុលាការ សុទ្ធតែ​បាន​ឈ្នះ​តំណែង​ថ្នាក់ដឹកនាំ​ឃុំ​ព្រៃខ្លា នៃ​ស្រុក​កោះអណ្ដែត ដូច្នេះ​គួរ​តែ​កុំ​បង្ហាញ​ពី​រូបភាព​ប្ដឹង​គ្នា តែ​គួរ​បង្ហាញ​ពី​ភាព​ល្អូកល្អឺន​ចាប់​ដៃ​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​ធ្វើការ​រួមគ្នា​អភិវឌ្ឍ​ឃុំ​ព្រៃខ្លា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។