ឧទ្ធរណ៍​បន្ត​ឃុំ​ខ្លួន​មន្ត្រី​អាដហុក​៤​រូប​តាម​ការ​សម្រេច​របស់​សាលា​ដំបូង​ក្រុង​ភ្នំពេញ

ដោយ ប្រាជ្ញ ចេវ
2017.05.24
លឹម មុន្នី ៤នាក់ ២០១៧ ៨៥៥ (ពី​ស្ដាំ​ជួរ​មុខ) អ្នកស្រី លឹម មុន្នី លោក នី សុខា លោក យី សុខសាន្ត និង​លោក ណៃ វ៉ង់ដា (រូប​ក្រោយ) ពេល​នាំ​មក​កាន់​តុលាការ​កំពូល នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Cheu Sideth
RFA/Cheu Sideth

សភា​ស៊ើបសួរ​សាលា​ឧទ្ធរណ៍ សម្រេច​រក្សា​ការ​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​បន្ត​ឃុំ​ខ្លួន​មន្ត្រី​អាដហុក (ADHOC) ៤​រូប​ក្នុង​រយៈពេល ៦​ខែ​ទៀត។ មេធាវី​ការពារ​ក្តី និង​សាច់ញាតិ​ក្រុម​គ្រួសារ​របស់​មន្ត្រី​អាដហុក ចោទ​ប្រកាន់​ថា ការ​សម្រេច​របស់​តុលាការ​ជាន់​ខ្ពស់​មួយ​នេះ ជា​រឿង​មិន​សម​ហេតុផល ដែល​ធ្វើ​ឲ្យ​បាត់បង់​សិទ្ធិ​សេរីភាព​របស់​មន្ត្រី​អាដហុក។

មិន​ខុស​ពី​ការ​សម្រេច​មុនៗ​របស់​តុលាការ​ជាន់​ខ្ពស់ ដែល​តែងតែ​តម្កល់​ការ​សម្រេច​របស់​តុលាការ​ថ្នាក់​ក្រោម សវនាការ​របស់​សាលា​ឧទ្ធរណ៍​ពេល​នេះ មិន​បាន​ធ្វើ​ឲ្យ​មេធាវី​ការពារ​ក្តី​មន្ត្រី​អាដហុក យល់ព្រម​ទទួល​យក​នោះ​ទេ។

មេធាវី​ការពារ​ក្តី​ម្នាក់​របស់​មន្ត្រី​អាដហុក​ទាំង​បួន​រូប លោក ឡោ ជុនធី ឲ្យ​ដឹង​ថា មូលហេតុ​តុលាការ​បន្ត​ឃុំ​ខ្លួន​មន្ត្រី​អាដហុក ព្រោះ​ចៅក្រម​លើក​ហេតុផល​ថា សំណុំ​រឿង​ស៊ើប​អង្កេត​មិន​ទាន់​បិទ មាន​អ្នក​រត់​គេច​ខ្លួន សាក្សី​មិន​ចូល​បំភ្លឺ។ លោក​មេធាវី​បន្ត​ថា សំណុំ​រឿង​នេះ តុលាការ​ឃុំ​ខ្លួន​កូន​ក្តី​របស់​លោក​ពីរ​លើក​មក​ហើយ ម្តង​រយៈពេល ៦​ខែ ដែល​លោក​យល់​ថា ការ​ឃុំ​ខ្លួន​កូន​ក្តី​លោក​ជាង ១​ឆ្នាំ​នេះ គួរ​ចូល​ដល់​ដំណាក់​បិទ​សំណុំ​រឿង ដែល​កូន​ក្តី​របស់​លោក ត្រូវ​បាន​ដោះលែង ឬ​ត្រូវ​បញ្ជូន​ទៅ​ជំនុំ​ជម្រះ៖ «មិន​សម​ហេតុផល ហើយ​ទើប​យើង​ប្ដឹង​មក ព្រោះ​រយៈពេល ៦​ខែ​ហើយ ៦​ខែ​ទៀត ការ​ស៊ើប​អង្កេត​ហ្នឹង​អត់​មាន​រីក​ចម្រើន​អី​ទេ ហើយ​ក្នុង​ពេល​មាន​ហ្នឹង​មាន​ការ​ជូន​ដំណឹង​បិទ​មួយ​ហើយ ហើយ​ការ​បន្ត​ការ​បើក​ការ​សាកសួរ​ហ្នឹង​មាន​តិចតួច​បំផុត។ ចឹង​ហើយ​ទើប​យើង​យល់​ឃើញ​ថា គួរ​ចូល​ដំណាក់កាល​បិទ​សំណុំ​រឿង​ជា​លក្ខណៈ​ផ្លូវ​ច្បាប់ គឺ​ចេញ​ដីកា​ដំណោះស្រាយ»

មេធាវី​ការពារ​ក្តី​ឲ្យ​មន្ត្រី​អាដហុក (ADHOC) ទាំង​បួន​រូប លោក ឡោ ជុនធី ផ្ដល់​បទសម្ភាសន៍​នៅ​មុខ​សាលា​ឧទ្ធរណ៍​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៧។
មេធាវី​ការពារ​ក្តី​ឲ្យ​មន្ត្រី​អាដហុក (ADHOC) ទាំង​បួន​រូប លោក ឡោ ជុនធី ផ្ដល់​បទសម្ភាសន៍​នៅ​មុខ​សាលា​ឧទ្ធរណ៍​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៧។
RFA

សវនាការ​អសាធារណៈ​ដែល​សភា​ស៊ើបសួរ​នៃ​សាលា​ឧទ្ធរណ៍​ជំនុំ​ជម្រះ​តាម​ពាក្យ​បណ្ដឹង​របស់​មេធាវី​ការពារ​ក្តី​មន្ត្រី​អាដហុក ប្ដឹង​ទាស់​ការ​ឃុំ​ខ្លួន​បន្ត​រយៈពេល ៦​ខែ​បន្ថែម​មក​លើ​មន្ត្រី​អាដហុក​ទាំង ៤​រូប​នៅ​ថ្ងៃ​ទី​២៤ ខែ​ឧសភា ក្រុម​ប៉ូលិស​ដែល​ដាក់​ពង្រាយ​នៅ​បរិវេណ​សាលា​ឧទ្ធរណ៍ បាន​យាមកាម​យ៉ាង​តឹងរ៉ឹង មិន​អនុញ្ញាត​ឲ្យ​ក្រុម​អ្នក​កាសែត​ចូល​ទៅ​ក្នុង​បរិវេណ​សាលា​ឧទ្ធរណ៍​ផ្ដិត​រូបភាព ឬ​សម្ភាស​ក្រុម​មន្ត្រី​អាដហុក​ទេ។ មិន​ត្រឹម​តែ​សមត្ថកិច្ច​រឹត​បន្តឹង​អ្នក​សារព័ត៌មាន​ទេ សូម្បី​សាច់ញាតិ​មន្ត្រី​អាដហុក ក៏​ត្រូវ​អនុរក្ស​ពន្ធនាគារ​រឹត​បន្តឹង​ដែរ។

កូន​ស្រី​របស់​អ្នកស្រី លឹម មុន្នី កញ្ញា អ៊ុន ប៊ុណ្ណារី ប្រាប់​អាស៊ីសេរី​ក្រោយ​ចប់​សវនាការ​ថា ក្រុម​សមត្ថកិច្ច​បាន​នាំ​គ្នា​តាម​ថត​រូប​ម្តាយ​កញ្ញា​គ្រប់​ពេល ដែល​សកម្មភាព​នេះ​ធ្វើ​ឲ្យ​ម្តាយ​នាង​ខឹង​មួម៉ៅនឹង​ទង្វើ​របស់​ក្រុម​សមត្ថកិច្ច។ និយាយ​ក្នុង​សម្ដី​មួយៗ និង​ទឹក​មុខ​ក្រៀមក្រំ កញ្ញា អ៊ុន ប៊ុណ្ណារី គ្មាន​រំពឹង​ថា តុលាការ​យល់ព្រម​ឲ្យ​ម្តាយ​កញ្ញា និង​មន្ត្រី​អាដហុក អាច​នៅ​ក្រៅ​ឃុំ​បាន​ទេ៖ «កន្លង​មក​ដូចជា​មិន​សូវ​រឹត​បន្តឹង​ដល់​ថ្នាក់​ហ្នឹង​ទេ ថ្ងៃ​នេះ​គឺ​ថា​សូម្បី​ចូល​ជិត ក៏​អត់​ឲ្យ​ដែរ ដល់​ចឹង​គាត់ (អ្នកស្រី លឹម មុន្នី) គាត់​មួម៉ៅ»

ចំណែក​មន្ត្រី​អាដហុក​ម្នាក់​ក្នុង​ចំណោម ៤​នាក់​កំពុង​ជាប់​ឃុំ គឺ​លោក នី សុខា បាន​ផ្ញើ​លិខិត​សរសេរ​ផ្ទាល់​ដៃ​របស់​លោក​តាម​រយៈ​កូន​ប្រុស​លោក មក​អាស៊ីសេរី ដោយ​មិន​ខ្លាច​ក្នុង​ការ​រិះគន់​ថា ក្នុង​សង្គម​មួយ​ដែល​ដឹកនាំ​បែប​ផ្ដាច់ការ ពិបាក​ធ្វើ​ឲ្យ​ពួក​លោក​ទទួល​បាន​យុត្តិធម៌​ពី​តុលាការ​ណាស់ ព្រោះ​យុត្តិធម៌​មាន​សម្រាប់​តែ​អ្នក​មាន​អំណាច និង​បក្ស​របស់​គេ​ប៉ុណ្ណោះ។

ជាង​នេះ​ទៅ​ទៀត លោក​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដែល​មាន​សិទ្ធិ​បោះឆ្នោត ទៅ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​៤ មិថុនា ទាំងអស់​គ្នា តាម​ឆន្ទៈ និង​មិន​ត្រូវ​ខ្លាច​ការ​គំរាម​កំហែង។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ស្នើ​ឲ្យ​ពលរដ្ឋ​បោះឆ្នោត​ឲ្យ​អ្នក​នយោបាយ​មិន​ប្រើ​ហិង្សា​ដើម្បី​ដោះស្រាយ​បញ្ហា។

កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា តុលាការ​ក្រុង​ភ្នំពេញ សម្រេច​ឃុំ​ខ្លួន​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស និង​មន្ត្រី គ..ប ក្នុង​ម្នាក់ៗ ៦​ខែ​បន្ថែម​ទៀត ក្រោយ​ពី​បាន​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​អស់​រយៈពេល ១​ឆ្នាំ​មក​ហើយ​នោះ។ ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ទាំងនោះ ត្រូវ​តុលាការ​ឃុំ​ខ្លួន​កាល​ពី​ខែ​មេសា ឆ្នាំ​២០១៦ ក្នុង​សំណុំ​រឿង​សូកប៉ាន់​សាក្សី ដែល​ជាប់​ពាក់ព័ន្ធ​រឿងរ៉ាវ​ស្នេហា​របស់​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ស្ត្រី​ធ្វើ​ការ​នៅ​កន្លែង​កាត់​សក់​ម្នាក់ គឺ​អ្នក​នាង ខុម ចាន់តារាទី ហៅ​ស្រី​មុំ។

ដោយឡែក​អគ្គលេខាធិការ​រង គ..ប លោក នី ចរិយា មិន​បាន​ប្ដឹង​ទាស់​ទៅ​នឹង​ការ​បន្ត​ឃុំ​ខ្លួន​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ មក​សាលា​ឧទ្ធរណ៍​ទេ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​ឧសភា។

តួ​អង្គ​សំខាន់ៗ​នៅ​ក្នុង​រឿង​នេះ គឺ​លោក កឹម សុខា និង​អតីត​មេ​ឃុំ​គណបក្ស​ប្រឆាំង លោក ស៊ាង ចែត ត្រូវ​បាន​ព្រះមហាក្សត្រ​ព្រះរាជ​ប្រទាន​លើកលែង​ទោស​តាម​សំណើ​របស់​លោក ហ៊ុន សែន ក្រោយ​មាន​ការ​សម្របសម្រួល​នយោបាយ​រវាង​លោក ហ៊ុន សែន និង​លោក កឹម សុខា។

ការ​ឃុំ​ខ្លួន​មន្ត្រី​អាដហុក​ទាំង​បួន​រូប និង​អគ្គលេខាធិការ​រង គ..ប លោក នី ចរិយា ជាង​មួយ​ឆ្នាំ​មក​នេះ រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ទទួល​បាន​ការ​រិះគន់​ពី​អង្គការ​ជាតិ អន្តរជាតិ និង​សហគមន៍​អន្តរជាតិ។ អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ដែល​តែងតែ​ឃ្លាំ​មើល​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ចាត់​ទុក​ការ​ចាប់​ឃុំ​ខ្លួន​អ្នក​ទាំង ៥​នាក់ ថា​ជា​យុទ្ធនាការ​របស់​រដ្ឋាភិបាល​ដើម្បី​កម្ទេច​បក្ស​ប្រឆាំង បំភ័យ និង​បំបិទ​មាត់​អ្នក​ការពារ​សិទ្ធិ​មនុស្ស។

មេធាវី​ការពារ​ក្តី​របស់​មន្ត្រី​អាដហុក​ទាំង​បួន​រូប លោក ឡោ ជុនធី និយាយ​ថា ក្រុម​មេធាវី​កំពុង​គ្រោង​ប្ដឹង​សារទុក្ខ ឬ​ប្ដឹង​ទាស់​ទៅ​តុលាការ​កំពូល ជា​បន្ត ប្រសិន​កូន​ក្តី​របស់​លោក​មិន​ពេញ​ចិត្ត​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។