រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ សូក​អ្នក​កាសែត​ក្នុង​ស្រុក ២០០​ដុល្លារ ក្នុងមណ្ឌលបោះឆ្នោត

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រូវ​បាន​អ្នក​កាសែត​អូស្ត្រាលី ABC ប្រមាញ់​ថត​រូប​បានប្រទះ​ឃើញ​លោក​បាន​សូកប៉ាន់​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក ចំនួន ២០០​ដុល្លារនៅ​ក្នុង​មណ្ឌល​បោះ​ឆ្នោតក្រោយ​ពេល​ដែល​លោក​បាន​ចេញ​ពី​បោះ​ឆ្នោត​រួច។ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បដិសេធ​ថាករណី​នេះ​មិន​មែន​ជា​រឿង​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​នោះ​ទេ។

ខណៈដែលរបបលោក ហ៊ុន សែន កំពុងរៀបចំ​ការ​បោះ​ឆ្នោត​ដ៏​ចម្រូងចម្រាស​ដែល​ត្រូវ​បានសហគមន៍​អន្តរជាតិ ចាត់​ទុក​ថា​ជា​ការ​បោះ​ឆ្នោត​ក្លែង​ក្លាយ​នោះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ត្រូវបានអ្នកកាសែតជនជាតិអូស្ត្រាលី ប្រទះ​ឃើញ​ថា បាន​សូក​លុយ​អ្នក​កាសែត ដោយ​​ផ្តល់​​ប្រាក់​​ជា​​ក្រដាស​​ប្រាក់ ១០០​ដុល្លារ​អាមេរិកចំនួន​ពីរ​សន្លឹកទៅ​​ឲ្យ​​ក្រុម​​អ្នក​​កាសែត​​ក្នុង​​ស្រុក។ អំពើ​សូកប៉ាន់​អ្នក​កាសែត​បស់លោក ខៀវ កាញារិទ្ធិ នេះ ធ្វើ​ឡើង​នៅ​ក្នុង​មណ្ឌល​បោះឆ្នោតតែម្តងក្រោយ​​ពេល​​លោក​​ចេញ​​ពី​​បោះ​​ឆ្នោតរួច​​ដើរ​​សំដៅ​តៅ​ទៅ​រថយន្ត​របស់​លោក​វិញ។

សារព័ត៌មានអូស្ត្រាលី ABC រាយការណ៍នៅថ្ងៃទី២៩ កក្កដា នេះថា លោក ខៀវ កាញារីទ្ធ បាន​​ទៅ​​បោះ​ឆ្នោត​នៅ​មណ្ឌល​សាលា​ទួល​គោក ក្នុង​រាជធានី​ភ្នំពេញ។ កាសែតបន្តថា នៅប្រមាណ១៥ នាទី​ក្រោយ​មក លោក​​បាន​ដើរ​​សំដៅ​​ទៅ​​កាន់​​រថយន្ត​របស់​​លោក ហើយ​អ្នក​រាយការណ៍​ព័ត៌មាន​អូស្ត្រាលី ABC បាន​ឃើញ​លោក​ប្រគល់​ក្រដាស​ប្រាក់ ១០០​ដុល្លារ ចំនួន ២សន្លឹក ឲ្យ​ទៅ​អ្នក​សារព័ត៌មាន​​ជន​ជាតិ​ខ្មែរ។ សារព័ត៌មានអូស្ត្រាលីដដែលនេះ ទទួល​បាន​ការ​បញ្ជាក់​ថា ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន និង​អ្នក​ថត​វីដេអូ​ក្នុង​ស្រុក ទទួល​បាន​ប្រាក់​ក្នុង​ម្នាក់ ២០​ដុល្លារ​អាមេរិក។

សារព័ត៌មានអូស្ត្រាលីដដែល​សរសេរថា ដោយចៃដន្យ អ្នករាយការណ៍ព័ត៌មានរបស់ខ្លួន ក៏​​បាន​​ជួប​​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​ដែល​ជា​ប្រធាន​អង្គភាព​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ គឺ​លោក ឱម យ៉ិនទៀង។ លោក ឱម យ៉ិនទៀង ត្រូវ​​បាន​​សារព័ត៌មាន​អូស្ត្រាលី ស្រង់​​សម្តី​​ថា លោក​​​បាន​​​បដិសេធ​​ថា ទង្វើ​សូក​លុយ​ឲ្យ​អ្នក​កាសែត​របស់​លោក ខៀវ កាញារិទ្ធិ នេះ មិន​មែន​​ជា​​អំពើ​ពុក​​រលួយឬ​​សូក​ប៉ាន់​នោះ​​ទេ៖ « តាមច្បាប់របស់យើង ខ្ញុំគិតថា មិនមែន [ ជារឿងសូកប៉ាន់ ] អីទេ។ គ្មាន​​អ្វី​​ដែល​​ត្រូវ​​សួរ​​ពី​រឿង​​នេះ​​ទេ»។

អាស៊ីសេរី មិនអាចទាក់ទងលោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​អន្តរជាតិ​ ដើម្បី​ឲ្យ​លោក​​អត្ថាធិប្បាយ​​លើ​​បញ្ហា​​នេះ​​បាន​​ទេដោយ​​លោក​​មិន​​លើក​ទូរស័ព្ទ។

លោក សន ជ័យ នាយកអង្គការសម្ព័ន្ធ​គណនេយ្យភាព​សង្គមកម្ពុជាហៅ​កាត់​ថាអាន​សា (ANSA) យល់​​ឃើញ​​ថាការ​​ផ្តល់​​ប្រាក់​​​ជា​​​​អំណោយ​​​នៅ​​​ក្នុង​​​រដូវ​​​កាល​​បោះ​​ឆ្នោត​​នេះអាច​នឹង​ត្រូវ​គេ​មើល​​ឃើញ​​ថា មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ឥទ្ធិពល​នៃ​ការ​បោះ​ឆ្នោត។ លោក​ថា ប្រសិន​បើ​នេះ គ្រាន់​តែ​ជា​ការ​ផ្តល់​​អំណោយ ហើយមិនមានភ្ជាប់លក្ខខណ្ឌអ្វីមួយនោះទេ នោះ​គ្រាន់​តែ​ជា​ប្រភេទ​នៃ​អំណោយ ដែល​មិន​ធ្វើ​ឲ្យមានឥទ្ធិពលអ្វីនោះទេ។

សំឡេងលោក សន ជ័យ៖ « ខ្ញុំមើលជារួម ការឲ្យអំណោយពេលបោះឆ្នោតនេះ វាជាការឲ្យមួយដែលមិន​សាក​សម ហើយ​វា​មិន​មែន​ជា​ពេល​វេលា​មួយ​ត្រឹម​ត្រូវ​នោះ​ទេ សម្រាប់​ការ​ផ្តល់ជូនដល់អ្នកសារព័ត៌មាន ប៉ុន្មានទេ ហើយ​យើង​មិន​លើក​ទឹក​ចិត្ត​ឲ្យ​​មាន​​ការ​​ធ្វើ​​បែប​​នេះ​​ទេ ។ បើសិនជាគាត់ឈរឈ្មោះជាតំណាងរាស្ត្រនៅមណ្ឌលនោះ អាហ្នឹង អាច​នឹង​ត្រូវ​គេ​ចោទ​សួរ​ពី​រឿង​ហ្នឹង។ ប៉ុន្តែ បើសិនជារឿងហ្នឹង មិនបានកើតឡើងក្នុង​មណ្ឌល​ដែល​គាត់​ឈរ​ឈ្មោះ​នោះ​ទេ ខ្ញុំ​គិត​ថា វា​ជា​រឿង​មួយ ដែល​ត្រូវ​ពិនិត្យ​មើល​ឲ្យ​បាន​ស៊ី​ជម្រៅ​បន្តិច ទើបយើងអាចយកករណីនោះសម្រាប់ការ​ដេញ​ដោល​ទៅ​លើ​ឥទ្ធិពល​នៃ​អំណោយ​នៅ​ក្នុង​ថ្ងៃ​បោះ​ឆ្នោត »

រាល់លើក ឲ្យតែរឿងពាក់ព័ន្ធនឹងមន្ត្រីគណបក្សប្រជាជនកម្ពុជា ស្ថាប័នប្រឆាំងនឹងអំពើពុករលួយ​របស់លោក ឱម យឹនទៀង តែ​មិន​សូវ​សកម្ម​ចេញ​មុខ​មក​បើក​ការ​ស៊ើបអង្កេត ឬចាត់ការ​នោះ​ឡើយ តែថែមទាំងចេញមុខការពារទៀតផង។ តួយ៉ាង ដូច​ករណី​រឿងអាស្រូវរបស់លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយករដ្ឋានពន្ធដារ ដែលត្រូវបានសារព័ត៌មាន Aja Zeera លាត​ត្រដាង​កាល​ពី​ពេល​ថ្មីៗ នេះ​ថា មាន​តម្កល់​ប្រាក់​រាប់លានដុល្លារនៅអូស្ត្រាលី ព្រម​ទាំង​ធ្វើ​ជា​ម្ចាស់​ភាគហ៊ុន ដោយ​បាន​​ផ្តល់​​ព័ត៌មានភូតកុហក់ដល់រដ្ឋាភិបាលអូស្ត្រាលីទៀតផង ខណៈ​ខាង​ស្ថាប័ន​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​លោក ឱម យឹនទៀង នេះ មិន​​បាន​​ចេញ​​មុខ​​មក​​បើក​​ការ​​ស៊ើប​​អង្កេត​ណា​មួយ​នោះ​ឡើយ។ ផ្ទុយទៅវិញ ចំពោះ​ករណី​អតីត​មេ​ឃុំ​មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ លោក ស៊ាង ចែត្រ ឬ​ករណីមន្ត្រីសមាគមសិទ្ធិមនុស្ស អាដហុក ៥រូប វិញ ស្ថាប័ន​នេះ​បាន​ចាត់ការ​យ៉ាង​​ឆាប់​​រហ័ស​​ប្រឆាំង​​នឹង​​ពួក​​គេរហូត​ដល់​ចាប់​ដាក់​ពន្ធនាគារជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។