ក្រុមសិទ្ធិមនុស្សលើកឡើងថា អ្នកមានអំណាចភាគតិចណាស់បានទទួលទោស នៅក្រោយពេលបង្កបទល្មើសផ្សេងៗ។ ក្រៅពីនេះទៀត មន្ត្រីមួយចំនួនបានបង្ករឿងអាស្រូវខុសច្បាប់ ហើយនៅតែទទួលបានឋានន្តរស័ក្ដិថែមទៀត ដូចជា អភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ និងបក្ខពួក បានពាក់ព័ន្ធនឹងរឿងបាញ់ប្រហារទៅលើថៅកែហាងខារ៉ាអូខេយីហោរស្មីអង្គរ កាលពីឆ្នាំ២០១២ តែលោកមិនបានទទួលទោសទេ ថែមទាំងបានឡើងឋានៈថែមទៀត។
ក្រុមអ្នកច្បាប់ពន្យល់ថា ការអនុវត្តច្បាប់នៅកម្ពុជា អនុវត្តច្បាប់គ្មានតម្លាភាពនោះឡើយ។ ជាញឹកញយ គេសង្កេតឃើញមានមន្ត្រីរដ្ឋាភិបាលមួយចំនួន បានប្រព្រឹត្តខុសច្បាប់ តែមិនទទួលទោសនោះទេ។
ក្រុមអ្នកច្បាប់លើកឡើងថា អ្នកដែលមានតួនាទីខ្ពស់ ត្រូវធ្វើជាគំរូក្នុងការគោរពច្បាប់នៅក្នុងសង្គម ផ្ទុយទៅវិញមិនដូច្នោះនោះទេ។ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សបានលើកពីករណីអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ ធ្លាប់ទាក់ទិននឹងការបាញ់ប្រហារទៅលើម្ចាស់ហាងខារ៉ាអូខេ កាលពីឆ្នាំ២០១២ តែលោកត្រូវបានរដ្ឋាភិបាលដំឡើងឋានន្តរស័ក្ដិទៅវិញ។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា នៅក្រោយពេលក្រុម លោក ឡាយ វណ្ណៈ ជាប់ទាក់ទងករណីបាញ់ម្ចាស់ហាងរស្មីអង្គរ ក្នុងសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ បណ្ដាលឲ្យម្ចាស់ហាងរងរបួសកាលពីឆ្នាំ២០១២ ដែលកាលណោះ លោកមានតួនាទីជាអភិបាលរងខេត្តតាកែវ។ ក្រោយមក ករណីនេះត្រូវបានសម្របសម្រួលបញ្ចប់នៅក្រៅប្រព័ន្ធតុលាការរវាងម្ចាស់ហាងខារ៉ាអូខេ និងក្រុមរបស់ លោក ឡាយ វណ្ណៈ។
លោក អំ សំអាត បញ្ជាក់ថា ករណីនេះទោះបីជាមានការសម្របសម្រួលបញ្ចប់ក៏ដោយ តែ លោក ឡាយ វណ្ណៈ និងបក្ខពួក មិនអាចរួចពីសំណាញ់ច្បាប់បានឡើយ៖ «ចំពោះសហគមន៍ដីធ្លីមិនបានប្រព្រឹត្តផង ត្រូវបានតុលាការចាប់ដាក់គុក រីឯអ្នកមានអំណាចមានបុណ្យស័ក្តិ ទោះជាប្រព្រឹត្តអ្វីក៏គ្មានការចាប់ខ្លួនដែរ នេះហើយដែលមើលឃើញថា តុលាការមិនឯករាជ្យ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ ដើម្បីសួរអំពីបញ្ហានេះបាននៅឡើយទេ នៅថ្ងៃទី១៨ ធ្នូ។
ការលើកឡើងរបស់មន្ត្រីសិទ្ធិមនុស្សបែបនេះ នៅបន្ទាប់ពីលោកឧបនាយករដ្ឋមន្ត្រី ស ខេង និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបន្ទោស លោក ឡាយ វណ្ណៈ ដែលលោកបានបញ្ជាឲ្យកងកម្លាំងបិទផ្លូវ មិនអនុញ្ញាតឲ្យប្រជាពលរដ្ឋ ព្រះសង្ឃ និងមន្ត្រីអង្គការសិទ្ធិមនុស្សហែក្បួនធម្មយាត្រា-សិទ្ធិយាត្រា កាលពីថ្ងៃទី១០ ធ្នូ កន្លងទៅ។ លោក ស ខេង លើកឡើងនៅក្នុងអង្គប្រជុំប្រចាំខែថា លោក ឡាយ វណ្ណៈ បានធ្វើដូច្នេះ មិនបានសួរចៅហ្វាយនាយ ឬមានបញ្ជាពីថ្នាក់លើនោះទេ។ លោក ស ខេង បញ្ជាក់ថា អភិបាលខេត្តគ្មានសិទ្ធិឃាត់ក្បួនធម្មយាត្រា-សិទ្ធិយាត្រា ដោយគ្មានការអនុញ្ញាតពីថ្នាក់ដឹកនាំរបស់ខ្លួននោះឡើយ៖ «ខេត្តតាកែវ គាត់មានរឿងចម្លែកៗ ថ្ងៃមុនគាត់ហៅតុលាការមកសាកសួរតែម្ដង ហើយថ្ងៃមុនគាត់ឃាត់ក្បួនធម្មយាត្រា គ្នាគ្រាន់តែហែក្បួនទេ ថ្ងៃក្រោយបើធ្វើអី ត្រូវប្រាប់ផង មិនត្រូវធ្វើអ៊ីចឹងទេ»។
ទាក់ទងនឹងបញ្ហានេះ ក្រុមមន្ត្រីសិទ្ធិមនុស្សលើកឡើងថា អភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ បានប្រើអំណាចរបស់ខ្លួន អាចថាលោកអាងខ្សែមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលនៅពីក្រោយខ្នងក៏ថាបាន។
លោក ឡាយ វណ្ណៈ ពីមុនលោកបានទៅកាន់តួនាទីជាអភិបាលរង អភិបាលខេត្តតាកែវ នោះ លោកធ្លាប់ធ្វើជាប្រធានរដ្ឋបាលនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ។
កាលពីឆ្នាំ២០១២ លោក ឡាយ វណ្ណៈ មានតួនាទីជាអភិបាលរងខេត្តតាកែវ នៅឡើយ នៅក្រោយពីលោកបានផ្ទេរតួនាទីពីប្រធានរដ្ឋបាលនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ ទៅកាន់មុខតំណែងជាអភិបាលរងខេត្តតាកែវ នោះ លោក និងមិត្តភ័ក្ដិរបស់លោកជាមន្ត្រីតុលាការខេត្ត ជាប់ចោទពីករណីបាញ់ម្ចាស់ហាងខារ៉ាអូខេរស្មីអង្គរ ឲ្យរងរបួសធ្ងន់កាលពីយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១២។ តែក្រោយមក លោក និងមិត្តភ័ក្ដិបានសម្របសម្រួលជាមួយម្ចាស់ហាងខារ៉ាអូខេបញ្ចប់រឿង។
មកទល់ពេលនេះ មន្ត្រីសិទ្ធិមនុស្ស និងអ្នកច្បាប់អះអាងថា លោក ឡាយ វណ្ណៈ និងមិត្តភ័ក្ដិ មិនត្រូវបានតុលាការចាត់ការតាមផ្លូវច្បាប់លើសំណុំរឿងនេះទេ។ ផ្ទុយទៅវិញ លោក ឡាយ វណ្ណៈ ត្រូវបានក្រសួងមហាផ្ទៃ ប្រកាសតែងតាំងជាអភិបាលខេត្តនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៤។
ក្រោយពីលោកបានទទួលការតែងតាំងជាអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ ត្រូវបានគេតែងតាំងលោកជាអនុប្រធានគណៈកម្មការកណ្ដាលគណបក្សប្រជាជនកម្ពុជា ខេត្តតាកែវ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៤។ នៅក្នុងឱកាសតែងតាំងនោះ លោក ឡាយ វណ្ណៈ បានប្រកាសគាំទ្រគណបក្សប្រជាជនកម្ពុជា លុះក្ស័យ។
អគ្គលេខាធិការនៃគណៈកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា លោក សួន ប៊ុនស័ក្ដិ មានប្រសាសន៍ថា ការផ្ដល់តួនាទីនៅកម្ពុជា រដ្ឋាភិបាលតែងតែផ្ដល់តួនាទីទៅឲ្យអ្នកដែលធ្វើការជួយគណបក្សជាធំ មិនសំដៅលើអ្នកមានសមត្ថភាពជាធំទេ៖ «ការតែងតាំងមន្ត្រីគេមិនមើលពីសីលធម៌ចំណេះវិជ្ជាធំដុំទេ គេផ្ដល់ទៅតាមអ្នកដែលជួយបក្សជាធំវិញ»។
ប្រធានគណៈកម្មាធិការពង្រឹងវិស័យច្បាប់ ដើម្បីការពារសិទ្ធិមនុស្សនៅកម្ពុជា លោក ហ៊ាង ឫទ្ធី មានប្រសាសន៍ថា ច្បាប់ចែងបានល្អណាស់ចំពោះអ្នកប្រព្រឹត្តិខុសច្បាប់ ក៏ប៉ុន្តែការអនុវត្តច្បាប់នេះ តុលាការបានអនុវត្តចាត់ការតែលើអ្នកទន់ខ្សោយប៉ុណ្ណោះ ច្បាប់ហាក់ដូចជាការពារអ្នកមានអំណាចទៅវិញ៖ «ការអនុវត្តច្បាប់នៅកម្ពុជា ផ្អែកលើបក្ខពួកនិយម ដូច្នេះដំណើរនិទ្ទណ្ឌភាពគ្មានទោស គឺក្រុមអ្នកគណបក្សកាន់អំណាច»។
សំណុំរឿង លោក ឡាយ វណ្ណៈ នេះ ស្នងការរងនគរបាលខេត្តតាកែវ ហាក់ដូចជាស្ទាក់ស្ទើរក្នុងការបំភ្លឺពីករណីនេះ ដោយបានឆ្លើយដាក់គ្នាទៅវិញទៅមក។ រីឯស្នងការនគរបាលខេត្ត មិនបានធ្វើអត្ថាធិប្បាយទេ ដោយប្រាប់ថាជាប់រវល់។
មន្ត្រីនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ថា ក្រសួងយុត្តិធម៌ បានធ្វើកំណែទម្រង់ប្រព័ន្ធតុលាការ ដោយក្រសួងបានធ្វើច្បាប់៣ គឺច្បាប់ស្ដីពីការរៀបចំអង្គការតុលាការ ច្បាប់ស្ដីពីលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា និងច្បាប់ស្ដីពីការរៀបចំ និងប្រព្រឹត្តទៅនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម។ យ៉ាងនេះក្ដី លោក ជិន ម៉ាលីន អះអាងថា ការចោទប្រកាន់បុគ្គលណាមួយអាស្រ័យលើការស៊ើបអង្កេតរបស់តុលាការជាក់ស្ដែង។ លោក ជិន ម៉ាលីន មិនធ្វើអត្ថាធិប្បាយពីករណីក្រុម លោក ឡាយ វណ្ណៈ ផ្ទុះអាវុធត្រូវម្ចាស់ហាងខារ៉ាអូខេនោះទេ៖ «ទាមទារឲ្យប្រជាពលរដ្ឋយល់ដឹងច្បាប់ ថាតើអ្នកប្រព្រឹត្តិទទួលខុសត្រូវក្នុងកម្រិតណា ហើយយើងក៏មិនត្រូវចោទនៅពេលយើងឃើញជនណានៅក្នុងក្រុម ប្រព្រឹត្តបទល្មើសនោះថា គេជាអ្នកប្រព្រឹត្តិនោះទេ អាស្រ័យលើតុលាការជាអ្នកស៊ើបអង្កេតពិតប្រាកដ ហើយចំពោះបុគ្គលអភិបាលខេត្តរងនោះវិញ ខ្ញុំមិនអាចនិយាយបានថា គាត់ត្រូវធ្វើជាគំរូគេយ៉ាងណានោះទេ»។
ក្រុមមន្ត្រីសិទ្ធិមនុស្សលើកឡើងថា ការប្រើប្រាស់ពាក្យថា ឯករាជ្យភាពរបស់តុលាការ ជាដើមចមចម្បងនាំអោយមានអយុត្តិធម៌សង្គម ព្រោះថា តុលាការបច្ចុប្បន្ននៅតែជាប្រភពអំពើពុករលួយ ប្រភពនៃនិទ្ទណ្ឌភាព អំពើអយុត្តិធម៌សង្គម ជាកន្លែងដែលធ្វើអោយឈឺចាប់ទាំងពលរដ្ឋទូទៅ។ ម្យ៉ាងវិញទៀត មន្ត្រីធំៗអាចប្រើឥទ្ធិពលរបស់ខ្លួនធ្វើបាបប្រជាពលរដ្ឋ និងបាញ់បោះទៅលើអ្នកទន់ខ្សោយ ដូចជាករណីអតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត បាញ់ប្រហារទៅលើហ្វូងកម្មករ និងករណីជាប់ទាក់ទងនឹង លោក ឡាយ វណ្ណៈ ជាដើម។
លោកបណ្ឌិត ហ៊ាង ឫទ្ធី បានប្រៀបធៀបសម័យបច្ចុប្បន្នទៅនឹងរបបខ្មែរក្រហម ដែលមន្ត្រីមានអំណាចចាប់ពីមេកងទៅ អាចធ្វើអ្វីៗគ្រប់បែបយ៉ាង គ្មានច្បាប់ណាមួយកាត់ទោសនោះឡើយ៖ «អតីតកាលក្នុងរបបខ្មែរក្រហមជារបបខ្មែរក្រហម ប៉ុន្តែក្នុងសម័យបច្ចុប្បន្ននេះវិញ គឺមានអំពើសាហាវជាច្រើនដូចជាថ្ងៃ៦ ថ្ងៃ៧ ការបោកគ្រាប់បែកនៅមុខរដ្ឋសភា ការបាញ់សម្លាប់នៅស្ពានអាកាស ការបាញ់នៅថ្ងៃទី៣ នៅផ្លូវវ៉េងស្រេង ជាដើម»។
លោក ឡាយ វណ្ណៈ ជាចៅប្រសារបស់លោកឧបនាយករដ្ឋមន្ត្រី សុខ អាន និងជាកូនប្រសារបស់អតីតអភិបាលខេត្តសៀមរាប គឺលោក ស៊ូ ភារិន្ទ។
ក្រុមមន្ត្រីសិទ្ធិមនុស្ស ទទូចឲ្យតុលាការបញ្ចប់វប្បធម៌និទ្ទណ្ឌភាព និងចាត់ការបណ្ដឹងប្រជាពលរដ្ឋទូទៅឲ្យបានស្មើភាពគ្នា ដោយមិនរើសមុខ ទោះជាអ្នកប្រព្រឹត្តិជាប់ទាក់ទងសែស្រឡាយមន្ត្រីធំណាក៏ដោយ ដើម្បីឆ្លុះបញ្ចាំងភាពយុត្តិធម៌សង្គម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។