តុលាការ​បដិសេធ​សំណើ​សុំ​ពន្យារ​ពេល​ចូល​បំភ្លឺ​នៅ​តុលាការ​របស់​លោក គឹម សុខ

0:00 / 0:00

លោក គឹម សុខ បាន​ដាក់​លិខិត​សុំ​ពន្យារពេល​ចូល​ឆ្លើយ​បំភ្លឺ​មុន​មួយ​ថ្ងៃ​នៃ​ដីកា​កោះ​ឲ្យ​បង្ហាញ​ខ្លួន នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ នៅ​តុលាការ​ក្រុង​ភ្នំពេញ។ ប៉ុន្តែ​សំណើ​របស់​អ្នក​ឃ្លាំមើល​សង្គម និង​នយោបាយ ដែល​រង​ការ​ប្ដឹង​ពី​លោក ហ៊ុន សែន ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ ច្រាន​ចោល​ភ្លាមៗ ក្រោយ​ពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ។

តំណាង​អយ្យការ​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក សៀង សុខ ដែល​ទទួល​បន្ទុក​ក្នុង​រឿង​ក្ដីក្ដាំ​ដែល​ប្ដឹង​ដោយ​លោក ហ៊ុន សែន នេះ មិន​បង្អង់​យូរ បាន​បដិសេធ​ការ​ស្នើ​សុំ​របស់​លោក គឹម សុខ ដោយ​ពុំ​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ច្រានចោល​នេះ​ទេ។

ឆ្លើយ​តប​នឹង​សំណួរ​របស់​ក្រុម​កាសែត តាម​បណ្ដាញ​ទំនាក់ទំនង​តេឡេក្រាម (Telegram) លោក លី សុផាណា អ្នក​នាំ​ពាក្យ​អយ្យការ​តុលាការ​ក្រុង​ភ្នំពេញ បញ្ជាក់​ថា ព្រះរាជអាជ្ញា​រង​លោក សៀង សុខ សម្រេច​មិន​ទទួល​យក​ការ​ស្នើ​សុំ​របស់​លោក គឹម សុខ នេះ​ឡើយ។ បើ​ទោះ​ជា​បែប​ណា អ្នក​នាំ​ពាក្យ​រូប​នេះ ពុំ​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ជំទាស់​ទៅ​នឹង​ការ​សុំ​ពន្យារ​ពេល​ចូល​បំភ្លឺ​នេះ ថា​អាច​មាន​ជាប់​ទាក់ទិន​រឿង​អ្វី​នោះ​ទេ។ បើ​តាម​ដីកា​កោះ គឺ​តំណាង​អយ្យការ​លោក សៀង សុខ បាន​បង្គាប់​ឲ្យ​លោក គឹម សុខ ត្រូវ​ចូល​ខ្លួន​ទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ។

កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ លោក សៀង សុខ តំណាង​អយ្យការ​បាន​ចេញ​ដីកា​កោះ ឲ្យ​លោក គឹម សុខ ចូល​ខ្លួន​បំភ្លឺ​តប​ទៅ​នឹង​បណ្ដឹង​លោក ហ៊ុន សែន។ លោក គី តិច ដែល​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​នាយករដ្ឋមន្ត្រី បាន​ប្ដឹង​លោក គឹម សុខ ដោយ​សំអាង​ថា លោក គឹម សុខ បាន​ចោទ​ថា បក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​បញ្ជា​ឲ្យ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ដែល​លោក គឹម សុខ លើក​ឡើង​កាល​ពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ។ ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​នេះ​ដែរ លោក ហ៊ុន សែន ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន ៥០​ម៉ឺន​ដុល្លារ។

លោក គឹម សុខ ដែល​រង​ការ​ប្ដឹងផ្ដល់​ពី​លោក ហ៊ុន សែន លើក​ឡើង​ថា មូលហេតុ​នៃ​សំណើ​សុំ​ពន្យារ​ពេល គឺ​ដោយសារ​លោក​រក​មេធាវី​តតាំង​តាម​ផ្លូវ​ច្បាប់​មិន​ទាន់​បាន។ ម្យ៉ាង​ទៀត ដីកា​កោះ​របស់​លោក សៀង សុខ នេះ បង្គាប់​ដោយ​ប្រញាប់​ពេក ដែល​មិន​អាច​ទុក​ពេល​ឲ្យ​លោក​រក​មេធាវី​បាន​ទាន់​ពេល។ ជាង​នេះ​ទៀត មេធាវី​ដែល​លោក​ពឹង​ពាក់​សុទ្ធ​តែ​ខ្លាច​ញញើត​មិន​ហ៊ាន​ទទួល​យក​រឿង​ក្ដី​នេះ។ លោក​បន្ត​ថា« មាន​ហេតុផល​ពីរ។ ហេតុផល​ទី​១ មិន​ហ៊ាន​ទទួល​ហ្នឹង​មែន​ហើយ។ ពិចារណា និង​បារម្ភ​អំពី​រឿង​ក្តី​របស់​ខ្ញុំ​ហ្នឹង​វា​ចំ​ពេក។ សម្រេច​នាយក​រដ្ឋមន្ត្រី​គាត់​បញ្ជា​ឲ្យ​ប្ដឹង​តែ​ម្ដង ហើយ​គណបក្ស​ប្រជាជន​កម្ពុជា ប្ដឹងៗ។ ខ្ញុំ​ជា​ពលរដ្ឋ​សាមញ្ញ​ធម្មតា ឥត​មាន​តួនាទី​អី​សោះ។ នេះ​ហើយ​ជា​ចំណុច​ទី​១។ ចំណុច​ទី​២ រឿង​ថវិកា​សម្រាប់​ជួល​មេធាវី ហើយ​ព្យាយាម​រក​មេធាវី​ការពារ​ក្តី​ដោយ​សេវា​ឥត​គិត​ថ្លៃ មិន​ទាន់​បាន។ ហេតុ​ដូច្នេះ​ហើយ ខ្ញុំ​កំពុង​រក​ថវិកា​មួយ​ចំនួន ដើម្បី​លើក​ទឹក​ចិត្ត​លោក​មេធាវី​ឲ្យ​ជួយ​ការពារ​ក្ដី​ខ្ញុំ »

លោក គឹម សុខ បញ្ជាក់​នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ ថា ស្រប​ពេល​កម្លាំង​ស៊ីវិល​ជា​ច្រើន​តាម​ដាន​លោក​រាល់​ថ្ងៃ។ ទន្ទឹម​នឹង​នេះ មាន​អ្នក​ផ្ដល់​យោបល់​ឲ្យ​លោក​ទាក់ទង​លោក ហ៊ុន ម៉ាណែត ដែល​ជា​កូន​ប្រុស​ច្បង​របស់​លោក ហ៊ុន សែន ដើម្បី​បន្ធូរបន្ថយ​ស្ថានការណ៍​នេះ​ដែរ។

ក្នុង​ពេល​នៃ​ការ​សុំ​ពន្យារ​ពេល​ចូល​បំភ្លឺ​របស់​លោក គឹម សុខ នេះ​ដែរ មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​លោក ហ៊ុន សែន បាន​យក​បណ្ដឹង​មួយ​ថ្មី​ទៀត ប្ដឹង​អ្នក​ឃ្លាំមើល​សង្គម និង​នយោបាយ​រូប​នេះ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៦ កុម្ភៈ។ បណ្ដឹង​ដាច់​ដោយ​ឡែក​មួយ​​ទៀត​នេះ ត្រូវ​បាន​លោក គី តិច បញ្ជាក់​ថា លោក​ប្ដឹង​ពី​បទ​ថា លោក គឹម សុខ បរិហារកេរ្តិ៍​រដ្ឋាភិបាល ថា​បាន​រៀបចំ​ជា​ប្រព័ន្ធ​ក្នុង​ការ​សម្លាប់​មនុស្ស។

ថ្លែង​ក្រោយ​ចេញ​ពី​តុលាការ​វិញ លោក គី តិច ប្រាប់​អ្នក​កាសែត​ថា បណ្ដឹង​ទី​២​នេះ គឺ​លោក ហ៊ុន សែន ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន ១០​លាន​រៀល។ លោក​បន្ត​ថា ប្រសិន​បើ​លោក គឹម សុខ ពុំ​មាន​លទ្ធភាព​បង់​សង​ទេ តុលាការ​នឹង​ប្រើប្រាស់​វិធានការ​តាម​ផ្លូវ​ច្បាប់។ លោក​បន្ត​ថា« មិន​អាច​បុគ្គល​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ហើយ គាត់​ចេះ​តែ​គេច​ខ្លួន​រួច​ដោយសារ​តែ​មូលហេតុ​ឥត​មាន​អី​សង។ តែ​ឥត​មាន​អី​សង អា​ហ្នឹង​គេ​មាន​នីតិវិធី​គេ គេ​អាច​ចាប់​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​បង្ខំ​លើ​រូបកាយ​ទាមទារ​សំណង »

ពាក់ព័ន្ធ​នឹង​ចំណាត់ការ​ដ៏​ឆាប់​រហ័ស​របស់​តំណាង​អយ្យការ​លោក សៀង សុខ ដូច្នេះ ត្រូវ​បាន​អ្នក​ច្បាប់​ចាត់​ទុក​ថា នេះ​អាច​ជា​ចេតនា​ចង់​ចាប់​បង្ខំ​​ឲ្យ​ជន​ត្រូវ​ចោទ គ្មាន​ឱកាស​​ពឹងពាក់​មេធាវី ដើម្បី​ដោះ​បន្ទុក​នៅ​ក្នុង​តុលាការ ហើយ​ដែល​អាច​នឹង​ងាយ​​ឈាន​ទៅ​ដល់​ការ​ចោទ​ប្រកាន់​តែម្តង។

លោក ជូង ជូងី ដែល​តែង​ការពារ​ក្ដី​ឲ្យ​បក្ស​ប្រឆាំង​យល់​ឃើញ​ថា ការ​មិន​ទុក​ពេល​ឲ្យ​ចុង​ចម្លើយ​មាន​លទ្ធភាព​ស្វែង​រក​មេធាវី ដើម្បី​តតាំង​នៅ​ក្នុង​តុលាការ វា​ជា​ការ​រំលោភ​សិទ្ធិ​ជន​ត្រូវ​ចោទ ដែល​មាន​កំណត់​ដោយ​ច្បាប់។ លោក​បន្ត​ថា« ជាទូទៅ កាលណា​សំណើ​សុំ​ដើម្បី​រក​មេធាវី​ការពារ​សិទ្ធិ​តាម​ច្បាប់​អ៊ីចឹង គួរ​តែ​អនុញ្ញាត។ ម្យ៉ាង​ទៀត​ខ្ញុំ​ចាប់​អារម្មណ៍​ថា រយៈពេល​នៃ​ការ​កោះ​ហៅ​មាន​រយៈពេល​ខ្លី​ពេក។ សំណុំ​រឿង​ចុះ​ថ្ងៃ​ទី​១៣ ហើយ​កោះ​ហៅ​គាត់​ថ្ងៃ​ទី​១៧ »

លោក គឹម សុខ បញ្ជាក់​ជំហរ​ថា លោក​នឹង​នៅ​តែ​វិភាគ​ពី​ព្រឹត្តិការណ៍​សង្គម ប្រសិន​បើ​លោក​នៅ​មាន​ឱកាស។ បន្ថែម​ពី​លើ​នេះ អ្នក​វិភាគ​សង្គម និង​នយោបាយ​រូប​នេះ ស្នើ​សុំ​តែ​ម្យ៉ាង គឺ​ស្នើ​ឲ្យ​លោក ហ៊ុន សែន កុំ​ទៅ​ឆាឆៅ ឬ​អុកឡុក​ក្រុម​គ្រួសារ​របស់​លោក​ដែល​មិន​ដឹង​រឿង​អ្វី​ទាល់​តែ​សោះ ជុំវិញ​រឿង​ក្តី​ដ៏​ចម្រូងចម្រាស​មួយ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។