អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កោះ​ហៅ​បុគ្គល​៨​នាក់​បន្ថែម​ក្នុង​ករណី​ចោទ​របស់​អ្នក​នាង​ស្រី​មុំ

0:00 / 0:00

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ នៅ​ថ្ងៃ​ទី​២៥ មេសា ចេញ​លិខិត​កោះ​ហៅ​បុគ្គល ៨​នាក់​បន្ថែម​ទៀត ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​របស់​អ្នក​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ ដែល​ថា​រូប​នាង​ត្រូវ​បាន​ណែនាំ​ឲ្យ​ផ្ដល់​ចម្លើយ​មិន​ពិត​ដល់​អាជ្ញាធរ។ ការ​កោះ​ហៅ​នេះ ធ្វើ​ឡើង​ក្រោយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ចាប់​ខ្លួន​លោក​មេ​ឃុំ ស៊ាង ចែត មក​ពី​គណបក្ស សម រង្ស៊ី នៅ​ឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ មេសា។

បុគ្គល​ទាំង ៨​នាក់​នោះ​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ កោះ​ហៅ រួម​មាន អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក នី ចរិយា ប្រធាន​អង្គការ​សីលការ អ្នកស្រី ធីតា ឃឹះ មន្ត្រី​នៃ​ការិយាល័យ​ឧត្ដម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា គឺ​លោក សឺន សាលី និង​មន្ត្រី ៥​រូប​ទៀត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC)។ មន្ត្រី ៥​រូប​នោះ​រួម​មាន លោក នី សុខា ជា​ប្រធាន​ផ្នែក​ស៊ើប​អង្កេត អ្នកស្រី លឹម មុនី ជា​មន្ត្រី​អង្កេត​ជាន់​ខ្ពស់ អ្នកស្រី ទ្រី ឈូន ធ្លាប់​ជា​មេធាវី​របស់​អ្នក​នាង ស្រី​មុំ រួម​ទាំង​លោក យី សុខសាន្ត និង​លោក ណៃ វ៉ង់ដា ដែល​អ្នក​ទាំង​ពីរ​ជា​អនុប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក។

តប​ទៅ​នឹង​លិខិត​កោះ​ហៅ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នេះ បុគ្គល​មួយ​ចំនួន​ក្នុង​ចំណោម​បុគ្គល​ដែល​ត្រូវ​បាន​កោះ​ហៅ បញ្ជាក់​ថា ពួក​គេ​កំពុង​ត្រៀម​ខ្លួន​ចូល​បំភ្លឺ រីឯ​ខ្លះ​ទៀត រក្សា​ភាព​ស្ងៀមស្ងាត់​មិន​ឆ្លើយ​តប​នឹង​អ្នក​សារព័ត៌មាន។

ប្រធាន​អង្គការ​សីលការ អ្នកស្រី ធីតា ឃឹះ បញ្ជាក់​ថា អ្នកស្រី​កំពុង​ពិគ្រោះ​ផ្នែក​ច្បាប់​ជាមួយ​មេធាវី ដើម្បី​ត្រៀម​ខ្លួន​ចូល​បំភ្លឺ​តាម​ការ​កោះ​ហៅ។

ដូច​គ្នា​ដែរ អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក នី ចរិយា និង​ជា​អតីត​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក ដែល​ទទួល​បាន​លិខិត​កោះ​ហៅ​ដែរ​នោះ បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ ថា​តើ​ហេតុ​អ្វី​លោក​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​នេះ​ទេ? លោក​គ្រាន់​តែ​បញ្ជាក់​ថា រូប​លោក​នឹង​ចូល​ខ្លួន​បំភ្លឺ​តាម​ការ​កោះ​ហៅ៖« ខ្ញុំ​មិន​ដឹង​ម៉េច​ដែរ​ហ្នឹង ប៉ុន្តែ​ឥឡូវ​ខ្ញុំ​មិន​ធ្វើ​អត្ថាធិប្បាយ​អី​ទេ ចាំ​ដល់​ថ្ងៃ​២៨ ហ្នឹង ខ្ញុំ​នឹង​ទៅ​ឆ្លើយ​បំភ្លឺ​ឲ្យ​ស្ថាប័ន​ទៅ​ចប់​ហើយ»។

មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក គឺ​លោក ឡាត់ គី សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ទង្វើ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ៖ « សមាគម​យើង​មាន​ការ​សោកស្ដាយ​មែន​ទែន ដោយសារ​តែ​យើង​ទទួល​បាន​ដីកា​ហ្នឹង។ មិន​យ៉ាង​ម៉េច​ទេ យើង​គ្រាន់​តែ​នឹង​ចូល​ទៅ​បំភ្លឺ​តាម​អ្វី​ដែល​ជា​ការ​ចង់​បាន​របស់​ខាង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ»។

ជុំវិញ​ការ​កោះ​ហៅ លោក សឺន សាលី ដែល​ជា​មន្ត្រី​នៃ​ការិយាល័យ​ឧត្ដម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា វិញ វិទ្យុ​អាស៊ីសេរី មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​ពី​ស្ថាប័ន​អន្តរជាតិ​នេះ​នៅ​ឡើយ​នា​រសៀល​ថ្ងៃ​ទី​២៥ មេសា។

លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ថ្លែង​ថា ប្រសិន​បើ​បុគ្គល​ទាំង ៨​រូប​មិន​បង្ហាញ​ខ្លួន​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​តាម​ការ​កោះ​ហៅ​ទេ អង្គភាព​នេះ​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ឬ​ឈាន​ទៅ​ដល់​ការ​នាំ​ខ្លួន។

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ចេញ​លិខិត​កោះ​ហៅ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ទាំង ៨​នាក់​នេះ នៅ​បន្ទាប់​ពី​អ្នក​នាង ស្រី​មុំ បាន​សរសេរ​លិខិត​ចំនួន ៤​ទំព័រ រៀបរាប់​អំពី​រឿង​អាស្រូវ​ទំនាក់ទំនង​ស្នេហា​ជាមួយ​លោក កឹម សុខា។ ក្នុង​លិខិត​នោះ ស្រី​មុំ បាន​បញ្ចេញ​ឈ្មោះ​មួយ​ចំនួន​ក្នុង​ចំណោម​មនុស្ស​ទាំង ៨​នាក់​នោះ ថា​បាន​ណែនាំ​នាង​ឲ្យ​ផ្ដល់​ចម្លើយ​មិន​ពិត​ដល់​អាជ្ញាធរ។

នៅ​យប់​ថ្ងៃ​ទី​២៥ មេសា តំណាង​ការិយាល័យ​ឧត្ដម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី វ៉ាន់ ហ៊ាលី (Wan-Hea Lee)បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​សារ​អេឡិចត្រូនិក​ថា ស្ថាប័ន​នេះ​ទទួល​បាន​លិខិត​កោះ​ហៅ​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ហើយ។ អ្នកស្រី​ឲ្យ​ដឹង​ថា ការិយាល័យ​ឧត្ដម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា នឹង​ឆ្លើយ​តប​នឹង​លិខិត​នោះ​តាម​ពេលវេលា​កំណត់។ ក្នុង​សារ​អេឡិចត្រូនិក​នោះ អ្នកស្រី វ៉ាន់ ហ៊ាលី ក៏​បញ្ជាក់​ដែរ​ថា ក្នុង​ករណី ស្រី​មុំ មន្ត្រី​នៃ​ការិយាល័យ​ឧត្ដម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា លោក សឺន សាលី បាន​បំពេញ​ភារកិច្ច​ស្រប​តាម​គោលការណ៍​របស់​អង្គការ​សហប្រជាជាតិ ទាំង​ស្រុង ក្នុង​ការ​ការពារ​សិទ្ធិ​មនុស្ស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។