នៅរសៀលថ្ងៃទី១៦ ខែមិថុនា ចៅក្រមស៊ើបសួរនៃតុលាការក្រុងភ្នំពេញ លោក សេង ឬទ្ធី បានបង្គាប់ឲ្យសង្ស័យក្នុងសំណុំរឿងក្ដីដែលចោទប្រកាន់ថា ចង់ផ្ដួលរំលំរដ្ឋាភិបាលរបស់រណសិរ្សរំដោះជាតិខ្មែរ មកសាកសួរបន្ថែម។ សមាជិករណសិរ្សរំដោះជាតិខ្មែរ ដែលរងការចោទប្រកាន់ថា ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ក្រោមហេតុផលថា មានចេតនាចង់បង្កើតកម្លាំងប្រដាប់អាវុធប្រឆាំងរដ្ឋាភិបាលរបស់លោក ហ៊ុន សែន អះអាងថា ការនាំខ្លួនមកសាកសួរជាថ្មីទៀតនេះ ពុំមានអ្វីថ្មីក្រៅពីអង្គហេតុចាស់នោះទេ។
លោក ធុយ វី ជាសមាជិករបស់រណសិរ្សរំដោះជាតិខ្មែរ ត្រូវបានឆ្មាំពន្ធនាគារព្រៃស បញ្ជូនទៅឃុំខ្លួននៅមណ្ឌលកែប្រែម១ វិញភ្លាមៗ តាមរយៈរថយន្តទ្រុងធំ ដែលដឹកអ្នកទោសចម្រុះគ្នាឆ្ពោះទៅគុកព្រៃសវិញ យ៉ាងតក់ក្រហល់ ក្រោយបញ្ចប់ការសាកសួរ។
ថ្លែងប្រាប់អាស៊ីសេរី បន្ទាប់ចេញពីបន្ទប់ចៅក្រម លោក ធុយ វី ដែលមានដៃជាប់ខ្នោះ អមដោយសំលៀកបំពាក់ពណ៌ស្លាទុំ ឬពណ៌ទឹកក្រូចផងស្រែកថា នេះជារឿងអយុត្តិធម៌សម្រាប់លោក។ សម្បុរខ្មៅ និងកាត់សក់ខ្លី លោក ធុយ វី អះអាងថា តុលាការព្យាយាមសួរនាំឡើងវិញ ទាក់ទងអង្គហេតុកាលពីថ្ងៃទី១៦ ឧសភា កន្លងទៅ នៅពេលធ្វើសន្និសីទកាសែត។
ឆ្លើយតបទៅនឹងថា តើតុលាការនឹងចាត់វិធានការបែបណាទៀតនោះ ត្រូវបានជនសង្ស័យរូបនេះបដិសេធថា ខ្លួនមិនទាន់ដឹងនៅឡើយទេ ដោយតុលាការបញ្ជូនរូបគេទៅឃុំខ្លួនបណ្ដោះអាសន្នឡើងវិញ៖ «គេអត់ទាន់កាត់ទោសខ្ញុំទេ គេគ្រាន់តែស៊ើបសួរពីបទញុះញង់»។
លោក ធុញ វី និងជាសមាជិករណសិរ្សរំដោះជាតិខ្មែរ និងមនុស្ស ២នាក់ផ្សេងទៀត ត្រូវបានកម្លាំងនគរបាលខណ្ឌច្បារអំពៅ ចាប់ខ្លួនកាលពីថ្ងៃទី១៦ ខែឧសភា ក្នុងពេលខ្លួនកំពុងធ្វើសន្និសីទកាសែតស្ដីពីជំហររបស់រណសិរ្សរំដោះជាតិខ្មែរ។ ក្រោយការចាប់ខ្លួន មនុស្ស ២នាក់ក្នុងចំណោមនោះ ត្រូវបានកម្លាំងនគរបាលដោះលែងវិញ ក្រោមហេតុផលថា រកមិនឃើញធាតុផ្សំនៃបទល្មើស។
អាស៊ីសេរី ព្យាយាមសុំការបញ្ជាក់បន្ថែមពីមន្ត្រីនាំពាក្យអយ្យការអមតុលាការក្រុងភ្នំពេញ លោក លី សុផាណា អំពីនីតិវិធីនៃការសាកសួររបស់ចៅក្រមនៅពេលនេះ ប៉ុន្តែមន្ត្រីនាំពាក្យអយ្យការរូបនេះ មិនឆ្លើយតបនោះឡើយ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមតេឡេក្រាម (Telegram) នៅថ្ងៃទី១៦ ខែមិថុនា។
បើទោះជាបែបណា កាលពីថ្ងៃទី១៩ ខែឧសភា អ្នកនាំពាក្យរបស់តុលាការក្រុងភ្នំពេញ លោក អ៊ី រិន បញ្ជាក់ថា លោក ធុយ វី ត្រូវបានចៅក្រមស៊ើបសួរលោក សេង ឬទ្ធី ចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រ ៤៩៤ និង មាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
ទាក់ទិនរឿងនេះ ប្រធានការិយាល័យឧត្ដមស្នងការអន្តរសាសន៍ លោក ឃុន សាវៈខែត ដែលត្រូវបានសមត្ថកិច្ចដោះលែងឲ្យមានសេរីភាពវិញ ក្រោយពេលសមត្ថកិច្ចចាប់ខ្លួនជាមួយលោក ធុយ វី នោះ ប្រាប់អាស៊ីសេរី នៅមុខតុលាការក្រុងភ្នំពេញថា លោកមិនបារម្ភទេចំពោះវាសនាលោក ធុយ វី នេះ។
លោក ឃុន សាវៈខែត ដែលមើលទៅទំនងហាក់ដឹងរឿងតិចតួចពីនីតិវិធីរបស់តុលាការ និងមិនសូវបារម្ភអំពីជោគវាសនារបស់លោក ធុយ វី បានស្ដីបន្ទោសច្រើនទៅអង្គការសហប្រជាជាតិវិញ និងថ្លែងការពាររដ្ឋាភិបាលថា មានភាពត្រឹមត្រូវក្នុងរឿងក្ដីនេះច្រើនជាង៖ «មកបំផុសបំផុលខ្មែរអំពីលទ្ធិប្រជាធិបតេយ្យឲ្យខ្មែរជាប់គុករញ៉េរញ៉ៃហើយវាអត់ជួយ។ ខ្ញុំអត់មានបន្ទោសលោក ហ៊ុន សែន អង្គការសហប្រជាជាតិអសមត្ថភាព»។
នៅថ្ងៃនាំខ្លួនជនជាប់សង្ស័យក្នុងរឿងក្តីក្រោមបទចោទថា រណសិរ្សរំដោះជាតិខ្មែរ មានចេតនាចង់ផ្ដួលរំលំរដ្ឋាភិបាលនេះ លោក សម សេរី ដែលជាប្រធានចលនានេះ បានថ្លែងការពារជំហររណសិរ្សរបស់លោកថា ជាអង្គភាពមានច្បាប់ត្រឹមត្រូវ ហើយទទួលស្គាល់ដោយអង្គការសហប្រជាជាតិផង។ ផ្ទុយទៅវិញ មានតែការិយាល័យឧត្ដមស្នងការអន្តរសាសន៍របស់លោក ឃុន សាវៈខែត ទេ ដែលត្រូវទទួលខុសត្រូវក្នុងរឿងក្ដីនេះ ដោយសារអង្គភាពនេះ ផ្ដួចផ្ដើមគំនិតនាំឲ្យមានសន្និសីទកាសែតកាលពីថ្ងៃទី១៦ ខែឧសភា។
គិតមកដល់ពេលនេះ មានសមាជិករបស់រណសិរ្សរំដោះជាតិខ្មែរប្រមាណ ១០នាក់មកហើយ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងចោទប្រកាន់តាមផ្លូវតុលាការ។ ពួកគេទាំងនោះរងការចោទប្រកាន់ថា មានចេតនាចង់ផ្ដួលរំលំរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។