សមាជិក​សភា​តំបន់​អាស៊ី​អាគ្នេយ៍​អំពាវនាវ​ឲ្យ​ស៊ើប​ករណី​បាញ់​សម្លាប់​មនុស្ស​ពេល​ធ្វើ​បាតុកម្ម

ករណី​បាញ់​ស្ត្រី​លក់​បាយ​ស្លាប់ និង​ករណី​បាញ់​កម្មករ​សំណង់​ស្លាប់​នៅ​ស្ពាន​ក្បាល​ថ្នល់​នោះ មក​ទល់​ពេល​នេះ គណៈកម្មការ​ស៊ើប​អង្កេត​របស់​រដ្ឋាភិបាល​រក​ឃាតក​មិន​ទាន់​ឃើញ​នៅ​ឡើយ។ ទន្ទឹម​នឹង​នេះ សមាជិក​សភា​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ បាន​ជំរុញ​ឲ្យ​អង្គការ​សហប្រជាជាតិ និង​សហគមន៍​អន្តរជាតិ ត្រូវ​ប្រកាន់​ជំហរ​ឲ្យ​រឹងមាំ និង​ធ្វើ​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ ចំពោះ​ការ​បាញ់​ប្រហារ​នៅ​ពេល​ធ្វើ​បាតុកម្ម​នេះ។

0:00 / 0:00

សមាជិក​សភា​មក​ពី​ទូទាំង​តំបន់​អាស៊ី​អាគ្នេយ៍ បាន​អំពាវនាវ​ឲ្យ​អង្គការ​សហប្រជាជាតិ និង​សហគមន៍​អន្តរជាតិ ត្រូវ​តែ​ធ្វើ​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ លើ​ករណី​បាញ់​សម្លាប់​មនុស្ស​ពីរ​នាក់​នៅ​ពេល​ធ្វើ​បាតុកម្ម​កន្លង​មក និង​ត្រូវ​ដាក់​សម្ពាធ​មក​លើ​រដ្ឋាភិបាល​កម្ពុជា ចំពោះ​ករណី​នេះ។

សមាជិក​សភា​មក​ពី​តំបន់​អាស៊ី​អាគ្នេយ៍ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា​នៅ​ថ្ងៃ​ទី​២៨ វិច្ឆិកា ថា ការ​បាញ់​សម្លាប់​ស្ត្រី​លក់​បាយ អេង សុខុម នៅ​ស្ទឹងមានជ័យ នៅ​ពេល​សមត្ថកិច្ច​បង្ក្រាប​បាតុកម្ម​កាល​ពី​ថ្ងៃ​ទី​១២ វិច្ឆិកា និង​ការ​បាញ់​សម្លាប់​កម្មករ​សំណង់​ម្នាក់​ទៀត ឈ្មោះ ម៉ៅ សុខចន្ទ នោះ គឺ​បង្ក​ឡើង​ដោយ​ក្រុម​សមត្ថកិច្ច ហើយ​រដ្ឋាភិបាល​ជា​អ្នក​ទទួល​ខុស​ត្រូវ​ដើម្បី​បញ្ចប់​និទ្ទណ្ឌភាព។

សមាជិក​សភា​អាស៊ាន និង​ជា​អនុ​ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស លោក ក្រៃសាក់ ឈុនហាវ៉ាន់ (Kraisak Choonhavan) មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ​ថា អង្គការ​សហប្រជាជាតិ និង​សហគមន៍​អន្តរជាតិ ត្រូវ​ប្រកាន់​ជំហរ​ដាក់​ទោស​លើ​ឧក្រិដ្ឋជន​ដែល​ប្រព្រឹត្ត​បទ​ល្មើស ដែល​គេ​ដឹង​ជា​ទូទៅ​នោះ។ លោក​បន្ថែម​ថា ការ​បាញ់​សម្លាប់ លោក ម៉ៅ សុខចន្ទ នៅ​ស្ពាន​ក្បាល​ថ្នល់ នៅ​ថ្ងៃ​ទី​១៥ កញ្ញា នៅ​ខណៈ​សមត្ថកិច្ច​បើក​ការ​បាញ់​ប្រហារ​ទៅ​លើ​ហ្វូង​មនុស្ស ដែល​ភាគ​ច្រើន​ជា​បាតុករ​របស់​គណបក្ស​សង្គ្រោះ​ជាតិ មក​ទល់​ពេល​នេះ រដ្ឋាភិបាល​មិន​បាន​តាម​ដាន​ធ្វើ​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់​លាស់​នៅ​ឡើយ។

«សំឡេង»

ដោយ​បង្កើត​អោយ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​មួយ និង​ដោយ​ការ​ស្វែង​រក​អោយ​រដ្ឋាភិបាល​កម្ពុជា ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ខកខាន​របស់​ខ្លួន មិន​ធ្វើ​ការ​ស៊ើប​អង្កេត​អោយ​បាន​ត្រឹមត្រូវ ស្រប​តាម​និយាម​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​លើ​ការ​ស្លាប់​ទាំង​នេះ យើង​មិន​ត្រឹម​តែ​ជួយ​រក​យុត្តិធម៌​ដល់​គ្រួសារ​ជន​រងគ្រោះ​ប៉ុណ្ណោះ​ទេ តែ​យើង​ថែម​ទាំង​ផ្ញើ​សារ​ច្បាស់​លាស់​មួយ​ថា និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​សម្រាប់​មន្ត្រី​រដ្ឋាភិបាល​នឹង​មិន​ត្រូវ​អត់​អោន​អោយ​ឡើយ។

មន្ត្រី​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ករណី​នេះ សមត្ថកិច្ច​នៅ​តែ​បើក​ចំហ​ស៊ើប​អង្កេត​នៅ​ឡើយ ដើម្បី​រក​ជន​ដៃដល់។ លោក​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា ប្រឆាំង​ដាច់​ខាត​ចំពោះ​ការ​ប្រើ​អំពើ​ហិង្សា​ប្រឆាំង​បាតុករ​នោះ។

«សំឡេង»

ទោះ​ជា​យ៉ាង​នេះ​ក្ដី ប្រធាន​អង្គការ​អ្នក​ច្បាប់​នៅ​អាស៊ី​អាគ្នេយ៍ ធ្វើ​ការ​ដើម្បី​រក​សន្តិភាព​នៅ​ប្រទេស​ភូមា និង​ជា​សមាជិក​សភា​ឥណ្ឌូនេស៊ី អ្នកស្រី អេវ៉ា កូសូមាសាន់ដារី (Eva Kusuma Sundari) មាន​ប្រសាសន៍​ថា ការ​បាញ់​ប្រហារ​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​នេះ ជា​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល ដើម្បី​ធានា​នូវ​ប្រព័ន្ធ​យុត្តិធម៌ និង​មិន​ត្រូវ​អត់​ឱន​ឲ្យ​បាន​នូវ​អំពើ​ហិង្សា​នយោបាយ។

អ្នកស្រី​បញ្ជាក់​ថា ប្រទេស​អាស៊ាន​ទាំងអស់​ត្រូវ​តែ​រក​មធ្យោបាយ ដើម្បី​បញ្ចប់​អំពើ​ហិង្សា​ដែល​បង្ក​ឡើង​ដោយ​សមត្ថកិច្ច​របស់​រដ្ឋាភិបាល នៅ​មុន​ពេល​អាស៊ាន​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច។

អ្នកស្រី​បន្ថែម​ថា អ្នកស្រី​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ថា និន្នាការ​ជា​ទូទៅ​នៃ​អំពើ​ហិង្សា និង​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​ក្នុង​ប្រទេស​សមាជិក​អាស៊ាន វា​នឹង​រឹត​តែ​អាក្រក់ ប្រសិន​បើ​បញ្ហា​ធ្ងន់ធ្ងរ​នេះ​នៅ​បន្ត​កប់​ចោល​មិន​ដោះស្រាយ ហើយ​បែរ​ជា​ផ្ដោត​តែ​ទៅ​លើ​ផ្នែក​ទំនាក់​ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ទៅ​វិញ​នោះ។ អាស៊ាន​ត្រូវ​តែ​ផ្លាស់​ប្ដូរ និង​ត្រូវ​ចាប់​ផ្ដើម​ផ្ដោត​សំខាន់​លើ​សុខមាលភាព​ជា​មូលដ្ឋាន​លើ​ពលរដ្ឋ​របស់​ខ្លួន​ជា​មុន។

សមាជិក​សភា​ទាំងអស់​នោះ ចង់​ឃើញ​ប្រទេស​កម្ពុជា ធ្វើ​ដំណើរ​ឆ្លង​កាត់​ពេល​វេលា​លំបាក​នេះ​ប្រកប​ដោយ​សន្តិវិធី។ ភាព​ខកខាន​របស់​រដ្ឋាភិបាល មិន​ធ្វើ​ការ​ស៊ើប​អង្កេត​អោយ​បាន​ត្រឹមត្រូវ​ចំពោះ​អំពើ​ហិង្សា​ប្រព្រឹត្ត​ដោយ​កម្លាំង​សមត្ថកិច្ច កំពុង​តែ​បង្កើត​អោយ​មាន​គ្រោះ​ថ្នាក់ និង​អាច​បណ្ដាល​អោយ​រាល​ដាល​អំពើ​ហិង្សា​ក្នុង​កំឡុង​ពេល​ដែល​មាន​ភាព​តានតឹង​នយោបាយ​នៅ​កម្ពុជា។

ម្យ៉ាង​ទៀត អង្គការ​សហប្រជាជាតិ និង​សហគមន៍​អន្តរជាតិ ត្រូវ​តែ​ដាក់​សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ឲ្យ​រដ្ឋាភិបាល​កម្ពុជា មាន​ការ​ប្ដេជ្ញា​ចិត្ត​គោរព​សិទ្ធិ​មនុស្ស​តាម​និយាម​អន្តរជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។