អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ឲ្យដឹងថា ការប្រើសិទ្ធិមិនឆ្លើយសំណួររបស់ចៅក្រមដោយលោក អ៊ុំ សំអាន ធ្វើឲ្យតំណាងរាស្ត្របក្សប្រឆាំង ធ្វើឲ្យខាតប្រយោជន៍នៅក្នុងដំណើរការក្តី។ ការលើកឡើងបែបនេះ បន្ទាប់ពីតំណាងរាស្ត្រគណបក្សប្រឆាំង លោក អ៊ុំ សំអាន ដែលកំពុងជាប់ឃុំនៅពន្ធនាគារទាំងកំពុងមានអភ័យឯកសិទ្ធិ មិនឆ្លើយសំណួររបស់ចៅក្រមស៊ើបសួរដោយលោកប្រើសិទ្ធិជាតំណាងរាស្ត្រក្នុងពេលតុលាការសាកសួរបន្ថែម។
មេធាវីការពារក្ដី តំណាងរាស្ត្រ អ៊ុំ សំអាន លោក សំ សុគង់ ឲ្យដឹងថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក តុប ឈុនហេង បានចោទសួរកូនក្តីរបស់លោកទាក់ទងការបង្ហោះហ្វេសប៊ុក (Fecebook) រឿងព្រំដែនកន្លងទៅ។ លោកមេធាវីឲ្យដឹងទៀតថា មូលហេតុដែលចៅក្រមសាកសួរបន្ថែមនៅពេលនេះ ព្រោះការសាកសួរលើកទីមួយរបស់តុលាការ លោក អ៊ុំ សំអាន មិនបានឆ្លើយសំណួររបស់ចៅក្រមទេ៖ « កូនក្តីខ្ញុំគាត់បាននិយាយហើយថា បើចង់ឲ្យគាត់និយាយជាមួយចៅក្រម ឆ្លើយជាមួយចៅក្រម លុះត្រាតែសភាប្រជុំដកអភ័យឯកសិទ្ធិគាត់ជាមុនសិន ដោយសារកូនក្តីមិននិយាយអី តុលាការក៏មិនសួរយូរដែរ » ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ដែលតែងតែឈឺឆ្អាលរឿងព្រំដែនមុនពេលចាប់ខ្លួននោះ ត្រូវចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ហៅមកសាកសួរចម្លើយបន្ថែមនៅថ្ងៃទី២៥ ខែឧសភា។ មុនពេលតុលាការសាកសួរ ក៏មានតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មួយចំនួនមកសួរសុខទុក្ខលោកនៅតុលាការដែរ។
មេធាវីការពារក្ដី លោក អ៊ុំ សំអាន ឲ្យដឹងទៀតថា ក្រុមមេធាវីបានដាក់បណ្ដឹងសាទុក្ខទៅតុលាការកំពូលដើម្បីបាននៅក្រៅឃុំកាលពីសប្ដាហ៍មុន និងស្នើទៅឧត្ដមក្រុមប្រឹក្សាអង្គចៅក្រមឲ្យបកស្រាយទាក់ទងមាត្រា៨០ នៃរដ្ឋធម្មនុញ្ញ ទាក់ទងអភ័យឯកសិទ្ធិតំណាងរាស្ត្រ ខណៈកូនក្តីរបស់លោកត្រូវឃុំខ្លួនទាំងកំពុងមានអភ័យឯកសិទ្ធិ។
លោក អ៊ុំ សំអាន ត្រូវបានតុលាការក្រុងភ្នំពេញ ចេញដីកាឲ្យឃុំខ្លួនបណ្ដោះអាសន្ននៅគុកព្រៃស ដោយចោទប្រកាន់ពីរបទល្មើស គឺញុះញង់ឲ្យប្រព្រឹត្តអំពើឧក្រិដ្ឋ និងញុះញង់ឲ្យមានការរើសអើងជាអាទិ៍ នៃក្រមព្រហ្មទណ្ឌ បន្ទាប់ពីលោកវិលត្រឡប់ពីសហរដ្ឋអាមេរិកមកកម្ពុជា វិញ កាលពីខែមេសា។
អ្នកនាំពាក្យសាលាដំបូងសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា សរសេរនៅលើបណ្ដាញសង្គមតេឡេក្រាម របស់លោកថា ការមិនឆ្លើយសំណួររបស់លោក អ៊ុំ សំអាន ពីសំណាក់ចៅក្រមស៊ើបសួរពេលនេះ មិនប៉ះពាល់ដល់ដំណើរការក្តីរបស់តុលាការទេ។ ប៉ុន្តែលោក អ៊ុំ សំអាន វិញទេដែលខាតបង់ប្រយោជន៍ ដោយលោកពន្យល់ថា លោក អ៊ុំ សំអាន អាចឆ្លើយសំណួរដោះបន្ទុកនៅមុខចៅក្រមក្នុងពេលសាកសួរបន្ថែមនោះ។
អ្នកច្បាប់ និងសង្គមស៊ីវិលជាតិ-អន្តរជាតិ ថ្លែងដូចៗគ្នាថា ការបង្ហោះឯកសារផែនទីនៅលើទំព័រហ្វេសប៊ុក (Facebook) របស់លោក អ៊ុំ សំអាន មិនមែនជាបទល្មើសជាក់ស្ដែងទេ។ បន្ទាប់ពីការសាកសួរមិនទទួលបានចម្លើយសមត្ថកិច្ចបានបញ្ជូនលោក អ៊ុំ សំអាន ទៅឃុំខ្លួននៅគុកព្រៃសវិញ ជាកន្លែងដែលលោកជាប់ឃុំជាងមួយខែទៅហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។