និស្សិតមួយក្រុមនៃសាកលវិទ្យាល័យខេមរៈ ដែលជាមិត្តរួមថ្នាក់ជាមួយយុវជន គង់ រ៉ៃយ៉ា បានដាក់លិខិតទៅស្ថាប័នពាក់ព័ន្ធចំនួនបី គឺក្រសួងយុត្តិធម៌ ខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រសួងមហាផ្ទៃ សុំឲ្យអន្តរាគមន៍ទៅតុលាការ ដើម្បីសុំដោះលែងយុវជន គង់ រ៉ៃយ៉ា វិញនៅថ្ងៃទី១៥ មីនា ដែលជាថ្ងៃសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រម ប៉ុន្តែសំណើសុំនេះ ត្រូវបានក្រសួងយុត្តិធម៌ បដិសេធ។
ក្រសួងយុត្តិធម៌ បដិសេធសំណើសុំរបស់និស្សិតមួយក្រុមនៃសាកលវិទ្យាល័យខេមរៈ ចំពោះការស្នើសុំអន្តរាគមន៍ដោះលែងយុវជន គង់ រ៉ៃយ៉ា ជាប់ពាក់ព័ន្ធនឹងការបង្ហោះសារបដិវត្តន៍ពណ៌ប្រឆាំងរដ្ឋាភិបាលតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) នោះ។
ការស្នើសុំនេះ ធ្វើឡើងមួយថ្ងៃមុនសាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រមនៅថ្ងៃទី១៥ មីនា ថាតើយុវជន គង់ រ៉ៃយ៉ា នឹងមានទោស ឬត្រូវដោះលែង?
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ថា ក្រសួងយុត្តិធម៌ បានទទួលលិខិតរបស់ក្រុមនិស្សិតសាកលវិទ្យាល័យខេមរៈ ដែលជាមិត្តរួមថ្នាក់យុវជន គង់ រ៉ៃយ៉ា សុំឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជួយអន្តរាគមន៍ទៅតុលាការ ឲ្យដោះលែងយុវជនរូបនេះហើយ ប៉ុន្តែលោកឲ្យដឹងថា ក្រសួងគ្មានសិទ្ធិលូកដៃលើកិច្ចការរបស់តុលាការនោះទេ។ លោកបញ្ជាក់ថា ករណីនេះ ជាឆន្ទានុសិទ្ធិរបស់តុលាការ ដែលសម្រេចដោះលែង ឬមិនដោះលែងនោះ?៖ «ប៉ុន្តែបើគាត់មានអំណះអំណាងអាចជួយដល់យុវសិស្ស គង់ រ៉ៃយ៉ា គាត់អាចយកអំណះអំណាងទៅបង្ហាញតុលាការ ដើម្បីឲ្យតុលាការពិចារណាថា តើយុវជនរូបនោះមានធាតុផ្សំគ្រប់គ្រាន់ចោទប្រកាន់តាមបទព្រហ្មទណ្ឌឬក៏អត់ ?»។
សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះក្ដីយុវជនឈ្មោះ គង់ រ៉ៃយ៉ា ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍នៅថ្ងៃទី២៦ ខែកុម្ភៈ។ ការចោទប្រកាន់នេះ បន្ទាប់ពីយុវជនរូបនេះ បង្ហោះសារបដិវត្តន៍ពណ៌នៅក្នុងគណនេយ្យហ្វេសប៊ុកឈ្មោះ សូរីយា កូកូ (Soriya Koko)។
ខ្លឹមសារលិខិតរបស់ក្រុមនិស្សិតដែលបានដាក់ជូនរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ និងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះសរសេរថា ចាប់តាំងពីពួកគាត់បានសិក្សា និងស្គាល់ គង់ រ៉ៃយ៉ា មក សង្កេតឃើញថា លោកមានអាកប្បកិរិយាល្អ មិនដែលបង្កការរំខាន ឬធ្វើសកម្មភាពអ្វីមួយប៉ះពាល់សង្គម ដូចការចោទប្រកាន់របស់តុលាការឡើយ។ ម្យ៉ាងទៀត គាត់គ្រាន់តែបញ្ចេញមតិក្នុងនាមជាអ្នកសិក្សាថ្នាក់ឆ្នាំមូលដ្ឋាន មានការយល់ដឹងអត្ថន័យពាក្យបដិវត្តន៍ពណ៌នៅមានកម្រិតប៉ុណ្ណោះ។
និស្សិតឆ្នាំទី៣ ផ្នែកទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យខេមរៈ ព្រះតេជព្រះគុណ ជ្រី បូរ៉ា ដែលព្រះអង្គចូលរួមដាក់លិខិតទៅស្ថាប័នទាំងបីនោះ មានថេរដីកាថា ព្រះអង្គបានស្គាល់ គង់ រ៉ៃយ៉ា ជានិស្សិតស្លូតបូត។ ព្រះអង្គបន្ថែមថា អ្វីដែល គង់ រ៉ៃយ៉ា ផុសក្នុងហ្វេសប៊ុក គ្រាន់តែជាការបញ្ចេញមតិ ដែលយុវជនរូបនេះមិនយល់ច្បាស់អំពីអត្ថន័យពាក្យបដិវត្តន៍ពណ៌ ជាដើម៖ «គាត់ធ្លាប់បានសារភាពម្ដងហើយ គាត់មិនមានបំណងបដិវត្តន៍អ្វីទេ គាត់យល់ដឹងថា បដិវត្តន៍ពណ៌ហ្នឹងគ្រាន់តែជាការប្រមូលផ្ដុំគ្នាធ្វើបាតុកម្មធម្មតាតែប៉ុណ្ណឹងទេ »។
អ្នកគ្រប់គ្រងបច្ចេកទេសការិយាល័យស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ(LICADHO) លោក អំ សំអាត មានប្រសាសន៍ថា អ្វីដែល លោក គង់ រ៉ៃយ៉ា ផុសក្នុងហ្វេសប៊ុកនោះ គ្រាន់តែជាសិទ្ធិក្នុងការបញ្ចេញមតិតែប៉ុណ្ណោះ។ លោកបញ្ជាក់ថា មកទល់ពេលនេះក៏មិនមានអ្នកណាម្នាក់ធ្វើឲ្យចលាចល ឬធ្វើបដិវត្តន៍ពណ៌អ្វីដែរ៖«ខ្ញុំស្ដាប់ក្នុងសវនាការកន្លងមក វាហាក់គ្មានបទល្មើសណាមួយកើតឡើងទេ ហើយវាគ្មានធាតុផ្សំបទល្មើសញុះញង់នោះទេ ព្រោះការឆ្លើយបំភ្លឺរបស់លោកក្នុងសវនាការ គឺរឿងតែមួយទេ ទាក់ទងនឹងសិទ្ធិក្នុងការបញ្ចេញមតិរបស់បុគ្គល»។
យុវជន គង់ រ៉ៃយ៉ា អាយុ ២៤ឆ្នាំ គឺជានិស្សិតផ្នែកវិទ្យាសាស្ត្រនយោបាយឆ្នាំទី១ នៃសាកលវិទ្យាល័យខេមរៈ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥។ ការចាប់ខ្លួននេះ ក្រោយពីយុវជនរូបនេះបានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន ពាក់ព័ន្ធនឹងបដិវត្តន៍ពណ៌។ សារនោះសរសេរថា « តើមានបងប្អូន ណាហ៊ាន ធ្វើបដិវត្តន៍ពណ៌ជាមួយខ្ញុំទេ ? ថ្ងៃណាមួយនៅពេលខាងមុខនេះ ខ្ញុំនឹងធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្លាស់ប្ដូររបបដ៏ថោកទាបមួយនេះចេញពីសង្គមខ្មែរ ទោះបីជាត្រូវជាប់គុក ឬស្លាប់ក៏ដោយ ក៏ខ្ញុំត្រូវតែធ្វើដែរ »។
សង្គមស៊ីវិលជាតិ និងអន្តរជាតិដែលឃ្លាំមើលស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា កំពុងតាមដានករណីនេះយ៉ាងយកចិត្តទុកដាក់។ ពួកគេចង់ឃើញតុលាការក្រុងភ្នំពេញ សម្រេចរឿងក្តីរបស់យុវជន គង់ រ៉ៃយ៉ា នៅថ្ងៃទី១៥ មីនា នេះ ដោយផ្អែកលើច្បាប់ និងការគោរពសិទ្ធិមនុស្ស ដោយគ្មានភាពលម្អៀងផ្នែកនយោបាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។