ការបញ្ជូនជនជាប់ចោទតែម្នាក់មកនោះ គឺមកពីពន្ធនាគារមាត់ឃ្មង់ នៅជិតទីរួមខេត្ត ងាយស្រួលក្នុងការស៊ើបពីសំណាក់ព្រះរាជអាជ្ញា ឬមេធាវី ដោយសារជនជាប់ចោទដែលត្រូវបញ្ជូនមកនោះ ជាអនីតិជន។
ជាកម្មករសំណង់ដែលចំណាកស្រុកមកពីស្រុកមេសាង ខេត្តព្រៃវែង លោក ផន យន អាយុ ៤៧ឆ្នាំ ជាឪពុកជនជាប់ម្នាក់ឈ្មោះ យន សុខជា អាយុ ១៧ឆ្នាំ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៣ មករា ក្នុងពេលកម្មករធ្វើបាតុកម្មទាមទារប្រាក់ខែគោល ១៦០ដុល្លារ នៅមុខសួនឧស្សាហកម្មកាណាឌីយ៉ា។ លោក ផន យន បានបន្តថា កូនរបស់លោកត្រូវបានបញ្ជូនមកពន្ធនាគារមាត់ឃ្មង់ កាលពីថ្ងៃទី១៩ មករា ដោយលោកឮខាងមេធាវីរបស់លោកថា ស្នើសុំឱ្យកូនលោកនៅក្រៅឃុំ ដោយសារកូនគាត់ជាអនីតិជន ហើយគេក៏បញ្ជូនមកពន្ធនាគារមាត់ឃ្មង់។
លោកបន្តថា លោក និងប្រពន្ធ បានចូលមើលពីស្ថានភាពរបស់កូននៅពន្ធនាគារមាត់ឃ្មង់ អាការៈគ្រាន់បើហើយ ប៉ុន្តែរបួសដៃឆ្វេងដែលសមត្ថកិច្ចបានជាន់លើ បណ្ដាលឱ្យបាក់នោះ លោកសង្ស័យថា កូនលោកនឹងអាចក្លាយជាមនុស្សពិការដៃឆ្វេងជារៀងរហូតហើយ ប្រសិនបើមិនអាចយកមកព្យាបាលឱ្យបានត្រឹមត្រូវនោះទេ។
លោក ផន យន៖ «ទៅជួបហ្នឹងវារាងធូរបន្តិច វាមិនសូវឈឺចាប់ទេ ប៉ុន្តែដៃនៅហើមស្ពោរ នៅត្រពាំងផ្លុង ហ្នឹង។ ហើយនៅពេលដែលគេបញ្ជូនមកមាត់ឃ្មង់ ជិតគល់ស្ពានមាត់ឃ្មង់ ហ្នឹង ជិតខេត្តកំពង់ចាម ដែរហ្នឹង ខ្ញុំទៅហ្នឹងដូចថាវាធូរហើយ ប៉ុន្តែដៃហ្នឹងកំរើកអត់រួចទេ ឆ្អឹងហ្នឹងសង្ស័យតែជួបគ្នាហើយយ៉ាងនៅពោលហើមប៉ុណ្ណាណីហ្នឹង។ បាទ! អាណិតកូនចង់ងាប់ ហើយបងអ្ហើយ មិនដឹងធ្វើយ៉ាងម៉េចទេរាល់ថ្ងៃ។ រកស៊ីបានវានៅហ្នឹងហើយ ដោះបំណុលគេ ដល់វាទៅបាត់អ៊ីចឹងទៅ នៅតែម្តាយហ្នឹង គ្នាគ្មានធ្វើអីកើត គ្នានៅកើតទុក្ខតែកូនចៅហ្នឹង»។
លោកបញ្ជាក់ថា ដោយសារតែគ្រួសារមានជីវភាពក្រីក្រពេក ហើយម្យ៉ាងជំពាក់បំណុលគេ ទើបបង្ខំចិត្តនាំកូនដែលមិនគ្រប់អាយុធ្វើការ ដើម្បីរកប្រាក់សងបំណុលគេ ប៉ុន្តែបែរជាជួបរឿងអកុសលទៅវិញ។ លោកអំពាវនាវឱ្យអង្គការក្រៅរដ្ឋាភិបាលជួយអន្តរាគមន៍ឱ្យកូនលោករួចផុតពីការចោទប្រកាន់ ហើយសុំឱ្យដោះលែងឲ្យមានសេរីភាពវិញផង ពីព្រោះកូនគាត់ត្រូវបានសមត្ថកិច្ចចាប់នៅក្នុងផ្ទះជួល ខណៈដែលកូនលោកគ្រាន់តែឈរមើលគេនោះ។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) នៅខេត្តកំពង់ចាម លោក នាង សាវ៉ាត យល់ថា ការបញ្ជូនមកនោះ គឺមិនទាក់ទងទោសណាធ្ងន់ ឬស្រាលទេ ប៉ុន្តែអ្វីដែលសំខាន់ គឺដើម្បីការពន្លឿនរបស់មេធាវី និងព្រះរាជអាជ្ញា ពីព្រោះជនជាប់ចោទជាអនីតិជន។ លោកបន្តថា ដោយប្រការនេះ គេនឹងអាចពន្លឿននីតិវិធីមុនគេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
