លោក ប៉ាវ ស៊ីណា ចាត់​ទុក​ដីកា​តុលាការ​តាម​បណ្ដឹង​រោងចក្រ​ជា​ការ​បំបាក់​ស្មារតី​សហជីព

0:00 / 0:00

ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា លោក ប៉ាវ ស៊ីណា ចាត់​ទុក​ការ​កោះហៅ​របស់​តុលាការ​តាម​បណ្ដឹង​របស់​ថៅកែ​រោងចក្រ ជា​ការ​បំបាក់​ស្មារតី​សហជីព។ លោក​បាន​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មេសា ទាក់ទង​នឹង​រឿង​ក្លែង​លិខិត និង​ផ្ដល់​ព័ត៌មាន​មិន​ពិត ដោយសារ​សរសេរ​ឈ្មោះ​ខុស​អក្ខរាវិរុទ្ធ។

ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា លោក ប៉ាវ ស៊ីណា បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន ក្រោយ​ពី​ចូល​បំភ្លឺ​នៅ​សាលាដំបូង​ថា វា​ជា​រឿង​អយុត្តិធម៌​ណាស់​សម្រាប់​រូបលោក​ដែល​ត្រូវ​បាន​តុលាការ​កោះ​ហៅ​ឲ្យ​បំភ្លឺ ដោយ​គ្រាន់តែ​រឿង​សរសេរ​ឈ្មោះ​ខុស​អក្ខរាវិរុទ្ធ។

លោក​រៀបរាប់​ថា ដើមហេតុ​ដែល​នាំ​ឲ្យ​រោងចក្រ សៅលែន (Southland) ស្ថិត​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ ប្ដឹង​រូប​លោក​ពី​បទ​ក្លែង​លិខិត និង​ផ្ដល់​ព័ត៌មាន​មិន​ពិត​នោះ នៅ​បន្ទាប់ពី​កម្មករ​រោងចក្រ​បាន​ដាក់​លិខិត​ស្នើ​សុំ​បង្កើត​ចលនា​សហជីព​របស់​លោក ហើយ​បាន​សរសេរ​ឈ្មោះ​កម្មករ​ពីរ​នាក់​ខុស​អក្ខរាវិរុទ្ធ ដូចជា​ឈ្មោះ​ថា ប៉ិច សាវ៉ាត ទៅ​ជា ប៉ិច សុវ៉ាត ជាដើម។

លោក ប៉ាវ ស៊ីណា យល់​ថា ការ​ប្ដឹងផ្ដល់​ផ្ដើម​ចេញ​ពី​កំហុស​បច្ចេកទេស​នេះ គឺ​ជា​ចេតនា​អាក្រក់​របស់​ថៅកែ​រោងចក្រ ដែល​រើសអើង និង​មិន​ចង់​ឲ្យ​មាន​សហជីព​ឯករាជ្យ​ការពារ​សិទ្ធិ​កម្មករ​ពិត​ប្រាកដ៖ «បញ្ហា​ខុស​អក្ខរាវិរុទ្ធ គឺ​ជា​រឿង​សាមញ្ញ។ លិខិត​របស់​ក្រសួង​មួយ​ចំនួន​ក៏​ខុស​អក្ខរាវិរុទ្ធ​ដូច​គ្នា​ទេ ហើយ​មេធាវី​ដែល​ប្ដឹង​មក​ខ្ញុំ​នេះ ក៏​ខុស​អក្ខរាវិរុទ្ធ​ដែរ។ ចំណុច​អក្ខរាវិរុទ្ធ​គឺ​ជា​រឿង​សាមញ្ញ តែ​គេ​ចាត់​ទុក​ថា ជា​បទល្មើស ហើយ​គាត់​ចាត់​ទុក​កម្មករ​ពីរ​នាក់​នៅ​រោងចក្រ​នោះ ដែល​យើង​បញ្ជូន​ឈ្មោះ​ទៅ គឺ​មិន​មែន​ជា​កម្មករ​នៅ​រោងចក្រ​នោះ​ទេ។ ចំណុច​នេះ​ហើយ​ដែល​គេ​ថា យើង​បន្លំ ថា​លិខិត​យើង​មិន​ពិត កុហក​ក្រសួង»

ក្នុង​ពេល​ចូល​បំភ្លឺ​នៅ​តុលាការ​តាម​កោះហៅ​របស់​ព្រះរាជអាជ្ញា ខាំ សុផារី នោះ លោក ប៉ាវ ស៊ីណា មិន​បាន​ឆ្លើយឆ្លង​ច្រើន​ឡើយ ព្រោះ​ពាក្យ​បណ្ដឹង​របស់​មេធាវី​តំណាង​រោងចក្រ ក៏​សរសេរ​ឈ្មោះ​របស់​លោក​មិន​ត្រឹមត្រូវ​ដែរ ពោល​គឺ​មិនមែន​សរសេរ​ថា ប៉ាវ ស៊ីណា ទេ បែរ​ជា​សរសេរ​ថា បាវ ស៊ីណា ទៅ​វិញ។

លោក​បន្ត​ថា ប្រសិនបើ​តុលាការ​បន្ត​ចាត់ការ​រូប​លោក​តាម​បណ្ដឹង​របស់​រោងចក្រ​ដោយ​គ្រាន់តែ​កំហុស​បច្ចេកទេស​នោះ លោក​ក៏​គ្រោង​ប្ដឹង​បក​វិញ​ដែរ ព្រោះ​សរសេរ​ឈ្មោះ​ខុស​អក្ខរាវិរុទ្ធ​ដូចគ្នា៖ «នៅ​ពេល​យើង​ធ្វើការ​ឯករាជ្យ តស៊ូ​មតិ​ក្នុង​បុព្វហេតុ​ជំរុញ​ឲ្យ​មាន​ការ​គោរព​នូវ​លក្ខខណ្ឌ​ការងារ គោរព​សិទ្ធិ​កម្មករ​នោះ យើង​តែងតែ​ទទួល​រង​នូវ​គ្រោះ ដោយសារ​តែ​មាត់។ នៅ​ពេល​យើង​ឃើញ​ថា មិន​ត្រឹមត្រូវ ហើយ​មាត់​យើង​បញ្ចេញ​មតិ​ថា មិន​ត្រឹមត្រូវ យើង​នឹង​រង​គ្រោះ»

​វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​មេធាវី​របស់​រោងចក្រ សៅឡែនដ៍ បាន​ទេ ដោយ​ទូរស័ព្ទ​បាន​ដាច់​ទៅ​វិញ នៅ​ពេល​វិទ្យុ​អាស៊ីសេរី សុំ​សម្ភាសន៍​ជុំវិញ​បណ្ដឹង​នេះ។

រី​ឯ​លោក ប៉ិច សាវ៉ាត ដែល​ក្រុមហ៊ុន​ថា លោក​មិនមែន​ជា​​កម្មករ​រោងចក្រ សៅឡែនដ៍ ក្រោយ​ច្រឡំ​សរសេរ​ឈ្មោះ សុវ៉ាត នោះ រៀប​រាប់​ថា លោក​បាន​ធ្វើ​ការ​នៅ​ទី​នោះ​ជិត ១០​ឆ្នាំ​ទៅ​ហើយ ដូច្នេះ​តុលាការ​គួរ​ទម្លាក់​បទ​ចោទ​នោះ​វិញ។ លោក​បន្ថែម​ថា មូលហេតុ​ដែល​លោក​ចង់​លើក​បង្កើត​ចលនា​សហជីព​នោះ ក្នុង​បំណង​ការពារ និង​លើក​ស្ទួយ​សិទ្ធិ​កម្មករ៖ «ខ្ញុំ​អស់​សំណើច​ណាស់​ដែល​រោងចក្រ​នេះ​ធ្វើ​អ៊ីចឹង ហើយ​មិន​គួរ​ណា​តុលាការ​យក​រឿង​កំប៉ិកកំប៉ុក​ធ្វើ​ការ​លេង​សើច ធ្វើ​ឲ្យ​កម្មករ​ភ័យ​អ៊ីចឹង​ទេ។ ខ្ញុំ​ហួស​ចិត្ត​ណាស់!»

ខណៈ​កំពុង​ដោះស្រាយ​សំណុំរឿង​ក្លែង​លិខិត និង​ផ្ដល់​ព័ត៌មាន​មិន​ពិត​នោះ លោក ប៉ាវ ស៊ីណា និង​មន្ត្រី​របស់​លោក ៣​រូប​ផ្សេង​ទៀត ក៏​ត្រូវ​បាន​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ស្រី ម៉ាកនី កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​តាម​បណ្ដឹង​របស់​ប្រធាន​ផ្នែក​គតិយុត្តិ​នៃ​អគ្គលេខាធិការដ្ឋាន​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​គ្រប់​មុខ​សញ្ញា លោក អ៊ុង ចាន់ណារិទ្ធ ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ ប្រមាថ​អ្នក​រាជការ​សាធារណៈ និង​បិទ​ផ្លូវ​សាធារណៈ នៅ​ថ្ងៃ​ទី​២៦ និង​ថ្ងៃ​ទី​២៧ ខែ​មេសា ខាង​មុខ​នេះ។

លោក ប៉ាវ ស៊ីណា យល់​ថា ពាក្យ​បណ្ដឹង​នេះ គឺ​ជា​ការ​គំរាម​កំហែង​ស្មារតី និង​ចង់​ឲ្យ​លោក​បន្ថយ​សំឡេង​រិះគន់​លើ​បញ្ហា​លក្ខខណ្ឌ​ការងារ និង​មន្ត្រី​ទាំង​ឡាយ​ណា​ដែល​អសកម្ម។ លោក ប៉ាវ ស៊ីណា បដិសេធ​ថា លោក​មិន​ស្គាល់​អ្នក​ដែល​ប្ដឹង​លោក​នោះ​ទេ៖ «យើង​មិន​មែន​រិះគន់​ទៅ​លើ​ស្ថាប័ន​ទាំង​មូល​ទេ តែ​យើង​រិះគន់​តែ​ទៅ​លើ​មន្ត្រី​ទាំង​ឡាយ​ណា​ដែល​អសកម្ម ហើយ​អ្វី​ដែល​គេ​ចោទ​ខ្ញុំ​ថា បរិហាកេរ្តិ៍ ក៏​ខ្ញុំ​មិន​ដែល​ចោទ​ទៅ​លើ​អ្នក​ណា​មួយ​ដែរ»

រហូត​មក​ដល់​ពេល​នេះ លោក ប៉ាវ ស៊ីណា រង​នូវ​បណ្ដឹង​ចំនួន ៥​ករណី​ហើយ។ បណ្ដឹង​ទី​មួយ ករណី​បង្ក​ហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង ករណី​ទី​ពីរ ការ​តវ៉ា​បិទ​ផ្លូវ​នៅ​ខេត្ត​ស្វាយរៀង ករណី​ទី​បី ការ​ញុះញង់​ឲ្យ​មាន​ការ​តវ៉ា​នៅ​កំពង់ស្ពឺ និង​ករណី​ទី​បួន ការ​ក្លែង​លិខិត និង​ផ្ដល់​ព័ត៌មាន​មិន​ពិត និង​ករណី​ចុង​ក្រោយ​នេះ គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​នៅ​គ្រប់​មុខ​សញ្ញា ប្ដឹង​ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ ប្រមាថ​អ្នក​រាជការ​សាធារណៈ និង​បិទ​ផ្លូវ​សាធារណៈ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។