មន្ត្រីសិទ្ធិមនុស្សល្បីឈ្មោះម្នាក់ដែលតែងតែឃ្លាំមើលការរំលោភសិទ្ធិមនុស្ស និងសិទ្ធិលំនៅឋាន គឺលោក សៀ ភារម្យ ត្រូវបានព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺ លោក កែវ សុធា ចេញដីកាឲ្យឃុំខ្លួនបណ្ដោះអាសន្នទាក់ទងបទចោទក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារក្លែង និងបទឆបោកក្នុងសំណុំរឿងដីមួយកន្លែងក្នុងខេត្តកំពង់ស្ពឺ។
ចំណែកលោក សៀ ភារម្យ នាយកលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅឋាន ដែលរងការចោទប្រកាន់នេះ បដិសេធថា លោកមិនបានប្រព្រឹត្តដូចការលើកឡើងទេ ហើយលោកនឹងតតាំងតាមផ្លូវច្បាប់ដោយមិនរត់គេចខ្លួនឡើយ។ លោកបញ្ជាក់ថា លោកបានទទួលដីកានេះជាងមួយសប្ដាហ៍ហើយ។
ដីកាចុះថ្ងៃទី៤ ខែវិច្ឆិកា របស់ព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺ ចោទប្រកាន់ថា លោក សៀ ភារម្យ បានប្រព្រឹត្តបទល្មើសទាំងនេះនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីឆ្នាំ២០០៩ រហូតមកដល់ឆ្នាំ២០១៦។ អ្នកប្ដឹងលោក សៀ ភារម្យ ឈ្មោះ នួន ផល្លី។
ដើមបណ្ដឹងឈ្មោះ នួន ផល្លី រូបនេះចោទប្រកាន់ថា មនុស្សពីរនាក់ ម្នាក់ឈ្មោះ ខឹម សុខឃឹម ដែលបានទទួលមរណភាពទៅហើយ និងម្នាក់ទៀតគឺលោក សៀ ភារម្យ ថាបានរួមគ្នាប្រើប្រាស់ឯកសារក្លែងទាក់ទងដីមួយកន្លែងនៅខេត្តកំពង់ស្ពឺ។
លោក សៀ ភារម្យ ថ្លែងបញ្ជាក់ថា រឿងដីធ្លីនេះជាការមួលបង្កាច់លើរូបលោកទាំងស្រុង។ លោកថាដីមួយដុំនេះជាដីដែលអ៊ំស្រីរបស់លោកឈ្មោះ ខឹម សុខឃឹម បានធ្វើអំណោយដល់លោក ហើយសុរិយោដីបានផ្ទេរកម្មសិទ្ធិមកលោកជាផ្លូវការហើយដែរតាំងពីឆ្នាំ២០០៤ មកម៉្លេះ ប៉ុន្តែនៅពេលនោះ ឈ្មោះ នួន ផល្លី មិនបានប្ដឹងតវ៉ាទេ។
លោកឲ្យដឹងទៀតថា នៅពេលអ៊ំស្រីរបស់លោក គឺលោកស្រី ខឹម សុខឃឹម ទទួលមរណភាពបាត់ទៅ ទើបឈ្មោះ នួន ផល្លី ប្ដឹងលោកអំពីរឿងនោះតែម្តង៖ «អត់បានពាក់ព័ន្ធអីរឿងគាត់រកស៊ីពីមុនមកយ៉ាងម៉េចៗ យើងអត់ដឹង។ ខ្ញុំគិតថា គាត់មានអ្នកនៅពីក្រោយខ្នង ដោយសារដូចជាដើមឆ្នាំ២០១៦ គាត់ទូរស័ព្ទមកគ្រួសារខ្ញុំ សុំចរចាដីហ្នឹងឡើងវិញដែរ ហើយដោយសារតែមានអ្នកនៅពីក្រោយហ្នឹងគេមានលុយ ឲ្យតម្លៃមួយដែលខាងបងប្អូនខ្ញុំអីគេអត់ព្រម អ៊ីចឹងគេចាប់ផ្ដើមខឹង ហើយប្ដឹងខ្ញុំទៅតុលាការ»។
ទោះយ៉ាងណាក្តី លោក សៀ ភារម្យ ក៏បង្ហាញការព្រួយបារម្ភលើរឿងនេះ ខណៈលោកឃើញសង្គមស៊ីវិលមួយចំនួនត្រូវបានតុលាការចាប់ឃុំខ្លួនជាបន្តបន្ទាប់។ លោកថាពេលលោកបានទទួលដីកានេះ មានមិត្តភ័ក្ដិសង្គមស៊ីវិលខ្លះផ្តល់គំនិតឲ្យលោករត់គេចខ្លួនសិនទៅ ប៉ុន្តែលោកមិនរត់ទេ ព្រោះលោកយល់ថា បើលោករត់គេចខ្លួន មានន័យថាលោកបានធ្វើខុសដូចការចោទប្រកាន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។