តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ជនជាតិអូស្ត្រាលីម្នាក់ ដែលបានបង្ហោះដ្រូន (Drone) ថតសកម្មភាពហែក្បួននៅថ្ងៃឃោសនាធំ ថ្ងៃទី២ ខែមិថុនា ក្នុងក្រុងភ្នំពេញ របស់បក្សប្រឆាំងពីបទប្រមូលផ្ដុំព័ត៌មានជាអាទិ៍ នាំឲ្យអន្តរាយដល់ការការពារជាតិ។
ជនជាតិអូស្ត្រាលី ឈ្មោះ ជេមស៍ រីកឃិតសាន់ (James Ricketson) ត្រូវបានអាជ្ញាធរឃាត់ខ្លួន និងបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែមិថុនា។ ការឃាត់ខ្លួន គឺ ១ថ្ងៃបន្ទាប់ពីលោក ជេមស៍ រីកឃិតសាន់ បានបង្ហោះដ្រូន ថតក្បួនហែរបស់បក្សសង្គ្រោះជាតិ ក្នុងយុទ្ធនាការឃោសនាថ្ងៃចុងក្រោយ។
អ្នកនាំពាក្យរបស់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ឲ្យដឹងថា នៅព្រឹកថ្ងៃទី៩ ខែមិថុនា ព្រះរាជអាជ្ញារង លោក សៀង សុខ សម្រេចបញ្ជូនសំណុំរឿងលោក ជេមស៍ រីកឃិតសាន់ ទៅចៅក្រមស៊ើបសួរដើម្បីចាត់ការ។
ដោយឡែក បើតាមកាសែតភ្នំពេញប៉ុស្តិ៍ ជាភាសាខ្មែរ ចុះផ្សាយនៅថ្ងៃទី៨ ខែមិថុនា ថា លោក ជេមស៍ មានវ័យ ៦៨ឆ្នាំ ក៏ធ្លាប់ត្រូវបានតុលាការក្រុងភ្នំពេញផ្ដន្ទាទោសកំបាំងមុខម្ដងរួចហើយ កាលពីឆ្នាំ២០១៤ ដោយព្យួរទោស ២ឆ្នាំ និងពិន័យប្រាក់ ៦លានរៀល ពីបទគំរាមកំហែងហែកកេរ្តិ៍អង្គការ Citipointe International ថា ជួញដូរកុមារកម្ពុជា ទៅក្រៅប្រទេស។ ការគំរាមកំហែងនោះ ធ្វើឡើងតាមរយៈសារអេឡិចត្រូនិក (Email) ក្នុងបំណងឲ្យម្ចាស់ជំនួយបញ្ឈប់មូលនិធិដល់អង្គការនេះ។
មាត្រា៤៤៦ នៃក្រមព្រហ្មទណ្ឌចែងថា បទប្រមូលផ្ដុំព័ត៌មានជាអាទិ៍ ដែលអាចធ្វើឲ្យអន្តរាយការការពារជាតិ ជាអំពើទទួល ឬប្រមូលផ្ដុំដើម្បីផ្ដល់ព័ត៌មានទៅឲ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេសនូវព័ត៌មាន វិធី វត្ថុ ឯកសារ ទិន្នន័យព័ត៌មានវិទ្យា ឬសលាកបត្រដែលអាចធ្វើឲ្យអន្តរាយការការពារជាតិ។ បទនេះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ ៥ឆ្នាំ ទៅ ១០ឆ្នាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។