បេក្ខនារី​ចៅ​សង្កាត់​បក្ស​ប្រឆាំង​ចូល​បំភ្លឺ​តុលាការ​ខេត្ត​ប៉ៃលិន​ពី​បទ​បរិហារ​កេរ្តិ៍​តាម​បណ្ដឹង​ពលរដ្ឋ

0:00 / 0:00

បេក្ខនារី​លេខ​រៀង​ទី​១ ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ជា​ចៅ​សង្កាត់​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ប៉ៃលិន ម្នាក់​ទៀត ត្រូវ​បាន​តុលាការ​កោះ​ហៅ​ចូល​បំភ្លឺ​ពី​បទ​បរិហារ​កេរ្តិ៍​តាម​បណ្ដឹង​របស់​ពលរដ្ឋ។ ដីកា​កោះ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​បេក្ខនារី​រូប​នេះ បាន​ប្ដឹង​ទៅ​ក្រុមប្រឹក្សា​សង្កាត់​ឲ្យ​លុប​ឈ្មោះ​ជនជាតិ​វៀតណាម ចំនួន ៨​នាក់​ចេញ​ពី​បញ្ជី​បោះឆ្នោត​កាល​ពី​ខែ​មករា កន្លង​ទៅ។

សកម្មជន​គណបក្ស​ប្រឆាំង​នៅ​ក្រុង​ប៉ៃលិន បាន​ចូល​ខ្លួន​បំភ្លឺ​តាម​ពេល​កំណត់​ដូច​ដីកា​កោះ​របស់​ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​ប៉ៃលិន។

បេក្ខនារី​លេខ​រៀង​ទី​១ ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ចៅ​សង្កាត់​ទួលល្វា ក្រុង​ប៉ៃលិន គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី រៀម ណាម៉ុន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ កុម្ភៈ ថា ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​ប៉ៃលិន កោះ​ហៅ​អ្នកស្រី​ទៅ​បំភ្លឺ​នេះ គឺ​ជា​រឿង​នយោបាយ ដោយសារ​អ្នកស្រី​បាន​ប្ដឹង​ជនជាតិ​វៀតណាម ចំនួន ៨​នាក់​ទៅ​ក្រុមប្រឹក្សា​សង្កាត់​ទួលល្វា ដើម្បី​ឲ្យ​លុប​ឈ្មោះ​អ្នក​ទាំងនោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត​កាល​ពី​ខែ​មករា កន្លង​ទៅ។

បេក្ខនារី​វ័យ​ក្មេង​រូប​នេះ​អះអាង​ថា អ្នកស្រី​គ្មាន​ទំនាស់​អ្វី​ជាមួយ​ពលរដ្ឋ​ទាំងនោះ​ទេ ក្រៅ​អំពី​បាន​ប្ដឹង​ឲ្យ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត​នោះ៖ « ដោយសារ​តែ​គាត់​រស់នៅ​ជិត​ផ្ទះ​ខ្ញុំ ហើយ​ប្រជាពលរដ្ឋ​ដែល​ស្គាល់​នៅ​ជុំវិញ​នោះ​គាត់​ដឹង​ថា អ្នក​ទាំង ៨​នាក់​នោះ​ជា​ជន​បរទេស។ ដូច្នេះ​ហើយ​បាន​ជា​នាង​ខ្ញុំ​ដាក់​ពាក្យ​ប្ដឹង​ទៅ​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ឲ្យ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​បោះឆ្នោត ប្រសិន​បើ​រក​ឃើញ​ថា ពួក​គាត់​មិន​មាន​ឯកសារ​សញ្ជាតិ ដើម្បី​មាន​សិទ្ធិ​បោះឆ្នោត​បាន »

អាស៊ីសេរី ពុំ​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​ប៉ៃលិន ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៥ កុម្ភៈ។

ដីកា​កោះ​ចុះ​ថ្ងៃ​ទី​២ កុម្ភៈ ដែល​ចុះ​ហត្ថលេខា​ដោយ​ព្រះរាជអាជ្ញា​រង​សាលា​ដំបូង​ខេត្ត​ប៉ៃលិន លោក ថុល គឹមហ៊ឹង បង្គាប់​ឲ្យ​អ្នកស្រី រៀម ណាម៉ុន ចូល​បំភ្លឺ​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី​១៥ កុម្ភៈ តាម​ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ ២​នាក់ ពី​បទ​បរិហារ​កេរ្តិ៍ ប្រព្រឹត្ត​ទៅ​នៅ​សង្កាត់​ទួលល្វា ក្រុង​ប៉ៃលិន។

ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នកស្រី រៀម ណាម៉ុន អះអាង​ថា ពលរដ្ឋ​ទាំង ២​នាក់​នោះ​ក្នុង​ចំណោម​ពលរដ្ឋ ៨​នាក់​ដែល​អ្នកស្រី​បាន​ប្ដឹង​ឲ្យ​ក្រុមប្រឹក្សា​សង្កាត់​ទួលល្វា លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត បន្ទាប់​ពី​រក​ឃើញ​ថា អ្នក​ទាំងនោះ​ជា​ជន​បរទេស​មក​រស់នៅ​ក្នុង​ស្រុក​ខ្មែរ។ អ្នកស្រី​សង្កត់​ធ្ងន់​ថា សំណុំ​រឿង​នេះ​មាន​អ្នក​នៅ​ពី​ក្រោយ​ជួយ​ជំរុញ​អ្នក​ទាំង​ពីរ ឲ្យ​ប្ដឹង​អ្នកស្រី​ទៅ​តុលាការ។

មន្ត្រី​ស៊ើប​អង្កេត​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​បាត់ដំបង លោក ហេង សាយហុង មើល​ឃើញ​ថា បញ្ហា​នេះ​ជា​រឿង​នយោបាយ​សុទ្ធសាធ ព្រោះ​បេក្ខនារី​ដែល​មក​ពី​គណបក្ស​ប្រឆាំង​រូប​នេះ​មាន​ប្រជាប្រិយភាព ដែល​ជា​ឆ្អឹង​ទទឹង​ក​របស់​គណបក្ស​ដៃគូ​ប្រកួត​ម្ខាង​ទៀត សម្រាប់​ការ​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់៖ « បញ្ហា​នេះ​វា​អាច​មាន​ផល​ប៉ះពាល់​សម្រាប់​បេក្ខជន​ដែល​គេ​ប្ដឹង​ចោទ​ប្រកាន់ ប្រសិន​បើ​ការ​ប្ដឹង​នេះ​មាន​សភាព​កាន់​តែ​ធ្ងន់ធ្ងរ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការងារ​បោះឆ្នោត​របស់​គាត់​នៅ​ពេល​ខាង​មុខ​ជា​ពុំ​ខាន »

នេះ​គឺ​ជា​បេក្ខនារី​ទី​ពីរ​ហើយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​ប៉ៃលិន បន្ទាប់​ពី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​សង្កាត់​ប៉ៃលិន ម្នាក់​ទៀត លោក ឈុន ចាន់ដា ដែល​តុលាការ​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​២០ កុម្ភៈ ពី​បទ​បរិហារ​កេរ្តិ៍​ដូច​គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។