សាលាឧទ្ធរណ៍ គ្រោងនឹងប្រកាសសាលដីកាសំណុំរឿងបុរសខ្មែរសញ្ជាតិអាមេរិកាំងម្នាក់ នៅថ្ងៃទី១២ ខែមីនា ខាងមុខ បន្ទាប់ពីបានបើកសវនាការបណ្ដឹងសារទុក្ខលើសំណុំរឿងនេះ កាលពីថ្ងៃទី២៤ ខែកុម្ភៈ។
បុរសខ្មែររូបនោះ ជាប់ចោទពីបទញុះញង់ឲ្យមានការរើសអើង និងប្រមាថមេដឹកនាំរដ្ឋាភិបាល តាមរយៈខិត្តប័ណ្ណ។ មេធាវីការពារជនជាប់ចោទរកឃើញថា បុរសរូបនោះមានបញ្ហាផ្លូវចិត្ត ដែលគួរតែទទួលបានការពិនិត្យកោសល្យវិច័យ។
មេធាវីការពាររបស់បុរសខ្មែរសញ្ជាតិអាមេរិកកាំង រំពឹងថា កូនក្តីរបស់លោកនឹងត្រូវដោះលែងឲ្យមានសេរីភាព ដោយសារស្ថានភាពសុខភាពផ្លូវចិត្ត និងខួរក្បាលរបស់គាត់ ប្រសិនបើគាត់ទទួលបានកោសល្យវិច័យណាមួយ។
ការលើកឡើងរបស់មេធាវីការពារនៅក្នុងពេលដែលក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ បើកសវនាការបណ្ដឹងទាស់របស់ លោក ហាំង វិសុទ្ធ ជនជាប់ចោទខ្មែរសញ្ជាតិអាមេរិកាំង កាលពីថ្ងៃទី២៤ ខែកុម្ភៈ។
លោក ហាំង វិសុទ្ធ ដែលមានវ័យជាង ៥០ឆ្នាំជាខ្មែរ-អាមេរិកាំង ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីខែសីហា ឆ្នាំ២០១៤ បន្ទាប់ពីបានសរសេរខិត្តប័ណ្ណប្រើពាក្យថា «ហ៊ុន សែន ប៊ុន រ៉ានី ហ៊ុន ម៉ាណែត និង ស ខេង បានស្លាប់» ហើយយកទៅបិទលើដើមដូង តាមផ្លូវ២០៦ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌចំការមន កាលពីថ្ងៃទី១៧ ខែកក្កដា និងម្ដងទៀតនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៤។ សមត្ថកិច្ចបានដកហូតផ្ទាំងបដា ២ផ្ទាំង ខ្សែនីឡុងមួយដុំ លិខិតឆ្លងដែនមួយ និងប័ណ្ណបើកបរនៅអាមេរិកមួយ។
លោកមេធាវី សំ សុគង់ មានប្រសាសន៍ថា លោកមានលិខិតបញ្ជាក់ពីស្ថានភាពផ្លូវចិត្តរបស់កូនក្ដី គឺលោក ហាំង វិសុទ្ធ ដែលចេញដោយមន្ទីរពេទ្យក្នុងសហរដ្ឋអាមេរិក ជាទីដែលជនជាប់ចោទធ្លាប់រស់នៅ។ ប៉ុន្តែនៅក្នុងសវនាការ លោកពុំទាន់បានបកប្រែលិខិតនោះនៅឡើយ ហើយចៅក្រមក៏មិនបានពិចារណាលើលិខិតនោះដែរ។
នៅក្នុងសវនាការនៅសាលាឧទ្ធរណ៍ ជនជាប់ចោទបានឆ្លើយតបចំពោះការសាកសួររបស់ចៅក្រមថា ពាក្យទាំងនោះគាត់ពិតជាបានសរសេរខិត្តប័ណ្ណដោយខ្លួនឯង ពុំមានអ្នកណាបង្ខំ ឬដឹកនាំគាត់ឡើយ។ ប៉ុន្តែពាក្យទាំងនោះ គឺព្រះព្រហ្ម និងព្រះឥន្ទ្រ ជាអ្នកឲ្យលោកសរសេរ ហើយលោកជាយមរាជម្នាក់។
ក្រៅពីចម្លើយទាំងនេះ លោកមេធាវី សំ សុគង់ បញ្ជាក់ថា លោក ហាំង វិសុទ្ធ ថែមទាំងបានសុំពេលវេលាចៅក្រម ដើម្បីសម្មាធិសាកសួរទៅព្រះឥន្ទ្រ មុនពេលលោកឆ្លើយសំណួររបស់ចៅក្រមនោះទៀតផង។
សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោសដាក់គុក លោក វិសុទ្ធ រយៈពេល ២ឆ្នាំ និងពិន័យប្រាក់ ៦លានរៀល កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៤ ពីបទញុះញង់ឲ្យមានការរើសអើង និងប្រមាថតាមមាត្រា៤៩៤ នៃក្រមព្រហ្មទណ្ឌ។
លោកមេធាវី សំ សុគង់ លើកឡើងថា កូនក្ដីរបស់លោកដែលមានបញ្ហាផ្លូវចិត្ត មិនគួរត្រូវចោទពីបទញុះញង់ឡើយ ហើយលោកគួរត្រូវបានសម្រាលបទចោទ។
បើតាមលោកមេធាវី ជនជាប់ចោទរូបនេះមានគ្រួសារនៅសហរដ្ឋអាមេរិកដែរ ប៉ុន្តែពុំមានព័ត៌មានណាមួយពីពួកគេឡើយ។ លោកធ្លាប់ធ្វើជាកម្មករនៅសហរដ្ឋអាមេរិក ប៉ុន្តែក្រោយមកបានបាត់បង់ការងារ ដោយសារបញ្ហាសុខភាព។ នៅក្នុងសវនាការ លោក វិសុទ្ធ បានរំឭកថា កាលពីគាត់នៅអាមេរិកនោះ មិត្តរបស់គាត់ឲ្យអ្នកឯកទេសជំងឺផ្លូវចិត្តមកពិនិត្យ និងបាននាំគាត់ទៅសម្រាកនៅពេទ្យ។
នៅពេលសន្និដ្ឋានបិទសវនាការ អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ លោក អ៊ឹម សុផាន ស្នើក្រុមប្រឹក្សាជំនុំជម្រះដែលដឹកនាំដោយ អ្នកស្រីចៅក្រម ចាន់ ម៉ាឌីណា ឲ្យតម្កល់ការសម្រេចរបស់តុលាការថ្នាក់ក្រោម ដោយសំអាងលើភស្តុតាងជាក់ស្ដែងដែលសមត្ថកិច្ចរឹបអូសបាន។
អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា អ្វីដែល លោក វិសុទ្ធ បានឆ្លើយក្នុងសវនាការបង្ហាញថា លោកមិនមែនជាមនុស្សដែលមានស្ថានភាពផ្លូវចិត្តធម្មតាឡើយ។ លោក សំអាត បន្តថា ចៅក្រមអាចបញ្ជូនជនជាប់ចោទរូបនោះទៅពិនិត្យសុខភាពផ្លូវចិត្តដោយអ្នកជំនាញក្នុងស្រុក ប្រសិនបើនៅមានមន្ទិល។
បញ្ហាសុខភាពផ្លូវចិត្តរបស់ លោក ហាំង វិសុទ្ធ នេះ លោកមេធាវី សំ សុគង់ ធ្លាប់ដាក់លិខិតទៅអគ្គនាយកដ្ឋានពន្ធនាគារ សុំឲ្យពិនិត្យសុខភាពលោកដែរ ប៉ុន្តែរហូតមកដល់ពេលនេះ នៅមិនទាន់មានការឆ្លើយតបថាយ៉ាងណានៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។