ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រ លោក ជា មុនី បានថ្លែងនៅថ្ងៃទី៣០ មករា ថា លោកបានដាក់ពាក្យប្ដឹង លោក កែវ ពិសី ស្នងការខេត្តកំពង់ស្ពឺ ទៅសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៨ មករា។ លោកថា មូលហេតុនៃការប្ដឹងនេះ គឺដោយសារកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៣ កងកម្លាំងនគរបាលស្នងការខេត្ត បានចាប់យករថយន្តរបស់សហជីពទុកជាវត្ថុតាងនៅស្នងការដ្ឋាន ក្នុងហេតុការណ៍កម្មកររោងចក្រ សាប៊្រីណា ធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារល្អ ដែលបង្កឲ្យមានការប៉ះទង្គិច។
លោកថា នៅខែវិច្ឆិកា ចៅក្រមបានចេញដីកាសម្រេចឲ្យប្រគល់វត្ថុ និងរថយន្តឲ្យសហជីពវិញ ប៉ុន្តែរហូតដល់ថ្ងៃទី៩ ខែមករា ទើបស្នងការប្រគល់រថយន្តនោះដាក់សាលាដំបូងខេត្ត ប៉ុន្តែលោកបានពិនិត្យឃើញរថយន្តសហជីពមានការខូចខាតជាច្រើនកន្លែង ខុសពីស្ថានភាពដើមដែលមិនអាចយកមកប្រើប្រាស់បាន។
លោក ជា មុនី៖ «រថយន្តហ្នឹងមានន័យថា គាត់បំផ្លិចបំផ្លាញនៅក្នុងរថយន្តហ្នឹង គាស់ខ្ទេចគាស់ខ្ទី សូម្បីតែផ្លាកគេដាក់ថា សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា គាត់លុបរីចោលអ៊ីចឹងទៅជាសហជីពសេកម្មករមានន័យអសុរោះ។ ហើយសម្ភារៈនៅក្នុងរថយន្តហ្នឹងដូចជា ឯកសារ លុយកាក់ គឺបាត់បង់ទាំងអស់ ហើយឡានហ្នឹងត្រូវបានគេ ហើយឡានហ្នឹងត្រូវបានគេគាស់ក្នុងកាប៊ីនឡាន គឺគាស់បំផ្លិចបំផ្លាញហ្មង មានចេតនាបំផ្លិចបំផ្លាញហ្មង។ ហើយម៉ូតូមួយចំនួនត្រូវបានបាត់ម៉ាញេតូ។ យើងប្ដឹងឲ្យមានការទទួលខុសត្រូវចំពោះសម្ភារៈរបស់យើង ដែលប៉ូលិសធ្វើឲ្យខូចខាត ឲ្យគាត់សងតាមសណ្ឋាននៃការខូចខាតហ្នឹង»។
ស្នងការខេត្តកំពង់ស្ពឺ លោក កែវ ពិសី បានបដិសេធអត្ថាធិប្បាយ នៅថ្ងៃទី៣០ មករា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
