ACU បដិសេធ​ថា​មិន​បាន​រំលោភ​នីតិវិធី​ក្រម​ព្រហ្មទណ្ឌ​ក្នុង​ការ​ឃាត់​មន្ត្រី​អាដហុក​និង​មន្ត្រី​គ.ជ.ប

0:00 / 0:00

ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) បដិសេធ​ថា ខ្លួន​មិន​បាន​រំលោភ​ច្បាប់​ក្នុង​ការ​ឃាត់​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) និង​មន្ត្រី គ.ជ.ប ឡើយ។ ប្រតិកម្ម​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​មេធាវី​របស់​បុគ្គលិក​សមាគម​សិទ្ធិ​មនុស្ស​អាដហុក ប្រកាស​ថា ACU មិន​ឲ្យ​ពួក​គេ​ជួប​កូន​ក្តី​របស់​ខ្លួន​ក្រោយ​ការ​ឃាត់​ខ្លួន​រយៈពេល ២៤​ម៉ោង​ដូច​ច្បាប់​កំណត់ ប៉ុន្តែ​រង់ចាំ​រហូត​ដល់​ជាង ៦០​ម៉ោង ទើប​អនុញ្ញាត​ឲ្យ​ជួប​នៅ​តុលាការ​តែ​ម្តង។

លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ មាន​ប្រសាសន៍​ថា លោក​មិន​បាន​ធ្វើ​ផ្ទុយ​ពី​ច្បាប់​ដូច​ការ​ចោទ​ប្រកាន់​របស់​មេធាវី នៅ​ក្នុង​ដំណើរ​នីតិវិធី​ឃាត់​ខ្លួន​ជន​សង្ស័យ ៥​រូប ដែល ៤​រូប​ជា​មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក និង ១​រូប​ទៀត​ជា​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ពាក់ព័ន្ធ​នឹង​ការ​សូកប៉ាន់​សាក្សី​នោះ​ឡើយ។

លោក ឱម យ៉ិនទៀង អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ក្រុម​មេធាវី​ទាំង​នោះ​កំពុង​បង្ខូច​ឈ្មោះ ACU។ លោក​បន្ត​ថា ប្រសិន​បើ​អង្គភាព​របស់​លោក​ធ្វើ​ខុស​នីតិវិធី ដោយ​មិន​អនុញ្ញាត​ឲ្យ​មេធាវី​ជួប​កូន​ក្តី ម្ល៉េះ​មេធាវី​ទាំង​នោះ​ប្ដឹង​លោក​បាត់​ទៅ​ហើយ៖« ខ្ញុំ​គិត​ថា គាត់​ដើរ​មួលបង្កាច់​ពី​ក្រោយ​ខ្នង​ដើម្បី​សម្អុយ​យើង​ខ្ញុំ។ បើ​យើង​ខ្ញុំ​ខុស​ឆ្គង អ៊ីចឹង​គាត់​ប្ដឹង​ខ្ញុំ​បាត់​ហើយ។ យើង​ខ្ញុំ​ត្រៀម​ដើម្បី​ឡើង​តុលាការ »

ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​មាត្រា​៩៨ ស្ដីពី​ជំនួយ​របស់​មេធាវី​នៅ​ក្នុង​ពេល​ឃាត់​ខ្លួន​ចែង​ថាក្នុង​រយៈពេល ២៤​ម៉ោង​បាន​កន្លង​ផុត​ទៅ តាំង​ពី​ពេល​ផ្ដើម​នៃ​ការ​ឃាត់​ខ្លួន​មក​នោះ បុគ្គល​ដែល​ឃាត់​ខ្លួន​អាច​សុំ​សន្ទនា​ជាមួយ​មេធាវី ឬ​ជាមួយ​ជន​ណា​ម្នាក់​ដែល​ខ្លួន​ជ្រើសរើស កុំ​ឲ្យ​តែ​ជន​នេះ​មាន​ការ​ទាក់ទិន​នៅ​ក្នុង​រឿង​ជាមួយ។ ជន​នេះ​ត្រូវ​បាន​ទទួល​ដំណឹង​ពី​ការ​ស្នើសុំ​ជ្រើសរើស​នេះ តាម​គ្រប់​មធ្យោបាយ និង​ជា​បន្ទាន់។ ជន​នេះ​អាច​ចូល​ទៅ​កាន់​កន្លែង​ឃាត់​ខ្លួន និង​ទាក់ទង​ជាមួយ​បុគ្គល​សាមី​ខ្លួន​បាន ៣០​នាទី ក្នុង​លក្ខខណ្ឌ​ធានា​ការ​សម្ងាត់​នៃ​ការ​សន្ទនា​នេះ។ ក្រោយ​ការ​សន្ទនា​ជន​នេះ អាច​ធ្វើ​កំណត់​សម្គាល់​ជា​លាយលក្ខណ៍​អក្សរ​ដែល​ត្រូវ​ភ្ជាប់​ជាមួយ​សំណុំ​រឿង។

អ្នកស្រី គា សុផល មេធាវី​ម្នាក់​ក្នុង​ចំណោម​មេធាវី ៦​នាក់ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១ ឧសភា ថា វា​ជា​ការ​ពិត​ដែល ACU មិន​អនុញ្ញាត​ឲ្យ​ក្រុម​មេធាវី​របស់​អ្នកស្រី​ជួប​កូន​ក្តី ក្រោយ​ពី​រយៈពេល ២៤​ម៉ោង​បាន​កន្លង​ផុត ហើយ​ក្រុម​មេធាវី​របស់​អ្នកស្រី កំពុង​ពិចារណា​ដាក់​ពាក្យ​ប្ដឹង ACU ថា​បំពាន​នីតិវិធី​ក្រម​ព្រហ្មទណ្ឌ៖« ពួក​យើង​ធ្វើ​អ្វី​ក៏​ទៅ​តាម​នីតិវិធី​ដែរ។ យើង​មិន​សម្អុយ​បង្ខូច​ការ​ពិត​ទេ។ យើង​បាន​គិត​ហើយ ប៉ុន្តែ​យើង​មិន​ធ្វើ​ការ​បកស្រាយ​ទេ។ ហើយ​អ្វី​ដែល​យើង​និយាយ​មិន​បង្កាច់​មួល​ទេ វា​ជា​ការ​ពិត វា​ខុស វា​លើស​នីតិវិធី​មែន លើស​ម៉ោង​មែន »

ចំណែក​មេធាវី​ការពារ​ក្តី​ឲ្យ​មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក មួយ​រូប​ទៀត គឺ​លោក ហួន ជុនឌី បញ្ជាក់​ថា ACU ពិត​ជា​បាន​បំពាន​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​មាត្រា​៩៨។ លោក​ថា ACU បាន​ឃាត់​ខ្លួន​កូន​ក្តី​របស់​លោក​នៅ​ថ្ងៃ​ទី​២៨ មេសា វេលា​ម៉ោង ៨​ព្រឹក៖« អ៊ីចឹង​បើ​គិត​ពី​ថ្ងៃ​២៨ ម៉ោង ៨​ព្រឹក​វិញ មក​ទល់​នឹង​ថ្ងៃ​២៩ ព្រឹក​នោះ ប្រហែល​ជា​ខ្ទង់​ម៉ោង​៩ ឬ​ម៉ោង​១០ ដែល​ខ្ញុំ​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ហ្នឹង វា​លើស ២៤​ម៉ោង​ហើយ ហើយ​មាត្រា​៩៨ ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ចែង​ថា មេធាវី​អាច​ចូល​ជួប​កូន​ក្តី​របស់​ខ្លួន​ដើម្បី​សន្ទនា​ផ្សេងៗ​ក្រោយ​ការ​ឃាត់​ខ្លួន​ក្នុង​រយៈពេល ២៤​ម៉ោង។ អ៊ីចឹង​លើស ២៤ ចាប់​ពី​ពេល​ចូល​ទៅ​ក្នុង​អង្គភាព គប្បី​ពួក​ខ្ញុំ​មាន​សិទ្ធិ​ចូល​សន្ទនា​ជាមួយ​នឹង​កូន​ក្តី​ហើយ។ ( ប៉ុន្តែ ) គាត់ ( លោក ឱម យ៉ិនទៀង ) បាន​ប្រកាស​ឃាត់​ខ្លួន​កូន​ក្តី​របស់​ខ្ញុំ​ហ្នឹង​គិត​ពី​ម៉ោង ៨​យប់​វិញ »

ទោះ​បី​ជា​យ៉ាង​ណា ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង នៅ​តែ​អះអាង​ថា មេធាវី​ទាំង​នោះ​មិន​យល់​ពី​ច្បាប់៖ «សុំ​មើល​មាត្រា​ហ្នឹង​ឡើង​វិញ​ទៅ ហើយ​និយាយ​គ្នា​តាំង​ពី​ដក​ឃ្លា តាំង​ពី​ខណ្ឌ តាំង​ពី​ក្បៀស​ឡើង​វិញ​ទៅ មិន​គួរ​គាត់​ធ្វើ​ល្ងង់ ហើយ​បំភ័ន្ត​សាធារណមតិ​របៀប​ហ្នឹង​ទេ »

ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​មាត្រា​៩៨ ស្ដីពី​ជំនួយ​របស់​មេធាវី​នៅ​ក្នុង​ពេល​ឃាត់​ខ្លួន​ចែង​ថា « ក្នុង​រយៈពេល ២៤​ម៉ោង​បាន​កន្លង​ផុត​ទៅ តាំង​ពី​ពេល​ផ្ដើម​នៃ​ការ​ឃាត់​ខ្លួន​មក​នោះ បុគ្គល​ដែល​ឃាត់​ខ្លួន​អាច​សុំ​សន្ទនា​ជាមួយ​មេធាវី ឬ​ជាមួយ​ជន​ណា​ម្នាក់​ដែល​ខ្លួន​ជ្រើសរើស កុំ​ឲ្យ​តែ​ជន​នេះ​មាន​ការ​ទាក់ទិន​នៅ​ក្នុង​រឿង​ជាមួយ។ ជន​នេះ​ត្រូវ​បាន​ទទួល​ដំណឹង​ពី​ការ​ស្នើសុំ​ជ្រើសរើស​នេះ តាម​គ្រប់​មធ្យោបាយ និង​ជា​បន្ទាន់។ ជន​នេះ​អាច​ចូល​ទៅ​កាន់​កន្លែង​ឃាត់​ខ្លួន និង​ទាក់ទង​ជាមួយ​បុគ្គល​សាមី​ខ្លួន​បាន ៣០​នាទី ក្នុង​លក្ខខណ្ឌ​ធានា​ការ​សម្ងាត់​នៃ​ការ​សន្ទនា​នេះ។ ក្រោយ​ការ​សន្ទនា​ជន​នេះ អាច​ធ្វើ​កំណត់​សម្គាល់​ជា​លាយលក្ខណ៍​អក្សរ​ដែល​ត្រូវ​ភ្ជាប់​ជាមួយ​សំណុំ​រឿង »

កាល​ពី​ថ្ងៃ​ទី​២៨ មេសា វេលា​ម៉ោង ៨​ព្រឹក អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ឃាត់​ខ្លួន​មន្ត្រី​សមាគម​សិទ្ធិ​មនុស្ស​អាដហុក ចំនួន ៤​រូប ក្នុង​នោះ​មាន​លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា អ្នកស្រី លឹម មុន្នី និង​អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា ពាក់ព័ន្ធ​នឹង​លិខិត​ចំហ​របស់​អ្នក​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ ដែល​បាន​ចោទ​ថា មន្ត្រី​សមាគម​សិទ្ធិ​មនុស្ស​អាដហុក បាន​បង្គាប់​ឲ្យ​នាង​និយាយ​កុហក​អាជ្ញាធរ នៅ​ពេល​នាង​ទៅ​ពឹងពាក់​សមាគម​ឲ្យ​ជួយ​ពី​រឿង​ដែល​អាជ្ញាធរ​ចោទ​ថា នាង​ជា​ស្រី​កំណាន់​របស់​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។ នៅ​ថ្ងៃ​ជាមួយ​គ្នា​នោះ ACU ក៏​បាន​ចេញ​លិខិត​កោះ​ហៅ​មន្ត្រី​នៃ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា គឺ​លោក សឺន សាលី ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ អង្គការ​សហប្រជាជាតិ មិន​បាន​បញ្ជូន​បុគ្គលិក​របស់​ខ្លួន​ឲ្យ​ចូល​តាម​ការ​កោះ​នោះ​ទេ។ បញ្ហា​នេះ បណ្ដាល​ឲ្យ ACU គំរាម​ថា​នឹង​ចេញ​ដីកា​នាំ​ខ្លួន ហើយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១ ឧសភា ពី​ក្រុង​ព្រះសីហនុ គំរាម​ថា អភ័យ​ឯកសិទ្ធិ​មាន​តែ​សម្រាប់​បុគ្គលិក​បរទេស​នៃ​អង្គការ​សហប្រជាជាតិ តែ​ប៉ុណ្ណោះ។ មួយ​ថ្ងៃ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​បែប​នោះ ព្រះរាជអាជ្ញា​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចោទ​ប្រកាន់​មន្ត្រី​សិទ្ធិ​មនុស្ស​សមាគម​អាដហុក ៤​រូប​ពី​បទ​សូកប៉ាន់​សាក្សី និង​ចោទ​អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា ព្រម​ទាំង​មន្ត្រី​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា គឺ​លោក សឺន សាលី ពី​បទ​សម​គំនិត នៅ​ថ្ងៃ​ទី​២ ឧសភា ហើយ​បញ្ជូន​ចូល​ពន្ធនាគារ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន។

ពី​ឆ្វេង៖ លោក នី ចរិយា អគ្គលេខាធិការ​រង គ.ជ.ប មន្ត្រី​សមាគម​អាដហុក (ADHOC) លោក នី សុខា អ្នកស្រី លឹម មុន្នី លោក ណៃ វ៉ង់ដា និង​លោក យី សុខសាន្ត។
ពី​ឆ្វេង៖ លោក នី ចរិយា អគ្គលេខាធិការ​រង គ.ជ.ប មន្ត្រី​សមាគម​អាដហុក (ADHOC) លោក នី សុខា អ្នកស្រី លឹម មុន្នី លោក ណៃ វ៉ង់ដា និង​លោក យី សុខសាន្ត។

ងាក​មក​ពេលវេលា​នៃ​ការ​ជួប​កូន​ក្តី​របស់​ខ្លួន​វិញ មេធាវី​របស់​មន្ត្រី​សមាគម​សិទ្ធិ​មនុស្ស​អាដហុក អ្នកស្រី គា សុផល ឲ្យ​ដឹង​ថា ក្រុម​មេធាវី​របស់​អ្នកស្រី​ទើប​តែ​បាន​ជួប​កូន​ក្តី​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១ ឧសភា គឺ​នៅ​ពេល​ឡើង​តុលាការ​ហើយ។ អ្នកស្រី គា សុផល បន្ត​ថា ក្នុង​ការ​ជួប​កូន​ក្តី​នៅ​តុលាការ​នោះ​ទៀតសោត ភ្នាក់ងារ ACU មិន​អនុញ្ញាត​ឲ្យ​អ្នកស្រី​និយាយ​ពី​ច្បាប់​ជាមួយ​កូន​ក្តី​ទៀត​ផង៖« ខ្ញុំ​ព្យាយាម​ទៅ​ជួប​កូន​ក្តី​របស់​ខ្ញុំ​នៅ​ហ្នឹង (ACU) អត់​បាន​ជួប គឺ​អត់​បាន​ជួប​ទាល់​តែ​សោះ។ ទើប​តែ​បាន​ជួប​កូន​ក្តី គឺ​នៅ​ចំពោះ​មុខ​ព្រះរាជអាជ្ញា​តែ​ម្តង។ សូម្បី​តែ​ពួក​គាត់​អង្គុយ​ញ៉ាំ​បាយ​ពេល​រង់ចាំ​នៅ​តុលាការ យើង​ដើរ​ទៅ​សួរ​នាំ​ពួក​គាត់ ត្រូវ​បាន​មន្ត្រី អេ . ស៊ី . យូ (ACU) ឈរ​ជិត​យើង ហើយ​គេ​មិន​ឲ្យ​សួរ​ពី​ផ្លូវ​ច្បាប់​អី​ទាំងអស់ គេ​ថា​សួរ​នាំ​ពី​សុខភាព​អី​បាន តែ​ហាម​មិន​ឲ្យ​សួរ​រឿង​អី​ក្រៅ​ពី​សុខភាព។ គេ​អត់​ឲ្យ​យើង​ចង់​សួរ​ពី​រឿង​ច្បាប់​យ៉ាង​ម៉េច ចោទ​ប្រកាន់​ពី​បទ​អីៗ គេ​ហាម​សួរ​ដាច់​ខាត។ ខ្ញុំ​មិន​យល់ មក​ដល់​តុលាការ ហើយ​គាត់​មក​ខារខាំង​មេធាវី​ជួប​ជាមួយ​កូន​ក្តី​ទៀត។ ខ្ញុំ​ឆ្ងល់​នៅ​កន្លែង​ហ្នឹង មក​ដល់​តុលាការ​ហើយ ជា​ការ​រំលោភ​បំពាន​សិទ្ធិ​របស់​ពួក​គាត់​តែ​ម្តង។ ខ្ញុំ​មិន​ដឹង​ថា កន្លង​មក​នីតិវិធី​របស់​គាត់​តែង​តែ​អនុវត្ត​អ៊ីចឹង ឬ​មួយ​ក៏​គាត់​ទើប​តែ​អនុវត្ត​ជាមួយ​កូន​ក្តី​របស់​ខ្ញុំ »

បើ​ទោះ​បី​ជា​គិត​ម៉ោង​របស់ ACU ដែល​ចាប់​រាប់​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ មេសា វេលា​ម៉ោង ៨​ល្ងាច​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១ ឧសភា ថ្ងៃ​ដែល ACU បាន​បញ្ជូន​ជន​សង្ស័យ​ទាំង​ប្រាំ​រូប​ទៅ​តុលាការ​នោះ ការ​ឃាត់​ខ្លួន​នេះ​ក៏​មាន​រយៈពេល​ជាង ៦០​ម៉ោង​ដែរ។ មាន​ន័យ​ថា វា​ហួស​រយៈពេល​កំណត់​ដោយ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​មាត្រា​៩៨ ដែល​ចែង​ថា « ក្នុង​រយៈពេល ២៤​ម៉ោង​បាន​កន្លង​ផុត​ទៅ តាំង​ពី​ពេល​ផ្ដើម​នៃ​ការ​ឃាត់​ខ្លួន​មក​នោះ បុគ្គល​ដែល​ឃាត់​ខ្លួន​អាច​សុំ​សន្ទនា​ជាមួយ​មេធាវី ឬ​ជាមួយ​ជន​ណា​ម្នាក់​ដែល​ខ្លួន​ជ្រើសរើស កុំ​ឲ្យ​តែ​ជន​នេះ​មាន​ការ​ទាក់ទិន​នៅ​ក្នុង​រឿង​ជាមួយ »

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។