ក្រុមតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ បានទាត់ចោលការអនុម័តសេចក្ដីព្រាងច្បាប់ស្ដីអំពីវិសោធនកម្មរដ្ឋធម្មនុញ្ញ វិសោធនកម្មក្រមព្រហ្មទណ្ឌ សេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ និងសេចក្ដីព្រាងច្បាប់យល់ព្រមលើកិច្ចព្រមព្រៀងស្ដីអំពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម។
គណបក្សសង្គ្រោះជាតិ ចាត់ទុកការអនុម័តសេចក្ដីព្រាងច្បាប់ទាំងនេះ ថាធ្វើឡើងពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តំណាងឲ្យឆន្ទៈរបស់ពលរដ្ឋខ្មែរស្របតាមរដ្ឋធម្មនុញ្ញនោះទេ។ ក្រុមគណបក្សប្រឆាំងចាត់ទុកដំណើរការរបស់រដ្ឋសភាបច្ចុប្បន្ន ថាជាដំណើរមិនស្របច្បាប់ដោយសារសមាជិកចំនួន ៥៥រូប ក្នុងចំណោមសមាជិកសភាចំនួន ១២៣រូប កើតចេញពីការប្លន់ឆន្ទៈរបស់ពលរដ្ឋខ្មែរកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
ក្នុងចំណោមសេចក្ដីព្រាងច្បាប់ដែលរដ្ឋសភានៃរបបដឹកនាំរបស់លោក ហ៊ុន សែន បានអនុម័តកាលពីថ្ងៃពុធ ទី១៤ កុម្ភៈ បានបញ្ចូលមាត្រា ៤៣៧ស្ទួន ទៅក្នុងក្រមព្រហ្មទណ្ឌដែលចែងអំពីការប្រមាថអង្គព្រះមហាក្សត្រ ត្រូវផ្ដន្ទាទោសដាក់គុកពី ០១ឆ្នាំ ទៅ ០៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ១០លានរៀល។
ពាក់ព័ន្ធនឹងការអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មក្រមព្រហ្មទណ្ឌនេះ តំណាងរាស្ត្រសហរដ្ឋអាមេរិក ពីខាងគណបក្សប្រជាធិបតេយ្យ លោក លោក អាឡាន់ ឡូវែនថល (Alan Lowenthal) នៅថ្ងៃព្រហស្បតិ៍ នេះបានចាត់ទុកថា ច្បាប់ថ្មីនេះគឺជាយន្តការកំសាកនៃរបបក្រុងភ្នំពេញ ដើម្បីបន្តបង្ក្រាបលើសេរីភាពក្នុងការចូលរួមឆាកនយោបាយនៅមុនការបោះឆ្នោតជាតិ នៅខែកក្កដា ខាងមុខនេះ។
លោកបន្តថា នឹងចូលរួមជាមួយសហគមន៍អន្តរជាតិដើម្បីទាមទារឲ្យមានការដាក់សម្ពាធបន្ថែមទៅរបបដឹកនាំផ្ដាច់ការរបស់លោក ហ៊ុន សែន ដែលបន្តរឹតត្បិតសេរីភាពក្នុងការបញ្ចេញមតិរដ្ឋខ្មែរយ៉ាងធ្ងន់ធ្ងរ។
ជាងនេះទៅទៀត អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បានចាត់ទុកអនុម័តវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញត្រង់មាត្រា ៥៣ ដែលចែងថា កម្ពុជាមិនត្រូវជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ហើយប្រទេសដទៃក៏មិនត្រូវជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា នោះ គឺសំដៅលើគណបក្សសង្គ្រោះជាតិ ដែលតែងតែអំពាវនាវដល់ម្ចាស់ជំនួយ និងអង្គការសហប្រជាជាតិឲ្យដាក់សម្ពាធ ឬដាក់ទណ្ឌកម្មមកលើរដ្ឋាភិបាលកម្ពុជា បើកឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌។
នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ លោក ប្រ៊ែដ អាដាម (Brad Adams) បាននិយាយការកែប្រែច្បាប់ទាំងនេះគឺមានបំណងទុច្ចរិតក្នុងការបិទសំឡេងក្រុមបក្សប្រឆាំងដែលតែងសុំអន្តរាគមន៍ពីសហគមន៍អន្តរជាតិ ក្នុងការដាក់សម្ពាធដល់លោក ហ៊ុន សែន ឲ្យមានបញ្ឈប់គោលបំណងបង្កើតរដ្ឋថ្មីដែលមានគណបក្សតែមួយនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។