ក្រុមស្ត្រីបឹងកក់ ព្រមានគណបក្សដែលគ្រប់គ្រងរដ្ឋាភិបាលថា បើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តឲ្យសមាជិកនៅថ្នាក់ក្រោមអុកឡុកពលរដ្ឋរឿងដីធ្លីទៀត គណបក្សនេះនឹងបាត់បង់ការគាំទ្រក្នុងពេលបោះឆ្នោតខាងមុខ។ ការព្រមាននេះ នៅបន្ទាប់ពីក្រុមស្ត្រីតស៊ូមតិក្នុងរឿងដីធ្លី នៅតំបន់បឹងកក់ ត្រូវបានតុលាការកំពូលតម្កល់សេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍ និងបទចោទរបស់តុលាការក្រុងភ្នំពេញ ទុកជាបានការដដែល។
សំឡេងរបស់ស្ត្រីបឹងកក់៖ «បើសិនជាសម្ដេចមិនចាត់វិធានការទៅលើសមាជិករបស់សម្ដេចទេ ខ្ញុំជឿជាក់ថា ២០១៨ ខាងមុខនេះ សម្ដេចមិនចាំបាច់ទៅឃោសនាកន្លែងណាទៀតទេ។ ប្រជាពលរដ្ឋលែងជឿទុកចិត្តហើយ ព្រោះវេទនាដោយសារសមាជិករបស់សម្ដេចច្រើនពេក!»។
នៅពេលប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល លោក សឹង បញ្ញាវុធ ប្រកាសសាលដីកាដោយប្រើពេលមិនដល់ ១០នាទីស្រួលបួលផង ដោយបានសម្រេចតម្កល់បទចោទនានារបស់តុលាការជាន់ទាប និងសាលដីកាស្ថាពររបស់សាលាឧទ្ធរណ៍នោះ ក្រុមស្ត្រីបឹងកក់ បានប្រតិកម្មភ្លាមដែរ ដោយចាត់ទុកថា ជាសេចក្ដីសម្រេចមិនផ្អែកលើភាពយុត្តិធម៌ទេ។
ស្របពេលលទ្ធផលដែលគេឯងចាំអុតមើលជិត ២សប្ដាហ៍មកនេះ ថាអាចនឹងតុលាការកំពូលទម្លាក់ចោលបទចោទនោះ ក៏ប៉ុន្តែផ្ទុយទៅវិញ បទចោទទាំងអំបាលម៉ាននេះ នៅរក្សាទុកដូចដើម។ ការរក្សាទុកដូចដើមនេះហើយ ជាមូលហេតុដែលជំរុញឲ្យក្រុមស្ត្រីបឹងកក់ ដែលជាប់បណ្ដឹងប្រតិកម្មប្រឆាំងសេចក្ដីសម្រេចរបស់តុលាការកំពូលនៅពេលនេះ។
ក្រុមស្ត្រីតស៊ូមិតក្នុងរឿងដីធ្លីតំបន់បឹងកក់ បានចោទប្រកាន់តុលាការថា ធ្វើការក្រោមឥទ្ធិពលនយោបាយ និងប្រព្រឹត្តអំពើពុករលួយ។ ជាងនេះទៀត ពួកគេព្រមានគណបក្សដែលគ្រប់គ្រងរដ្ឋាភិបាលថា បើបន្តឲ្យមន្ត្រីនៅថ្នាក់ក្រោមអុកឡុក និងរឹបអូសដីធ្លីពលរដ្ឋដូចនេះទៀត គណបក្សនេះនឹងអស់ការគាំទ្រនៅពេលបោះឆ្នោតខាងមុខ៖ «ការពារផ្ទះខ្លួនឯងជាប់គុកម្នាក់សុទ្ធតែ ២ដង។ អ៊ីចឹងពួកខ្ញុំអស់ក្តីសង្ឃឹមហើយ អ្វីដែលសង្ឃឹមចុងក្រោយ គឺការតស៊ូរបស់ប្រជាពលរដ្ឋដែលប្រឹងណាស់យកជីវិតទៅការពារផ្ទះ សម្បែង។ ព្រះរាជអាជ្ញា ចៅក្រមតុលាការហ្នឹង ធ្វើការយូរណាស់ហើយ មិនចេះបែងចែកល្អ និងអាក្រក់ ស និងខ្មៅ។ កាន់ជើងតែមន្ត្រីពុករលួយ»។
ថ្លែងនៅខាងមុខខ្លោងទ្វារនៃតុលាការកំពូល ក្រុមស្ត្រីបឹងកក់ បានចោទដោយចំៗថា លោក ឡាវ ម៉េងឃីន សមាជិកព្រឹទ្ធសភាមកខាងគណបក្សប្រជាជនកម្ពុជា និងអតីតអភិបាលក្រុងភ្នំពេញ លោក កែប ជុតិមា ថាគឺជាអ្នកដែលបង្កឲ្យមានបញ្ហារហូតមកដល់សព្វថ្ងៃ។ ជម្លោះដីធ្លីដ៏រ៉ាំរ៉ែ នៅតំបន់បឹងកក់នេះ កើតឡើងបន្ទាប់ពីរដ្ឋាភិបាលសម្រេចផ្ដល់សម្បទានដីសេដ្ឋកិច្ចឲ្យទៅវិស័យឯកជនវិនិយោគកាលពីឆ្នាំ២០០៧។ កាលណោះ រដ្ឋាភិបាលបានចុះកិច្ចសន្យាជួលដីតំបន់នេះ ក្នុងរយៈពេល ៩៩ឆ្នាំដល់ក្រុមហ៊ុនស៊ូកាគូ (Shukaku) របស់លោក ឡាវ ម៉េងឃីន ក្នុងតម្លៃប្រមាណ ៧៩លានដុល្លារសហរដ្ឋអាមេរិក។ ចាប់ពីពេលនោះហើយ តំបន់នេះបានក្លាយជាជម្លោះមកទល់សព្វថ្ងៃ។ ក្រោយមកទើបលោក ហ៊ុន សែន សម្រេចកាត់ដីទំហំជាង ១២ហិកតារ ឲ្យពលរដ្ឋដែលបន្តមិនចាកចេញ។ ក៏ប៉ុន្តែដីពិតប្រាកដដូចដែលលោកនាយករដ្ឋមន្ត្រីសន្យាផ្តល់ឲ្យនោះ មកដល់ពេលនេះ ពលរដ្ឋមួយចំនួននៅមិនទាន់ទទួលបាននៅឡើយទេ។
វិទ្យុអាស៊ីសេរី ពុំអាចសុំការបំភ្លឺបានភ្លាមៗពីលោក ឡាវ ម៉េងឃីន និងលោក កែប ជុតិមា ជុំវិញវិវាទនេះ បាននៅឡើយទេ នៅថ្ងៃទី១៦ ខែមីនា។
ជុំវិញរឿងនេះ ការជំនុំជម្រះកាលពីដើមខែមីនា អគ្គព្រះរាជអាជ្ញារងនៃតុលាការកំពូល លោក សួស ចន្ថា បានទទូចឲ្យក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការជាន់ខ្ពស់នេះ បន្តរក្សាបទចោទប្រឆាំងក្រុមស្ត្រីបឹងកក់ ដូចសាលដីកាសាលាឧទ្ធរណ៍ និងបទចោទនៃសាលក្រមតុលាការក្រុងភ្នំពេញ ទុកជាបានការដដែល។
ក្នុងពេលប្រកាសសាលដីកាដ៏ប្រញាប់ប្រញាល់នៅព្រឹកថ្ងៃទី១៦ ខែមីនា វិញ ប្រធានក្រុមប្រឹក្សានៃអង្គចៅក្រម លោក សឹង បញ្ញាវុធ បានហៅការព្យាយាមឲ្យតុលាការទម្លាក់ចោលរាល់បទចោទនានានោះថា គ្រាន់តែជាល្បិចកល និងជាលេសរបស់ស្ត្រីបឹងកក់ ប៉ុណ្ណោះ។
លោក អំ សំអាត ប្រធានគ្រប់គ្រងការិយាល័យបច្ចេកទេសស៊ើបអង្កេតនៃអង្គការលីកាដូ (LICADHO) បង្ហាញការសោកស្ដាយដែលតុលាការកំពូលបន្តទុកបទចោទប្រឆាំងស្ត្រីបឹងកក់ ទាំងនេះ។ លោកបន្តថា ផ្អែកលើអង្គហេតុគឺរកពុំឃើញពីបទល្មើសដែលពួកគាត់ប្រព្រឹត្តដូចបទចោទឡើយ៖ «ខ្ញុំ មានការសោកស្ដាយទាក់ទងទៅនឹងសាលដីការបស់តុលាការកំពូល នៅថ្ងៃនេះ ដែលបានតម្កល់នូវសាលដីការបស់សាលាឧទ្ធរណ៍ដែលសម្រេចឲ្យអ្នកបឹងកក់ ហ្នឹងនៅតែមានទោស»។
កាលពីឆ្នាំ២០១២ ស្ត្រីបឹងកក់ ១៣នាក់ ត្រូវបានតុលាការក្រុងភ្នំពេញ ផ្ដន្ទាទោសដាក់ពន្ធនាគារ ២ឆ្នាំកន្លះ (១៨ខែ)។ ក្រោយមកស្ត្រីទាំង ១៣នាក់ ត្រូវបានសាលាឧទ្ធរណ៍កាត់តម្រឹមដោយអនុវត្តទោសនៅក្នុងពន្ធនាគារ ១ខែ ៣ថ្ងៃ ហើយទោសដែលនៅសល់ត្រូវព្យួរ។ ដោយឡែក ដើមបណ្ដឹងនៅក្នុងសំណុំរឿងព្រហ្មទណ្ឌនេះ គឺសាលាក្រុងភ្នំពេញ។
ក្រោយចាប់ខ្លួន កាលពីខែឧសភា ឆ្នាំ២០១២ ស្ត្រីទាំង ១៣នាក់ ជាប់ចោទពីបទកាន់កាប់ដោយខុសច្បាប់លើអចលវត្ថុរបស់នីតិបុគ្គលសាធារណៈ និងប្រឆាំងអ្នករាជការសាធារណៈ ដោយមានស្ថានទម្ងន់ទោស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។