តំណាងកម្មករនៅរោងចក្រ អ៊ែជ្យាយល៍ ស្វេតថឺ (Agile Sweater) ៣នាក់ ដែលរងរបួសដោយសារការវាយដោយក្រុមមនុស្សរបស់រោងចក្រ ត្រៀមដាក់ពាក្យប្ដឹងជនបង្ករបួសស្នាមទៅសាលាដំបូងខេត្តកំពង់ស្ពឺ។ តំណាងកម្មករទទូចឲ្យភាគីរោងចក្រទទួលខុសត្រូវទៅលើការបង្កហិង្សាកាលពីថ្ងៃទី១២ ខែមករា។
តំណាងកម្មករដែលរងរបួសម្នាក់ ឈ្មោះ លោក គីម ខួច ឲ្យដឹងពីកន្លែងសម្រាកព្យាបាលរបួស នៅថ្ងៃទី១៣ ខែមករា ថា ក្រុមកម្មករកម្មការិនី អ៊ែជ្យាយល៍ ស្វេតថឺ បានពឹងពាក់ពួកគេដែលជាសហជីពតំណាងចលនាកម្មករឲ្យជួយដោះស្រាយជាមួយថៅកែ ទាមទារលក្ខខណ្ឌការងារបន្ទាប់ពីតវ៉ាអស់ជាច្រើនថ្ងៃពុំទទួលបានលទ្ធផល។ លោកបន្តថា ភាគីរោងចក្រត្រូវតែទទួលខុសត្រូវចំពោះហិង្សាដែលបានកើតឡើងចំពោះសហជីពនិងកម្មករ៖ «គ្នាគេច្រើននាក់ ហើយមានដំបងជាប់នឹងដៃ ចំណែកពួកខ្ញុំវិញមានគ្នាតែ ១០នាក់ទេ ប៉ុន្តែអត់មានអាវុធមានអីទេ ព្រោះទៅក្នុងលក្ខណៈការចរចាគ្នា ដល់ពេលចុះទៅគេវាយពួកខ្ញុំតែម្ដង»។
ឆ្លើយតបនឹងបញ្ហានេះ ប្រធានរដ្ឋបាលរោងចក្រ អ៊ែជ្យាយល៍ ស្វេតថឺ អ្នកស្រី ជិន សាន់ឌី មានប្រសាសន៍ថា បើទោះជាតំណាងកម្មករដាក់ពាក្យប្ដឹងទៅខាងណាក៏ដោយ គឺខាងរោងចក្រមិនទទួលខុសត្រូវចំពោះហេតុការណ៍ដែលផ្ទុះហិង្សាបង្ករបួសស្នាមដាក់គ្នារបស់ក្រុមកម្មករនោះឡើយ៖ «ពួកខ្ញុំអត់ទទួលស្គាល់ទេ ព្រោះមិនមែនខាងក្រុមហ៊ុនទៅវាយគ្នាជាមួយក្រុមកម្មករឡើយ ដូច្នេះអ្នកណាបង្កហិង្សាឲ្យពួកគេទទួលខុសត្រូវខ្លួនឯងទៅ»។
ប្រធានសហជីពចលនាកម្មករកម្ពុជា លោក ម៉ាន សាបាន ថ្លែងថា ករណីដែលបានកើតឡើងនោះ គឺដោយសារខាងភាគីរោងចក្រខឹងសម្បានឹងតំណាងសហជីពដែលចុះជួយក្រុមកម្មករតវ៉ារឿងលក្ខខណ្ឌការងារក្នុងរោងចក្រ។ លោកបន្តថា ភាគីរោងចក្រមិនគួរឆ្លើយបដិសេធការទទួលខុសត្រូវបែបនេះឡើយ៖ «យើង គួរតែផ្ដល់យុត្តិធម៌ដោយអព្យាក្រឹត្យតាមការកំណត់ក្នុងច្បាប់ ទាំងសង្ខាង មិនថាអ្នកក្រ ឬអ្នកមានទ្រព្យធនឡើយ ព្រោះអ្នកដែលទៅការពារសិទ្ធិសេរីភាពកម្មករត្រូវគេវាយធ្វើបាបបែរ ជាមានទោស ហើយអ្នកវាយគេរួចទោសនោះទេ»។
ការតវ៉ាទាមទាររបស់កម្មកររោងចក្រនៅខេត្តកំពង់ស្ពឺ ជាច្រើនរយនាក់នៅមុខរោងចក្រ អ៊ែជ្យាយល៍ ស្វេតថឺ កាលពីព្រឹកថ្ងៃទី១២ ខែមករា បានផ្ទុះអំពើហិង្សា និងបណ្តាលឱ្យតំណាងកម្មកររោងចក្រ ៣នាក់ គឺលោក ហ៊ុន វណ្ណា លោក គឹម ខួច និងលោក ហាស់ ចន្នី រងរបួសធ្ងន់បញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យក្រុងភ្នំពេញ និង ៥នាក់ផ្សេងទៀត ត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួន។
វិទ្យុអាស៊ីសេរី ពុំអាចទាក់ទងស្នងការនគរបាលខេត្តកំពង់ស្ពឺ ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី១៣ ខែមករា។
យ៉ាងណាតំណាងកម្មករ ៥រូប ដែលសមត្ថកិច្ចចាប់ខ្លួន រហូតមកទល់ពេលនេះពុំដឹងសមត្ថកិច្ចនាំពួកគេទៅឃុំខ្លួននៅទីកន្លែងណា ហើយដោះលែងនៅពេលណានៅឡើយ។ តំណាងសហជីពចលនាកម្មករកម្ពុជាព្រមានថា ប្រសិនបើអាជ្ញាធរពាក់ព័ន្ធមិនដោះលែងពួកគេទេ នោះក្រុមកម្មករប្រមាណ ៦ម៉ឺននាក់ នឹងប្រមូលផ្តុំគ្នាតវ៉ាក្នុងពេលឆាប់ៗខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។