ចៅក្រមស៊ើបសួរសាលាដំបូងខេត្តពោធិ៍សាត់ បានចេញដីកាបង្គាប់ឲ្យសកម្មជនគណបក្សសង្គ្រោះជាតិ ម្នាក់ ចូលខ្លួនបំភ្លឺជុំវិញករណីគំរាមកំហែងប្រជាការពារភូមិចំនួន ៤នាក់ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា។
មន្ត្រីសិទ្ធិមនុស្ស ចាត់ទុកការចេញដីការបស់តុលាការនាពេលនេះ ថាគឺជាចេតនានយោបាយ និងជាការគំរាមកំហែងបក្សប្រឆាំង។
ជនសង្ស័យដែលជាសកម្មជនគណបក្សសង្គ្រោះជាតិ នៅឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ មិនបានចូលខ្លួនបំភ្លឺតាមកាលកំណត់របស់ចៅក្រម នៅវេលាម៉ោង ៨ព្រឹក ថ្ងៃទី១៧ ខែកញ្ញា នោះទេ ក្រោយដាក់ពាក្យសុំពន្យារពេលចូលខ្លួនបំភ្លឺ ដោយសំអាងថា មិនទាន់មានមេធាវីការពារសិទ្ធិ ហើយគាប់ជួននឹងការរវល់ធ្វើបុណ្យទានក្នុងរដូវភ្ជុំបិណ្ឌផង។
ពលរដ្ឋរស់នៅភូមិតាមុំ និងជាអតីតភ្នាក់ងារសង្កេតការណ៍មកពីគណបក្សសង្គ្រោះជាតិ លោក កេង កប មានប្រសាសន៍ថា លោកមានការភ្ញាក់ផ្អើល និងមិនគួរឲ្យជឿថា មានដីកាពីតុលាការប្រឆាំងនឹងរូបលោកដូច្នេះឡើយ ពីព្រោះហេតុការណ៍ដែលបានកើតឡើងនៅអំឡុងពេល នៃការបោះឆ្នោតជាតិតាំងពីមួយឆ្នាំមុននោះ ខាងគណៈកម្មការឃុំរៀបចំការបោះឆ្នោត (CEC) និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំមេទឹក បានហៅលោកទៅបំភ្លឺអំពីដំណើររឿងចប់សព្វគ្រប់ និងពុំមានបញ្ហាអ្វីទាំងអស់តាំងពីពេលនោះមក៖ «ខ្ញុំមិនបានទៅគំរាមកំហែងអ្នកទាំង ៤នាក់ហ្នឹងទេ ព្រោះខ្ញុំម្នាក់ឯងទៅគំរាមកំហែងឯណាឈ្នះគេ។ ខ្ញុំឃើញវាធ្វើស៊ីញ៉ូដៃជើងបោះឆ្នោតឲ្យលេខ៤ (គណបក្សប្រជាជនកម្ពុជា) ទៅ ហើយអង្គុយកត់នឹងសៀវភៅ ហើយអង្គុយហូបស្រា គឺថ្ងៃហ្នឹង គឺថ្ងៃគេបិទមិនឲ្យមានការហូបចុក ហើយធ្វើអ៊ីចឹងទេ»។
កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ រូបលោកបានចេញពីសង្កេតការណ៍នៅការិយាល័យបោះឆ្នោតវត្តកោះខ្សាច់ ហើយចេញមកបោះឆ្នោតខ្លួនឯងនៅការិយាល័យបោះឆ្នោតទួលលៀប។ ពេលធ្វើដំណើរមកដល់ការិយាល័យនេះ ស្រាប់តែឃើញប្រជាការពារភូមិតាមុំ ចំនួន ៤នាក់ កំពុងអង្គុយផឹកស្រាសក្នុងតូបមួយ ដែលមានចម្ងាយប្រមាណជា ២០០ម៉ែត្រពីការិយាល័យបោះឆ្នោត ហើយបានស្រែកលើកដៃជាសញ្ញាលេខ៤ ព្រមទាំងយកប៊ិច និងសៀវភៅអង្គុយចាំកត់ឈ្មោះពលរដ្ឋដើរទៅបោះឆ្នោតទៀតផង។ ឃើញបែបនេះ លោកក៏ស្រែកទៅអ្នកទាំងបួនថា ខ្លួនជាប្រជាការពារភូមិ ធ្វើបែបនេះមិនត្រឹមត្រូវទេ ហើយក៏ដើរចេញពីហ្នឹងទៅ។
វិទ្យុអាស៊ីសេរី មិនអាចស្វែងរកប្រភពទាក់ទងប្រជាការពារភូមិតាមុំ នៃឃុំមេទឹក ទាំងបួននាក់ ដើម្បីសុំការពន្យល់បន្ថែមជុំវិញករណីគំរាមកំហែងនេះបានទេ នៅថ្ងៃទី១៧ ខែកញ្ញា។
ទាក់ទងករណីនេះ មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តពោធិ៍សាត់ លោក ភួង សុធា ថ្លែងថា នៅអំឡុងពេលនៃការបោះឆ្នោតម្ដងៗ គណបក្សកាន់អំណាចបានប្រើគ្រប់វិធីសាស្ត្រ ដើម្បីកៀរគរសំឡេងឆ្នោតរបស់ខ្លួន ហើយបើមានអ្នកសង្កេតការណ៍ ឬសកម្មជនណាហ៊ានចង្អុលបង្ហាញនូវភាពមិនប្រក្រតីអ្វីមួយ ពួកគាត់នឹងត្រូវគេចោទប្រកាន់ពីបទគំរាមកំហែង ឬបរិហារកេរ្តិ៍ជាដើម។ លោកថា ករណីនេះ គឺជាការគំរាមកំហែងបំបាក់ស្មារតីទៅលើសកម្មជនគណបក្សប្រឆាំង៖ «វាមិនមែនជារឿងព្រហ្មទណ្ឌធម្មតាទេ វាជាចេតនាមួយផ្នែកនយោបាយហើយ ពីព្រោះអីរឿងទាំងអស់ហ្នឹងបានស្ងប់ស្ងាត់ហើយ បន្ទាប់ពីគណបក្សទាំងពីរបានចូលក្នុង (សភា)។ ប៉ុន្តែវាហាក់បីដូចជាមានសង្គ្រាមពាក្យសម្ដីមួយរវាងនាយករដ្ឋមន្ត្រី ហើយនិងអនុប្រធានរបស់បក្សសង្គ្រោះជាតិ។ អ៊ីចឹងរឿងទាំងអស់ហ្នឹងវាអាចរសើបឡើងវិញផងដែរ»។
នៅក្នុងដីកាចេញដោយចៅក្រមស៊ើបសួរសាលាដំបូងខេត្តពោធិ៍សាត់ លោក ថោង ផល្លារង្សី ចុះថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៤ ព្រមានចេញដីកាបង្គាប់ឲ្យនាំខ្លួនតាមនីតិវិធី ក្នុងករណីជនសង្ស័យមិនបានចូលបង្ហាញខ្លួនដោយគ្មានមូលហេតុ។ ចៅក្រមបើកការស៊ើបអង្កេតលើអង្គហេតុបទល្មើសគំរាមកំហែង ដែលមានចែង និងផ្ដន្ទាទោសតាមមាត្រា២៣១ នៃក្រមព្រហ្មទណ្ឌ។ ប្រសិនបើតុលាការរកឃើញកំហុសដូចការចោទនោះ សកម្មជនគណបក្សសង្គ្រោះជាតិ លោក កេង កប ប្រឈមនឹងការផ្ដន្ទាទោសដាក់ពន្ធនាគារពីមួយខែ ទៅ ៦ខែ និងពិន័យជាប្រាក់ពីមួយសែនរៀល ទៅដល់មួយលានរៀល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។