សេចក្តីព្រាងច្បាប់ស្ដីពីសហជីព ដែលមានចំនួន ១៧ជំពូក និង ៩១មាត្រា ត្រូវតំណាងក្រសួងការងារ សហជីពកម្មករ និងតំណាងថៅកែរោងចក្រ លើកយកមកពិភាក្សាជាថ្មីទៀតមុនដាក់ជូនគណៈរដ្ឋមន្ត្រីពិនិត្យជាថ្មី និងឈានដល់ស្នើសេចក្តីទុកចិត្តពីសមាជិករដ្ឋសភា។
ប៉ុន្តែ សេចក្តីព្រាងនេះ មេដឹកនាំសហជីពមួយចំនួនចាត់ទុកថា បានដាក់លក្ខខណ្ឌដើម្បីរឹតត្បិតដល់ការបង្កើតសហជីព និងសកម្មភាពការងាររបស់សហជីពធ្ងន់ធ្ងរនាថ្ងៃអនាគត។
កិច្ចពិភាក្សាត្រីភាគីលើសេចក្តីព្រាងច្បាប់សហជីពនេះ មានរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែឧសភា នៅសណ្ឋាគារអាំងទ័រកុងទីណង់តាល់ (InterContinental) រាជធានីភ្នំពេញ។
មេដឹកនាំសហជីពធំៗ ដែលចូលរួមក្នុងកិច្ចពិភាក្សានេះ បានឲ្យដឹងថា សេចក្តីព្រាងច្បាប់ដែលបានកែសម្រួលចុងក្រោយរវាងតំណាងរដ្ឋាភិបាល មេដឹកនាំសហជីព និងថៅកែរោងចក្រកាត់ដេរ កាលពីថ្ងៃទី៦ ខែឧសភា កន្លងទៅ គឺមានខ្លឹមសារខុសគ្នាក្នុងសេចក្តីព្រាងច្បាប់ ដែលលើកយកមកពិភាក្សាពេលនេះ។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ស្ថិតក្នុងចំណោមមេដឹកនាំសហជីពផ្សេងទៀត បានរិះគន់ថា សេចក្តីព្រាងច្បាស់សហជីពដែលកំពុងពិភាក្សាគ្នានេះ រដ្ឋាភិបាលបានដាក់លក្ខខណ្ឌផ្ទុយទៅនឹងស្មារតី នៃច្បាប់ស្ដីពីការងារ ហើយក៏ផ្ទុយពីអនុសញ្ញារបស់អង្គការពលកម្មអន្តរជាតិថែមទៀត៖ «សេចក្តីព្រាងច្បាប់នេះ គឺយើងត្រូវការពេលវេលាជជែក និងកែលំអឲ្យបានច្រើន ពីព្រោះយើងទៅចូលរួមសិក្ខាសាលានេះ ហាក់បីដូចជាឆក់កណ្ដៀត ដែលយើងមិនមានពេលវេលា ហើយត្រៀមខ្លួនអាន ឬមើលសេចក្តីព្រាងច្បាប់ហ្នឹងទេ។ ព្រោះកាលពីម្សិលមិញ ខាងខ្ញុំទទួលបានលិខិតអញ្ជើញឲ្យចូលរួមសិក្ខាសាលានៅម៉ោង ៤រសៀល ហើយស្អែកឡើងប្រជុំ។ យើងឃើញថា មានការប្រថុចញ៉ុចណាស់ ហាក់បីដូចជាមានអ្វីនៅពីក្រោយ ឬលាក់បាំង»។
ទាក់ទិនបញ្ហានេះ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ជាក់ថា សេចក្តីព្រាងច្បាប់សហជីព គឺមានគោលបំណងផ្តល់សិទ្ធិសេរីភាពជូនដល់សហគ្រាស គ្រឹះស្ថាន ឬជនទាំងឡាយណា ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ។ ជាងនេះ ក៏ដើម្បីរៀបចំនៃការប្រព្រឹត្តទៅរបស់អង្គការវិជ្ជាជីវៈនានានៅក្នុងប្រទេសកម្ពុជា ឲ្យបានត្រឹមត្រូវ។ បន្ថែមលើនេះ សេចក្តីព្រាងច្បាប់សហជីព ក៏នឹងកំណត់ពីគោលដៅច្បាប់ ដើម្បីជួយការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ជនទាំងឡាយ ដែលស្ថិតក្រោមបទប្បញ្ញត្តិច្បាប់ការងារ ដើម្បីធានានូវសិទ្ធិសេរីភាពក្នុងការជួបចរចាជាសមូហភាព រវាងនិយោជក កម្មករ ឬនិយោជិត។ ច្បាប់នេះ ក៏នឹងជំរុញឲ្យមានសុខដុមរមនាការងារ ជាដើម។
ទោះយ៉ាងណា លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ ស៊ីខាវឌូ (CCAWDU) បញ្ជាក់ថា ជាជំហរសហជីព គឺមិនចង់ឲ្យមានព្រាងច្បាប់សហជីពនេះទេ ព្រោះច្បាប់នេះនៅមានចំណុចខ្វះខាត និងរឹតត្បិតដល់សេរីភាពបង្កើតសហជីព។ លោកបន្តថា សេចក្តីព្រាងច្បាប់សហជីពដែលមាន ៩១មាត្រា មានមាត្រាមួយចំនួនផ្ទុយពីអនុសញ្ញានៃច្បាប់ការងារអន្តរជាតិ និងមានលក្ខខណ្ឌសាំញ៉ាំ ដល់ការចុះបញ្ជីសហជីព ជាដើម៖ «ខ្ញុំមើលមាត្រា៣ សេចក្តីព្រាងច្បាប់សហជីពនេះនៅគ្របដណ្ដប់មន្ត្រីរាជការ កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធដដែល ហើយនៅក្នុងមាត្រា១០ ទាល់តែមានសមាជិកចាប់ពី ២០% ទៅបានអាចបង្កើតសហជីពបាន ហើយយើងមានសមាជិកពីណាទៅ បើយើងមិនទាន់បង្កើតសហជីពផង។ ចំណែកនៅក្នុងមាត្រា១៦ហ្នឹង គឺបានលើកឡើងអំពីចំណុចមួយចំនួន ដែលក្រសួងការងារ ផ្អាកមិនឲ្យចុះបញ្ជី ឬអាចពន្យារការចុះបញ្ជីសហជីពបាន ដោយសារតែមូលហេតុ ឧទាហរណ៍គេរកឃើញថា ខុសឈ្មោះ ឬហេតុផលនយោបាយផ្សេងៗ និងមិនមានឯករាជ្យជាដើមហ្នឹង គឺគេមិនឲ្យចុះបញ្ជីបាន»។
លោក អាត់ ធន់ ចាត់ទុកសេចក្តីព្រាងច្បាប់សហជីព ដែលតំណាងរដ្ឋាភិបាលបង្កើតនេះ ថាដើម្បីដាក់សម្ពាធដល់កម្មករ និងនិយោជិត មិនឲ្យបង្កើតសហជីពនាថ្ងៃអនាគត។
យ៉ាងនេះក្តី មន្ត្រីក្រសួងការងារ បញ្ជាក់ថា បន្ទាប់ពីទទួលសេចក្តីព្រាងច្បាប់សហជីព ផ្ញើពីគណៈរដ្ឋមន្ត្រីឲ្យក្រសួងកែសម្រួលលើចំណុចខ្វះខាតមួយចំនួន ក្រសួងការងារ ក៏បានកែសម្រួលខ្លឹមសារក្នុងសេចក្តីព្រាងច្បាប់នេះមួយចំនួនរួចហើយ។ ជាងនេះ ក៏បានទទួលយកយោបល់របស់តំណាងអង្គការអន្តរជាតិខាងការងារ (ILO) មួយចំនួន ដាក់ចូលទៅក្នុងសេចក្តីព្រាងច្បាប់នេះរួចហើយដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។