ពលរដ្ឋរស់នៅឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខែត្រក្រចេះ ៥៤៥គ្រួសារ បានផ្ដិតមេដៃប្ដឹងឧកញ៉ា ២រូប និងអ្នកមានអំណាចមួយចំនួនពីបទកាប់រានដីព្រៃសាធារណៈរបស់រដ្ឋទៅសាលាដំបូងខែត្រក្រចេះ។ ពលរដ្ឋទាមទារឲ្យឧកញ៉ាទាំងនោះ និងអ្នកពាក់ព័ន្ធទទួលខុសត្រូវការបាត់បង់តំបន់ព្រៃស្រោងជាង ៣ពាន់ហិកតារ ហើយបច្ចុប្បន្នបានក្លាយជាទីដីវាល និងគ្រប់គ្រងជាកម្មសិទ្ធិឯកជន។
តំណាងពលរដ្ឋរស់នៅឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខែត្រក្រចេះ ៦រូប ត្រៀមខ្លួនទៅឆ្លើយបំភ្លឺតាមដីកាកោះរបស់តំណាងអយ្យការអមសាលាដំបូងខែត្រក្រចេះ នៅថ្ងៃទី២៤ ខែកុម្ភៈ។ លើសពីនេះ ពួកគាត់អះអាងថា អ្នកភូមិមានភស្តុតាងជាក់លាក់ទាក់ទិនការកាប់ឆ្ការដីព្រៃជាតំបន់ព្រៃស្រោងឋិតនៅឃុំឫស្សីកែវ ដោយចោទប្រកាន់ឧកញ៉ាចំនួនពីររូប ឈ្មោះ ប៊ុត ប៊ុនអេង ហៅ អេង និងឧកញ៉ា លឹម ប៊ុណ្ណា ហៅ ខ្នា និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។
តំណាងពលរដ្ឋ លោក អិប វេងអៀ រៀបរាប់ថា តំបន់ព្រៃស្រោងមានទំហំជាង ៣ពាន់ហិកតារ (៣.២១០) ឋិតនៅតំបន់អូរស្ទឹងឡា នៃឃុំឫស្សីកែវ ត្រូវបានឧកញ៉ា អេង និងឧកញ៉ា ខ្នា ព្រមទាំងអ្នកពាក់ព័ន្ធផ្សេងទៀតសម្រុកកាប់ឆ្ការរានយកដីជាសកម្មសិទ្ធិតាំងពីឆ្នាំ២០០៩ ដោយគ្មានការទទួលខុសត្រូវ។
លោកស្ដីបន្ទោសថា អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញហាក់មិនយកចិត្តទុកដាក់ទប់ស្កាត់ការឆ្ការដីព្រៃសាធារណៈរបស់រដ្ឋ តែបែរជាបើកដៃឲ្យឈ្មួញមានអំណាចកាប់ឆ្ការទន្ទ្រានព្រៃយ៉ាងអនាធិបតេយ្យដើម្បីធ្វើជាកម្មសិទ្ធិ និងធ្វើអាជីវកម្ម៖ «គេមានលុយគេកាប់ទន្ទ្រានជាទ្រង់ទ្រាយធំ ឈូសឆាយយកដីធ្វើជាចម្ការតែម្ដង។ យើងទៅរកអុសក៏អត់បានដែរ ព្រោះសុទ្ធតែដីចម្ការរបស់គេទាំងអស់។ អ៊ីចឹងបានពលរដ្ឋបាត់បង់ធ្ងន់ធ្ងរណាស់»។
វិទ្យុអាស៊ីសេរី មិនអាចរកប្រភពទាក់ទងឧកញ៉ា លឹម ប៊ុណ្ណា ហៅ ខ្នា និងឧកញ៉ា ប៊ុត ប៊ុនអេង ដើម្បីសុំការបំភ្លឺជុំវិញពាក្យបណ្ដឹងរបស់ពលរដ្ឋបានទេ នៅថ្ងៃទី២៣ ខែកុម្ភៈ។
លោកឧកញ៉ា លឹម ប៊ុណ្ណា ហៅ ខ្នា និងឧកញ៉ាម្នាក់ទៀតឈ្មោះ សឹង សំអុល កាលពីពេលថ្មីៗនេះ ធ្លាប់បានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា ជាអ្នកជួញដូរដ៏ធំ ហើយបញ្ជាឲ្យអាជ្ញាធរចុះស៊ើបអង្កេត។
ដោយឡែកមេឃុំឫស្សីកែវ លោក ម៉ែន អុក ទទួលស្គាល់ថា ព្រៃនៅតំបន់នោះពិតជារងការកាប់រាន តែលោកធ្លាប់រាយការណ៍ករណីនេះទៅអាជ្ញាធរស្រុកដែរ។ លោកកត់សម្គាល់ថា ព្រៃនៅតំបន់នោះ ក៏ឋិតក្នុងគម្រោងដីសម្បទានសង្គមកិច្ចជិត ៣ពាន់ហិកតារ (២.៩៤៨) ដែលអាជ្ញាធរធ្លាប់ចុះវាស់វែងនិងគូសផែនទី៖ «ព្រោះដីយើងសុំធ្វើជាដីសម្បទានសង្គមកិច្ច ព្រោះចេះតែរំលោភទៅខ្ញុំដោះមិនចេញ ខ្ញុំប្រគល់ឲ្យទៅស្រុកទៅ»។
តំណាងអយ្យការអមសាលាដំបូងខែត្រក្រចេះ លោក ហាក់ ហ៊ាន់ ឲ្យដឹងថា តំណាងអយ្យការនឹងកោះហៅតំណាងពលរដ្ឋឲ្យចូលស្រាយបំភ្លឺជាមុនសិន ហើយនឹងកោះហៅឧកញ៉ាចំនួនពីររូបទៀតនៅពាក់កណ្ដាលខែមីនា ខាងមុខ។
លោកសង្កត់ធ្ងន់ថា ប្រសិនបើតំណាងអយ្យការរកឃើញថា មានឧកញ៉ា និងអ្នកពាក់ព័ន្ធមួយចំនួនជាប់ពាក់ព័ន្ធកាប់រានដីព្រៃឈើខុសច្បាប់ត្រូវទទូលខុសត្រូវចំពោះមុខច្បាប់៖ «ទទួលទោសពាក់ព័ន្ធកាប់រានយកដីរដ្ឋ ហើយការរំលោភយកដីពលរដ្ឋផង»។
កាលពីឆ្នាំ២០០៧ ពលរដ្ឋជាង ៤០០គ្រួសារ រស់នៅឃុំឫស្សីកែវ បានផ្ដិតមេដៃស្នើសុំដីសម្បទានសង្គមកិច្ចពីអាជ្ញាធរចំនួនជិត ៣ពាន់ហិកតារ ឋិតនៅតំបន់អូរស្ទឹងឡា ក្នុងឃុំឫស្សីកែវ ហើយរដ្ឋាភិបាលបានបែងចែកដីនៅតំបន់នោះជាពីរផ្នែក ទី១ បែកចែកសម្រាប់ទុកជាព្រៃសហគមន៍ និងមួយផ្នែកទៀតជាដីសម្បទានសង្គមកិច្ច។
មន្ត្រីអង្កេតជាន់ខ្ពស់ផ្នែកដីធ្លី និងធនធានធម្មជាតិនៃសមាគមអាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ ដែលចុះអង្កេតករណីនេះឲ្យដឹងថា តំបន់ព្រៃស្រោងធ្លាប់បានចុះបញ្ជីទទួលស្គាល់ពីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ចំនួនជាង ៣ពាន់ហិកតារ បច្ចុប្បន្នក្លាយជាវាលកម្មសិទ្ធិឯកជន។
លោកអះអាងថា ការស៊ើបអង្កេតរកអ្នកពាក់ព័ន្ធកាប់រានដីព្រៃស្រោងនោះ ពុំមានអ្វីលំបាកទេ ព្រោះពលរដ្ឋមានមូលដ្ឋានជាក់លាក់ដូចជាដីដែលគេកាប់រានបច្ចុប្បន្ន និងដីតំបន់ព្រៃស្រោងឋិតនៅឃុំឫស្សីកែវ របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់៖ «យើងមានផែនទី១ ដែលទទួលស្គាល់ដោយក្រសួង ទីពីរ យើងឃើញថា ផែនទីដែលឃុំធ្វើការវិនិយោគ ដែលបញ្ជាក់ថា ដីព្រៃស្រោងនៅតំបន់នោះសម្រាប់ធ្វើការវិនិយោគ ទី៣ យើងឃើញថា បទល្មើសជាក់ស្ដែងកើតហើយ វាអស់ហើយព្រៃកន្លែង ៣ពាន់ អ៊ីចឹងយើងមានភស្តុតាងទម្ងន់ យើងអត់មានអីត្រូវបារម្ភអ្វីដែលមិនពិតទេ»។
តំបន់ព្រៃស្រោង ឬព្រៃក្រាស ឋិតនៅឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ គឺជាផ្នែកមួយនៃព្រៃឡង់ ហើយនៅមុនឆ្នាំ២០០៨ ព្រៃនៅតំបន់នោះក៏ជាជម្រកសត្វកម្រដូចជា ប្រើស ខ្ទីង ជាដើម។ ពលរដ្ឋនៅតំបន់នោះធ្លាប់អាស្រ័យផលដូចជារកអុស បោចវល្លិ រកឃ្មុំ និងដងជ័រទឹកជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។