មន្ត្រីគម្រោងសង្កេតការណ៍សវនាការរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក ឌុច ពិសិដ្ឋ មានប្រសាសន៍នៅថ្ងៃទី២៦ កញ្ញា ថា នៅក្នុងប្រព័ន្ធទិន្នន័យនេះ មានដាក់របាយការណ៍ និងការវិភាគផ្នែកច្បាប់ស្ដីពីការទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា៖ «ប្រព័ន្ធគ្រប់គ្រងទិន្នន័យហ្នឹង គឺយើងបញ្ចូលទិន្នន័យតាមតារាងសង្កេតការណ៍របស់យើងទាំងអស់ ទាក់ទងទៅនឹងសិទ្ធិសំខាន់ៗនៃសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ គឺយើងដាក់ទៅមានបទចោទពីបទអីគេ ហើយជនជាប់ចោទមានប៉ុន្មាននាក់ មានមេធាវីការពារដែរឬអត់ មានបិទសេចក្ដីប្រកាសជូនដំណឹងពីការជំនុំជម្រះដែរឬអត់ ហើយនិងមានសិទ្ធិសំខាន់ៗមួយចំនួនទៀត ដែលយើងមាននៅក្នុងបញ្ជីរបស់យើង គឺបានបញ្ចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យហ្នឹងទាំងអស់ ពីព្រោះយើងឃើញហើយថា នៅប្រទេសកម្ពុជា យើង វាពិបាករកទិន្នន័យពាក់ព័ន្ធជាមួយតុលាការណាស់ សូម្បីតែសេចក្ដីសម្រេច ឬក៏អ្វីដែលអនុវត្តនៅក្នុងតុលាការហ្នឹង គឺគេមិនបង្ហាញជាសាធារណៈទេ។ វាហាក់ដូចជាមានការរឹតត្បិតក្នុងការបង្ហាញឯកសារជាសាធារណៈ ហើយបើសិនជាប្រជាពលរដ្ឋគាត់មិនបានចូលរួមក្នុងសវនាការព្រហ្មទណ្ឌ គាត់ចង់ដឹងថា តើនៅក្នុងតុលាការហ្នឹង គេអនុវត្តយ៉ាងម៉េច មានគោរពសិទ្ធិណាខ្លះ ហើយសិទ្ធិណាខ្លះត្រូវបានបំពានហ្នឹង គឺគាត់អាចចូលទៅប្រព័ន្ធគ្រប់គ្រងទិន្នន័យហ្នឹង គាត់អាចមើលឃើញថា តើមានបញ្ហាអីខ្លះនៅក្នុងតុលាការហ្នឹង»។
លោក ឌុច ពិសិដ្ឋ បញ្ជាក់ថា ប្រព័ន្ធគ្រប់គ្រងទិន្នន័យនេះ ជាការបង្ហាញពីលទ្ធផលទិន្នន័យពីការសង្កេតការណ៍ទាំងអស់ ដែលមជ្ឈមណ្ឌលប្រមូលបានពីសាលាដំបូងរាជធានី-ខេត្ត ចំនួន៤ គឺរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តបន្ទាយមានជ័យ និងខេត្តរតនគីរី ចាប់តាំងពីខែសីហា ឆ្នាំ២០០៩ រហូតមកដល់ខែកញ្ញា ឆ្នាំ២០១៣។ ក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បង្ហាញទិន្នន័យបានមកពីសវនាការសរុបចំនួន ២.៥៥៨សវនាការ។
លោកបន្តថា នៅក្នុងប្រព័ន្ធទិន្នន័យនេះ មានដាក់ទាំងចំណុចវិជ្ជមាន និងអវិជ្ជមាន ដែលបានអនុវត្ត ការកែប្រែផ្សេងៗ ហើយក៏ជាវិធីសាស្ត្របង្ហាញពីតម្លាភាពដល់ស្ថាប័នតុលាការផង និងសាធារណជនផង។
ប្រព័ន្ធគ្រប់គ្រងទិន្នន័យនេះ គឺមានប្រយោជន៍ដល់ស្ថាប័នតុលាការ ពីព្រោះត្រង់ចំណុចណាមិនល្អ មជ្ឈមណ្ឌលតែងភ្ជាប់ដោយអនុសាសន៍ សម្រាប់ការកែប្រែឱ្យបានល្អ និងដើម្បីឱ្យមានទំនុកចិត្តពីសាធារណជន។ ក្រៅពីតុលាការ លោក ឌុច ពិសិដ្ឋ ថ្លែងថា អ្នកពាក់ព័ន្ធដទៃទៀត ក៏អាចផ្អែកលើទិន្នន័យរកឃើញនេះ សម្រាប់ការតស៊ូមតិ ឬកែទម្រង់ប្រព័ន្ធច្បាប់ និងវិស័យតុលាការដែរ។
ប្រព័ន្ធគ្រប់គ្រងទិន្នន័យនេះ អាចស្វែងរកបាននៅលើគេហទំព័រសិទ្ធិតាមរយៈ http//tmp.sithi.org៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
