លោក ឌិន ពុទ្ធី ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន

0:00 / 0:00

មន្ត្រី​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ ដោះលែង​ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា គឺ​លោក ឌិន ពុទ្ធី ឲ្យ​នៅ​ក្រៅ​ឃុំ​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ មករា។ លោក ឌិន ពុទ្ធី នៅ​តែ​អះអាង​ថា លោក​មិន​បាន​បើក​ឡាន​បុក​មន្ត្រី​ប៉ូលិស​នៅ​ប៉ោយប៉ែត ដូច​ការ​ចោទ​ប្រកាន់​ទេ។

ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា លោក ឌិន ពុទ្ធី ថ្លែង​ទៅ​កាន់​ព្រះសង្ឃ អ្នក​កាសែត និង​អ្នក​ចូលរួម​ដែល​ទៅ​ទទួល​លោក​ពី​ពន្ធនាគារ​ប្រមាណ ៤០​នាក់​ថា ការ​ដោះលែង​លោក​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មករា ជា​ពន្លឺ​យុត្តិធម៌​មួយ៖ «ការ​ដោះលែង​ឲ្យ​ខ្ញុំ​នៅ​ក្រៅ​ឃុំ​នេះ វា​ជា​ពន្លឺ​យុត្តិធម៌​មួយ​សម្រាប់​ខ្ញុំ ហើយ​ខ្ញុំ​ជឿជាក់​ថា តុលាការ​ខេត្ត​បន្ទាយមានជ័យ នឹង​ស្វែង​រក​ភាព​ពិត​ថា ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​បទល្មើស​បុក​ប៉ូលិស​អន្តោប្រវេសន៍​នោះ​ទេ គឺ​ឡាន​របស់​ខ្ញុំ ខ្ញុំ​បាន​ដោះ​លេខ​អស់​ហើយ ហើយ​ឡាន​មិន​បាន​វិល​កង់​ទេ ហើយ​គាត់​ដួល​នោះ​ដោយសារ​តែ​ប្រហែល​ជា​ខ្យល់គ ខ្ញុំ​គិត​ថា​អ៊ីចឹង។ ប៉ុន្តែ​ចំណែក​សាក្សី​ថា មិន​មែន​ទេ គាត់​ធ្វើ​ពុត​ជា​ដួល។ ខ្ញុំ​អត់​ទេ ប៉ុន្តែ​តាម​ការ​វិនិច្ឆ័យ​របស់​ខ្ញុំ ខ្ញុំ​ថា​ខ្យល់គ»

ក្រោយ​ពេល​ចេញ​ពី​បន្ទប់​ឃុំ​ឃាំង មក​ដល់​ខ្លោងទ្វារ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ បាន​បន្តិច លោក ឌិន ពុទ្ធី ដែល​មាន​ទឹក​មុខ​ញញឹមញញែម ក៏​ថ្លែង​អំណរ​គុណ​ដល់​អាជ្ញាធរ​ខេត្ត ក្រុង អង្គការ​សហជីព និង​ពលករ អ្នក​អូស​រទេះ ដែល​ជួយ​ខ្នះខ្នែង និង​អន្តរាគមន៍​ឲ្យ​តុលាការ​ការ​ដោះលែង​លោក។

កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ សាច់ញាតិ និង​អ្នក​គាំទ្រ​លោក ឌិន ពុទ្ធី ប្រមាណ ៥០​នាក់ នាំ​គ្នា​ធ្វើ​បាតុកម្ម​បិទ​ផ្លូវ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ដោយ​ទាមទារ​ឲ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់ និង​ដោះលែង​លោក ឌិន ពុទ្ធី។ ពួក​គាត់​សន្យា​ថា នឹង​ធ្វើ​បាតុកម្ម​តវ៉ា​ទៀត ប្រសិន​បើ​លោក ឌិន ពុទ្ធី មិន​ទទួល​បាន​យុត្តិធម៌។

ព្រះសង្ឃ​ដែល​ចូលរួម​ទទួល​លោក ឌិន ពុទ្ធី គឺ​ព្រះតេជព្រះគុណ លួន សុវ៉ាត មាន​ថេរដីកា​ថា ការ​ដោះលែង​លោក ឌិន ពុទ្ធី ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នេះ ជា​ភាព​យុត្តិធម៌៖ « អ៊ីចឹង​កម្ម​ជា​កុសល កម្ម​ជា​អកុសល ពេល​នេះ​បាន​ជោគជ័យ​ហើយ គឺ​កម្ម​ជា​កុសល ដោយសារ​លោក ឌិន ពុទ្ធី មិន​បាន​ធ្វើ​បាបកម្ម​ទេ។ មិន​បាន​ធ្វើ​បាប​ដោយ​កាយ ដោយ​វិចារ ដោយ​ចិត្ត ដូច​អ្វី​ដែល​មាន​ការ​ចោទ​ប្រកាន់​កន្លង​មក​ទេ។ ដូច្នេះ យុត្តិធម៌​មាន​ពិត។ អ៊ីចឹង​ធ្វើ​បុណ្យ​បាន​បុណ្យ​ពិត គឺ​លោក ឌិន ពុទ្ធី ត្រូវ​បាន​ព្រះសង្ឃ ប្រជាពលរដ្ឋ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ដូច​យើង​ឃើញ​ស្រាប់។ ឥឡូវ​ផ្អើល​ដល់​អភិបាល​ក្រុង​មក​ជូន​ដំណើរ​ចេញ​ពី​ពន្ធនាគារ​យ៉ាង​រំភើយ។ អរគុណ​ច្រើន​លោក​អភិបាល​ក្រុង

ទោះ​ជា​យ៉ាង​ណា​ក្ដី អភិបាល​ក្រុង​ប៉ោយប៉ែត គឺ​លោក ង៉ោ ម៉េងជ្រួន ទៅ​ចូល​រួម​មើល​ការ​ដោះលែង​លោក ឌិន ពុទ្ធី មាន​ប្រសាសន៍​ថា ការ​ដោះលែង​នេះ គឺ​ធ្វើ​ឡើង​តាម​ច្បាប់៖ « មិន​ដោះលែង​ដោយសារ​ការ​គំរាម​កំហែង ឬ​មិន​មែន​ដោះលែង​តាម​រយៈ​ការ​ធ្វើ​បាតុកម្ម ឬ​ធ្វើ​ការ​តវ៉ា​អ្វី​មួយ​ដែរ គឺ​ដោះលែង​ស្រប​តាម​នីតិវិធី​ផ្លូវ​ច្បាប់។ សូម​បញ្ជាក់​អ៊ីចឹង គឺ​ថា​មិន​មែន​ដោយសារ​ធ្វើ​បាតុកម្ម​បាន​លែង ឬ​ក៏​ធ្វើ​ការ​តវ៉ា​ណា​មួយ​បាន​លែង​នោះ​ទេ គឺ​លែង​ដោយសារ​នីតិវិធី​ផ្លូវ​ច្បាប់ »

សេចក្ដី​សម្រេច​ឲ្យ​ដោះ​លែង​លោក ឌិន ពុទ្ធី ជា​បណ្ដោះអាសន្ន គឺ​ធ្វើ​ឡើង​ដោយ​​សាលាឧទ្ធរណ៍ បន្ទាប់​ពី​សវនាការ កាល​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មករា។

មេធាវី​ការពារ​ក្ដី​ឲ្យ​លោក ឌិន ពុទ្ធី គឺ​លោក គីម សុជាតិ ថ្លែង​ប្រាប់​អ្នក​កាសែត​នៅ​ក្រោយ​សវនាការ​ថា នេះ​ជា​ការ​ដោះ​លែង​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ដោយ​មាន​លក្ខខណ្ឌ​ត្រួត​ពិនិត្យ​របស់​តុលាការ៖ «គឺ​មិន​ឲ្យ​ផ្លាស់ប្ដូរ​អាសយដ្ឋាន​ដោយ​គ្មាន​ការ​សម្រេច​ពី​តុលាការ ហើយ​ឲ្យ​ឆ្លើយ​តប​ទៅ​នឹង​ការ​កោះហៅ​គ្រប់​ដីកា​កោះ​របស់​ចៅក្រម​ស៊ើបសួរ មាន​ន័យ​ថា ត្រូវ​បង្ហាញ​ខ្លួន។ ក្នុង​សេចក្ដី​សម្រេច​ចៅក្រម​អម្បាញ់មិញ គឺ​ឲ្យ​ដោះលែង​ភ្លាម។ អ៊ីចឹង​បើ​ដីកា​សម្រេច​ធ្វើ​បាន​ថ្ងៃ​ហ្នឹង គឺ​ដោះលែង​ថ្ងៃ​ហ្នឹង»

លោក ឌិន ពុទ្ធី មាន​ប្រសាសន៍​ថា លោក​នឹង​ខំ​ប្រណិប័តន៍​លក្ខខណ្ឌ​ទាំង​នេះ ដើម្បី​ឈាន​ទៅ​បញ្ចប់​រឿង​ក្ដី​នេះ៖ « ខ្ញុំ​នឹង​ធ្វើ​តាម​ការ​បង្គាប់​របស់​តុលាការ​ឲ្យ​បាន ហើយ​នឹង​ស្វះស្វែង​រក​នីតិវិធី​យ៉ាង​ម៉េច​ក៏ដោយ សហការ​ជាមួយ​មេធាវី ដើម្បី​រក​ដំណោះស្រាយ​ក៏ដូចជា​សហការ​ជាមួយ​នឹង​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​ក្នុង​ខេត្ត ដើម្បី​ដោះស្រាយ​បញ្ចប់​រឿង​ហ្នឹង »

លោក​ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ ចោទ​ប្រកាន់​ពី​បទ​បង្ក​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់​ទោស ហើយ​បញ្ជូន​ទៅ​ឃុំឃាំង​នៅ​ពន្ធនាគារ​ខេត្ត​អស់​រយៈ​ពេល ២១​ថ្ងៃ គឺ​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៤ ធ្នូ ឆ្នាំ​២០១៦ ដល់​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៧៕

សូម​ស្ដាប់​បទសម្ភាសន៍​បន្ថែម​របស់​លោក ឡេង ម៉ាលី ជាមួយ​នឹង​លោក ឌិន ពុទ្ធី ដូច​ត​ទៅ៖

0:00 / 0:00

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។