មេធាវី​អាមេរិកាំង​ស្ម័គ្រ​ចិត្ត​ជួយ​ផ្នែក​ច្បាប់​ស្វែងរក​ការ​ដោះ​លែង​លោក មាជ សុវណ្ណារ៉ា

0:00 / 0:00
ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង TabletOpens in new window

គ្រួសារ​របស់​សកម្មជន​គណបក្ស​ប្រឆាំង ឲ្យ​ដឹង​ថា មេធាវី​អាមេរិកាំង បាន​ស្ម័គ្រ​ចិត្ត​ចេញ​មុខ​តវ៉ា​ផ្លូវ​តុលាការ ដើម្បី​រក​វិធី​ដោះ​លែង​អ្នក​ទោស​នយោបាយ​នៅ​កម្ពុជា ឲ្យ​មាន​សេរីភាព។

អ្នកស្រី ជែមី មាជ (Jamie Meach) ភរិយា​របស់ លោក មាជ សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា មេធាវី​អាមេរិកាំង លោក មូរតុន ក្លា (Morton Sklar) នឹង​ប្ដឹង​ទៅ​តុលាការ​របស់​រដ្ឋ​កាលីហ្វ័រញ៉ា (California) ដើម្បី​ស្វែងរក​ជំនួយ​ផ្លូវ​ច្បាប់​ក្នុង​ការ​ដោះ​លែង លោក មាជ សុវណ្ណារ៉ា ដែល​តុលាការ​ទីក្រុង​ភ្នំពេញ បាន​កាត់​ឲ្យ​ជាប់​ទោស ២០​ឆ្នាំ និង​សកម្មជន​នយោបាយ​ជាង ១០​នាក់​ផ្សេង​ទៀត៖ «គាត់​ថា​គេ​អាច​មាន​ច្បាប់​ជួយ ដូច​ថា​នៅ​ក្រៅ​ប្រទេស​អ៊ីចឹង គេ​អាច​ជួយ​បាន ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​ដាក់​ពាក្យ​បណ្ដឹង​នៅ​កាលីហ្វ័រញ៉ា ហ្នឹង គឺ​ក្រុម​មេធាវី​ម៉ា​ក្រុម មិន​មែន​មាន​តែ​គាត់​ម្នាក់​ឯង​ទេ។ ចា៎! គាត់​ដាក់​នៅ​កាលីហ្វ័រញ៉ា ហ្នឹង​តែ​ម្តង ព្រោះ​គ្រួសារ​ខ្ញុំ​គាត់​រស់នៅ​ក្នុង​រដ្ឋ​នេះ»

លោក មូរតុន ក្លា ក៏​ជា​មេធាវី​អន្តរជាតិ​ដែល​ប្ដឹង លោក ហ៊ុន សែន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ដែរ។

វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​សុំ​សេចក្តី​អត្ថាធិប្បាយ​ពី​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា បាន​ទេ​ជុំវិញ​បញ្ហា​នេះ។

លោក មាជ សុវណ្ណារ៉ា ជា​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង ត្រូវ​បាន​តុលាការ​កម្ពុជា កាត់​ឲ្យ​ជាប់​គុក​រយៈពេល ២០​ឆ្នាំ ពី​បទ​ដឹក​នាំ​កុបកម្ម​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ ហើយ​សកម្មជន ១០​នាក់​ទៀត​ត្រូវ​បាន​កាត់​ឲ្យ​ជាប់​ទោស​ក្នុង​ម្នាក់ៗ ៧​ឆ្នាំ។

ជុំវិញ​ការ​ស្វែងរក​អន្តរាគមន៍​ផ្លូវ​ច្បាប់ ដើម្បី​ដោះ​លែង លោក មាជ សុវណ្ណារ៉ា និង​សកម្មជន​នយោបាយ​ជាង ១០​នាក់​ផ្សេង​ទៀត​ពី​សំណាក់​ក្រុម​មេធាវី​អាមេរិកាំង នោះ អ្នកស្រី ជែមី មាជ ថ្លែង​ថា ប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​បរទេស នៃ​រដ្ឋសភា​សហរដ្ឋ​អាមេរិក លោក អេដ រ៉យស៍ (Ed Royce) ក៏​កំពុង​ខិតខំ​ប្រឹង​លើ​កិច្ចការ​ទាំង​នេះ​ដែរ៖ «លោក អេដ រ៉យស៍ ទាំងអស់​ហ្នឹង គឺ​គេ​អាណិត ហើយ​គេ​ផ្ដោត​ខ្លាំង​ជាង​គេ​ហ្នឹង គឺ​គេ​អាណិត​ក្មេង​ដែល​ឃើញ​កូន​ស្រី​ខ្ញុំ​ទាំង​បី​ដែល​នៅ​តូចៗ ហើយ​គាត់​ថា​គាត់​ត្រូវ​ឲ្យ មាជ សុវណ្ណារ៉ា ហ្នឹង​ចេញ​មក​ឲ្យ​លឿង ព្រោះ​ជា​គ្រួសារ​ក្មេង ហើយ​គាត់​ឃើញ​កូន​ហ្នឹង​រហូត​ដល់​គាត់​យំ។ សំខាន់​បំផុត​នៅ​សហរដ្ឋ​អាមេរិក គឺ​គេ​ផ្ដោត​ទៅ​លើ​ក្មេង។ ខ្ញុំ​បាន​និយាយ​ប្រាប់​គាត់​ដែរ​ថា កូន​ស្រី​ខ្ញុំ​អា​ទី​បី​ហ្នឹង រៀន​អត់​កើត​ដូច​ថា​សតិ​អារម្មណ៍​គាត់​ផ្ដោត​មនោសញ្ចេតនា​ទៅ​លើ​ប៉ា​គេ​ច្រើន។ រៀន​នៅ​សាលា​អី គឺ​រៀន​អត់​កើត សឹង​ថា​ហ្សេរ៉ូ​តែ​ម្តង»

នៅ​ក្នុង​សវនាការ​ស្តី​អំពី​សិទ្ធិ​កាន់​កាប់​ដីធ្លី និង​ការ​អភិវឌ្ឍ​នៅ​អាស៊ី​អាគ្នេយ៍ កាល​ពី​ថ្ងៃ​ទី​២១ ខែ​សីហា ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា លោក អេដ រ៉យស៍ មាន​ប្រសាសន៍​ថា សភា​សហរដ្ឋ​អាមេរិក នឹង​សហការ​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន (Washington) ធ្វើ​យ៉ាង​ណា​ដើម្បី​ដោះ​លែង​ពលរដ្ឋ​អាមេរិកាំង ពី​ការ​ឃុំឃាំង​ផ្នែក​នយោបាយ​របស់​រដ្ឋាភិបាល​បរទេស៖ «គាត់​កំពុង​ស្ថិត​ក្នុង​ការ​ឃុំឃាំង ហើយ​យើង​នឹង​ជជែក​អំពី​បញ្ហា​នេះ​ជាមួយ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ម្តង​ទៀត​ក្នុង​ការ​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង ដើម្បី​យក​ពលរដ្ឋ​អាមេរិកាំង ដែល​កំពុង​ជាប់​ឃុំឃាំង​នៅ​បរទេស ដោយសារ​តែ​ការ​បញ្ចេញ​មតិ​អំពី​ការ​រំលោភ​សិទ្ធិ​ដីធ្លី សិទ្ធ​សេរីភាព និង​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស​រូប​នោះ​មក​វិញ»

កាល​ពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា វិទ្យុ​អាស៊ីសេរី បាន​ទទួល​សារ​អ៊ីមែល​ពី អ្នកស្រី អានា រីចឈី អាលែន (Anna Richey-Allen) អ្នក​នាំ​ពាក្យ​របស់​ការិយាល័យ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក នៃ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ថា សហរដ្ឋ​អាមេរិក មាន​ការ​បារម្ភ​ជា​ខ្លាំង ចំពោះ​ការ​ឃុំឃាំង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ក្នុង​នោះ​មាន​ពលរដ្ឋ​អាមេរិកាំង។

ក្រសួង​ការ​បរទេស ក៏​បាន​ស្នើ​ឲ្យ​មាន​ការ​កាត់​ក្តី​ឡើង​វិញ ដោយសារ​ការ​កាត់​ក្តី​កន្លង​មក​មាន​ភាព​មិន​ប្រក្រតី គ្មាន​យុត្តិធម៌ និង​គ្មាន​តម្លាភាព ដែល​មិន​អាច​ទទួល​យក​បាន ហើយ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក នឹង​ប្រើ​កាតព្វកិច្ច​របស់​ខ្លួន​យ៉ាង​ម៉ឺងម៉ាត់ ក្នុង​ការ​ជួយ​ដល់​ពលរដ្ឋ​អាមេរិកាំង នៅ​បរទេស​ដែល​កំពុង​ស្ថិត​ក្នុង​ការ​ឃុំឃាំង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។