តុលាការ​អាមេរិក​បញ្ជា​ឲ្យ​ក្រុមហ៊ុន Chevron បង្ហាញ​ភស្តុតាង​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី

ដោយ យាង សុជាមេត្តា
2017-08-05
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ប្រជាពលរដ្ឋ​ហែ​សព​លោក កែម ឡី ចេញ​ពី​កន្លែង​កើត​ហេតុ​នៅ​ស្តុប​បូកគោ ឆ្ពោះ​ទៅ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ កាល​ពី​ថ្ងៃ​ទី​១០ កក្កដា ឆ្នាំ​២០១៦។
ប្រជាពលរដ្ឋ​ហែ​សព​លោក កែម ឡី ចេញ​ពី​កន្លែង​កើត​ហេតុ​នៅ​ស្តុប​បូកគោ ឆ្ពោះ​ទៅ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ កាល​ពី​ថ្ងៃ​ទី​១០ កក្កដា ឆ្នាំ​២០១៦។
RFA/Yang Chandara

តុលាការ​សហរដ្ឋអាមេរិក បញ្ជា​ឲ្យ​ក្រុមហ៊ុន ឆេវរ៉ុន (Chevron) បង្ហាញ​ភស្តុតាង​នៃ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី នៅ​ហាង​ស្តារម៉ាត ក្នុង​ស្ថានីយ​សាំង​កាល់តិច (Caltex) កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក នៅ​ថ្ងៃ​ទី​៥ ខែ​សីហា ថា តុលាការ​រដ្ឋ​កាលីហ្វ័រញ៉ា (California) សហរដ្ឋ​អាមេរិក តម្រូវ​ឲ្យ​ក្រុមហ៊ុន​អាមេរិកាំង ឈ្មោះ ឆេវរ៉ុន ផ្ដល់​ភស្តុតាង និង​ឯកសារ​ទាំង​អស់​ពាក់ព័ន្ធ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី ដែល​ខ្លួន​មាន។

លោក សម រង្ស៊ី ថា ការ​សម្រេច​នេះ នឹង​អាច​ជួយ​ផ្ដល់​យុត្តិធម៌​ជូន​ជនរងគ្រោះ និង​ក្រុម​គ្រួសារ​នៅ​ប្រទេស​កម្ពុជា បើ​ទោះ​ជា​លោក​ថា អ្នក​នៅ​ពីក្រោយ​ឃាតកម្ម​បណ្ឌិត កែម ឡី មាន​មុខ​តំណែង​ខ្ពស់​ដល់​ណា​ក្នុង​ជួរ​រដ្ឋាភិបាល​ក៏ដោយ។ លោក​បញ្ជាក់​បន្ថែម​ថា សេចក្ដី​សម្រេច​នេះ ក៏​នឹង​ជួយ​ជំរុញ​ដល់​បណ្ដឹង​នៅ​ចំពោះ​មុខ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) នៅ​ទីក្រុង​ឡាអេ (The Hague) ទាក់ទង​ទៅ​នឹង​អំពើ​ឃោរឃៅ​របស់​ថ្នាក់​នាំ​ប្រទេស​កម្ពុជា សព្វថ្ងៃ។

លោក សម រង្ស៊ី បាន​ដាក់​បណ្ដឹង​ទៅ​តុលាការ​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៦ ដោយ​ស្នើ​សុំ​ឲ្យ​តុលាការ​អាមេរិក បង្គាប់​ទៅ​ក្រុមហ៊ុន ឆេវរ៉ុន ដែល​មាន​ក្រុមហ៊ុន​ប្រេងសាំង​កាល់តិច ជា​ប្រតិបត្តិករ​នៅ​រាជធានី​ក្រុង​ភ្នំពេញ ឲ្យ​បញ្ចេញ​វីដេអូ​ឃ្លិប ដែល​ថត​បាន​ពី​សកម្មភាព​បាញ់​ប្រហារ​បណ្ឌិត កែម ឡី នៅ​ក្នុង​ហាង​ស្តារម៉ាត។

​លោក សម រង្ស៊ី ធ្លាប់​បញ្ជាក់​ថា ការ​ទទួល​យក​បណ្ដឹង​របស់​លោក​នៅ​តុលាការ​អាមេរិក​នេះ ដោយសារតែ​ករណី​នេះ​ទាក់ទង​នឹង​សំណុំ​រឿង​២​ផ្សេង​ទៀត គឺ​បណ្ដឹង​បរិហារកេរ្តិ៍​ដែល​លោក​ចោទ​ថា លោក ហ៊ុន សែន ជា​អ្នក​នៅ​ពី​ក្រោយ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី និង​បណ្ដឹង​ដាច់​ដោយ​ឡែក​មួយ​ទៀត​របស់​ពលរដ្ឋ​ខ្មែរ រួម​នឹង​រូប​លោក​ផង ដែល​ប្ដឹង​ពី​លោក​នាយករដ្ឋមន្ត្រី​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។

​ក្នុង​សំណុំរឿង​ឃាតកម្ម​បណ្ឌិត កែម ឡី នេះ​ដែរ មាន​មនុស្ស​ចំនួន ៣​នាក់​ហើយ​ត្រូវ​បាន​រដ្ឋាភិបាល​ប្ដឹង​ទៅ​តុលាការ ដោយសារ​តែ​បាន​និយាយ​ថា រដ្ឋាភិបាល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ឃាតកម្ម បណ្ឌិត កែម ឡី។ មនុស្ស​ទាំង ៣​នាក់​នោះ រួម​មាន​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី សមាជិក​ព្រឹទ្ធ​សភា​គណបក្ស សម រង្ស៊ី អ្នកស្រី ថាក់ ឡានី និង​អ្នក​វិភាគ លោក គឹម សុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

នេះជាដំណឹងល្អដល់អ្នកស្រឡាញ់យុតិ្តធម៌ទាំងអស់
ជាពិសេសចំពោះក្រុមគ្រួសារ​​​ វីរបុរស កែម​ ឡី​ ។ យើងសូមស្វាគមន៍ ហើយនិងតាមដានរឿងនេះតទៅទៀតដោយយកចិត្តទុកដាក់បំផុត​ ។

អយុត្តិធម៌នឹងត្រូវបរាជ័យជាដាច់ខាត​ ៕

Aug 05, 2017 10:09 AM

គេហទំព័រ​ទាំងមូល