សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី លោក ហុង សុខហួរ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក កោ វណ្ឌី នាំខ្លួនមកបំភ្លឺក្នុងនាមជាសាក្សីទាក់ទងនឹងលោក សម រង្ស៊ី នៅព្រឹកថ្ងៃទី១៧ ខែមិថុនា។
ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ឲ្យដឹងថា ការស្ដាប់ចម្លើយរបស់លោក ហុង សុខហួរ នៅពេលនេះ គឺជាសំណុំរឿងដែលបានបំបែកចេញពីសំណុំរឿងដើមដែលចោទប្រកាន់លើលោក ហុង សុខហួរ លើការក្លែងឯកសារសាធារណៈ និងញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។
បន្ថែមពីនេះ លោក លី សុផាណា បញ្ជាក់ថា ចៅក្រមស៊ើបសួរនឹងបន្តការស៊ើបសួរទៅលើបុគ្គលដែលពាក់ព័ន្ធ និងពិនិត្យទៅលើភស្តុតាងនានា នៅក្នុងរឿងក្ដីនេះ។
ដូចគ្នានេះដែរ ក្រោយចប់ការសាកសួរ លោក ហុង សុខហួរ ថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកមកបំភ្លឺពេលនេះក្នុងជាសាក្សីនៅក្នុងសំណុំរឿងលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ៖ «តុលាការសាកសួរខ្ញុំក្នុងនាមជាសាក្សីក្នុងសំណុំរឿងលោក សម រង្ស៊ី ពេលនេះមិនទាន់យ៉ាងណានៅឡើយទេ»។
លោក ហុង សុខហួរ ត្រូវបានចៅក្រមស៊ើបសួរ តុលាការក្រុងភ្នំពេញ សម្រេចចោទប្រកាន់ចំនួន ៣ករណី គឺបទបន្លំឯកសារសាធារណៈ (ក្រមព្រហ្មទណ្ឌ មាត្រា៦២៩) បទប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ (ក្រមព្រហ្មទណ្ឌ មាត្រា៦៣០) និងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ (ក្រមព្រហ្មទណ្ឌ មាត្រា៤៩៤ មាត្រា៤៩៥)។
លោក ហុង សុខហួរ បានធ្វើអត្ថាធិប្បាយទាក់ទងឯកសារសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម ផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុក (Facebook) របស់លោក សម រង្ស៊ី។ ក្រោយចាប់ខ្លួន លោក ហុង សុខហួរ តុលាការក៏បានចេញដីកាឲ្យជំនួយការផ្នែកកាន់ហ្វេសប៊ុក របស់លោក សម រង្ស៊ី ឲ្យចូលខ្លួនទៅបំភ្លឺនៅតុលាការ។
លោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែសីហា ក្រោយមានបញ្ជាពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលចោទលោក ហុង សុខហួរ ជាជនក្បត់ជាតិ ដោយហ៊ានលួចក្លែងឯកសារសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម ឆ្នាំ១៩៧៩ ដែលថា សន្ធិសញ្ញារំលាយព្រំដែនប្រទេសទាំងពីរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។