មន្ត្រី​បក្ស​ប្រឆាំង​មិន​បាន​ចូល​បំភ្លឺ​តាម​ដីកា​តុលាការ​រឿង​ហិង្សា​ក្នុង​ថ្ងៃ​ឃោសនា​បោះឆ្នោត

ដោយ ថា កិត្យា
2017.07.17
ម៉ន ផល្លា ៦២០ ថ្មី ប្រធាន​ប្រតិបត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ រាជធានី​ភ្នំពេញ ​លោក ម៉ន ផល្លា។ RFA
Photo: RFA

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ រាជធានី​ភ្នំពេញ មិន​បាន​ចូល​បំភ្លឺ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​មានជ័យ ឲ្យ​បាន​មុន​ថ្ងៃ​ទី​១៧ ខែ​កក្កដា តាម​ដីកា​កោះ​របស់​តុលាការ​ក្រុង​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ករណី​ហិង្សា​មួយ​ក្នុង​ពេល​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់​ខែ​ឧសភា នោះ​ទេ។ អាជ្ញាធរ​ខណ្ឌ​មានជ័យ លើក​ឡើង​ថា នឹង​ពិភាក្សា​ជាមួយ​តុលាការ ដើម្បី​បន្ត​នីតិវិធី​លើ​រឿង​នេះ​ទៅ​មុខ​ទៀត។

យោង​តាម​ដីកា​កោះ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​ចេញ​កាល​ពី​ចុង​ខែ​មិថុនា បាន​បញ្ជា​ឲ្យ​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ភ្នំពេញ លោក ម៉ន ផល្លា ចូល​ខ្លួន​ទៅ​បង្ហាញ​មុខ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​មានជ័យ ឲ្យ​បាន​មុន​ថ្ងៃ​ទី​១៧ ខែ​កក្កដា ដើម្បី​សាកសួរ​លើ​ករណី «ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស» កាល​ពី​ថ្ងៃ​ហែ​ក្បួន​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់​របស់​គណបក្ស​ជំទាស់ នៅ​ថ្ងៃ​ទី​២៨ ខែ​ឧសភា កន្លង​ទៅ។ ប៉ុន្តែ​រហូត​មក​ដល់​ថ្ងៃ​ទី​១៧ ខែ​កក្កដា លោក ម៉ន ផល្លា មិន​បាន​បង្ហាញ​ខ្លួន​តាម​ដីកា​កោះ​នោះ​ទេ។

អាស៊ីសេរី មិន​អាច​ទំនាក់ទំនង​លោក ម៉ន ផល្លា បាន​ទេ​នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា ដោយ​ទូរស័ព្ទ​របស់​លោក​បាន​បិទ។ រីឯ​ភរិយា​របស់​លោក គឺ​លោកស្រី ម៉េន សៀម អះអាង​ថា លោក ម៉ន ផល្លា បាន​ចុះ​ទៅ​តាម​ខេត្ត​មួយ​រយៈ ដោយ​មិន​ដឹង​ថ្ងៃ​ណា​ត្រឡប់​មក​វិញ​នោះ​ទេ៖ «ខ្ញុំ​ដឹង​ត្រឹម​តែ​ថា មាន​ដីកា​កោះ​ហៅ​តែ​រឿង​គាត់​ទៅ ឬ​មិន​ទៅ គឺ​ខ្ញុំ​មិន​ដឹង​ដែរ»

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មិន​អាច​សុំ​ការ​ឆ្លើយតប​បាន​ទេ ដោយ​ពុំ​ទទួល​ទូរស័ព្ទ។

កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ បាន​ចេញ​ដីកា​កោះ​ហៅ​លោក ម៉ន ផល្លា ឲ្យ​ចូល​ខ្លួន​ទៅ​បង្ហាញ​មុខ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​មានជ័យ មុន​ថ្ងៃ​ទី​១៧ ខែ​កក្កដា ដើម្បី​សាកសួរ​លើ​ករណី «ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស» កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៧។ ការ​ចេញ​ដីកា​កោះ​នោះ ដោយ​មាន​យោង​របាយការណ៍​សុំ​ដីកា​បញ្ជា​ឲ្យ​ចូល​ខ្លួន​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​មានជ័យ តាម​មាត្រា​៣៧ មាត្រា​៩៤ និង​មាត្រា​១១៤ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ។

អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា បាន​ទេ។

ចំណែក​អធិការ​រង​នគរបាល​ខណ្ឌ​មានជ័យ លោក ហួរ ម៉េងវ៉ាង ដែល​សុំ​មិន​ឲ្យ​ថត​សំឡេង មាន​ប្រសាសន៍​ថា មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​មិន​បាន​ចូល​ខ្លួន​បំភ្លឺ​តាម​ដីកា​កោះ​ឡើយ ហើយ​លោក​នឹង​ស្នើសុំ​គោលការណ៍​ទៅ​ព្រះរាជអាជ្ញា​បន្ថែម​ទៀត ដើម្បី​បន្ត​នីតិវិធី​លើ​សំណុំ​រឿង​នេះ។

កាល​ពី​ចុង​ខែ​ឧសភា ឃ្លីប​វីដេអូ​មួយ​ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (facebook) បាន​បង្ហាញ​ពី​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​បាន​ស្រែក​ឲ្យ​យុវជន​ម្នាក់ ថា​បាន​ជិះ​បញ្ច្រាស​ផ្លូវ ហើយ​ក៏​មាន​វីដេអូ​មួយ​ទៀត​បាន​បង្ហាញ​ពី​សកម្មភាព​របស់​មនុស្ស​មួយ​ក្រុម​ដែល​ពាក់​អាវ​បក្ស​ប្រឆាំង វាយ​ទាត់​ធាក់​ទៅ​លើ​យុវជន​រូប​នោះ។ បន្ទាប់​ពី​វីដេអូ​នោះ​ត្រូវ​បាន​គេ​បង្ហោះ យុវជន​ម្នាក់​ដែល​មាន​ឈ្មោះ​ថា សេក សាមុន បាន​ដាក់​ពាក្យ​បណ្ដឹង​ដោយ​ប្ដឹង​ក្រុម​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ជិត ១០​នាក់ ដោយ​ចោទ​ថា​បាន​ប្រើ​ហិង្សា​លើ​ខ្លួន​ក្នុង​ពេល​លោក​ជិះ​ម៉ូតូ​ប៉ះ​ជាមួយ​ក្បួន​ដង្ហែ​របស់​បក្ស​ប្រឆាំង​នៅ​តំបន់​ស្ទឹងមានជ័យ ក្រុង​ភ្នំពេញ។

ទោះ​យ៉ាង​ណា អធិការ​រង​នគរបាល​ខណ្ឌ​មានជ័យ លោក ហួរ ម៉េងវ៉ាង បញ្ជាក់​ថា មិន​មាន​ដីកា​កោះ​ហៅ​ជន​ដៃ​ដល់​ណា​ម្នាក់​ដែល​មាន​នៅ​ក្នុង​វីដេអូ​ហិង្សា​នោះ​ឡើយ ពោល​គឺ​តុលាការ​កោះ​ហៅ​តែ​លោក ម៉ន ផល្លា ម្នាក់​គត់​មក​បំភ្លឺ ដោយសារ​តែ​លោក​ជា​អ្នក​រៀបចំ និង​ដឹកនាំ​ការ​ហែ​ក្បួន​ឃោសនា​បោះឆ្នោត​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា។

លោក ម៉ន ផល្លា ធ្លាប់​ប្រាប់​វិទ្យុ​វីអូអេ (VOA) ថា លោក​មិន​បាន​នៅ​កន្លែង​កើត​ហេតុ និង​មិន​បាន​ដឹង​ពី​អំពើ​ហិង្សា​ដែល​កើត​មាន​ក្នុង​ក្បួន​ដង្ហែ​បក្ស​នា​ចុង​ខែ​ឧសភា នោះ​ទេ។ លោក​បន្ថែម​ថា ការ​ប្រើ​អំណាច​តុលាការ​ដោយ​បញ្ជា​ឲ្យ​លោក​ទៅ​បង្ហាញ​ខ្លួន​នៅ​មុខ​សមត្ថកិច្ច​ពាក់ព័ន្ធ​នឹង​ហិង្សា គឺ​ជា​ការ​បញ្ជា​តាម​បែប​នយោបាយ​តែ​ប៉ុណ្ណោះ។ លើស​ពី​នេះ លោក​បង្ហាញ​អារម្មណ៍​ស្ទាក់ស្ទើរ​ក្នុង​ការ​ចូល​ខ្លួន​បំភ្លឺ ដោយ​បារម្ភ​អំពី​ការ​ចាប់​ខ្លួន​លោក​ដូច​ករណី​មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ផ្សេង​ទៀត​ដែល​កំពុង​រង​ការ​ចោទ​ប្រកាន់ និង​ជាប់​ឃុំ។

ទាក់ទិន​ករណី​នេះ​ដែរ ប្រធាន​ការិយាល័យ​មេធាវី​ក្រុម​អ្នក​ច្បាប់​អមរិន្ទ្រ លោក​មេធាវី សុក សំអឿន មាន​ប្រសាសន៍​ថា នៅ​ពេល​កោះ​ហៅ​ម្តង ឬ​ពីរ​ដង​មិន​ចូល​តាម​ដីកា​កោះ ដូច្នេះ​លើក​ទី​៣ តុលាការ​អាច​មាន​សិទ្ធិ​ចេញ​ដីកា​នាំ​ខ្លួន។ លោក​បន្ថែម​ថា កាលណា​សមត្ថកិច្ច​មាន​សិទ្ធិ​អាច​កោះ​ហៅ​សួរ​នាំ​បាន ប្រសិន​បើ​ពួក​គេ​ឆ្ងល់ ឬ​ចង់​ដឹង ប៉ុន្តែ​ជា​ទូទៅ តុលាការ​ត្រូវ​កោះ​ហៅ​ជន​ដៃ​ដល់​ដែល​ជា​អ្នក​ប្រើ​ហិង្សា ដើម្បី​មក​សួរ​នាំ​ជា​មុន មិន​មែន​ហៅ​អ្នក​ដែល​មិន​បាន​ប្រព្រឹត្ត​មក​សួរ​នោះ​ទេ៖ «តាម​ត្រូវ គឺ​ត្រូវ​ហៅ ឬ​រក​អ្នក​ដៃ​ដល់​សិន ហើយ​អ្នក​ដៃ​ដល់​ត្រូវ​ឆ្លើយ​ប្រាប់ ឬ​បង្ហាញ​ហេតុផល​ប្រាប់​មក មុន​នឹង​ហៅ​អ្នក​ដឹក​នាំ»

រហូត​មក​ដល់​ពេល​នេះ តំណាងរាស្ត្រ និង​មន្ត្រី​ជាន់​ខ្ពស់ ព្រម​ទាំង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ជិត ២០​នាក់​ហើយ ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន និង​ចោទ​ប្រកាន់ ពាក់ព័ន្ធ​នឹង​បទល្មើស​ផ្សេងៗ​គ្នា​ដែល​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ រួម​ទាំង​គណបក្ស​ប្រឆាំង​ផង ហៅ​ថា​ជា​អ្នក​ទោស​នយោបាយ។

មជ្ឈដ្ឋាន​ទូទៅ​តែង​រិះគន់​ថា ការ​អនុវត្ត​របស់​អាជ្ញាធរ និង​តុលាការ ហាក់​មាន​ស្តង់ដារ​ពីរ ព្រោះ​សំណុំ​រឿង​ប្រឆាំង​លើ​បុគ្គល​ដែល​រិះគន់​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល ក្នុង​នោះ​រួម​មាន​មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង សកម្មជន​ការពារ​ដីធ្លី សកម្មជន​បរិស្ថាន ព្រម​ទាំង​មន្ត្រី​សង្គម​ស៊ីវិល​ជាដើម គឺ​តុលាការ​តែង​ចាត់ការ​យ៉ាង​ឆាប់​រហ័ស និង​មាន​ប្រសិទ្ធភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។