អាជ្ញាធរខែត្រព្រះវិហារ ចាប់ខ្លួនពលរដ្ឋមានវិវាទដីធ្លី ៧នាក់ ក្រោមពាក្យបណ្ដឹងរបស់ស្ត្រីម្នាក់ឈ្មោះ សួង ចន្ទ្រា រស់នៅខែត្រសៀមរាប។ ការចាប់ខ្លួននេះធ្វើឡើង បន្ទាប់ពីអ្នកភូមិច្រូតស្រូវលើដីមួយកន្លែងកំពុងមានវិវាទ។ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សចាត់ទុកការឃាត់ខ្លួននេះ ជាទម្រង់រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
តុលាការខែត្រព្រះវិហារ សម្រេចដោះលែងស្ត្រី ៣នាក់ ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ក្នុងចំណោមពលរដ្ឋ ៧នាក់ ដែលត្រូវអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃទី៣ តុលា រឿងវិវាទដីធ្លីជាមួយស្ត្រីម្នាក់មានងារជាជំទាវរស់នៅខែត្រសៀមរាប។
ស្ត្រីម្នាក់ក្នុងចំណោមពលរដ្ឋ ៧នាក់ ដែលត្រូវអាជ្ញាធរចាប់ខ្លួន គឺលោកស្រី អ៊ុក ស្រីអូន វ័យ ២៨ឆ្នាំ ចាត់ទុកការចាប់ខ្លួនពួកគាត់ថាជារឿងអយុត្តិធម៌។ លោកស្រីកត់សម្គាល់ថា អ្នកភូមិ ៨គ្រួសារបាន កាប់រានដីព្រៃ ១០ហិកតារ កាលពីឆ្នាំ២០១២ ដើម្បីធ្វើកសិកម្មចិញ្ចឹមជីវិត និងសង់លំនៅឋាន រហូតដល់ឆ្នាំ២០១៥ បុរសម្នាក់ឈ្មោះ សាន់ ទូច អះអាងថា ដីនោះជាដីរបស់គាត់ ដែលមានអាជ្ញាធរមូលដ្ឋានទទួលស្គាល់ តាំងពីឆ្នាំ២០០៣។ ក្រោយមកបុរសនោះ បានសម្របសម្រួលជាមួយពលរដ្ឋ ដោយមានអាជ្ញាធរឃុំដឹងឮ ក៏ប៉ុន្តែរហូតដល់ឆ្នាំ២០០៨ ស្រាប់តែលោកជំទាវ ឈ្មោះ សួន ចន្ទ្រា អះអាងថា ដីនៅតំបន់នោះជាដីរបស់ខ្លួនមានអាជ្ញាធរឃុំទទួលស្គាល់ តាំងពីឆ្នាំ២០០៨៖ «ខ្ញុំយល់ថា អត់មានយុត្តិធម៌សោះ ព្រោះអីស្រូវហ្នឹងជាស្រូវរបស់ខ្ញុំព្រោះ ដល់ពេលខ្ញុំច្រូតទៅ គេចាប់ខ្ញុំដាក់គុក គ្រាន់តែច្រូតស្រូវសោះ ក៏ទោសធ្ងន់ម្ល៉េះ។ ព្រោះអីពាក់ព័ន្ធរឿងដីធ្លី ព្រោះអីគេមកសួរខ្ញុំ គេបង្ខំខ្ញុំឲ្យរុះផ្ទះ»។
ស្ត្រីដដែលបន្តថា នគរបាលអធិការស្រុកគូលែន បង្ខំឲ្យពួកគាត់ផ្ដិតមេដៃលើកំណត់ហេតុមួយ ដោយព្យាយាមលាក់បាំងមិនឲ្យពលរដ្ឋអានខ្លឹមសារក្នុងកំណត់ហេតុនោះទេ។ ក្រោយពីពលរដ្ឋផ្តិតមេដៃរួច ទើបអ្នកភូមិដឹងថា ខ្លឹមសារក្នុងកំណត់ហេតុនោះ បង្គាប់ឲ្យអ្នកភូមិទទួលស្គាល់ថា ពិតជាលួចច្រូតស្រូវលើដីឈ្មោះ សួន ចន្ទ្រា មែន។
អាស៊ីសេរីមិនអាចរកប្រភពទាក់ទង អ្នកស្រី សួន ចន្ទ្រា ដើម្បីសុំការបំភ្លឺជុំវិញការចោទប្រកាន់នេះបានទេ នៅថ្ងៃទី៦ វិច្ឆិកា។
មេឃុំស្រយង់ លោក ប៉ែន ឡាម ឲ្យដឹងថា មន្ត្រីសុរិយោដីស្រុក ធ្លាប់ចុះត្រួតពិនិត្យ និងវាស់វែងដីមានជម្លោះនោះដែរ ហើយមិនទាន់សម្រេចយ៉ាងណានៅឡើយទេ ហើយមកទល់ពេលនេះ សំណុំរឿងនេះឋិតក្នុងការស៊ើបអង្កេតរបស់តុលាការខែត្រព្រះវិហារ។ លោកបន្ថែមថា លិខិតបទដ្ឋាននានាពាក់ព័ន្ធដីធ្លីនេះ របស់អាជ្ញាធរឃុំមុនៗ បានបញ្ជូនទៅតុលាការរួចហើយដែរ ហើយឯកសារទាំងនោះ លោកពុំបានដឹងនោះទេ ព្រោះលោកទើបឡើងកាន់តំណែងជាមេឃុំនៅ ឆ្នាំ២០១៣៖ «ព្រោះពួកខ្ញុំបានរាយការណ៍ជូនអស់ហើយ ពីសភាពការណ៍កើតឡើងពាក់ព័ន្ធចម្រូងចម្រាសនោះ។ បញ្ហាដីរបស់លោក សាន ទូច និងសួន ចន្ទ្រា ឲ្យសមត្ថកិច្ចថ្នាក់លើត្រូតពិនិត្យជាក់ស្ដែង » ។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សយល់ថា ប្រសិនបើមន្ត្រីនគរបាលយុត្តិធម៌ បង្គាប់ឲ្យពលរដ្ឋផ្ដិតមេដៃដោយបង្ខំ គឺជាទម្រង់រំលោភសិទ្ធិពលរដ្ឋធ្ងន់ធ្ងរ និងបំពានច្បាប់។ លើសពីនេះ មន្ត្រីនគរបាលយុត្តិធម៌មុនពេលឲ្យពលរដ្ឋផ្ដិតមេដៃលើកំណត់ហេតុរបស់ខ្លួន ត្រូវអានខ្លឹមសារកំណត់ហេតុនោះឲ្យពលរដ្ឋស្ដាប់ជាមុនសិន»។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សអាដហុក (Adhoc) ខែត្រព្រះវិហារ លោក ឡោ ចាន់ ចាត់ទុកការចាប់ខ្លួនពលរដ្ឋមុនពេលដែលតុលាការមិនទាន់រកឃើញការពិត គឺជាទង្វើរំលោភសិទ្ធិសេរីភាពពលរដ្ឋ។ លោកបញ្ជាក់ថា សំណុំរឿងនេះ ពលរដ្ឋគ្រាន់តែច្រូតស្រូវលើដីដែលធ្លាប់កាន់កាប់កន្លងមក ហើយតុលាការមិនទាន់រកឃើញថា ដីតំបន់នោះជាដីរបស់នរណានោះទេ បែរជាការចាប់ខ្លួនពលរដ្ឋដើម្បីដោះស្រាយបញ្ហាទៅវិញ៖ «គឺមិនទាន់រកឃើញថា ដីហ្នឹងមិនទាន់ភាគីណាមួយពិតប្រាកដនៅឡើយ ដូច្នេះមិនទាន់សន្និដ្ឋានថា របស់ពលរដ្ឋ និងដីរបស់លោកជំទាវនៅឡើយ។ បើសិនថ្ងៃមុខស្ថាប័នតុលាការរកឃើញថា ដីហ្នឹងជាដីពលរដ្ឋ តើអ្នកណាជាអ្នកទទួលខុសត្រូវនូវការឃុំខ្លួនរបស់ពួកគាត់ឥឡូវនេះ»។
លោក ឡោ ចាន់ បន្ថែមថា ពលរដ្ឋទាំងនោះត្រូវបានគេចោទថា រំលោភលើដីរបស់អ្នកស្រី សួន ចន្ទ្រា និងបង្កបង្កើនផលលើដីនោះ ហើយអ្នកស្រី សួន ចន្ទ្រា បានដាក់ពាក្យប្ដឹងទៅតុលាការ។
អ្នកភូមិឲ្យដឹងថា ពលរដ្ឋមួយចំនួនដែលមានវិវាទដីធ្លីនៅតំបន់នោះ ធ្លាប់ត្រូវបានគេលួចដុតផ្ទះ ក៏ប៉ុន្តែពួកគាត់សង្ស័យថា ទំនងពាក់ព័ន្ធរឿងវិវាទដីធ្លីជាមួយអ្នកមានឥទ្ធិពល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។