តុលាការ​ខេត្ត​កំពង់ស្ពឺ​កោះ​ហៅ​មេ​ដឹក​នាំ​សម្ព័ន្ធ​សហជីព​៧​នាក់​ឲ្យ​ចូល​បំភ្លឺ​ពី​បទ​ញុះញង់

0:00 / 0:00

តុលាការ​ខេត្ត​កំពង់ស្ពឺ ចេញ​ដីកា​កោះ​ហៅ​មេ​ដឹក​នាំ​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ចំនួន ៧​នាក់ ឲ្យ​ចូល​ខ្លួន​បំភ្លឺ ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា មិន​គោរព​សេចក្ដី​សម្រេច​របស់​តុលាការ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស។ ការ​ចេញ​ដីកា​កោះ​ហៅ​នេះ បន្ទាប់​ពី​តុលាការ​ខេត្ត បាន​ដាក់​ថ្នាក់​ដឹក​នាំ​សហជីព​នេះ​ចំនួន ៥​នាក់ ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំ​មើល។

មេ​ដឹក​នាំ​សម្ព័ន្ធ​សហជីព បាន​ចាត់​ទុក​ការ​បង្គាប់​ឲ្យ​ចូល​ខ្លួន​របស់​តុលាការ​ខេត្ត​កំពង់ស្ពឺ គឺ​ជា​ការ​រៀបចំ​ទុក​ជា​មុន ដោយ​មាន​ការ​ឃុបឃិត​គ្នា​រវាង​មន្ត្រី​តុលាការ អាជ្ញាធរ និង​ថៅកែ​ក្រុមហ៊ុន ដើម្បី​លុប​មិន​ឲ្យ​មាន​សំឡេង​អ្នក​ការពារ​សិទ្ធិ​កម្មករ។

ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា ដែល​តុលាការ​ខេត្ត​កំពង់ស្ពឺ កោះ​ហៅ​ម្នាក់​ដែរ​នោះ ថ្លែង​នៅ​ថ្ងៃ​ទី​១ កុម្ភៈ ថា លោក​នឹង​ចូល​ខ្លួន​ទៅ​បំភ្លឺ​តាម​ការ​បង្គាប់​របស់​តុលាការ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ឡើយ។ លោក​បញ្ជាក់​ថា ការ​កោះ​ហៅ​នេះ ពុំ​មាន​ភាព​ប្រក្រតី​នោះ​ទេ ស្រប​ពេល​ដែល​វិវាទ​ការងារ​របស់​កម្មករ មិន​ត្រូវ​បាន​គេ​យក​មក​ដោះស្រាយ ហើយ​ការ​ប៉ះ​ទង្គិច​រវាង​ក្រុម​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម វាយ​សំពង​ថ្នាក់​ដឹក​នាំ​សហជីព​ឲ្យ​របួស កាល​ពី​ថ្ងៃ​ទី​១២ មករា ក៏​មិន​ត្រូវ​បាន​លើក​យក​មក​ដោះស្រាយ​នោះ​ដែរ៖ «រឿង​នេះ​ជា​ការ​រៀបចំ​ទុក និង​ជា​ចេតនា​មួយ​បំបាក់​ស្មារតី​លើ​ក្រុម​សហជីព ជាពិសេស​គឺ​ចង់​សំដៅ​ទៅ​លើ​កម្មករ ឲ្យ​បញ្ឈប់​នូវ​សកម្មភាព​បាតុកម្ម​តវ៉ា​ផ្សេងៗ ទាមទារ​លក្ខខណ្ឌ ដូចជា ជំរុញ​ឲ្យ​ថៅកែ​គោរព​ច្បាប់។ កន្លង​មក ខ្ញុំ​ក៏​ទទួល​រង​ការ​គំរាម​កំហែង​ពី​សំណាក់​មន្ត្រី​តុលាការ​ដែរ ឲ្យ​ខ្ញុំ​បញ្ឈប់​ការ​តវ៉ា​នៅ​លើ​ទឹក​ដី​ខេត្ត​កំពង់ស្ពឺ ជា​បន្ទាន់ បើ​មិន​អ៊ីចឹង​ទេ គាត់​ឃើញ​នៅ​ទីណា ចាប់​ទី​ហ្នឹង។ ដូច្នេះ ខ្ញុំ​ក៏​ទទួល​រង​នូវ​ការ​គំរាម​កំហែង​ដែរ»

ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ លោក ម៉ែន វណ្ណៈ បាន​ចេញ​ដីកា​កាល​ពី​ថ្ងៃ​ទី​២៧ មករា កោះ​ហៅ​មេ​ដឹក​នាំ​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ ឲ្យ​ចូល​ខ្លួន​នៅ​ថ្ងៃ​ទី​២៩ កុម្ភៈ ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា មិន​គោរព​សេចក្ដី​សម្រេច​របស់​តុលាការ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស។ អ្នក​ទាំង ៧​នាក់​នោះ មាន​តួនាទី​ពី​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ រហូត​ដល់​មន្ត្រី​សហជីព គឺ​មាន លោក ប៉ាវ ស៊ីណា លោក ស៊ុត ចិត្រ លោក ខាត់ ឡូត លោក ព្រំ ប៊ុនថន លោក ចាំ សំណាង ម៉ៅ ម៉យ និង​ឈ្មោះ អាន ថុនា។

សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ឃ្លាំ​មើល​សិទ្ធិ​ការងារ បាន​កត់​សម្គាល់​ឃើញ​ថា សហជីព​ណា​ដែល​សកម្ម​ក្នុង​ការ​តវ៉ា​លក្ខខណ្ឌ​ការងារ​ល្អ គោរព​សិទ្ធិ និង​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល គឺ​ជា​ក្រុម​គោលដៅ​ដែល​ប្រឈម​មុខ​ខ្ពស់​ទៅ​នឹង​ការ​គំរាម​កំហែង​ផ្លូវ​ច្បាប់ និង​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ រួម​ទាំង​មាន​ការ​ហាម​ឃាត់​រារាំង​មិន​ឲ្យ​ជួប​ប្រជុំ​រវាង​ថ្នាក់​ដឹក​នាំ​សហជីព និង​កម្មករ។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្ស ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា សង់ត្រាល់ (CENTRAL) លោក មឿន តុលា ថ្លែង​ថា តុលាការ​ត្រូវ​បាន​គេ​ប្រើ​ជា​ឧបករណ៍​ក្នុង​ការ​រាំង​ខ្ទប់​កម្មករ មិន​ឲ្យ​អនុវត្ត​សិទ្ធិ​របស់​ខ្លួន ដោយ​ការពារ​ប្រយោជន៍​ឲ្យ​ភាគី​ម្ខាង ក្នុង​គ្រា​ដែល​និយោជក​មិន​បាន​គោរព​ច្បាប់​ស្ដីពី​ការងារ៖ «តុលាការ​ជាទូទៅ សាធារណជន​មើល​ឃើញ​ថា ជា​ឧបករណ៍​សម្រាប់​អ្នក​មាន​លុយ ក៏ដូចជា​អ្នក​មាន​អំណាច ប្រើប្រាស់​ក្នុង​ការ​បំបិទ​សេរីភាព ឬ​ក៏​រាំង​ខ្ទប់​ការ​អនុវត្ត​សិទ្ធិ​កម្មករ ក៏ដូចជា​សកម្មជន​ការងារ និង​សកម្មជន​នយោបាយ​ផង​ដែរ»

មន្ត្រី​សហជីព ៥​នាក់​ក្នុង​ចំណោម ៧​នាក់​ដែល​តុលាការ​បង្គាប់​ឲ្យ​ចូល​ខ្លួន ត្រូវ​តុលាការ​ដោះ​លែង​កាល​ពី​ថ្ងៃ​ទី​១៨ មករា និង​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល។

កាល​ពី​ថ្ងៃ​ទី​១២ មករា តំណាង​កម្មករ​កម្មការិនី​រោងចក្រ ៣​រូប រង​របួស​ធ្ងន់ ហើយ​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ និង ៥​នាក់​ផ្សេង​ទៀត ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន នៅ​ពេល​ដឹក​នាំ​តវ៉ា​ធ្វើ​បាតុកម្ម​នៅ​មុខ​រោងចក្រ អ៊ែដ្យាយល៍ ស្វេតថឺ (Agile Sweater) ឋិត​នៅ​ភូមិ​បូរីកម្មករ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ ក្រោយ​ហេតុការណ៍​ប៉ះ​ទង្គិច​គ្នា​នៅ​មុខ​រោងចក្រ គ្រា​ដែល​កម្មករ​តវ៉ា​ទាមទារ​លក្ខខណ្ឌ​ការងារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។